ភ្នំពេញៈ ចាប់ពីរាសីឡើងខ្ពស់ត្រដែតសម្បូរទីផ្សារថតកុនភាគ គ្មានពេលទំនេរតាំងពីចុងឆ្នាំ ២០១៦ មករហូតដល់បច្ចុប្បន្ននេះ តារាសម្តែងស្រី មានងារជាតារាសិចស៊ី និងមានស្រុកកំណើតមកពីខេត្តបន្ទាយមានជ័យ កញ្ញា ដួង ម៉ានិច នឹងចែកសំបុត្រអញ្ជើញភ្ញៀវប្រមាណ ៣៥ តុ ដើម្បីចូលរួមពិធីឡើងគេហដ្ឋានថ្មី ស្ថិតនៅបុរីប៉េង ហួត បឹងស្នោ ដែលទិញតម្លៃជិត ១០ ម៉ឺន ដុល្លារ។
បើតាមការស្តាប់មើលទៅតារាសម្តែងស្រីតូចច្រឡឹងចង្កាស្រួចកញ្ញា ដួង ម៉ានិច ហាក់ដូចជាធ្លាប់មានអ្នកសិល្បៈដូចគ្នាបានពេបជ្រាយឲ្យថានាងមិនមានអ្វីសល់ជាដុំកំភួន ទើបបានជាជំរុញឲ្យនាងតាំងចិត្តត្រូវតែរៀបចំពិធីឡើងផ្ទះថ្មី ដែលជាផ្ទះនាងបានទិញ ស្ថិតនៅឯបុរី ប៉េង ហួត បឹងស្នោនោះឲ្យខាងតែបាននៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៨ ខាងមុខនេះ ខណៈផ្ទះចំនួន ២ ផ្សេងទៀតរបស់នាងបានទិញស្ថិតនៅម្តុំសង្កាត់កំបូល។
តារាសម្តែងស្រីរលកក្រោយកញ្ញា ដួង ម៉ានិច ដែលក្តាប់បានឱកាសថតកុនហូរហែ សឹងតែគ្មានពេលទំនេរនោះបង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ដំបូងឡើយគិតថា មិនចង់ធ្វើទេ! តែដោយសារមានអ្នកខ្លះធ្លាប់ពេបជ្រាយដាក់នាងខ្ញុំថា មិនឃើញមានសល់អ្វីជាធំដុំផងនោះ ទើបយល់ថា គួរតែរៀបចំពិធីឡើងផ្ទះនេះឲ្យខាងតែបានតែម្តងទៅ។ ម្យ៉ាងទៀត នាងខ្ញុំក៏មិនដែលមានធ្វើពិធីអ្វី ដែលអាចអញ្ជើញទាំងមិត្តភក្តិក្រៅសិល្បៈ និងក្នុងសិល្បៈតែម្តងផងដែរ។ ដូច្នេះក៏គ្រោងជាដំបូងថា នឹងរៀបចំអញ្ជើញភ្ញៀវត្រឹមតែប្រមាណ ២១ តុ ទេ តែឥលូវនេះ ត្រូវកើនដល់ ៣៥ តុ និងត្រូវត្រៀមទុកចំនួន ៥ តុទៀតដែលសរុបទៅចំនួន ៤០ តុ។ ចំពោះភ្ញៀវជាមិត្តអ្នកសិល្បៈវិញនោះ នាងខ្ញុំទំនងជាត្រូវសម្រាំងខ្លះៗសិន មិនបានអញ្ជើញទាំងអស់នោះទេគឺប្រហែលជាចំនួន ៥ ឬ ៦ តុ តែប៉ុណ្ណោះ»។
តារាស្រី ដួង ម៉ានិច បន្តឲ្យដឹងពីការមូលហេតុសម្រេចទិញផ្ទះទី ៣ និងបង្ហើបពីប្រភពប្រាក់ចំណូល ដែលនាំឲ្យនាងសម្រេចទិញផ្ទះនៅឯបុរី ប៉េង ហួត បឹងស្នោនោះផងដែរថា៖ «ចំពោះប្រាក់ទិញផ្ទះនេះ បានការសន្សំរបស់ខ្ញុំដូចជាការទិញផ្ទះមុនៗដែរ (ផ្ទះផ្សេងៗទៀតនៅឯម្តុំសង្កាត់កំបូល) ព្រោះថា នាងខ្ញុំក៏មានឱកាសរកប្រាក់បានច្រើនដែរ នាពេលបច្ចុប្បន្ននេះ ក្នុងវិស័យសិល្បៈ ហើយផ្ទះនោះមានតម្លៃត្រឹមតែជាង ៩ ម៉ឺន ដុល្លារ ទេ ដោយសារនាងខ្ញុំបានកក់ប្រាក់តាមដំណាក់កាលជាមួយបុរីតាំងពីដំបូងមកទើបបានតម្លៃនេះ ខណៈឥឡូវនេះ តម្លៃផ្ទះ ដូចជាឡើងដល់ជាង ១១ ម៉ឺនដុល្លារ ឯណោះ។
នាងខ្ញុំនៅមិនទាន់មានប្រាក់គ្រប់ចំនួនទាំងអស់ដើម្បីទិញផ្ទះនោះទេ តែវាក៏មិននៅសល់ប្រាក់ជំពាក់ច្រើនដែរទេសម្រាប់ថ្លៃផ្ទះនេះ គឺនៅសល់ប្រហែល ២០ ភាគរយទៀតតែប៉ុណ្ណោះ។ ម្យ៉ាងទៀតទីតាំងផ្ទះនេះ មានទីតាំងល្អ នៅខាងក្រោយមន្ទីរពេទ្យជោរៃភ្នំពេញ នៅផ្តុំដោយទីផ្សារផងដែរងាយស្រួលរស់នៅ»៕