ភ្នំពេញៈ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានដាក់គោលដៅកាន់តែធំ ក្នុងការពង្រីកពីសក្តានុពលដណ្តើមយកមេដាយមាស នៅលើឆាកអន្តរជាតិ ជាពិសេសស៊ីហ្គេម ឆ្នាំ ២០២៣ បន្ទាប់ពីសហព័ន្ធនេះ បានដាក់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យធ្វើជាប្រធានសហព័ន្ធ ក្នុងអាណត្តិទី ២ ថ្មី ឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២។
ការឯកភាពគ្នាដាក់លោក ស ខេង ឲ្យធ្វើជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ជំនួសប្រធានចាស់ លោកឧត្តមសេនីយ៍ឯក ឈឹម ជួន ដែលបានទទួលមរណភាព កាលឆ្នាំ ២០១៦ នេះ គឺបានធ្វើឡើង ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី ១ ចាស់ ឈានចូលអាណត្តិថ្មី នៅទីស្នាក់ការ NOCC កាលពីថ្ងៃសុក្រ។
លោក ជា ប៊ុនហេង ជាអគ្គលេខាធិការចាស់ ត្រូវបានអង្គមហាសន្និបាត គាំទ្រឲ្យទៅធ្វើជាអនុប្រធានទី ១ ហើយកូនប្រុសរបស់គាត់គឺ ជា សែនវិស្សុត ធ្វើជាអគ្គលេខាធិការ ក្នុងអាណត្តិថ្មីនេះវិញ។ បន្ថែមលើនេះ លោកឧត្តមសេនីយ៍ឯក ម៉ក់ សំអុល និងលោក គាវ សុវណ្ណធី ត្រូវបានគាំទ្រឲ្យធ្វើជាអនុប្រធានសហព័ន្ធ ជំនួសលោក ហែម ថុន ដែលទទួលមរណភាព និងលោក រស់ ចន្ត្រានិត ដែលដកខ្លួន ខណៈលោក ប្រាក់ ផល្លា បន្តកាន់តួនាទីជាអនុប្រធាន ដដែល។
រីឯលោក ធុច សុខជា អគ្គលេខាធិការរង លោក ស្រ៊ុន ប៊ុនណារ៉ាត អគ្គហេរញ្ញិក លោក គង់ ចាន់ធីណា អគ្គហេរញ្ញិករង ហើយលោក ប៊ូ សុផល លោក ហេង សុធុន លោក ឆាយ បញ្ញាវុធ លោក វ៉ង់ វុទ្ធា លោក ដាំ ដា លោក យ៉ែម វាសនា កញ្ញា មាស តឿ និងកញ្ញា ឃន សាត សាន្នីតា ជាសមាជិក។
ជាមួយរចនាសម្ព័ន្ធដឹកនាំថ្មីនេះ លោក ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា៖ «សមិទ្ធផលដ៏ធំធេង ដែលសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ទទួលបានកន្លងមក គឺសម្តេចក្រឡាហោម ស ខេង បានចូលរួមជួយយ៉ាងច្រើន ហើយការដាក់ឲ្យសម្តេច ធ្វើជាប្រធានសហព័ន្ធ ក្នុងអាណត្តិថ្មីនេះ នឹងជួយឲ្យកីឡាសូហ្វតិន្នីសរបស់កម្ពុជាយើង មានការរីកចម្រើនកាន់តែខ្លាំង និងទទួលបានជោគជ័យកាន់តែធំ»។
តាមរយៈការប្រកួតប្រជែង កន្លងមកនេះ ក្រុមសូហ្វតិន្នីសកម្ពុជា ដណ្តើមបានមេដាយ មាស ប្រាក់ និងសំរឹទ្ធ នៅលើឆាកអន្តរជាតិ ជាបន្តបន្ទាប់ ដើម្បីហក់ចេញពីការឈរនៅបាតតារាង កាលពីឆ្នាំ ២០១៤ ឡើងមកឈរនៅលេខរៀងទី ៩ ក្នុងចំណាត់ថ្នាក់ពិភពលោក គួរឲ្យកោតសរសើរ។
បន្ថែមលើជោគជ័យនេះ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពជា បានដាក់គោលដៅកាន់តែធំ ក្នុងអាណត្តិថ្មីនេះ គឺទី ១ បង្កើនការប្រមូលផ្តុំហ្វឹកហាត់ ត្រៀមចូលរួមព្រឹត្តិការណ៍ធំៗ ឲ្យបានកាន់តែច្រើន ដើម្បីដណ្តើមចំណាត់ថ្នាក់ឲ្យកាន់តែខ្ពស់ជាងមុន ពិសេសដាក់ចេញនូវយុទ្ធសាស្ត្រហ្វឹកហាត់នៅប្រទេសជប៉ុន រយៈពេល ២ ខែ ត្រៀមការប្រកួតកីឡាអាស៊ី នៅឥណ្ឌូនេស៊ី នាខែសីហា ឆ្នាំ ២០១៨។
ចំណុចទី ២ បង្កើនប្រសិទ្ធភាព គុណផល និងបច្ចេកទេស ដល់អត្តពលិកថ្នាល ដែលមានស្រាប់ និងបង្កើនឲ្យកាន់តែច្រើន ឡើងថែមទៀត ដើម្បីដណ្តើមមេដាយពីការប្រកួតស៊ីហ្គេម ឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីន ជាពិសេស ការដាក់គោលដៅដណ្តើមមេដាយមាសឲ្យបាន ៣ ក្នុងការប្រកួតស៊ីហ្គេម លើកទី ៣២ នាឆ្នាំ ២០២៣ នៅកម្ពុជា ហើយលោក ជា ប៊ុនហេង មានសុទិដ្ឋិនិយម និងមានការជឿជាក់ថា គ្រួសារកីឡាសូហ្វតិន្នីសកម្ពុជា របស់លោក អាចនឹងសម្រេចគោលដៅធំទាំង ២ នេះបាន៕