ភ្នំពេញៈ សហព័ន្ធ​កីឡា​អុក​ចត្រង្គ​កម្ពុជា​ នឹង​​ចាប់​ដំណើរ​ការ​ប្រ​កួតជម្រុះនៅ​តាម​មណ្ឌល​ទាំង​ ៧ នៅ​ថ្ងៃ​អង្គារ​​នេះ ហើយ​មណ្ឌល​ខេត្ត​ព្រះសីហនុ ​នឹង​ចាប់​ដំណើរ​ការ​​ប្រកួត​មុន​គេ រួច​ទើប​បន្ត​ទៅ​កាន់​មណ្ឌល​ផ្សេងៗ​ទៀត ​ទៅ​តាម​ការ​បរិច្ឆេទ ​ដែល​បាន​​គ្រោង​ទុក​។ នេះ​បើ​តាម​​ លោក ​ឈាវ ​បូរ៉ា​ បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃ​ចន្ទ​នេះ។


អតីត​ស្តេច​អុក​ ២ សម័យ​កាល លោក ឈាវ បូរ៉ា ​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អុក​ចត្រង្គ​កម្ពុជា បាន​ប្រាប់​ថា​៖ «​មណ្ឌលខេត្តព្រះ​សីហនុ​ ​មាន​ខេត្ត នៅ​ជាប់​មាត់​សមុទ្រ​ចំនួន ​៣ ​ត្រូវ​ចូល​រួម​ប្រកួត ក្នុង​នោះ​មានខេត្ត​កំពត ខេត្ត​​កោះ​កុង ​និងខេត្ត​​កែប ​ប៉ុន្តែ​​គិត​មក​ដល់​ពេល​នេះ មាន​បេក្ខ​ជន​​ត្រឹម ២​ ​ខេត្ត​ទេ បាន​​ដាក់​ពាក្យ​ចូល​រួម​ប្រកួត គឺ​មាន ​៥ ​នាក់ មក​ពី​​ខេត្ត​កំពត និង ៨​ នាក់មក​ពី​​​ខេត្ត​កោះ​កុង ​សរុប ​១៣​ នាក់​ប៉ុណ្ណោះ​ ​ឯ​ខេត្ត​កែប ​​គ្មាន​ទេ ​ដោយសារ​ពួក​គេ​ហាក់​បី​ដូចជា​ខ្លាច​តាំង​ពី​មុន​ការ​ប្រ​កួត​ម្ល៉េះ»​។​

​បន្ថែម​លើព័ត៌​មាន​នេះ លោក ​គ្រួច​ ចន្ថារិទ្ធ ​មន្ត្រី​បច្ចេកទេស​​របស់​សហព័ន្ធ​កីឡា​អុក​ចត្រង្គកម្ពុជា ​បាន​ឲ្យ​ដឹង​ថា ​គ្រប់​ការ​ប្រ​កួត​នៅ​តាម ​៧ ​មណ្ឌល​ ទូ​ទាំង​ប្រ​ទេស​ គឺ​មាន​គណៈកម្មការ​តែ​មួយ​ក្រុមទេ ​ទៅ​ពី​ភ្នំពេញ ​ដើម្បី​ធានា​បាន​នូវ​សុក្រឹត​ភាព​ យុត្តធម៌ ​និង​រូប​មន្ត​ប្រ​កួត​តែ​មួយ​ដូច​គ្នា​។


លោក​បន្ត​ថា​៖ ​«គណៈកម្មការ​ទាំង​នោះ ​មានរូប​​ខ្ញុំ​ លោក​ ឈាវ​ បូរ៉ា​ លោក​ ណាវ​ សុខឃឿន​ ដោយ​ក្នុង​នោះ​ចំណាត់​ថ្នាក់​លេខ​ ១ ​លេខ​ ២ ​និង​លេខ ​៣ នៅ​​តាម​មណ្ឌល​នីមួយៗ សុទ្ធ​តែ​ទទួល​បាន​ប្រាក់​រង្វាន់​ ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដូចៗ​គ្នា ​តែ​នៅ​មិន​ដឹង​ពី​ចំនួន​ទឹក​ប្រាក់​ពិត​ប្រាកដ​នូវ​ឡើយទេ»​។


​​​​


តាម​លោក គ្រួច ចន្ថារិទ្ធ ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​បញ្ចប់​ការ​​​ប្រ​កួត ​ពេញ​មួយ​ថ្ងៃ ​នៅ​មណ្ឌល​ខេត្ត​ព្រះសីហនុ ​នឹង​បន្ត​​ទៅ​ប្រកួត​ជម្រុះ​ នៅ​​មណ្ឌលខេត្ត​​កំពង់​ស្ពឺ​ ដែល​មាន​បេក្ខជន ​១៣​ នាក់ រួច​​បន្ត​ទៅ​មណ្ឌល​ខេត្ត​កំពង់​ចាម ​មាន​បេក្ខ​ជន ​១២ ​នាក់ ​​មណ្ឌលខេត្ត​​បាត់​ដំបង​ មាន​បេក្ខជន​ ១៦ ​នាក់​ ​មណ្ឌល​ខេត្ត​សៀម​រាប ​មាន​បេក្ខ​ជន ​១៥ ​នាក់ ​មណ្ឌល​ខេត្ត​​​ក្រចេះ​ មាន​បេក្ខ​ជន ​៦ ​នាក់ ​ហើយ​ចុង​ក្រោយ​ត្រឡប់​មក​​មណ្ឌល​ភ្នំពេញ​វិញ​ ដែល​ជា​មណ្ឌល​ចុង​ក្រោយ ​មាន​បេក្ខជន​ ៦៧ ​នាក់​។

លោក ​គ្រួច​ ចន្ថារិទ្ធ បាន​​បញ្ជាក់​​ថា៖ ​«​រូប​មន្ត​ប្រកួត ​​ត្រូវ​ធ្វើ​​ដូច​មុន ​ប៉ុន្តែ​មាន​ការ​សំណូម​ពរ​​ទៅ​ដល់សហភាព​សហព័ន្ធ​​យុវជនកម្ពុជា ​ឲ្យ​​ជ្រើសរើស​​យក​បេក្ខ​ជន​ចំនួន​ ៦​ នាក់ នៅ​មណ្ឌល​ភ្នំពេញ ដើម្បី​ឡើង​​ទៅ​​ប្រកួត​​ថ្នាក់​ជាតិ​ ​ព្រោះ​​មណ្ឌល​ភ្នំពេញ​ មាន​បេក្ខភាពចូល​រួម​ចំនួន​ ៦៧ ​នាក់​ច្រើន​ជាង​គេ ​និង​ប្រជុំ​សុទ្ធ​តែ​ជើង​ខ្លាំង​ អ៊ីចឹង​យើង​គួរ​តែ​ផ្តល់​ឲ្យ​ច្រើន​ជាង​មណ្ឌល​ដទៃ​ទៀត»​។

គួរ​បញ្ជាក់​ថា សម្រាប់​ការ​ប្រកួត​ជម្រុះ​នៅ​តាម​មណ្ឌល​ទាំង ​៧​នេះ ​គឺ​ក្នុងមួយ​មណ្ឌល ត្រូវ​បាន​កំណត់​ប្រកួត​ជម្រុះ​យក​តែ​៣​នាក់​ប៉ុណ្ណោះ​ ដើម្បី​ឡើង​ទៅ​ប្រកួត​ជម្រុះ​ថ្នាក់​ជាតិ ដោយ​ទុក​ជើង​ខ្លាំង​ត្រឹម​៨​នាក់ប៉ុណ្ណោះ សម្រាប់​ឡើង​ទៅ​ប្រកួតនៅ​ជុំ​​​ផ្តាច់​ព្រ័ត្រ ដែល​នឹង​​ត្រូវ​ធ្វើ​​នៅ​មហា​សង្គ្រាន ​មុខ​ប្រាសាទ​អង្គរ​វត្ត ​ខេត្ត​សៀម​រាប ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ ប្រពៃណី ជាតិ​ខ្មែរ​៕