ក្រុង​ឡុងដ៍: ក្រុម Rochdale បាន​រក​គ្រាប់​បាល់​​នៅនាទី​បន្ថែម​ដើម្បី​រា​រាំង​មិន​ឲ្យ​ក្រុម Tottenham Hotspur ខណ្តើម​បាន​ជ័យ​ជម្នះ ខណៈ​ដែល​ការប្រកួត​​ពាន FA Cup ជុំ​ទី​៥​របស់​ពួក​គេ បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ២-២ កាល​ពី​ថ្ងៃ​អាទិត្យ​។


វា​ហាក់​បង្ហាញ​ថា ក្រុម Spurs ដណ្តើម​បាន​ជ័យ​ជម្នះ​ដើម្បី​កក់​​កៅអី​របស់​ពួក​គេ​ក្នុង​វគ្គ​៨​​ក្រុម​ចុង​ក្រោយ​ទៅ​ហើយ នៅពេល​ដែល​ខ្សែ​ប្រយុទ្ធ​ឆ្នើម Harry Kane ដែល​បាន​​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង បាន​រក​គ្រាប់​បាល់​ប៉េ​ណាល់​ទី​ក្នុង​ពេល​នៅ​សល់​រយៈពេល​២​នាទី​ចុងក្រោយ ដើម្បី​ជួយ​​ឲ្យ​ក្រុម​ខ្លួន​នាំមុខ ២-១​។


ប៉ុន្តែ Rochdale ដែល​បាន​រក​គ្រាប់​បាល់​បើក​ឆាក​នៅ​ជិត​បញ្ចប់​តង់​ទី​១ តាម​រយៈ​​កីឡាករ Ian Henderson បាន​រក​គ្រាប់​បាល់​តាម​​ស្មើ​វិញ នៅ​ពេលដែល​ខ្សែ​ប្រយុទ្ធ Steve Davies បាន​រក​គ្រាប់​បាល់​បំ​ប៉ោង​សំណាញ់​ទី​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់ នៅ​នាទី​ទី៣​នៃ​នា​ទី​បន្ថែម​។


លទ្ធ​ផល​នេះ មាន​ន័យ​ថា ក្រុម Rochdale ដែល​ស្ថិត​នៅ​បាតតា​រាង​នៃក្រប​ខ័ណ្ឌ League One អាច​សម្លឹង​ឆ្ពោះ​ទៅកាន់​ការប្រកួត​នា​កីឡដ្ឋាន Wembley ខណៈ​ដែល​កីឡដ្ឋាន​ជាតិ​របស់​អង់គ្លេស​មួយ​នេះ គឺ​ជា​​ទឹក​ដី​បណ្តោះ​អាសន្ន​របស់​ក្រុម Tottenham នៅ​មុន​ពេល​កីឡដ្ឋាន White Hart Lane ត្រូវ​ជួស​ជុល​រួច​រាល់​ជា​ផ្លូវ​ការ​៕ IS


ខ្សែ​បម្រើ​អន្តរ​ជាតិ​អង់គ្លេស Dele Alli ត្រូវ​បាន​ធ្វើ​ឲ្យ​ដួល​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​ដោយ​ខ្សែ​ការ​ពារ​នក្រុម Rochdale​។ AFP