សណ្ឋាគារ Riyadh''s Ritz-Carlton បាន​ស្វាគមន៍​ភ្ញៀវ​ត្រឡប់​មក​វិញ​ជាមួយ​កាហ្វេ​អារ៉ាប់​ (Arabic coffee) ​កាលពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​សណ្ឋាគារ​នេះ​បាន​បើក​ដំណើរការ​ឡើងវិញ បន្ទាប់ពី​រយៈពេល​ជាង​ ៣ ​ខែ​កន្លង​មក​បានក្លាយ​ជា​គុក​ប្រណីត​មួយ​សម្រាប់​ពួក​ឥស្សរជន​អារ៉ាប៊ីសាអ៊ូឌីត នៅ​ក្នុង​ការ​បោសសម្អាត​អំពើ​ពុករលួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ទាល់​តែ​សោះ​។

បុគ្គលិក​ដែល​មាន​ឯកសណ្ឋាន​រៀបរយ​បាន​នាំ​គ្នា​ធ្វើការ​យ៉ាង​សកម្ម​នៅ​កន្លែង​ទទួលភ្ញៀវ​ដ៏ចែងចាំង​នៃ​សណ្ឋាគារ ហើយ​បាន​ស្វាគមន៍​ការ​មក​ដល់​របស់​អ្នកដំណើរ ដែល​ចូល​មក​ស្នាក់​នៅក្នុង​បន្ទប់​ដែល​មាន​តម្លៃ​ចាប់ពី​ ២,៤៨៩ ​រីយ៉ាល់​ ($៦៦៩) ​ឡើង​ទៅ​ក្នុង​ ១ ​យប់​។


ការ​ស្វាគមន៍​ក្នុង​របៀប​ដ៏រាក់ទាក់​នេះ គឺ​មាន​ទិដ្ឋភាព​ខុស​គ្នា​ឆ្ងាយ​ពី​ព្រឹត្តិការណ៍​កាលពី​ថ្ងៃ​ទី​ ៤ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ នៅពេល​ដែល​រថយន្ត​ប៉ូលិស​ជាច្រើន​បាន​ឡោមព័ទ្ធ​សណ្ឋាគារ​ផ្កាយ​ ៥ ​នេះ ហើយ​ច្រកទ្វារ​សំខាន់ៗ​របស់​សណ្ឋាគារ​ត្រូវ​បាន​បិទ ខណៈ​ដែល​ព្រះអង្គម្ចាស់ Mohammed bin Salman បាន​ប្រកាស​ឲ្យ​ឃុំ​ខ្លួន​ពួក​អ្នក​អង្គម្ចាស់ រដ្ឋមន្ត្រី និង​មហាសេដ្ឋី នៅ​ក្នុង​យុទ្ធនាការ​មួយ​ដែល​ធ្វើឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅក្នុង​រង្វង់​អ្នកធ្វើ​ជំនួញ​។


ជនសង្ស័យ​ជាច្រើន​នាក់​រួម​ទាំង​មហាសេដ្ឋី​ដ៏ល្បី​ឈ្មោះ គឺ​អ្នក​អង្គម្ចាស់ Al-Waleed bin Talal ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា Warren Buffett នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ត្រូវ​បាន​ដោះលែង​កាលពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ជា​ថ្នូរ​នឹង​អ្វី​ដែល​គេ​ហៅថា ការ​ទូទាត់​ដោយ​ប្រើប្រាស់​ហិរញ្ញវត្ថុ​។


ខណៈ​ពេល​សេវាកម្ម​បាន​បន្ត​ទៅ​ដោយ​រលូន​នៅ​សណ្ឋាគារ បុគ្គលិក​ធ្វើការ​នៅ​ថ្ងៃ​អាទិត្យ​ហាក់​ត្រូវ​បាន​គេ​ណែនាំ​កុំ​ឲ្យ​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​អំពី​ការ​បោសសម្អាត​នៅ​ទី​នោះ​អ៊ីចឹង​។


បុគ្គលិក​ម្នាក់​ពោរពេញ​ដោយ​ស្នាមញញឹម​បាន​និយាយ​ថា៖ «​អ្វី​គ្រប់​យ៉ាង​គឺ​ដំណើរការ​តាម​ធម្មតា​ទាំងអស់​។ កាល​នោះ​យើង​ក៏​នៅ​តែ​បម្រើភ្ញៀវ ឥឡូវ​ក៏​យើង​នៅ​តែ​បម្រើ​ភ្ញៀវ​។ ភាព​ខុស​ប្លែក​គ្នា​តែ​មួយ​គត់ គឺ​ទ្វារ​មុខ​នៅ​ពេល​នេះ​ត្រូវ​បាន​បើក​ឡើង​វិញ​»​។


សណ្ឋាគារ​ដ៏ប្រណីត​ដែល​ដើមឡើយ​ត្រូវ​បាន​សាងសង់​ឡើង​សម្រាប់​ភ្ញៀវ​នៃ​សមាជិក​គ្រួសារ​រាជវង្ស គឺ​មាន​ភាព​ខុស​ប្លែក​គ្នា​ឆ្ងាយ​ណាស់​ពី​បន្ទប់​ឃុំឃាំង​ដ៏ក្រៀមក្រំ​មួយ ដោយ​សណ្ឋាគារ​ត្រូវ​បាន​បំពាក់​ទៅ​ដោយ​បន្ទប់​ស្នាក់នៅ​លំដាប់​កំពូល និង​ជញ្ជាំង​លាប​ពណ៌​ទាន់​សម័យ ដែល​ហ៊ុមព័ទ្ធ​ដោយ​រូបចម្លាក់​ធ្វើ​ពី​សំរឹទ្ធ និង​ភ្លើង​ព្យួរ​ពិតាន​ដ៏ធំ​ស្កឹមស្កៃ​។

ប្រភព​មួយ​នៅ​ខាង​ក្នុង​សណ្ឋាគារ​បាន​ប្រាប់ AFP ថា​អ្នក​ជាប់ឃុំ​ទាំងអស់​ត្រូវ​បាន​គេ​យក​ចេញ​ពី​សណ្ឋាគារ​អស់​ហើយ​។

អគ្គមេធាវី​លោក Sheikh Saud al-Mojeb បាន​និយាយ​កាលពី​ចុង​ខែ​មករា​ថា បន្ទាប់ពី​បាន​បញ្ចប់​ការ​សាកសួរ​ជនសង្ស័យ​ពុករលួយ​ចំនួន​ ៣៨១ ​នាក់​រួច​មក លោក​បាន​រក្សា​ទុក​ចំនួន ៥៦ ​នាក់​នៅ​ក្នុង​ការ​ឃាត់​ខ្លួន ចំណែក​អ្នក​ផ្សេង​ទៀត​ត្រូវ​បាន​ដោះលែង​។ វា​មិន​ច្បាស់​ទេ​ថា​តើ​ជនសង្ស័យ​ដែល​នៅ​សេសសល់​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​ឃុំឃាំង ឬ​យ៉ាង​ណា​នោះ​ទេ​។

លោក​អគ្គមេធាវី​បាន​ថ្លែង​ទៀត​ថា ការ​ទូទាត់​លុយ​សរុប​ជាមួយ​ជនសង្ស័យ​មាន​ចំនួន ​១០៧ ​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ទម្រង់​ផ្សេងៗ​នៃ​ទ្រព្យសម្បត្តិ​ដែល​មាន​ដូចជា អចលនទ្រព្យ មូលបត្រ និង​សាច់ប្រាក់​ជាដើម​។

អ្នក​ជាប់​ឃុំឃាំង​ម្នាក់​ដែល​ជា​អតីត​មេបញ្ជាការ​កងសន្តិសុខ អ្នក​អង្គម្ចាស់ Miteb bin Abdullah ត្រូវ​បាន​ដោះលែង​ បន្ទាប់ពី​បាន​ទូទាត់​ជាមួយ​អាជ្ញាធរ​ដែល​មាន​ចំនួន​ទឹកប្រាក់​លើស​ពី​ ១ ​ពាន់​លាន​ដុល្លារ​អាមេរិក​។

ព្រះអង្គម្ចាស់ Mohammed ដែល​មាន​វ័យ ៣២ ​ឆ្នាំ ជា​បុត្រ​របស់​ព្រះមហាក្សត្រ គឺជា​អ្នកដឹកនាំ​ការ​បង្ក្រាប​អំពើ​ពុករលួយ​ក្នុង​ចំណោម​សមាជិក​រដ្ឋាភិបាល និង​ខ្សែ​រាជវង្ស​ក្នុង​រយៈពេល​ ៣ ​ខែ​កន្លង​មក​នេះ​។

អ្នក​រិះគន់​មួយ​ចំនួន​បាន​ដាក់​ឈ្មោះ យុទ្ធនាការ​ដែល​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់ Mohammed ថា គឺជា​ការ​ធ្វើឲ្យ​រង្គោះរង្គើ និង​ជា​ការ​ក្តោប​អំណាច ប៉ុន្តែ​អាជ្ញាធរ​បាន​បញ្ជាក់​ថា ការ​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​ផ្ទៃក្នុង​ប្រទេស​នេះ​គឺជា​ការ​ត្រៀម​ខ្លួន​សម្រាប់​យុគសម័យ​ដែល​នឹង​លែង​ពឹងពាក់​លើ​ប្រេង​។

នៅ​ក្នុង​បទសម្ភាស​មួយ​ជាមួយ​កាសែត The New York Times កាលពី​ខែ​វិច្ឆិកា ព្រះអង្គម្ចាស់ Mohammed ត្រូវ​បាន​គេ​រិះគន់​ថា «​គួរ​ឲ្យ​អស់​សំណើច​»​។ របាយការណ៍​បាន​ប្រៀប​ផ្ទឹម​ការ​បង្ក្រាប​នេះ​ថា ជា​ការ​ក្តោបក្តាប់​អំណាច​ដោយ​បាន​អះអាង​ថា ភាគច្រើន​នៃ​អ្នក​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ Ritz-Carlton បាន​សច្ចា ភក្ដីភាព​ចំពោះ​ព្រះអង្គ​រួច​បាត់​ទៅ​ហើយ​។

ប៉ុន្មាន​សប្តាហ៍​មុន​យុទ្ធនាការ​នេះ​សណ្ឋាគារ Riyadh''s Ritz-Carlton បាន​រៀបចំ​កិច្ចប្រជុំ​វិនិយោគទុន​កំពូល​មួយ​ដែល​ព្រះអង្គម្ចាស់ Mohammed បាន​ប្រើប្រាស់​ជា​វេទិកា​មួយ​នេះ​ដើម្បី​សច្ចា​ថា​នឹង​កាត់បន្ថយ​ភាព​ឆើតឆាយ​ហួសហេតុ​នៃ​អារ៉ាប៊ីសាអ៊ូឌីត និង​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​របស់​ទ្រង់​ក្នុង​ការ​កែទម្រង់​ប្រកប​ដោយ​មហិច្ឆតា​ខ្ពស់​។

លោក Andrew Bowen អ្នក​សិក្សា​នៅ​វិទ្យាស្ថាន​សហគ្រាស​អាមេរិក​បាន​ប្រាប់ AFP ថា ៖ «​ព្រឹត្តិការណ៍​ដែល​កើតឡើង​នៅ​សណ្ឋាគារ Ritz Riyadh គឺជា​និមិត្តសញ្ញា​នៃ​អារ៉ាប៊ីសាអ៊ូឌីត​ថ្មី​របស់​ព្រះអង្គម្ចាស់ Mohammed»​។ លោក​បាន​បន្ត​ថា៖ «​បន្ទាប់ពី​ជា​ទីតាំង​របស់​លោក​ប្រធានាធិបតី Trump ហើយ​ក្រោយ​មក​ក្លាយ​ជា Davos នៅ​កណ្តាលវាល​ខ្សាច់ និង​ឥឡូវ​នេះ​មាន​ឈ្មោះ​ថា ជា​កន្លែង​ឃាត់​ខ្លួន​សម្រាប់​អំពើ​ពុករលួយ​។ កន្លែង​នេះ​ពិតជា​បាន​ក្លាយ​ទៅ​ជា​កន្លែង​មួយ​ដែល​មាន​ការ​ផ្លាស់ប្តូរ​ប្លែកៗ​គួរ​ឲ្យ​អស់​សំណើច​»៕

Anuj Chopra