ទីផ្សារ​ស៊ីម៉ងត៍​នៅ​កម្ពុជា​កាន់តែ​ធ្វើ​ពិពិធកម្ម​តាមរយៈ​សមត្ថភាព​ផលិត​កើនឡើង ដោយសារ​ប្រទេស​នេះ​មាន​រោងចក្រ​ជាច្រើន​បាន​និង​កំពុង​ដំណើរការ​ផលិត ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​នៃ​ការ​រីកចម្រើន​ផ្នែក​សំណង់​ក្នុង​ស្រុក​ដែល​មាន​ការ​កើនឡើង​ជា​ប្រចាំ​។

បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន​ ៣ កំពុង​ដំណើរការ គឺ ChipMong Insee Cement, Kampot Cement, Cambodia Cement Chakrey Ting ខណៈ​រោងចក្រ ២ ​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សាងសង់​គឺ ThaiBoon Rong Cement និង​ក្រុមហ៊ុន Battambang Conch Cement​។


អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​លោក យស មុនីរ៉ាត់ មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ​ថា រោងចក្រ​ផលិត​ស៊ីម៉ងត៍​ទាំង​ ៣ ដែល​កំពុង​ដំណើរការ​នេះ​រួម​មាន​រោងចក្រ Kampot Cement អាច​មាន​សមត្ថភាព​ផលិត​បាន​ប្រមាណ ២ ​លាន​តោន ក្នុង​ ១ ​ឆ្នាំ​រោងចក្រ Cambodia Cement Chakrey Ting មាន​សមត្ថភាព​ផលិត​បាន​ជាង ១ ​លាន​តោន និង​រោងចក្រ Chip Mong Cement មាន​សមត្ថភាព​ផលិត​បាន​ ១,៧ ​លាន​តោន​។ ចំណែក​រោងចក្រ Battambang Conch Cement ដែល​គ្រោង​នឹង​បើក​ដំណើរការ​ក្នុង​ត្រីមាស​ទី​ ១ នៃ​ឆ្នាំ​ ២០១៨ ​នេះ​អាច​មាន​សមត្ថភាព​ផលិត​បាន​​ ១,៧ ​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។


លោក​បន្ត​ថា៖ «​រោងចក្រ​ទាំង​ ៤ ​នេះ​មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​បាន​ចន្លោះ​ពី​ ៦ ទៅ​ ៧ ​លាន​តោន​ក្នុង​មួយ​ឆ្នាំ ដែល​ខ្ញុំ​គិត​ថា សមត្ថភាព​ផលិត​នេះ​គឺ​អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក​គ្រប់គ្រាន់​ហើយ​នាពេល​បច្ចុប្បន្ន​។ តែ​ទោះបី​ជា​យ៉ាង​ណា​ដោយសារ​ប្រទេស​យើង​មាន​ការ​អភិវឌ្ឍ​លឿន​នោះ ដូច្នេះ​ការ​នាំ​ចូល​បន្ថែម​អាច​នៅ​តែ​មាន​ដដែល​»​។


អ្នក​នាំពាក្យ​រូប​នេះ​បាន​បន្ថែម​ថា ស៊ីម៉ងត៍​ផលិត​ក្នុង​ស្រុក​មាន​គុណភាព​មិន​ចាញ់​ស៊ីម៉ងត៍​នាំ​ចូល​ពី​បរទេស​នោះ​ទេ ដោយ​វត្ថុធាតុ​ដើម​របស់​យើង​ក៏​មាន​គុណភាព​ល្អ​ដែរ​។ ម្យ៉ាងវិញ​ទៀត​បើ​ទោះ​ជា​ផលិត​ក្នុង​ស្រុក​ក្តី ប៉ុន្តែ​បច្ចេកវិទ្យា​ដែល​ប្រើប្រាស់​សម្រាប់​ការ​ផលិត គឺ​សុទ្ធ​តែ​នាំ​ចូល​ពី​បរទេស​ទាំងអស់​។


ការដ្ឋាន​មួយ​កន្លែង​ដែល​បាន​ជ្រើសរើស​យក​ស៊ីម៉ងត៍​ក្នុង​ស្រុក​ប្រើប្រាស់ ។ ស្រេង ម៉េងស្រ៊ុន


លោក​បាន​បន្ត​​ថា ប្រសិន​បើ​ស៊ីម៉ងត៍​ក្នុង​ស្រុក​គ្មាន​គុណភាព​មិនមែន​ក្រុមហ៊ុន​សាងសង់​មួយ​ចំនួន​មកពី​ប្រទេស​ជប៉ុន ជ្រើសរើស​ស៊ីម៉ងត៍​នោះ​សម្រាប់​សាងសង់​ស្ពាន ឬ​អគារ​របស់​ពួកគេ​នោះ​ទេ​។

លោក​ឧកញ៉ា លាង ឃុន អគ្គនាយក​ក្រុមហ៊ុន​ជីបម៉ុង អ៊ិនស៊ីស៊ីមេន ខមភើរេសិន បាន​ថ្លែង​ឲ្យ​ដឹង​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ Chip Mong Insee CementCorporation (CMIC) ដែល​បាន​បោះទុន​វិនិយោគ​ ២៦២ ​លាន​ដុល្លារ​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន Thai Siam City Cement Corporation (SCCC) កាលពី​សប្តាហ៍​មុន​ថា កត្តា​សន្តិភាព ការ​រីកចម្រើន​សេដ្ឋកិច្ច និង​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​អាជីវកម្ម​បាន​ទាក់ទាញ​អ្នក​វិនិយោគ​ទាំង​តូច​ទាំង​ធំ​ឲ្យ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​។

លោក​ឧកញ៉ា​បាន​ថ្លែង​ថា៖ «​នេះ​ជា​រោងចក្រ​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា ដែល​ផលិត​ស៊ីម៉ងត៍​មាន​គុណភាព​ខ្ពស់ ប្រើប្រាស់ វត្ថុធាតុដើម​ល្អៗ​ក្នុង​ប្រទេស​រួមមាន​ដីក្រហម​បុក​សាយ និង​ដីឥដ្ឋ​ជាដើម​»​។

លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​បាន​ថ្លែង​ថា រហូត​មក​ទល់​ពេល​នេះ​ការ​ផលិត​ស៊ីម៉ងត៍​ក្នុង​ស្រុក​នៅ​តែ​មិន​អាច​ឆ្លើយតប​បាន​តាម​តម្រូវការ​នៅ​ឡើយ ព្រោះ​បច្ចុប្បន្ន​មាន​តម្រូវការ​ស៊ីម៉ងត៍​ច្រើន​ណាស់ ដោយសារ​កម្ពុជា​កំពុង​សាងសង់​អគារ​ខ្ពស់ៗ​ច្រើន និង​វិស័យ​ដទៃ​ទៀត​ក៏​មាន​ការ​ប្រើប្រាស់​ស៊ីម៉ងត៍​ច្រើន​ផង​ដែរ​។

លោក​ឧកញ៉ា​បាន​បន្ត​ថា៖ «​បើ​ទោះ​ជា​មិន​អាច​ផ្គត់ផ្គង់​បាន​គ្រប់​ក្តី ប៉ុន្តែ​ខ្ញុំ​គិត​ថា​ការ​វិនិយោគ​លើ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​វា​នឹង​ចូលរួម​ ចំណែក​កាត់បន្ថយ​ការ​នាំ​ចូល​ស៊ីម៉ងត៍​ពី​ក្រៅ​ប្រទេស​មក​កម្ពុជា​បាន​យ៉ាង​ច្រើន​ដែរ​»​។

លោក ម៉េង ចំរើន ប្រធាន​គ្រប់គ្រង​គម្រោង Olympia City បាន​និយាយ​ថា នៅ​ក្នុង​ការដ្ឋាន​សំណង់​នៃ​អគារ​ខ្ពស់ៗ​ដូចជា​គម្រោង​ដែល​លោក​កំពុង​គ្រប់គ្រង​គឺ​បាន​ជ្រើសរើស​យក​ស៊ីម៉ងត៍​ដែល​ផលិត​ក្នុង​ស្រុក​ (K Cement) មក​ប្រើប្រាស់​ដោយសារ​ផលិតផល​ស៊ីម៉ងត៍​នេះ​មាន​គុណភាព​ខ្ពស់ និង​ជាប់​បាន​យូរ​។

លោក​បាន​អះអាង​ថា៖ «​ស៊ីម៉ងត៍​ដទៃ​ទៀត​តាម​បទពិសោធ​របស់​ខ្ញុំ​ហាក់​មិន​សូវ​មាន​ភាព​រឹងមាំ​ដូច K Cement ​នោះ​ទេ​»​។ លោក​បន្ត​ថា​៖ «​បើ​សួរថា​ហេតុ​អី ខ្ញុំ​មិន​អាច​ពន្យល់​ពី​លក្ខខណ្ឌ ឬ​បច្ចេកទេស​ក្នុង​ការ​ផលិត​នោះ​ទេ​»៕