ក្រុងវីហ្គាន: ការប្រជែងរបស់ក្រុម Manchester City ក្នុងការឈ្នះពាន ៤ ជាប្រវត្តិសាស្ត្រ នឹងត្រូវបន្តនៅលើទឹកដីក្រុម Wigan សម្រាប់ការប្រកួតពាន FA Cup ជុំទី ៥ នៅរាត្រីនេះ ខណៈដែលការសងសឹកចំពោះការបរាជ័យដ៏មិននឹកស្មានដល់ក្រោមស្នាដៃក្រុមស្ថិតក្នុងក្របខ័ណ្ឌ League One មួយនេះ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ ២០១៣ ក៏ស្ថិតក្នុងចិត្តរបស់ពួកគេផងដែរ។
ក្រុមរបស់លោក Pep Guardiola បានលុបចោលនូវការលើកឡើងផ្សេងៗថា បញ្ហារបួស និងបញ្ហាអស់កម្លាំងអាចនឹងក្លាយជាឧបសគ្គសម្រាប់ពួកគេក្នុងការប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League, Champions League, League Cup និងពាន FA Cup តាមរយៈការស៊ុតបាល់បញ្ចូលទី ៩ គ្រាប់ ក្នុងការប្រកួត ២ លើកចុងក្រោយរបស់ពួកគេ។
ការដណ្តើមបានជ័យជម្នះ ៥-១ លើក្រុម Leicester កាលពីចុងសប្តាហ៍មុន បានធ្វើឲ្យក្រុម Man City បង្កើនការនាំមុខរបស់ពួកគេនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League រហូតដល់ទៅ ១៦ ពិន្ទុ ហើយជ័យជម្នះនោះបានកើតឡើង នៅមុនពេលពួកគេបានយកឈ្នះលើក្រុម Basel ៤-០ កាលពីថ្ងៃអង្គារ ក្នុងការប្រកួតជើងទី ១ នៃក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេ។
លោក Guardiola បានទទួលព័ត៌មានកាន់តែជឿជាក់បន្ថែមទៀតក្នុងប្រទេសស្វ៊ីស ក្រោយពី Leroy Sane, David Silva និង Fabian Delph សុទ្ធសឹងបានជាសះស្បើយពីរបួសរបស់ពួកគេ។
ការបង្ហាញខ្លួនរបស់ Silva ក្នុងនាមជាកីឡាករបម្រុង បានបង្ហាញថា រូបគេបានជាសះស្បើយពីបញ្ហារបួសចង្កេះរបស់គេហើយ ស្របពេលដែលខ្សែបម្រើអន្តរជាតិអង់គ្លេស Delph ដែលត្រូវបានដាក់ឲ្យលេងក្នុងនាមជាខ្សែការពារស្លាបឆ្វេងដោយក្លិបរបស់គេនៅរដូវកាលនេះ បានវិលចូលលេងវិញ ក្រោយពីអវត្តមានចំនួន ៦ ប្រកួត ដោយសារតែរបួសជង្គង់។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង ២:៥៥ ទៀបភ្លឺ៕