ស្រប​ពេល​ដែល​ចំនួន​ខុនដូ​ថ្មីៗ​ចូល​ទីផ្សារ​កាន់តែ​ច្រើន​នោះ ការ​សិក្សា​មួយ​បាន​ព្យាករ​ថា តម្លៃ​ខុនដូ​អាច​នឹង​មាន​ការ​ធ្លាក់​ចុះ​ខ្លះ​នៅ​ឆ្នាំ​ ២០១៨ នេះ​។

នាយិកា​ក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ចន្ទ​ថា តម្លៃ​ខុនដូ​កាលពី​ឆ្នាំ​ ២០១៧ កន្លង​មក​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦ ប៉ុន្តែ​សម្រាប់​ឆ្នាំ​ ២០១៨ នេះ​ខុនដូ​ដែល​មាន​តម្លៃ​ទាប និង​មធ្យម​អាច​នឹង​ធ្លាក់​ចុះ​ខ្លះ​ដោយសារ​ការ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​កើនឡើង​ ខណៈ​ចំនួន​អាផាតមិន​ក៏​កំពុង​កើនឡើង​ច្រើន​ផង​ដែរ​។


របាយការណ៍​នៃ​ការសិក្សា​របស់​ក្រុមហ៊ុន CBRE Cambodia បាន​ព្យាករ​ថា នៅ​ឆ្នាំ​ ២០១៨ នេះ​តម្លៃ​ខុនដូ​ខ្នាត​ទាប អាច​ធ្លាក់​ចុះ​ ១១ ​ភាគរយ ខ្នាត​មធ្យម​អាច​ធ្លាក់​ចុះ​ ៤ ​ភាគរយ ប៉ុន្តែ​តម្លៃ​សម្រាប់​ខុនដូ​ខ្នាត​ខ្ពស់ (Luxury) នឹង​មាន​ការ​កើនឡើង​ចំនួន​ ៣ ​ភាគរយ​។ ការ​សិក្សា​នោះ​ក៏​បាន​រកឃើញ​ផង​ដែរ​ថា នៅ​ក្នុង​ឆ្នាំ​ ២០១៨ នេះ​អត្រា​ជួល​ខុនដូ​នឹង​មាន​ការ​ធ្លាក់​ចុះ​ខ្លះ​ផង​ដែរ​។


អ្នកនាង អាន សុធីតា បាន​អះអាង​ថា៖ «​ខុនដូ​ដែល​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​រួច​ហើយ​មាន​ចំនួន​ ៨,៦០០ ​យូនីត និង​នៅ​ឆ្នាំ​នេះ​នឹង​មាន​ខុនដូ​ចំនួន​ ១៧ ​គម្រោង​ដែល​ស្មើ​នឹង​ ១៣,០០០ ​យូនីត​ទៀត នឹង​ត្រូវ​ដាក់ចូល​ទីផ្សារ​បន្ថែម​ទៀត​។ ការ​ធ្លាក់​ចុះ​តម្លៃ​នេះ វា​មាន​ជាប់​ទាក់ទង​នឹង​ការកើនឡើង​នៃ​ការផ្គត់ផ្គង់​»​។


ការសិក្សា​ខាង​លើ​បាន​រកឃើញ​ថា ខុនដូ ប្រណីត នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​តម្លៃ​ជា​មធ្យម​ ៣២០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ ខុនដូ​កម្រិត​មធ្យម​ ២៦០០ ​ដុល្លារ និង​ខុនដូ​តម្លៃ​ទាប​មាន​តម្លៃ​មធ្យម​ ១៣៥០ ​ដុល្លារ​។


ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន WorldBridge Group លោក​ឧកញ៉ា សៀ ឫទ្ធី ដែល​បាន​និង​កំពុង​វិនិយោគ​គម្រោង The Bridge, The PeAk និង​គម្រោង​ជាច្រើន​ទៀត​បាន​ថ្លែង​ថា វា​ហាក់​ឆាប់​ពេក​ក្នុង​ការ​សន្និដ្ឋាន​ថា ការលក់ និង​តម្លៃ​ជួល​ខុនដូ​ក្នុង​ឆ្នាំ​ ២០១៨ នេះ​ធ្លាក់​ចុះ​។ អ្វី​ដែល​សំខាន់​គឺ​គេ​គួរ​ផ្តោត​ថា តើ​ការ​លក់​នា​ឆ្នាំ​នេះ​អាច​បាន​ច្រើន​ដូច​ឆ្នាំមុន ឬ​អត់​? ព្រោះ​គម្រោង​សាងសង់​ថ្មីៗ​នៅក្នុង​ឆ្នាំនេះ​មិន​កើនឡើង​ទេ ប៉ុន្តែ​ក៏​មិន​ថយ​ចុះ​ដែរ​។


លោក​មាន​ប្រសាសន៍​ថា៖ «​ខុនដូ​ភាគច្រើន​វិនិយោគ​ដោយ​ជនជាតិ​ចិន ដូច្នេះ​វា​មិន​សូវ​ពាក់ព័ន្ធ​នឹង​ទីផ្សារ​ក្នុង​ស្រុក​ច្រើន​នោះ​ទេ​»​។

តាម​ការសិក្សា​របស់​ក្រុមហ៊ុន Vtrust Appraisal ដែល​ទើប​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា ចំនួន​ខុនដូ​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​ ១៦០ ​ទីតាំង​ដែល​ស្មើ​នឹង​ ៦១១៩៩ ​យូនីត​ក្នុង​នោះ​ ៣៣ ​ទីតាំង​បាន​បញ្ចប់ និង​ដាក់​ចូល​ទីផ្សារ​ដែល​ស្មើ​នឹង​ ៨៧៩៣ ​យូនីត​។ ក្រៅពី​រាជធានី​ភ្នំពេញ​នៅ​ខេត្ត​ព្រះសីហនុ​មាន​ខុនដូ​សរុប​កើន​ដល់​ ១៥ ​គម្រោង និង​មាន​ផ្ទះ​ (​យូនីត​) ប្រមាណ​ ៤១៧០ ​យូនីត ដែល​ភាគច្រើន​នៃ​ខុនដូ​ទាំង​នោះ​កំពុង​សាងសង់​។

ភាគ​ហ៊ុនិក​នៃ​ក្រុមហ៊ុន​លំនៅឋាន អ៊ិល កម្ពុជា ភ្នំពេញ លោក ទុយ ប៊ុន ដែល​បាន​និង​កំពុង​វិនិយោគ​ខុនដូ​ចំនួន​ ៦ ​ទីតាំង​បាន​និយាយ​ថា​ការ​លក់​ខុនដូ​នៅ​ឆ្នាំ​ ២០១៨ មាន​សភាព​ធម្មតា​ដោយ​ក្នុង​រយៈពេល​ជាង​មួយ​ខែ​កន្លង​មក​នេះ​ក្រុមហ៊ុន​អាច​លក់​បាន​ចន្លោះ​ពី​ ២០ ​ទៅ​ ៣០ ​យូនីត និង​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី​ ៨០០ ​ទៅ​ ១០០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​។

លោក​បន្ត​ថា៖ «​ដោយសារ​គម្រោង​របស់​ខ្ញុំ​ផ្តោត​លើ​អ្នក​មាន​ចំណូល​មធ្យម ដូច្នេះ​វា​មិន​រង​ផលប៉ះពាល់​ដោយសារ​ការ​ប្រកួតប្រជែង​នោះ​ទេ ព្រោះ​គម្រោង​ខុនដូ​តម្លៃ​បែប​នេះ​មិន​មាន​ច្រើន​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​នោះ​ទេ​។ លោក​បាន​បន្តថា ៖ «​មូលហេតុ​ដែល​ក្រុមហ៊ុន​របស់​ខ្ញុំ​ផ្តោត​លើ​ប្រជាជន​មាន​ចំណូល​មធ្យម ដោយសារ​ប្រជាជន​មាន​ជីវភាព​បែប​នេះ​មាន​ចំនួន​ច្រើន ហើយ​គម្រោង​របស់​យើង​លក់​ក្នុង​តម្លៃ​ចាប់ពី​ ២៨,០០០ ​ដល់​ជាង​ ៣០,០០០ ជា​តម្លៃ​ដែល​ប្រជាជន​ខ្មែរ​ភាគច្រើន​មាន​លទ្ធភាព​ទិញ​បាន​»​។

លោក ប៊ុន ប្រាប់​ទៀត​ថា​អតិថិជន​ដែល​ទិញ​បន្ទប់​ស្នាក់នៅ​ក្នុង​ខុនដូ​របស់​លោក​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ ប៉ុន្តែ​ក្នុង​ប៉ុន្មាន​ខែ​កន្លង​មក​នេះ​ក៏​មាន​ជនជាតិ​ចិន​មួយ​ចំនួន​បាន​មក​ទិញ​ផង​ដែរ ដែល​ធ្វើឲ្យ​គម្រោង​នេះ​មាន​អតិថិជន​ចម្រុះ​ជាតិ​សាសន៍​៕