ពេលវេលាចេះតែរំកិលទៅមុខហើយអ្វីៗក៏មិនសូវមានអ្នកចងចាំដែរ ប៉ុន្តែបើក្រឡេកមើលទៅអំឡុងពេលប៉ុន្មានទសវត្សរ៍មុនវិញ អ្នករៀបចំគម្រោងទីក្រុងមាននូវចក្ខុវិស័យក្នុងការអភិវឌ្ឍកោះ East Coast Park តាមរយៈការសាងសង់ផ្ទះជាប់មាត់ទឹកយ៉ាងស្រស់ស្អាត។
យ៉ាងណាមិញគម្រោងដែលគេស្គាល់ថា Long Island មិនត្រូវបានគេយកចិត្តទុកដាក់នោះទេ ដោយសារតែមិនមានតម្រូវការខ្ពស់។ នេះបើយោងតាមសម្តីរបស់អ្នកស្រី Hwang Yu-Ning ដែលជាប្រធានគម្រោងរបស់ Urban Redevelopment Authority (URA) ក្នុងបទសម្ភាសជាមួយ Insight។
អ្នកស្រីបានថ្លែងថា៖ «មហាជនស្រឡាញ់ East Coast Park នេះ ដូច្នេះតើយើងពិតជាចាំបាច់ត្រូវតែធ្វើគម្រោងនោះឱ្យដំណើរការទៅមុខ បើទោះបីយើងមិនទាន់ត្រូវការឬយ៉ាងណា? មានគម្រោងមួយចំនួនក្នុងចំណោមគម្រោងទាំងនេះអាចទុកប្រើនៅថ្ងៃអនាគតបាន។ ប្រសិនបើយើងចង់សើរើគម្រោងនេះមកពិនិត្យ និងចាប់ផ្តើមនោះ យើងនឹងមានគម្រោងដែលយើងបានសិក្សារួចរាល់ស្រាប់តែម្តង»។
អ្នកស្រី Hwang បានលើកឡើងថាវាជារឿងមួយលំបាកក្នុងការកំណត់ពេលណាមួយឲ្យបានច្បាស់ មុនពេលមានតម្រូវការ។ ហានិភ័យមួយនោះគឺ គម្រោងនេះអាចនឹងគ្មានតម្រូវការជារៀងរហូតតែម្តង ប្រសិនបើយើងចាប់ផ្តើមគម្រោងនេះលឿនពេក។
បើទោះជាយ៉ាងនេះក្តី ប្រទេសសិង្ហបុរី នៅតែជឿជាក់លើការវិនិយោគលើគម្រោងពីមុនៗ ហើយបានមើលឃើញថា ការប្រថុយប្រថាននេះនឹងផ្តល់នូវផលវិជ្ជមានជាច្រើន។
រដ្ឋមន្ត្រីផ្នែកអភិវឌ្ឍន៍ជាតិ លោក Lawrence Wong នៅក្នុងបទសម្ភាសជាមួយ Insight បានលើកយកឧទាហរណ៍មួយចំនួនទាក់ទងនឹងការផ្លាស់ប្តូរទីតាំងអាកាសយានដ្ឋានពី PayaLebar ទៅ Changi ដែលបានធ្វើឲ្យប្រទេសសិង្ហបុរីក្លាយជាមណ្ឌលផ្លូវអាកាសមួយដ៏ល្បី និងការសាងសង់កំពង់ផែកុងតឺន័រដំបូងគេរបស់ប្រទេសនេះ ព្រមទាំងការបំប្លែងតំបន់ Jurong ពីកន្លែងគំនរសំរាមទៅជាតំបន់ឧស្សាហកម្មជាដើម។
ហេដ្ឋារចនាសម្ព័ន្ធ គឺជាផ្នែកដ៏សំខាន់ក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់សិង្ហបុរីតាំងពីដើមមក។ នេះបើយោងតាមសម្តីរបស់លោក Wong។
លោកបាននិយាយថា៖ «យើងកំពុងតែបង្កើតនូវគម្រោងដែលឆ្លើយតបទៅនឹងតម្រូវការ ដើម្បីបង្កើនសក្តានុពលរបស់ប្រទេសក្នុងនាមជាបណ្តុំនៃវិស័យសំខាន់ៗសម្រាប់ទាក់ទាញការវិនិយោគបន្ថែមទៀត និងបង្កើតការងារឲ្យបានកាន់តែច្រើនសម្រាប់ជនជាតិសិង្ហបុរី»។
លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចេះត្រៀមខ្លួនជាស្រេចក្នុងការធ្វើផែនការធំៗ និងសមត្ថភាពក្នុងការសម្រេចចិត្តដែលត្រឹមត្រូវ ជាជាងការសម្លឹងមើលតែការផ្លាស់ប្តូរបែបអវិជ្ជមាន។
ប្រទេសសិង្ហបុរីត្រូវតែស្វែងរកការផ្លាស់ប្តូរជុំវិញពិភពលោកដែលច្បាស់លាស់ និងការប្រកួតប្រជែងពីប្រទេសដទៃក្នុងការដណ្តើមងារជាប្រទេសនៃបណ្តុំវិស័យសំខាន់ៗប្រចាំតំបន់។ នេះបើយោងតាមសម្តីរបស់លោក Wong។
ជាក់ស្តែងនាពេលនេះប្រទេសដទៃទៀតក៏កំពុងតែសាងសង់កំពង់ផែ និងទិសដៅផ្លូវទឹកសម្រាប់វិស័យដឹកជញ្ជូនដែលកំពុងតែកើនឡើងផងដែរ។
ដើម្បីបង្ហាញពីភាពលេចធ្លោរបស់ប្រទេសសិង្ហបុរី រដ្ឋាភិបាលប្រទេសកំពុងតែវិនិយោគលើគម្រោងដែលមានតម្លៃរាប់ពាន់លានដុល្លារជាច្រើន ដូចជាខ្សែ រថភ្លើងល្បឿនលឿនពី Jurong ទៅទីក្រុងគូឡាឡាំពួរ កំពង់ផែខ្នាតយក្សនៅ Tuas និងកន្លែងរង់ចាំ (terminal)ទី ៥ នៅអាកាសយានដ្ឋាន Changi ជាដើម។
«គម្រោងធំ» ទាំងនេះគឺជាមូលហេតុចម្បងៗដែលមានការរិះគន់មិនពេញចិត្តយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយសារតែទំហំទឹកប្រាក់ដែលរដ្ឋាភិបាលគ្រោងចំណាយទៅលើគម្រោងទាំងនេះមានបរិមាណខ្ពស់ពេក។
នៅក្នុងចំណោមគម្រោងធំៗទាំងនេះលោក Wong បានថ្លែងថា៖ «វាអាចនឹងផ្តល់ឲ្យពួកយើងនូវឱកាសដ៏ល្អបំផុតក្នុងការទាក់ទាញការវិនិយោគកាន់តែច្រើនព្រមទាំងអាចធ្វើឲ្យសិង្ហបុរីមានឱកាសច្រើនក្នុងការក្លាយជាប្រទេសមួយដ៏ជោគជ័យក្នុងពិភពលោកដែលផ្លាស់ប្តូរជានិច្ចនេះ»។
ការអភិវឌ្ឍ និងការធ្វើឲ្យថ្មីឡើងវិញ
បណ្តាគម្រោងរបស់វិស័យសាធារណៈកំពុងតែត្រូវបានចាប់ផ្តើមរាប់ទាំងគម្រោងរថភ្លើង MRT និងប្លុកលំនៅឋានថ្មីៗផងដែរ។
តម្លៃសរុបរបស់វិស័យសំណង់សម្រាប់ឆ្នាំនេះអាចនឹងកើនដល់ ២៣,៥ ពាន់លានដុល្លារអាមេរិក ខណៈឆ្នាំមុនមានតម្លៃ ១៨,៦ ពាន់លានដុល្លារ។
និយាយដល់បណ្តាគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ លោក Wong បានអះអាងថា៖ «នេះជាធម្មជាតិនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ នៅពេលយើងដើរទៅមុខ យើងនឹងត្រូវការគម្រោងថ្មីៗ ការចំណាយថ្មីៗ សម្រាប់ការបង្កើតថ្មី និងកែលម្អបន្ថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់»។
លោកបន្ថែមទៀតថា ការជំនួសហេដ្ឋារចនាសម្ព័ន្ធដែលមានអាយុកាលចាស់ៗជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធថ្មីៗគឺជាមូលហេតុដែលធ្វើឲ្យការចំណាយកើនឡើង។
លោកមានប្រសាសន៍ថា៖ «បើមើលពីចក្ខុវិស័យរយៈពេលយូរអង្វែង យើងក៏ត្រូវការគ្រោងទុកសម្រាប់ការផ្លាស់ប្តូរនូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ជាជាងចំណាយលើគម្រោងថ្មីផងដែរ»។
លោកចាត់ទុកការចំណាយលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាវដ្តមួយ ដែលប្រៀបដូចទៅនឹងការចំណាយនាពេលកន្លងមក។ តែទោះបីជាយ៉ាងណាវាមិនដូចការចំណាយលើសេវាថែទាំសុខភាព ដែលបានបង្ហាញនូវកំណើនយ៉ាងច្រើន ហើយត្រូវបានគេរំពឹងថានឹងកើនឡើងថែមទៀតដោយសារចំនួនប្រជាជនចាស់ជរានៅសិង្ហបុរីមានការកើនឡើងយ៉ាងច្រើន។
លោកបន្តទៀតថា៖ «យើងទាំងអស់គ្នាត្រូវតែត្រៀមចិត្តឲ្យរួចជាស្រេចសម្រាប់ផ្នែកនេះ ហើយចូលរួម និងជួយគ្នាឆ្លើយតបទៅនឹងបញ្ហាទាំងនេះ។ វាមិនខុសពីពេលដែលយើងទិញសម្ភារប្រើប្រាស់នៅផ្ទះ ឬរថយន្តថ្មីមួយគ្រឿងនោះទេ។ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដំបូងនៅពេលដែលវានៅថ្មី អ្នកនឹងមិនគិតថាវានឹងមានបញ្ហាច្រើននោះឡើយ»។
នៅពេលសួរថា តើប្រជាជនសិង្ហបុរីបានត្រៀមចិត្តទទួលយកនូវផ្នត់គំនិតដែលថារបស់របរនឹងចាស់ទៅ ហើយនឹងខូចហើយ ឬនៅ? លោកឆ្លើយថា ៖ «ផ្នែកមួយនៃការត្រៀមចិត្តនេះគឺការទទួលស្គាល់ថា នៅពេលរបស់របរចាស់ទៅ ការខូចខាតវានឹងកើតមាន។ នេះជាធម្មជាតិ»។
គម្រោងធំៗ
គម្រោងរបស់ URA គឺផ្តល់នូវប្លង់រយៈពេលវែងសម្រាប់ការប្រើប្រាស់ដីក្នុងប្រទេសសិង្ហបុរី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ។
គម្រោងទាំងនេះត្រូវបានសើរើពិនិត្យជារៀងរាល់ ១០ ឆ្នាំម្តង ខណៈពេលបន្ទាប់គឺនៅឆ្នាំ ២០២១។
ក្នុងចន្លោះរយៈពេល ៥ ឆ្នាំម្តង ប្លង់មេនឹងត្រូវ «សើរើ» ដើម្បីចាប់ផ្តើមអ្វីមួយនៅពេលវេលាអំណោយផល។ នេះបើតាមសម្តីអ្នកស្រី Hwang ដែលជាអគ្គនាយកប្រតិបត្តិរងរបស់ URA ផងដែរ។
អ្នកស្រី Hwang បាននិយាយថានាពេលកន្លងមកគោលគំនិត និងប្លង់មេបានដំណើរការយ៉ាងល្អ។
ការផ្លាស់ប្តូរមួយដែលគេកត់សម្គាល់ឃើញគឺការកើនឡើងនូវការប្រើប្រាស់ការវិភាគទិន្នន័យដើម្បីផ្តល់ជាការមគ្គុទេសក៍ដល់អ្នកបង្កើតច្បាប់។
អ្នកស្រី Hwang ថ្លែងថា៖ «ចំពោះការប្រើប្រាស់ទិន្នន័យនេះ ជាក់ស្តែងយើងអាចមើលឃើញនូវបែបផែននៃការធ្វើដំណើររបស់ប្រជាជន និងសិក្សាមើលថា តើគម្រោងទាំងនោះអាចនឹងដំណើរការបានល្អ ឬយ៉ាងណា? តើចំណុចណាខ្លះក្នុងគម្រោងទាំងនោះដែលអាចកែលម្អដើម្បីឲ្យកាន់តែល្អប្រសើរថែមទៀត?»។
ជាក់ស្តែងទិន្នន័យ EZ-Link ត្រូវបានប្រើប្រាស់ដោយ URA ដើម្បីមើលថា តើមនុស្សចាស់ជរាមានសកម្មភាព និងការផ្លាស់ទីលំនៅដូចម្តេចខ្លះ? ដែលវានឹងផ្តល់ព័ត៌មានទៅអ្នកធ្វើគម្រោងថា តើកន្លែងណាដែលស័ក្តិសមទៅនឹងតម្រូវការសម្រាប់កន្លែងទទួលថែទាំមនុស្សចាស់ជរា។
លោក Wong បាននិយាយថា៖ «យើងត្រូវតែមើលវាជាលក្ខណៈតំបន់ធំៗតែម្តង ហើយមើលថាតើយើងអាចផ្សារភ្ជាប់បណ្តាញឲ្យបានកាន់តែល្អប្រសើរ និងការរួមបញ្ចូលគ្នានៃហេដ្ឋារចនាសម្ព័ន្ធឲ្យបានកាន់តែប្រសើរថែមទៀតដោយរបៀបណា?»
បញ្ហាប្រឈម
ខណៈដែលប្រទេសសិង្ហបុរី ព្យាយាមដាក់ចេញនូវគម្រោងប្រកបដោយមហិច្ឆតាដ៏ធំបែបនេះលោក Wong បានលើកឡើងអំពីឧបសគ្គប្រឈមចំនួន ៣ ដែលបានឃើញក្នុងប្រទេសដទៃ ហើយដែលអាចនឹងប៉ះពាល់ដល់គម្រោងទាំងនេះ។
បញ្ហាប្រឈមទី ១ គឺហិរញ្ញវត្ថុដែលអាចនឹងរារាំងរដ្ឋាភិបាលពីការកែលម្អជាថ្មី ឬសង់ថ្មីឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ទី ២ គឺការខ្វែងមតិផ្នែកនយោបាយ ដែលមិនយល់ស្របគ្នាទាក់ទងនឹងការដំណើរការទៅមុខរបស់គម្រោង និងទី ៣ គឺគំនិត «មិនអាចប៉ះដីខ្ញុំបានទេ» ឬ «មិនចង់បានការអភិវឌ្ឍថ្មី» ឬមិនទទួលបានការគាំទ្រពីសំណាក់សាធារណជន។
លោកថ្លែងថា មានហេតុផលចំនួន ៣ ដែលហេដ្ឋារចនាសម្ព័ន្ធដែលកំពុងតែអាយុកាលកាន់តែចាស់ទៅមិនអាចកែលម្អជាថ្មីបាន ឬសង់ថ្មីបានក្នុងបណ្តាទីក្រុងដែលមានការអភិវឌ្ឍជឿនលឿនមួយចំនួន។
លោក Wong បន្ថែមថា៖ «ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធថ្មីមិនអាចកើតមាននោះ ជាលទ្ធផលវាអាចធ្វើឲ្យមានការធ្លាក់ចុះនូវផលិតភាព ការប្រកួតប្រជែង និងប៉ះពាល់ដល់កម្រិតនៃការដែលប្រើប្រាស់ ឬស្នាក់នៅផងដែរ»។
លោកបានសង្កត់ធ្ងន់ថា៖ «ចាំបាច់ណាស់ យើងមិនត្រូវឲ្យមានរឿងបែបនេះកើតឡើងក្នុងប្រទេសសិង្ហបុរីបានជាដាច់ខាត»៕
Ng Jun Sen , The Strait Times (Singapore)