ក្រុង​សេ​វី​ឡា: កីឡាករ​ឆ្នើម​​ប្រចាំ​ការ​ប្រកួត Marco Asensio បាន​ស៊ុ​តបាល់​បញ្ចូល​ទី​២​​​គ្រាប់ ហើយ​ខ្សែ​​ប្រយុទ្ធ Cristiano Ronaldo ក៏​រក​បាន​គ្រាប់​បាល់​បញ្ចូល​ទី​ផងដែរ ខណៈ​ដែលក្រុម Real Madrid បាន​រក្សា​ការ​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន តាមរយៈ​ការ​ដណ្តើម​បាន​ជ័យជម្នះ ៥-៣ នៅ​លើ​ទឹកដីក្រុម Real Betis ក្នុង​ក្រប​ខ័ណ្ឌ La Liga កាល​ពី​ថ្ងៃ​អាទិត្យ​។


Real បាន​​ដេញ​តាម​ពី​ក្រោយ ២-១ នៅ​ត្រឹម​តង់​ទី​១ ក្នុង​ការប្រកួត​ដ៏​រំភើប​មួយ​នា​កីឡដ្ឋាន Benito Villamarin ប៉ុន្តែ ពួក​គេ​បាន​វាយ​បក​វិញ​ក្នុង​តង់​ទី​២ ខណៈ​ដែល Sergio Ramos, Asensio ដែល​​​បាន​រក​គ្រាប់​បាល់​បើក​ឆាក ក៏ដូច​ជា Ronaldo និង Karim Benzema សុទ្ធ​សឹង​រក​បាន​គ្រាប់​បាល់​បញ្ចូល​ទី​ដូច​គ្នា​។

ពួក​គេ​បាន​សង្គ្រោះ​ការ​វាយ​សម្រុក​មួយពី​ក្រុម Betis ហើយ​ក្រោយ​ពី​ដណ្តើម​បាន​ជ័យជម្នះ ៣-១ ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​​ក្រុម​ចុង ជើង​ទី​១​របស់​ពួក​គេ​លើ​ក្រុម Paris Saint-Germain កាល​ពី​ពាក់​កណ្តាល​សប្តាហ៍មុន ជ័យ​ជម្នះ​នេះ បង្ហាញ​ថា ក្រុម​របស់​​លោក Zinedine Zidane កំពុង​តែ​វិល​ទៅ​រក​ភាពខ្លាំង​វិញ​ក្នុង La Liga​។


Real នៅ​តែ​ឈរ​លេខ​៤ ដោយ​ដេញ​តាម​ពី​ក្រោយ​ក្រុម Barcelona ១៧​ពិន្ទុ ប៉ុន្តែ ដេញ​តាម​ពី​ក្រោយ​ក្រុម​ឈរ​លេខ​៣ Valencia ត្រឹម​តែ​១​ពិន្ទុ ខណៈ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​​។


ជា​មួយ​គ្នា​នេះ​នា​ថ្ងៃ​អាទិត្យ​ដដែល​នោះ ក្រុម Atletico Madrid បាន​ផ្តួល​​ក្រុម Athletic Bilbao ២-០ ដើម្បី​រក្សា​ការ​ដេញ​តាម​ពី​ក្រោយ​ក្រុម Barca ចំនួន​៧ពិន្ទុ​នៅ​លើ​តារាង La Liga៕ IS


Cristiano Ronald (ស្តាំ) របស់​ក្រុម Real Madrid ដណ្តើម​បាល់​ជាមួយ Marc Bartra របស់​ក្រុម Real Betis​។ AFP