វិនិយោគិន​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​បាន​កើនឡើង​ជា​លំដាប់ ដោយ​វិនិយោគិន​ខ្លះ​កំពុង​ប្រជែង​គ្នា​ទិញ​អចលនទ្រព្យ​នៅ​តំបន់​ឆ្នេរ​អូរ​ឈើទាល ដែល​សកម្មភាព​ទាំង​នេះ​បាន​ធ្វើឲ្យ​មាន​សម្ពាធ​ដល់​ប្រជាជន​ក្នុង​តំបន់ និង​ជនបរទេស​ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​ទី​នោះ​។

នៅ​ពេល​លោក Craig Warren និង​ដៃគូ​របស់​លោក​បើក​ផ្ទះសំណាក់ Mick & Craig''s ក្នុង​ឆ្នាំ​ ២០០២ ទី​នោះ​មិន​មាន​អគារ​ច្រើន​ទេ គឺ​មាន​តែ​ផ្ទះ​ខ្ទម និង​ផ្ទះ​ខ្មែរ​បុរាណ​មួយ​ចំនួន​ប៉ុណ្ណោះ ហើយ​ផ្លូវ​តាម​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល គឺ​សុទ្ធ​តែ​មាន​រណ្តៅ​ក្រហេង​ក្រហូង​។ រយៈពេល​ ១៦ ​ឆ្នាំ​ក្រោយ​មក​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​ចាប់ពី​រង្វង់មូល​តោមាស​រហូត​ដល់​តំបន់​ឆ្នេរ​គឺ​មាន​ការផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​។


បច្ចុប្បន្ន​ផ្លូវ​នេះ​ត្រូវ​បាន​ពង្រីក​ធំ​ជាង​មុន និង​ក្រាល​ដោយ​កៅស៊ូ ហើយ​វា​ក៏​ជា​ផ្លូវ​មមាញឹក និង​មាន​អាជីវកម្ម​ច្រើន​ជាង​គេ​នៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​មាន​ទាំង​កន្លែង​ទេសចរណ៍​ថ្មីៗ សណ្ឋាគារ ភោជនីយដ្ឋាន បារ៍ និង​កន្លែង​ផ្តល់​សេវាកម្ម​ទេសចរណ៍​ជាដើម​។


ដោយសារ​តែ​ឆ្នេរ​អូរ​ឈើទាល​ជា​កន្លែង​ទាក់ទាញ​ខ្លាំង​ជាង​គេ ឆ្នេរ​នេះ​បាន​ក្លាយ​ជា​កន្លែង​ដែល​ពោរពេញ​ទៅ​ដោយ​ការបំពុល​បរិស្ថាន ហើយ​ធ្វើឲ្យ​ភ្ញៀវ​ទេសចរ​ភាគច្រើន​លែង​ចូល​ទីនេះ និង​ធ្វើ​ដំណើរ​ទៅ​ឆ្នេរ​អូរត្រេះ​វិញ ដែល​ហួស​ពី​ឆ្នេរ​អូរ​ឈើទាល​បន្តិច​។ យ៉ាងណា​មិញ​ស្រឡាង​ចម្លង​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​មួយ​ចំនួន​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​នៅ​តែ​អាច​ទាញ​ភ្ញៀវទេសចរ​ជាច្រើន​ឲ្យ​ឆ្លងកាត់​ទីនេះ​ដដែល ឬ​សម្រាក​ពេល​យប់​មុន​នឹង​បន្តដំណើរ​ទៅ​កាន់​ដែន​កោះ​នានា​។


Mick & Craig’s ដែល​មាន​បន្ទប់​គេង​សាមញ្ញ​ចំនួន​ ១៧ ​ប្រើ​សុទ្ធ​តែ​កង្ហារ និង​មាន​ភោជនីយដ្ឋាន​ដែល​បម្រើ​អាហារ​ធូរ​ថ្លៃ តែ​មាន​រសជាតិ​ឆ្ងាញ់​នោះ គឺជា​កន្លែង​ដែល​នៅ​សេសសល់​ចុងក្រោយ​គេ​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ដែល​ធ្វើដំណើរ​ផ្សងព្រេង​ជុំវិញ​ពិភពលោក​មក​កាន់​ឆ្នេរ​អូរ​ឈើទាល​។ បើ​ទោះបី​ជា​ផ្ទះសំណាក់​មួយ​នេះ​បាន​សាងសង់​ឡើងវិញ​ក្រោយ​ពេល​ត្រូវ​អគ្គិភ័យ​ឆាប ឆេះ​កាលពី​ឆ្នាំ​ ២០១៣ ក៏ដោយ​បច្ចុប្បន្ន​ទី​នេះ​កំពុង​ទទួល​រង​នូវ​ការគំរាម​កំហែង​ដោយសារតែ​លំហូរ​ចូល​នៃ​វិនិយោគិន​ចិន​មក​កាន់​ខេត្ត​ព្រះសីហនុ​យ៉ាង​ច្រើន​កុះករ​ដែល​កំពុង​ប្រែក្លាយ​តំបន់​មួយ​ដែល​ធ្លាប់​ជា​តំបន់ឆ្នេរ​ដ៏ស្រស់ត្រកាល​ឲ្យ​ក្លាយ​ទៅ​ជា​បណ្តុំ​នៃ​កាស៊ីណូ​យ៉ាង​គគ្រឹក​គគ្រេង​ដែល​ភាគច្រើន​គេ​ហៅថា «​ទីក្រុង​ម៉ាកាវ​តូច​»​។


កាស៊ីណូ​ប្រមាណ​ជាង​ ៣០ ​កន្លែង​បាន​ទទួល​ច្បាប់​អនុញ្ញាត​ឲ្យ​សាងសង់​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ភាគច្រើន​គឺ​ក្នុង​អំឡុង​ ២ ​ឆ្នាំ​កន្លង​មក​។ កាស៊ីណូ​នៅ​ទីនោះ​បាន​ជួយ​ឲ្យ​ជនជាតិ​ចិន​ដីគោក​ដែល​មិន​អាច​លេង​ល្បែង​នៅក្នុង​ប្រទេស​ខ្លួន​បាន​មក​លេង​លើ​ទឹក​ដី​នេះ​។ បូកផ្សំ​ជាមួយ​នឹង​សណ្ឋាគារ ភោជនីយដ្ឋាន ហាង និង​កន្លែង​កម្សាន្ត​របស់​ចិន​ដែល​សរុប​ជាង​ ១២០ ០០០ កន្លែង​សាងសង់​រួច​កាលពី​ឆ្នាំ​មុន​នោះ​ក៏​មាន​ជនជាតិ​ចិន និង​កម្មករ​ចិន​ប្រមាណ​ ៥០០០ ​នាក់​បាន​មក​ស្នាក់នៅ​ផង​ដែរ​។


ជនជាតិ​ចិន​មិន​ត្រឹម​តែ​លេង​ល្បែង​ក្នុង​កាស៊ីណូ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កំពុង​តែ​វាយលុក​ទីផ្សារ​អចលនទ្រព្យ​ផង​ដែរ​។ វិនិយោគិន​ចិន​ដែល​មាន​ទាំង​អ្នក​មាន​ប្រាក់ចំណូល​ខ្ពស់ និង​មធ្យម​បាន​នាំ​គ្នា​មក​កម្សាន្ត​នៅ​តំបន់​ឆ្នេរ​នេះ ហើយ​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​យ៉ាង​ច្រើន​កុះករ​ក្នុង​ខេត្ត​ព្រះសីហនុ​ដើម្បី​ប្រជែង​គ្នា​ទិញ​ដី និង​ជួល​អចលនទ្រព្យ​យ៉ាង​គគ្រឹកគគ្រេង​។

បើក​ទ្វារ​ទឹកជំនន់

គម្រោង​សាងសង់​ថ្មីៗ​ជាច្រើន​បាន​លេច​ឡើង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។ រូបថត cam mcgrath

វិនិយោគិន​ចិន ដែល​មក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​បាន​កើនឡើង​កាន់តែ​ច្រើន​។ កាលពី​ដំបូងៗ​វិនិយោគិន​មួយ​ចំនួន​បាន​ទិញ​ដី និង​សាងសង់​កាស៊ីណូ​ដោយ​ប្រើ​សិទ្ធិ​អនុញ្ញាត​សាងសង់​នោះ​បង្កើត​នូវ​គេហទំព័រ​អនឡាញ​ដែល​បើក​ផ្លូវ​ឲ្យ​ចិន​ដីគោក អាច​ចូលរួម​លេង​ល្បែង​លើ​នោះ​ផ្ទាល់​តែ​ម្តង​។ ដោយសារ​អ្នក​លេង​ល្បែង​អនឡាញ​ត្រូវការ​បុគ្គលិក​ច្រើន ដូច្នេះ​ហើយ​ម្ចាស់​កាស៊ីណូ​ក៏​បាន​ទិញ​ផ្ទះ​វីឡា និង​ផ្ទះសំណាក់​ពាសពេញ​ទីក្រុង​ទាំង​មូល ហើយ​ផ្តល់​នូវ​បន្ទប់​គេង​ដែល​មាន​គ្រែ​ពីរ​ជាន់​សម្រាប់​កម្មករ​ចិន​មក​ធ្វើការ​។

លោក Warren បាន​និយាយ​ថា៖ «​ដំបូង​គេ​ទិញ​ផ្ទះ​ធំៗ ពិសេស​នៅ​តំបន់ Victory Hill ពីព្រោះ​មាន​ទីធ្លា​ធំ​ទូលាយ បន្ទាប់មក​ពួកគេ​ចាប់ផ្តើម​ស្វែងរក​អាផាតមិន ហើយ​នៅ​ពេល​មិន​មាន​បន្ទប់​គ្រប់គ្រាន់​គេ​ចាប់ផ្តើម​សាងសង់​ដោយ​ខ្លួនឯង​»​។

ខណៈ​កាស៊ីណូ​ជាច្រើន​កន្លែង​បាន​សាងសង់​រួចរាល់ ហើយ​គម្រោង​ផ្សេង​ទៀត​កំពុង​តែ​សាងសង់​នោះ​ជំនួញ​អាជីវកម្ម​របស់​ជនជាតិ​ចិន​រាប់រយ​កន្លែង​មាន​សុទ្ធ​តែ​ស្លាក​ដែល​សរសេរ​តែ​អក្សរ​ចិន ហើយ​បើក​បម្រើ​តែ​ភ្ញៀវទេសចរ​ចិន កម្មករ​ចិន និង​អ្នក​មក​ស្នាក់​នៅ​ជនជាតិ​ចិន​តែ​ប៉ុណ្ណោះ​។

លោក Warren បាន​បន្ត​ទៀត​ថា៖ «​វា​ហាក់បី​ដូចជា​ពួកគេ​កំពុង​ទទួល​បាន​ភ្លើង​ខៀវ ហើយ​ក្រុម​ជាច្រើន​ទៀត​ក៏​នាំ​គ្នា​មក​។ អ្នក​ត្រូវតែ​កោតសរសើរ​ចំពោះ​របៀប​នៃ​ការរកស៊ី​របស់​ពួកគេ​។ បើក​ភ្លាម​មាន​អតិថិជន​ជាស្រេច រួច​ទើប​អ្នក​យក​កម្មករ បើក​ភោជនីយដ្ឋាន និង​អ្វីៗ​គ្រប់​យ៉ាង​ផ្សេង​ទៀត​។ សូម្បីតែ​កន្លែង​លក់​ទុយោ​ទឹក​ក៏​ជា​របស់​ចិន​ដែរ គឺ​វា​ហាក់បី​ដូចជា​ជនជាតិ​ខ្មែរ​មិន​អាច​លក់​ទុយោ​ទឹក​បាន​អ៊ីចឹង​»​។

លំហូរ​ចូល​នៃ​ការចំណាយ​របស់​វិនិយោគិន​ចិន​កំពុង​តែ​ធ្វើឲ្យ​តម្លៃ​អចលនទ្រព្យ​កើនឡើង ហើយ​បណ្តេញ​អាជីវកម្ម​បរទេស​មកពី​លោក​ខាង​លិច និង​ខ្មែរ​ដែល​មាន​ដើមទុន​តូចៗ​ចេញ​។ ម្ចាស់​ទីតាំង​ដែល​បាន​ទទួល​បាន​លាភសក្ការៈ​ផលចំណេញ​ច្រើន​កំពុង​តែ​ព្យាយាម​ចរចា​ឲ្យ​អ្នក​ជួល​បច្ចុប្បន្ន​រក​កន្លែង​ផ្សេង ឬ​រក​វិធី​បញ្ចប់​កុងត្រា​ជួល​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត​។

លោក Warren ថ្លែង​ថា៖ «​ចំនួន​ទឹក​លុយ​ធ្វើឲ្យ​ម្ចាស់​អចលនទ្រព្យ​មាន​ការ​ជ្រួលច្រាល​យ៉ាង​ខ្លាំង​។ នៅពេល​កុងត្រា​ជួល​របស់​អ្នក​ចប់ ថ្លៃ​ជួល​ក៏​ឡើង​ដល់​ពី​ ៤០០-៨០០ ​ភាគរយ​ឯណោះ​»​។

ការមក​ដល់​របស់​ជនជាតិចិន​ដ៏ច្រើន​នា​រយៈពេល​ចុងក្រោយ​នេះ​បាន​ធ្វើឲ្យ​លោក Steve Caley ដែល​បាន​ស្នាក់នៅ​ទី​នេះ​ជាយូរ​មក​ហើយ​នោះ​ចាកចេញ ដែល​លោក​គឺជា​ម្ចាស់​ហាង Stevie C’s Sports Bar ព្រម​ទាំង​លោក Geordie Young ដែល​ជា​សហគ្រិន​ជនជាតិ​កាណាដា​ដែល​បាន​បើក​ហាង Ernie’s Burgers​។ ហាង​ទាំង​ពីរ​នេះ​បាន​បិទទ្វារ​ក្នុង​ខែ​កុម្ភៈ​ក្រោយ​ពេល​ដែល​ម្ចាស់​ទីតាំង​បាន​ជួល​ឲ្យ​ជនជាតិ​ចិន​។

ជាច្រើន​សប្តាហ៍​ក្រោយ​មក​ហាង Utopia ដែល​ជា​កន្លែង​សម្រាប់​ភ្ញៀវ​បរទេស​ផ្សងព្រេង​ជុំវិញ​ពិភពលោក​មក​ស្នាក់​អាស្រ័យ និង​ជា​កន្លែង​លក់​ម្ហូបអាហារ​ដ៏ធំ​មួយ​នៅ​ផ្លូវ​កែង​ត្រូវ​បាន​វាយកម្ទេច​ចោល​។ ការវាយចោល​អគារ​ចាស់​ដែល​មាន​អាយុកាល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ​ត្រូវ​បាន​ម្ចាស់​អាជីវកម្ម ព្រម​ទាំង​បុគ្គលិក​របស់​ហាង​ក្បែរៗ​នោះ​និយាយ​ថា មូលហេតុ​ដែល​គេ​វាយកម្ទេច​ចោល និង​អាថ៌កំបាំង​ខាង​ក្រោយ​ការបិទ​អាជីវកម្ម​នេះ គឺ​ដោយសារ​តែ​វិនិយោគិន​ចិន​។

ច្រកទ្វារ​ចេញ​ចូល​នៃ​គម្រោង​អភិវឌ្ឍន៍​មួយ​ដែល​ជា​ការវិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក​ជាមួយ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន​ស្ថិត​នៅ​ឆ្នេរ​អូរ​ឈើទាល​។ cam mcgrath

Mick & Craig’s គឺជា​កន្លែង​បន្ទាប់​ដែល​នឹង​រងគ្រោះ​។ លោក Warren បាន​ថ្លែង​ថា លោក​នឹង​បិទ​ហាង​នេះ​នៅ​ពេល​ដែល​ចប់​កុងត្រា​ជួល​នៅ​ខែ​វិច្ឆិកា​ខាង​មុខ នេះ ឬ​អាច​លឿន​ជាង​នេះ​។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​ទីតាំង​ជួល​ដែល​ទំហំ​ ៨០០ ​ម៉ែត្រ​នេះ​បាន​ឡើង​ថ្លៃ​ជា​បន្តបន្ទាប់ គឺ​ពី​ ១២៥ ​ដុល្លារ​កាលពី​ឆ្នាំ​ ២០០២ ដល់​ ២០០០ ​ដុល្លារ​នៅពេល​បច្ចុប្បន្ន​។ ម្ចាស់​អចលនទ្រព្យ​អាច​មិន​ដែល​នឹក​គិត​ថា វិនិយោគិន​ចិន​នឹង​មក​ជួល​ហើយ​ឲ្យ​ថ្លៃ​ដល់​ទៅ​ ២៥០០០ ​ដុល្លារ​ក្នុង​មួយ​ខែ​នោះ​ទេ​។

តម្លៃ​ជួល​នេះ​គឺ​ស្មើ​នឹង​តម្លៃ​ជួល​ការិយាល័យ​នៅ​អគារ​វឌ្ឍនៈ​នៅ​ទីក្រុង​ភ្នំពេញ​ (​គិត​ជា​ម៉ែត្រការ៉េ​) ដែល​ធ្វើឲ្យ​លោក Warren ឆ្ងល់​ថា​តើ​ជនជាតិ​ចិន​ដែល​នឹង​ជួល​បន្ទាប់​នោះ​នឹង​រកស៊ី​អ្វី ឬ​បើក​សណ្ឋាគារ​ប្រណីត​ច្រើន​ជាន់ ដើម្បី​អាច​រកប្រាក់​ចំណេញ​មក​ទប់ទល់​នឹង​ថ្លៃ​ឈ្នួល​នេះ​បាន​។

លោក Warren បាន​និយាយ​ដោយ​សំដៅ​ទៅ​កាន់​ភោជនីយដ្ឋាន​របស់​លោក​ថា ៖ «​គ្មាន​ផ្លូវ​ដែល​យើង​អាច​លក់​អាហារ​ពេល​ល្ងាច​តម្លៃ​ ៥ ​ដុល្លារ ដើម្បី​អាច​ទប់​បាន​នោះ​ទេ​»​។

បើ​ទោះបី​ជា​ថ្លៃឈ្នួល​បាន​កើនឡើង​យ៉ាង​គំហុក ខណៈ​អាជីវកម្ម​ចិន​កំពុង​តែ​ជន់​លិច​ឆ្នេរ​អូរ​ឈើទាល ប៉ុន្តែ​មិន​បាន​ធ្វើឲ្យ​មាន​ការ​ឡើង​ថ្លៃ​ធំដុំ​នោះ​ទេ​។

ក្រៅពី​ការឡើង​ថ្លៃ​ដល់​ទៅ​ ២ ​ដង​នោះ​ជនជាតិ​ចិន​ថ្មី​ដែល​ជួល​ទីតាំង Ernie’s Burgers បាន​លក់​មី​មួយ​ចាន​តម្លៃ​ ៤ ​ដុល្លារ​ដែល​ថោក​ជាង​នំ​បឺហ្គើរ​នៅ​ហាង Ernie’s ដល់​ទៅ​ ២ ​ដង​។

ហាក់​គ្មាន​ចំណាត់ការ​គ្រប់គ្រង​ពី​អាជ្ញាធរ

ភ្នាក់ងារ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​មិន​ដែល​រវល់​មមាញឹក​ដូច​ពេល​នេះ​ទេ​។ ដោយ​ចាប់​ផ្តើម​ធ្វើការ​ពី​ព្រឹក​ព្រលឹម​នោះ​គឺ​មាន​ជនជាតិ​ចិន​ជិះ​រថយន្ត​ទេសចរណ៍ និង​រ៉ឺម៉ក​កង់​ ៣ ​ទៅ​ដល់​មុខ​ទ្វារ​ការិយាល័យ​តែ​ម្តង ដើម្បី​ទិញ​អចលនទ្រព្យ​។ វិនិយោគិន​បាន​ដើររក​កន្លែង​ដែល​ស្លាក​លក់ ហើយ​ថតរូប​ដោយ​ប្រើ​ទូរស័ព្ទ​របស់​ខ្លួន​មុន​ពេល​ជំរុញ​ឲ្យ​ភ្នាក់ងារ​ចុះ​ទៅ​មើល​ផ្ទាល់​យ៉ាង​រហ័ស​ដោយ​ខ្លាច​វិនិយោគិន​ចិន​ផ្សេង​ទៀត​ឆក់​ឱកាស​បាន​មុន​។ ការទាស់ទែង​គ្នា​កើត​មាន​នៅពេល​ដែល​ក្រុម​ ២ ​ប៉ះគ្នា​នៅ​ពេល​ជួប​គ្នា​នៅ​កន្លែង​តែ​មួយ​។

អ្នក​ជំនួញ​ម្នាក់​មកពី​ខេត្ត​ក្វាងចូវ​ដែល​គ្រាន់​តែ​បង្ហើប​ប្រាប់​ថា​ឈ្មោះ Xiao បាន​និយាយ​ថា លោក​បាន​មក​ដល់​ខេត្ត​ព្រះសីហនុ​រយៈពេល​ ២ ​ថ្ងៃ​មុន ហើយ​មាន​ពេល​តែ​ ២ ​ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​ស្វែងរក​ទិញ​អចលនទ្រព្យ​មុន​ពេល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ​។

លោក​បាន​ទៅ​មើល​ទីតាំង​ជួល​មួយ​ចំនួន ប៉ុន្តែ​លោក​ចង់​បាន​ដី​មិន​ទាន់​មាន​ការសាងសង់​ដោយសារ​វា​មាន «​ឱកាស​ចំណេញ​ច្រើន​ជាង​» ហើយ​អាច​សង់​ជា​អ្វី​ក៏បាន​។ លោក​ប្រាប់​ទៀត​ថា លោក​បាន​ត្រៀម​ប្រាក់​ដុល្លារ​អាមេរិក​រួច​ស្រេច​ហើយ​។

ចាប់​តាំងពី​ឆ្នាំ​ ២០១៦ មក​ទីក្រុង​ប៉េកាំង​បាន​ដាក់​បទប្បញ្ញត្តិ​ដែល​មាន​គោលបំណង​ក្នុង​ការ​កាត់បន្ថយ​លំហូរ​វិនិយោគទុន​ចេញ​ពី​ប្រទេស និង​ការហាមឃាត់​មិន​ឲ្យ​លុយ​យន់​របស់​ខ្លួន​ចេញ​ទៅ​កាន់​ទីផ្សារ​រូបិយវត្ថុ​។ កាលពី​ខែ​សីហា​កន្លង​មក ចិន​បាន​រឹតបន្តឹង​កាន់​ខ្លាំង​លើ​ការវិនិយោគ​ក្រៅ​ប្រទេស​ជាមួយ​នឹង​ការ​រឹតបន្តឹង​លើ​ការវិនិយោគ​ក្រៅ​ប្រទេស «​មិន​សម​ហេតុផល​» ​ក្នុង​វិស័យ​អចលនទ្រព្យ កម្សាន្ត និង​កីឡា​។

ខណៈ​ដែល​រដ្ឋាភិបាល​បាន​កាត់បន្ថយ​លំហូរ​ចេញ​នៃ​ការវិនិយោគ​ទៅ​កាន់​ទីផ្សារ​បរទេស លុយ​របស់​ចិន​បាន​ហូរ​ចូល​មក​កាន់​ខេត្ត​ព្រះសីហនុ​យ៉ាង​ច្រើន ហើយ​ភាគច្រើន​ត្រូវ​បាន​គេ​លើក​ហេតុផល​ថា គឺ​ដើម្បី​ជួយ​ដល់​ការផ្តួចផ្តើម​ផែនការ​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​របស់​ទីក្រុង​ប៉េកាំង ដែល​ជា​យុទ្ធសាស្ត្រ​ចម្បង​របស់​រដ្ឋាភិបាល​ចិន​។ បន្ថែម​លើ​ពី​នេះ​ទៅ​ទៀត​ទំហំ​វិនិយោគ​ភាគច្រើន​ដែល​ហូរ​ចូល​មក​កាន់​ខេត្ត​មួយ​នេះ​មិន​បាន​ផ្លាស់ប្តូរ​តួលេខ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ផ្លូវការ​នោះ​ទេ​។

មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ដែល​ភាគច្រើន​គេ​និយាយ​តាម​បារ៍​ក្នុង​ខេត្ត​នេះ​ថា មាន​វិនិយោគិន​ចិន​ម្នាក់​ដែល​មាន​គម្រោង​អភិវឌ្ឍន៍​ក្បែរ​អូរ​ឈើទាល ហើយ​បាន​ដឹក​លុយ​រាប់​លាន​ដុល្លារ​អាមេរិក​ដោយ​បង្កប់​ក្នុង​ពូក​ផ្ញើ​មក​កាន់​កំពង់ផែ​ក្រុង​ព្រះសីហនុ​។ ក្រោយ​ពេល​ទូ​កុងតឺន័រ​នោះ​មក​ដល់​កំពង់ផែ គេ​បាន​ដក​សាច់​លុយ​នោះ​ចេញ ហើយ​ញាត់​វត្ថុធាតុដើម​ផលិត​ក្នុង​ស្រុក​ចូល​វិញ ចំណែក​ពូក​ទាំង​នោះ​គេ​យក​ទៅ​ដាក់​នៅ​កន្លែង​ការដ្ឋាន​ឲ្យ​កម្មករ​ប្រើ​។

មន្ត្រី​អាជ្ញាធរ​ក្នុង​តំបន់​បាន​ថ្លែង​ថា ការកើនឡើង​នៃ​វិនិយោគិន​ចិន​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​ធ្វើឲ្យ​មាន​ចំនួន​បទឧក្រិដ្ឋ​កើនឡើង​កាន់តែ​ច្រើន​ក្នុង​ខេត្ត​នេះ ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​រវាង​វិនិយោគិន​ចិន និង​ម្ចាស់​អាជីវកម្ម​ក្នុង​ស្រុក​ផង​ដែរ​។

របាយការណ៍​មួយ​ដែល​ចេញ​ដោយ​អភិបាលខេត្ត​ព្រះសីហនុ​លោក យន្ត មីន កាលពី​ខែ​មករា​បាន​បង្ហាញ​នូវ​ផលប៉ះពាល់​អវិជ្ជមាន​ពាក់ព័ន្ធ​ទៅ​នឹង​លំហូរ​ចូល​នៃ​ការវិនិយោគ​របស់​ជនជាតិ​ចិន និង​កម្មករ​ចិន​ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​ខេត្ត​ព្រះសីហនុ​។

របាយការណ៍​នេះ​ក៏​បាន​លើក​ឡើង​អំពី​ការកើនឡើង​នៃ​ការលាង​លុយ ការ​លេង​ល្បែងស៊ីសង​ខុស​ច្បាប់ និង​ការជួញដូរ​មនុស្ស បើទោះ​ជា​មិន​បាន​ផ្តល់នូវ​ភស្តុតាង​ស្ថិតិ​ក្តី​។ របាយការណ៍​បាន​សរសេរ​ថា កំណើន​វិនិយោគិន​ចិន​បាន​ធ្វើឲ្យ​តម្លៃ​អចលនទ្រព្យ​កើនឡើង​ខ្ពស់​ដែល​ជនជាតិ​ខ្មែរ​មិន​អាច​មាន​លទ្ធភាព​ទិញ ហើយ​ធ្វើឲ្យ​អាជីវកម្ម​របស់​ប្រជាជន​ក្នុង​ស្រុក​ធ្លាក់​ចុះ ខណៈ​ដែល​ការខឹង​សម្បា​បាន​កើត​មាន​ក្រោយ​ពេល​ដែល​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ច្រើន​មាន​បើក​បម្រើ​សម្រាប់​តែ​ភ្ញៀវ​ជនជាតិ​ចិន​ប៉ុណ្ណោះ​។

របាយការណ៍​ខាង​លើ​ក៏​បាន​លើកឡើង​អំពី​ផល​វិជ្ជមាន​ដូចជា​ការកើនឡើង​នៃ​តម្លៃ​អចលនទ្រព្យ ឱកាស​ការងារ​កាន់តែ​ច្រើន​ជាង​មុន​សម្រាប់​ប្រជាជន​ក្នុង​តំបន់ និង​វិស័យ​ទេសចរណ៍​កាន់តែ​ដុះដាល​ជាង​មុន​។

ម្ចាស់​ហាង​បរទេស​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ក្បែរ​ឆ្នេរ​អូរ​ឈើទាល​ក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ដែរ​អំពី​ការអភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បាន​សង់​ឡើង​ស្រប​ពេល​ដែល​វិនិយោគិន​ចិន​ចូល​មក​កាន់​ខេត្ត​នេះ​។

លោក​បាន​និយាយ​ថា៖ «​ប្រសិន​បើ​ចំនួន​ជាក់លាក់​នៃ​ [​កញ្ចប់​ថវិកា​សម្រាប់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​] ​មក​ដល់​វា​នឹង​ធ្វើឲ្យ​ទីក្រុង​នេះ​មាន​ការ​អភិវឌ្ឍ​យ៉ាង​រហ័ស​ខុស​ពី​ការអភិវឌ្ឍ​រយៈពេល​ ១០០ ​ឆ្នាំ​ដោយ​គ្មាន​ថវិកា​អភិវឌ្ឍ ប៉ុន្តែ​នៅពេល​ចាប់ផ្តើម​ហើយ​គឺ​វា​នឹង​ពិបាក​ក្នុង​ការឈប់​ណាស់​»​។

ខ្លាំង​លើ​ខ្លាំង

រលក​នៃ​ការអភិវឌ្ឍ​បាន​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ហើយ​បាន​ធ្វើឲ្យ​អាជីវកម្ម​ក្នុង​តំបន់​រាប់រយ​កន្លែង​ត្រូវ​បិទ​ទ្វារ​។

កាលពី​ខែ​តុលា​កន្លង​ទៅ អាជ្ញាធរ​ក្នុង​តំបន់​បាន​ចែក​លិខិត​ឲ្យ​រើ​ចេញ​ដល់​ម្ចាស់​អាជីវកម្ម​ដែល​បាន​ជួល​ដី​លើ​ឆ្នេរ​អូរ​ឈើទាល​ប្រវែង ២៥០ ​ម៉ែត្រ​ដែល​មាន​ភ្ញៀវ​ច្រើន​កុះករ ហើយ​ស្ថិត​នៅ​ក្បែរ​កំពង់ផែ​ស្រឡាង​នោះ​។

ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ក្នុង​ប្រទេស​កម្ពុជា​បាន​ទិញ​ដី​ទំហំ​ ២ ​ហិកតា​ជាប់​នឹង​ឆ្នេរសមុទ្រ​នេះ​អស់​រយៈពេល​ច្រើន​ជាង​ ១ ​ទសវត្សរ៍​មក​ហើយ​ដោយ​មាន​គម្រោង​សាងសង់​រីសត​មួយ​កន្លែង ប៉ុន្តែ​ក៏​បាន​ជួល​ឲ្យ​គេ​បើក​បារ៍ និង​ភោជនីយដ្ឋាន​នានា​ក្រោយ​ពេល​វិនិយោគិន​បរទេស​ឈប់​វិនិយោគ​ក្រោយ​ពី​ឆ្នាំ​ ២០០៨ ដែល​ជា​រយៈកាល​នៃ​វិបត្តិ​សេដ្ឋកិច្ច​។ ពេល​នេះ​ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​អភិវឌ្ឍ​គម្រោង​សាងសង់​កន្លែង​កម្សាន្ត​មួយ​ដោយ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​មួយ​មកពី​ប្រទេស​ចិន ដែល​មិន​ត្រូវ​បាន​បង្ហាញ​ឈ្មោះ​។

កាលពី​ខែ​ធ្នូ​ក្រុម​ការងារ​បាន​ធ្វើ​របង​ដែក​ហ៊ុមព័ទ្ធ​អាជីវកម្ម​ក្នុង​ស្រុក​ប្រមាណ​ ១០០ ​កន្លែង​ដែល​បាន​សង់​សំណង់​លើ​ដី​នោះ​។ រ៉ូយ៉ាល់​គ្រុប​ពុំ​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​ទាក់ទង​នឹង​គម្រោង​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​មើល​ទៅ​របៀប​នៃ​ការដាក់​របង​ដែក​ព័ទ្ធ​ជុំវិញ​ដី​នោះ​គម្រោង​នោះ​គឺជា​សណ្ឋាគារ​ប្រណីត​កម្ពស់​ ២៥ ​ជាន់​មួយ​កន្លែង និង​អាផាត​មិន​កម្ពស់​ទាបៗ​ជាច្រើន​។

ការដ្ឋាន​សំណង់ និង​របង​នេះ​ត្រូវ​បាន​រុះរើ​ចេញ​ក្រោម​បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​គេ​ឃើញ​រុះរើ​ចេញ​យ៉ាង​តក់ក្រហល់​ក្រោយ​ពេល​មាន​ការ​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​ក្នុង​អំឡុងពេល​លោក​ចុះ​ទៅ​ទស្សនកិច្ច និង​ដើរ​កម្សាន្ត​តាម​បណ្តោយ​ឆ្នេរ​កាលពី​ដើម​ខែ​នេះ​។

លោក អ៊ី សុខឡេង អភិបាលក្រុង​ព្រះសីហនុ​បាន​ថ្លែង​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍ ថា​លោក​នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​បិទ​ការដ្ឋាន​នោះ​ដោយសារ​តែ​បាន​សាងសង់​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​ការអភិវឌ្ឍ​នោះ​អាច​ប៉ះពាល់​ដល់​សោភណភាព​របស់​ឆ្នេរ​។

លោក​បាន​ថ្លែង​ថា៖ «​លោក​បាន​ឃើញ​ការដ្ឋាន​សំណង់​នោះ ហើយ​លោក​បាន​បដិសេធ​មិន​ឲ្យ​សាងសង់​»​។

យ៉ាងណា​មិញ​ជំរំ​មួយ​ដែល​ធ្វើ​នៅ​ក្បែរ​នោះ​សម្រាប់​ធ្វើ​ជា​ផ្ទះ​ឲ្យ​កម្មករ​ជនជាតិ​ចិន​គឺ​នៅតែ​មាន​វត្តមាន​នៅ​ទី​នោះ​ដដែល ហើយ​ការមក​ដល់​នៃ​ឧបករណ៍​ដងសន្ទូច និង​គ្រឿងចក្រ​ធំៗ​អាច​នឹង​ជា​សញ្ញា​នៃ​ការចាប់ផ្តើម​សាងសង់​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​។

លោក តយ និង​ភរិយា​ឈ្មោះ ហេង ដែល​ជា​ម្ចាស់​បារ៍​ឈ្មោះ Toy’s Bar គឺជា​ហាង​មួយ​ក្នុង​ចំណោម​ហាង​ផ្សេងៗ​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​កាលពី​ខែមករា​។ ដោយ​បើក​ទ្វារ​ដំបូង​នៅ​ទីទួល​ក្បែរ​ហាង Utopia នោះ​គូ​ស្វាមី​ភរិយា​នេះ​បាន​ផ្លាស់ប្តូរ​ទីតាំង​របស់​ខ្លួន​ក្រោយ​ពេល​ដែល​ក្រុម​វាយកម្ទេច​សំណង់​បាន​រុះរើ​ខ្ទម​ធ្វើ​ពី​ឈើ​របស់​លោក​។

ឥឡូវ​នេះ​អស់​រយៈពេល​ជិត​ ២ ​ខែ​ក្រោយ​ពី​ផ្លាស់ប្តូរ​ទៅ​កន្លែង​តូច​មួយ​នៅ​ផ្លូវ Karaoke Street ដែល​មាន​សុទ្ធតែ​ខារ៉ាអូខេ និង​ភោជនីយដ្ឋាន​ខ្មែរ គូ​ស្វាមី​ភិរយា​នេះ​ទើប​តែ​ទទួល​បាន​លិខិត​បណ្តេញ​ចេញ​ថ្មី​មួយ​ទៀត​។

លោក​និយាយ​ថា៖ «​ខ្ញុំ​ទើប​តែ​ផ្លាស់​មក​ទី​នេះ ហើយ​ឥឡូវ​បារ៍​ទាំងអស់​នៅ​លើ​ផ្លូវ Karaoke Street ត្រូវ​បាន​គេ​ផ្តល់​ដំណឹង​ឲ្យ​បិទទ្វារ​ឲ្យ​បាន​មុន​ចូល​ឆ្នាំ​ខ្មែរ​ទៀត​។ តើ​ឲ្យ​ពួកយើង​ទៅ​ទី​ណា​វិញ​?»​។

ធំ និង​តូចតាច

ក្រុមហ៊ុន​វិនិយោគិន​ចិន Prince Real Estate បាន​ទិញ​អចលនទ្រព្យ​តាម​បណ្តោយ​ផ្លូវ Karaoke Street ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ទំហំ​ ១៦.៥ ​ហិកតា​ដែល​នឹង​គ្មាន​អ្វី​ក្រៅ​ពី​អគារ​ខ្ពស់ៗ​ចំនួន​ ៣០​ ​អគារ បុរី​ផ្ទះ​វីឡា​ទំនើបៗ និង​ផ្ទះ​វិស្សមកាល​នោះ​ទេ​។ គម្រោង​អភិវឌ្ឍន៍​ដ៏ធំ​នេះ​ចាប់ផ្តើម​នៅ​ភាគ​ខាង​លិច​នៃ​ឆ្នេរ​ឯករាជ្យ ហើយ​នឹង​បន្ត​ទៅ​ដី​នៅ​ភាគ​ខាង​ជើង​នៃ​រង្វង់​មូល​តោ​មាស និង​ដល់ Pub Street ផង​ដែរ​។ គម្រោង​ដែល​មាន​តម្លៃ​​ ១ ​ពាន់​លាន​ដុល្លារ​នេះ​បាន​គ្រោង​ទុក​មួយ​រយៈ​មក​ហើយ ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​តាម​បណ្តោយ​ផ្លូវ Karaoke Street នេះ​ទើប​តែ​បាន​ដឹង​នាពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ​។

ម្ចាស់​អាជីវកម្ម​ខ្មែរ​មួយ​ចំនួន​នៅ​ក្បែរ​នោះ​បាន​នាំ​គ្នា​និយាយ​អំពី​ការផ្លាស់ប្តូរ​ទីតាំង​ទៅ​កន្លែង​ដែល​នៅ​ចម្ងាយ​ប្រមាណ​ ១ ​គីឡូម៉ែត្រ​ពី​ទី​នោះ​។ អ្នក​ផ្សេង​ទៀត​បាន​គ្រោង​នឹង​ចាកចេញ​ពី​ក្រុង​ព្រះសីហនុ​។ ហើយ​អ្នក​ខ្លះ​ទៀត​រួម​ទាំង​លោក តយ ​ផង​ដែរ​នោះ​នឹង​បិទ​ទ្វារ​តែ​ម្តង​៕