ក្រុងឡាសវេហ្គាស: កីឡាករ David Benavidez បាន​ផ្តួល Ronald Gavril ដើម្បី​ខ្សែ​ការពារ​ខ្សែ​ក្រវាត់​ពិភពលោក WBC ក្នុង​ទម្ងន់ ៧៦ គីឡូក្រាម​របស់​គេ​យ៉ាង​ងាយ​ស្រួល តាមរយៈ​ការ​ដណ្តើម​បាន​ជ័យជម្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ កាល​ពី​ថ្ងៃ​សៅរ៍ (ត្រូវ​នឹង​ព្រឹក​ថ្ងៃ​អាទិត្យ​នៅ​កម្ពុជា)។


ម្ចាស់​ខ្សែ​ក្រវាត់​វ័យ ២១ ឆ្នាំ​មក​ពី​ទីក្រុង Phoenix រូប​នេះ បាន​ធ្វើការ​គ្រប់គ្រង​ទាំង​ស្រុង​លើ​កីឡាករ​រូម៉ានី Gavril ដើម្បី​ដណ្តើម​បាន​ជ័យជម្នះ​យ៉ាង​ស័ក្តិសម​នៅ​លើ​សង្វៀន Mandalay Bay Events Center ក្នុង​ទីក្រុង Las Vegas។


Benavidez ធ្លាប់​បាន​ផ្តួល Gavril វ័យ ៣១ ឆ្នាំ​រួច​មក​ហើយ​កាល​ពី​ខែ​កញ្ញា តាមរយៈ​ការ​ឈ្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ដើម្បី​ទទួល​បាន​ខ្សែ​ក្រវាត់​ដែល​នៅ​ទំនេរ ក្នុង​ការ​ប្រកួត​មួយ​ក្នុង​ចំណោម​ការ​ប្រកួត​ដ៏​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៧។


ការ​ត្រៀម​លក្ខណៈ​ផ្សេងៗ​សម្រាប់​ការ​ប្រកួត​សង​សឹក​នេះ បាន​ស្ថិត​ក្នុង​ភាព​តាន​តឹង ខណៈ​ដែល Gavril នឹង​ស្តារ​មុខមាត់​របស់​ខ្លួន​ត្រឡប់​មក​វិញ ក្រោយ​ពី​បាន​អះអាង​ថា រូបគេ​ត្រូវបាន​គេ​ប្លន់​យក​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​កាល​ពី​លើក​ទី ១។


ប៉ុន្តែ កាលពី​ថ្ងៃ​សៅរ៍ វា​នៅ​តែមា​ន​អ្នកឈ្នះ​តែ​ម្នាក់​គត់ ខណៈដែល Benavidez បាន​ប្រើប្រាស់​កណ្តាប់​ដៃ​ដ៏​រហ័ស និង​ចលនា​ដ៏​ល្អ​របស់​គេ​ដើម្បី​ផ្តល់​ការ​លំបាក​ដល់ Gavril ក្នុងការ​ដំណើរ​ឆ្ពោះ​ទៅ​រក​ជ័យជម្នះ​ជា​លើក​ទី ២ របស់​គេ។


ចៅក្រម​ម្នាក់​បានផ្តល់​ពិន្ទុ​ឈ្នះ ១១៩-១០៩ ខណៈដែល​ចៅ​ក្រម ២ នាក់​ផ្សេង​ទៀត​បាន​ផ្តល់​ពិន្ទុ​ឈ្នះ ១២០-១០៨ ដល់ Benavidez ដែល​បាន​ធ្វើ​ឲ្យ​កំណត់ត្រា​ឈ្នះ​របស់​គេ​កើន​ដល់ ២០ លើក មិន​ដែល​ចាញ់ ក្នុង​នោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់ ១៧ លើក បន្ទាប់​ពី​ជ័យជម្នះ​នេះ។

Benavidez ដែលជា​ម្ចាស់​គ្រប់គ្រង​ខ្សែក្រវាត់​ពិភពលោក​វ័យក្មេង​បំផុត​នោះ បាន​និយាយ​ថា រូបគេ​បាន​ព្យាយាម​ដណ្តើម​យក​ប្រៀប​ទៅ​លើ​បច្ចេកទេស​វាយ​សម្រុក​របស់ Gavril។

កីឡាករ​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​បាន​ដឹងថា រូបគេ​នឹង​ធ្វើការ​វាយ​សម្រុក​ខ្លាំង ពោល​គឺ​ដូច​ដែល​ខ្ញុំ​បាន​និយាយ​កាល​ពី​មុន​អ៊ីចឹង គេ​ជា​ប្រភេទ​សេះ​មាន​ស្នៀត​តែ ១ ផ្នែក។ គេ​មិនដឹ​ង​អ្វី​ក្រៅ​ពី​ការ​ដាក់​សម្ពាធ​លើ​ដៃគូ​ឡើយ»។

Benavidez បាន​ប្រាប់​បន្តថា៖ «ហេតុនេះ ខ្ញុំ​បាន​ប្រើប្រាស់​បច្ចេកទេស​នោះ​ដើម្បី​ដណ្តើម​យក​ប្រៀប ខ្ញុំ​បាន​ព្យាយាម​វាយ​រហ័ស ហើយ​នៅ​ពេល​ខ្ញុំ​បាន​ឃើញ​ប្រឡោះ ខ្ញុំ​បាន​វាយ​តែម្តង។ ខ្ញុំ​មិន​បាន​ផ្តួល​ឲ្យ​រូបគេ​សន្លប់​ឡើយ។ រូបគេ​ជា​កីឡាករ​ដ៏​ខ្លាំង​ម្នាក់»។

Benavidez បាន​បញ្ជាក់ថា រូបគេ​មិនមាន​ការបារម្ភ​ដោយសារ​តែ​ការ​ប៉ះទង្គិច​ពាក្យ​សម្តី​គ្នា​ដែល​បាន​កើត​ឡើង​រវាង​កីឡាករ​ទាំង ២ នៅ​មុន​ពេល​ការ​ប្រកួត​នេះ​ឡើយ។ កីឡាករ​រូបនេះ​បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​មិន​ខ្វល់ខ្វាយ​ឡើយ។ ខ្ញុំ​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​រូបគេ។ សូម​មើល​ទៅ​ផ្ទៃមុខ​របស់​គេ និង​មើល​ទៅ​លើ​ទឹកចិត្ត​របស់​គេ»។

ការ​វាយ​ចេញ​បាន​យ៉ាង​ល្អ​បំផុត​របស់ Benavidez បាន​កើត​ឡើង​ក្នុង​ទឹក​ទី ៤ នៅ​ពេល​ដែល​រូបគេ​បាន​វាយ​ចំ​ផ្ទៃមុខ​របស់ Gavril យ៉ាង​ល្អ មុន​នឹង​បន្ថែម​ដោយ​កណ្តាប់​ដៃស្តាំ ១ ដៃ​ទៀត​ដែល​ធ្វើ​ឲ្យ​កីឡាករ​រូម៉ានី​រូប​នេះ ផ្អែក​ទៅ​នឹង​ខ្សែ​សង្វៀន​តែម្តង។ ទោះបី​ជា​យ៉ាង​ណា Gavril បាន​គេច​ផុត​ការ​វាយ​យ៉ាង​សន្ធាប់​នោះ តាមរយៈ​ការ​រក្សា​ជំហរ​យ៉ាង​ជោគជ័យ មុន​នឹង​សង្វៀន​ដល់​ទឹក​បន្លឺ​ឡើង។

ក្រោយមក កីឡាករ Benavidez បាន​បន្ត​គ្រប់គ្រង​លើ​ដៃគូ​របស់​ខ្លួន តាមរយៈ​ការ​បញ្ចេញ​ស្នៀត​កណ្តាប់​ដៃ​វាយ​ចំ​គោល​ដៅ​យ៉ាង​ល្អ។

បន្ទាប់ពី​បញ្ចប់​ការប្រកួត កីឡាករ​រូបនេះ មិន​បាន​បង្ហើប​ពី​គូប្រកួត​ដែល​ត្រូវ​ជួប​នៅ​ថ្ងៃ​អនាគត​ឡើយ តាមរយៈ​ការ​បដិសេធ​ក្នុងការ​និយាយ​ថា រូបគេ​ចង់​ប្រកួត​ជាមួយ​នឹង​កីឡាករ​ចក្រភព​អង់គ្លេស George Groves ដែល​បាន​យក​ឈ្នះ​លើ​កីឡាករ Chris Eubank Jr ដើម្បី​ការពារ​ខ្សែក្រវាត់ WBA ក្នុង​ទម្ងន់​ដូច​គ្នា​នេះ ក្នុង​ទីក្រុង Manchester នៅ​ថ្ងៃ​សៅរ៍​ដដែល​នោះ៕