ភ្នំពេញ: មិន​ខុសពី​គូស្នេហ៍​តារា​ល្បីៗ​ដទៃ​ទៀត​ឡើយ ដែល​តែង​តែ​បង្ហាញ​ភាព​ស្អិត​ល្មួត​ជាមួយ​គ្នា​នៅ​ថ្ងៃ​បុណ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់ (Vanlentine''s day) នោះ ដើម្បី​បញ្ជាក់​ពី​ចំណង​ស្នេហ៍​ពួកគេ​រឹង​មាំ។


ដូចគ្នានេះ គូស្នេហ៍​តារា​សម្តែង​ល្បី និង​បុរស​អាណិកជន​អាមេរិក ក្រោយ​ពិធី​អាពាហ៍​ពិពាហ៍ ពួកគេ​ទទួល​បាន​ចំណង​ដៃ​ស្នេហ៍​កូន​ស្រី​មួយ​គ្រាប់​ដ៏​គួរ​ឲ្យ​ស្រឡាញ់ អ្នកនាង សារ៉ាយ សក្ខណា និង​លោក កែវ ប៊ុន​មេត្រី ថ្ងៃ​ទី ១៤ ខែ​កម្ភៈ បាន​បង្អួត​រូបភាព​យ៉ាង​ផ្អែម​ល្ហែម ដែល​ធ្វើ​ឲ្យ​តារា​ជា​ច្រើន​ច្រណែន និង​ប្ដី​ប្រពន្ធ​នេះ​ទៀត​ផង។

ការ​បង្ហាញ​សុភមង្គល​ឲ្យ​មហាជន​ឃើញ​បែប​នេះ បន្ទាប់​ពី​គូស្នេហ៍ ១ គូ​នេះ បាន​ដំណើរការ​ហាង​កែ​សម្រស់​ឈ្មោះ​ហ្ស៊ីណូ ដោយ​រលូន និង​ឈាន​ទៅ​បើក​ហាង​កាហ្វេ​ហ្ស៊ីណូ បន្ថែម​ទៀត ដែល​រឹត​តែ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា តារា​រូបនេះ​ប្រាកដ​ជា​មាន​គម្រោង​មក​រស់​នៅ​ស្រុក​ខ្មែរ​វិញ នា​ពេល​ខាង​មុខ បន្ទាប់​ពី​រៀបការ​ប្តី​ភ្លាមៗ​ក៏​ហោះ​ទៅ​រួមរស់​លើ​ទឹកដី​អាមេរិក​បាន​តែ​ជាង ៣ ឆ្នាំ ក៏​ដឹក​ដៃ​គ្នា​មក​សម្រុក​ការងារ​រក​លុយ​នៅ​ប្រទេស​កំណើត​វិញ​នេះ។


ទោះ​យ៉ាង​ណា អ្នកនាង សារ៉ាយ សក្ខណា ដែល​មិន​បកស្រាយ​ចិត្ត​ពី​ដំណើរ​វិល​មក​សម្រុក​ការងារ​រក​ប្រាក់​ចំណូល​នៅ​ស្រុក​ខ្មែរ​ទាំង​ដឹក​ដៃ​ប្តី​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​មេធាវី​មក​ជាមួយ​នោះ សក្ខណា​បាន​ត្រឹម​តែ​ពាក្យ​បកស្រាយ​ខ្លី​ថា៖ «ចំពោះ​រឿង​ហោះ​ទៅ​រស់នៅ​អាមេរិក​វិញ បាន​លុប ចោល​មួយ​អន្លើ​សិន​ហើយ ព្រោះ​ថា​ពេល​នេះ​ចង់​បន្ដ​ការ​ថត​សម្ដែង​កុន​សាជា​ថ្មី​ឡើង​វិញ»។


ក្នុងនោះដែរ តារា​ស្រី​កូន​មួយ​មាន​ប្តី​ងារ​ជា​មេធាវី សិក្សា​នៅ​ប្រទេស​មហា​អំណាច ក៏​អះអាង​ផង​ដែរ​ថា៖ «ពេល​នេះ​នៅ​ស្រុក​ខ្មែរ ខ្ញុំ​រវល់​ការងារ​ច្រើន ទាំង​ការ​បើក​ហាង​កែ​សម្ផស្ស​និង​ហាង​កាហ្វេ រួមទាំង​ការងារ​សិល្បៈ​ក៏​ចូល​ច្រើន​ដូច​ពេល​មុន​ខ្ញុំ​រៀបការ​ចេញ​ទៅ​រស់​នៅ​អាមេរិក​អ៊ីចឹង​ដែរ»។


រួមរស់​ក្នុង​ចំណង​ជីវិត​អាពាហ៍​ពិពាហ៍​ជាង ៥ឆ្នាំ សារ៉ាយ សក្ខណា ដែល​មាន​កូនស្រី​មួយ​ហើយ នាង​ក៏បាន​បង្ហើប​ដែរ​ថា៖ «មុន​នេះ​ពួក​ខ្ញុំ​មាន​គ្រោង​យក​កូន​ប្រុស​ម្នាក់​ទៀត​ថែម តែ​គម្រោង​នេះ​ក៏បាន​លុប សិន​ដែរ ព្រោះ​ថា​នាង​អាណិត​ប្តី​ដែរ បើ​មាន​កូន​ពេល​នេះ​គាត់​ត្រូវ​មើល​ហាង​ម្នាក់​ឯង ហើយ​ចំណូល​ក៏​អាច​នឹង​ថយ​ចុះ​មួយរយៈ​ដែរ»។

តែ​យ៉ាងណា អ្នកនាង សារ៉ាយ សក្ខណា ដែល​ពោល​អាណិត​ប្តី​ខ្លាច​ហត់​នឿយ​ម្នាក់​ឯង គ្រា​អ្នកនាង​រក្សា​តំណក់​ឈាម​ទី ២ នោះ តារា​សម្ដែង​សម្បុរ​ស្រអែម​ស្រស់​រូបនេះ ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​អំពី​មហិច្ឆតា​រក​អ្នក​ស្នង​មរតក និង ស្នង​ត្រកូល មិន​ឲ្យ​នៅ​ត្រឹម​កម្រិត​កូន ២ គ្រាប់​នោះ​ទេ។

សក្ខណា ក៏បាន​ប្រាប់​ពី​ផែនការ​បន្ថែម​សមាជិក​គ្រួសារ​ផងដែរ​ថា៖ «ពេល​នេះ​ខ្ញុំ​ចង់​ឲ្យ​កូនស្រី​ច្បង​របស់​ខ្ញុំ ធំ​ជាង​នេះ​បន្តិច​ទៀត​សិន ទើប​បាន​រៀប​គម្រោង​យក​កូន​ថែម ១ ទៀត»។

តារា​ស្រី​រូបនេះ​បន្ត​ថា៖ «ហើយ​ការ​មាន​កូន ២ នាក់ ក៏​មិន​ទាន់​គ្រប់គ្រាន់​ដែរ​ព្រោះ​ខ្ញុំ និង​ស្វាមី​បាន​គិតគ្នា​រួច​ហើយ គឺ​យើង​ចង់​បាន​កូន ៣ នាក់​ក្នុង​គ្រួសារ»៕