ភ្នំពេញៈ កីឡាករ​ជើង​ខ្លាំង រឿង សោភ័ណ្ឌ បាន​ផ្តួល​គូ​សត្រូវ​ចាស់ Rong Keat ឲ្យ​សន្លប់​ធំ លឿន​បំផុត សម្រាប់​ការ​វិល​មក​ជួប​គ្នា កាល​ពី​ថ្ងៃ​អាទិត្យ ចំណែក ពុទ្ធ ឆាយរិទ្ធី បាន​រក​ឃើញ​ការ​ឈ្នះ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ ដណ្តើម​ពាន​អន្តរជាតិ កាល​ពី​ម្សិលមិញ​នោះ​ដែរ ប៉ុន្តែ ឆៃ សារ៉ា បាន​ចាញ់ Noeng Trakan។


វា​មិន​មែន​ជា​លើក​ទី ១ នោះ​ទេ ដែល រឿង សោភ័ណ្ឌ បាន​ផ្តួល​ជើង​ខ្លាំង​ថៃ Rong Keat ឲ្យ​សន្លប់ ប៉ុន្តែ​ការ​បុក​ជង្គង់​ឲ្យ​សន្លប់ ទឹក​ទី ២ ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ប្រាក់​លាន កាល​ឆ្នាំ ២០១៧ ត្រូវ​បាន Rong Keat អះ​អាង​ថា ដោយសារ​រូបគេ​ភ្លាត់​ស្នៀត ពិសេស​មាន​ទម្ងន់​តិច​ជាង សោភ័ណ្ឌ ឆ្ងាយ​ពេក។

យ៉ាងណា​ក៏ដោយ ការវិល​មកជួប​គ្នា​ជាថ្មី នៅ​លើ​សង្វៀន CNC កាល​ពី​ល្ងាច​ម្សិល​មិញ Rong Keat មិន​ទាន់​តែ​បាន​វាយ​បក​មក​លើ រឿង សោភ័ណ្ឌ ផង ក៏ត្រូវ​បាន សោភ័ណ្ឌ ទាត់​ចូល​ពេញៗ រួច​ស្ទុះ​ចូល​បុក​កែង​ឆ្វេង​ចំ​ថ្គាម​ស្តាំ​បណ្តាល​ឲ្យ​សន្លប់​ត្រឹម​ពាក់​កណ្តាល​ទឹក​ទី ១។ រីឯ ហ៊ីម សេរី ក៏បាន​ឈ្នះ Loukyod ក្នុង​ទឹក​ទី ១ ដែរ ដោយសារ​ថៃ​ម្នាក់ បាន​ជាប់​សរសៃ​ស្មា​ស្តាំ ពេល​រូបគេ​ស្ទុះ​ចូល​ប្តូរ​កែង​ជាមួយ សេរី។


ការ​ប្រកួត​នៅ​សង្វៀន CNC នា​រសៀល​ថ្ងៃ​អាទិត្យ នោះ​ដែរ ពុទ្ធ ឆាយរិទ្ធី បាន​រក​ឃើញ​ការ​ឈ្នះ​ជា​លើក​ដំបូង ក្នុងការ​ប្រកួត​សន្សំ​ពិន្ទុ​ដណ្តើម​ពាន​អន្តរជាតិ កំពូល​អ្នក​ប្រដាល់​កណ្តាប់​ដៃ​ដែក ISI PALM ទម្ងន់ ៦៧ គីឡូក្រាម តាមរយៈ​ការ​វាយ​កែង និង​ម៉ាត់​ឡាវ Phan Chhai ឡើង​គាំង​រហូត​អាជ្ញា​កណ្តាល​បញ្ឈប់​នៅ​ចុង​ទឹក​ទី ៤ តែ​ម្តង។


ការ​ចាញ់​ពិន្ទុ​ជើង​ខ្លាំង Noeng Trakan ក្នុងការ​ប្រកួត​បើក​ឆាក កាល​ពី​ថ្ងៃ​ទី ៤ ខែ​កុម្ភៈ បាន​ជំរុញ​ឲ្យ ពុទ្ធ ឆាយ​រិទ្ធី ខំប្រឹង​ប្រកួត​ខ្លាំង សម្រាប់​ការ​ជួប Phan Chhai លើក​ទី ២ នេះ ហើយ​ការ​វាយ​កែង និង​ម៉ាត់​ផ្ទួនៗ​ជាច្រើន​ដៃ​របស់​គេ ធ្វើ​ឲ្យ​ឡាវ​ម្នាក់​នេះ​គាំង​តដៃ​មិន​កើត និង​ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់ នៅ​ចុង​ទឹក​ទី ៣។


ឈានចូល​ទឹក​ទី ៤ ឆាយ​រិទ្ធី បាន​បង្កើត​ការ​ម៉ាត់ និង​វាយ​កែង កាន់​តែ​ខ្លាំង ធ្វើ​ឲ្យ Phan Chhai គាំង និង​ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់​ជា​លើក​ទី ២ និង​ឈាន​ដល់​បញ្ឈប់​ការ​ប្រកួត​នៅ​ចុង​ទឹក​ទី ៤ នេះ​តែ​ម្តង ខណៈ ឆាយ​រិទ្ធី បាន​បន្ត​វាយ​កែង និង​ម៉ាត់ បណ្តាល​ឲ្យ Phan Chhai ងើប​មុខ​លែង​រួច ជាមួយ​អាការ​ស្ទើ​តែ​សន្លប់​ឈរ​នោះ។

ជាមួយ​លទ្ធផល​នេះ ជួយ​ឲ្យ ពុទ្ធ ឆាយ​រិទ្ធី មាន​សង្ឃឹម​ឡើង​វិញ ក្នុងការ​ប្រជែង​យក​ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត ប៉ុន្តែ ឆៃ សារ៉ា ដែល​ឈ្នះ Phan Chhai ដោយ​ពិន្ទុ កាល​ពី​ប្រកួត​បើក​ឆាក​នោះ បាន​មក​ចាញ់ Noeng Trakan ដោយ​ពិន្ទុ​ដាច់ សម្រាប់​ការ​ប្រកួត​លើក​ទី ២ នេះ ធ្វើ​ឲ្យ​រូបគេ​មាន ៤ ពិន្ទុ​ស្មើ ឆាយ​រិទ្ធី ឯ Noeng Trakan ឡើង​ទៅ​ឈរ​នៅ​លេខ ១ ជា​បណ្តោះ​អាសន្ន ដោយ​មាន ៦ ពិន្ទុ​ពេញ៕