កម្ពុជា បំភ្លឺ​រឿង​ការ​ចុះ​ផ្សាយ​របស់​កាសែត​អាមេរិក​មួយ អំពី​នាវា​ដឹក​កាំភ្លើង​បំពាក់​ទង់​ជាតិ​កម្ពុជា

Content image - Phnom Penh Post
ផែនទីលើ Google បង្ហាញ​ពី​ចំណុច​នាវា​ឈ្មោះ Jie Shun ដែល​ដឹក​នាំ​អាវុធ​ចេញ​ពី​កូរ៉េ​ខាង​ជើង​ទៅ​អេហ្សីប។

ភ្នំពេញ៖ ក្រសួង​ការ​បរទេស​និង​សហប្រតិបត្តិ​ការ​អន្តរជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​ច័ន្ទ បាន​ចេញ​សេចក្ដី​បំភ្លឺ​មួយ​ឆ្លើយតប​ទៅ​នឹង​ការ​ចុះ​ផ្សាយ​អត្ថបទ​ព័ត៌មាន​របស់​កាសែត The Washington Post ដែល​មាន​ចំណង​ជើង​ថា “A North Korean ship was seized off Egypt with a huge cache of weapons destined for a surprising buyer” និង​ដែល​បាន​ព័ណ៌នា​អំពី​​នាវា​ដឹក​ទំនិញ​ឈ្មោះ Jie Shun ដែល​មាន​បំពាក់​ទង់​ជាតិ​កម្ពុជា ចេញ​ពី​កូរ៉េ​ខាងជើង ឆ្ពោះ​សំដៅ​ទៅ​កាន់​ព្រែក​ជីក SUez ហើយ​ត្រូវ​បាន​គយ​របស់​ប្រទេស​អេហ្ស៊ីប ឆែក​ឆេរ​រក​ឃើញ​កាំភ្លើង​បាញ់​រ៉ុកកែត​ជាង ៣០,០០០ ដើម​ លាក់​ទុក​នៅ​ក្នុង​​នាវា​នោះ។

នៅ​ក្នុង​សេចក្ដី​បំភ្លឺ​នោះ ក្រុម​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​លើក​ឡើង​អំពី​លិខិត​បទដ្ឋាន​គតិយុត្តិ​សំខាន់ៗ​ចំនួន​បី ដែល​បញ្ជាក់​អំពី​ភាព​ល្មើស​ច្បាប់​របស់​ក្រុមហ៊ុន​នាវា​មួយ​នេះ ដើម្បី​ឲ្យ​សាធារណៈជន ជាតិ​និង​អន្តរជាតិ​បាន​ដឹង​ និង​ដើម្បី​ការពារ​នូវ​កិត្តិនាម និង​កិតិ្តយស​នៃ​ទង់​ជាតិ​​កម្ពុជា។

ក្នុង​នោះ​លិខិត​លេខ No.966 LI/OCM ចុះ​ថ្ងៃ​ទី ២៧ ខែ​សីហា ឆ្នាំ ២០១៥ របស់​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ការ​ចុះ​បញ្ជី​នាវា​សញ្ជាតិ​កម្ពុជា ដែល​បាន​ជូន​ដំណឹង​ដល់ ប្រធាន​ក្រុមហ៊ុន​​ចុះ​បញ្ជី​នាវា​អន្តរជាតិ​កម្ពុជា (ISROC) ស្ដី​អំពី​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បញ្ចប់​កុងត្រា​ជាមួយ ISROC ក្នុង​ឋានៈ​ជា​រដ្ឋបាល​គ្រប់គ្រង់​តែ​មួយ​និង​ផ្តាច់​មុខ ក្នុង​ការ​ចុះ​បញ្ជី​នាវា​នៅ​កម្ពុជា​និង​បាន​ស្នើ ISROC បញ្ឈប់​ការ​ចុះ​​បញ្ជី​នាវា​​បំពាក់​ទង់​ជាតិ​កម្ពុជា​ត​ទៅ​ទៀត។

ចំណែក​លិខិត​លេខ No.045 MPWT ចុះ​ថ្ងៃ​ទី ១៧ ខែ​សីហា ឆ្នាំ ២០១៦ របស់​លោក ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ដែល​បាន​ជូន​ដំណឹង​ដល់​អគ្គលេខាធិការ​នៃ​អង្គការ​សមុទ្រ​អន្តរជាតិ ស្ដីពី​ការ​អនុញ្ញាត​ឲ្យ​នាវា ដែល​មាន​វិញ្ញា​បនប័ត្រ ចុះ​បញ្ជី​ជាមួយ​ទង់​ជាតិ​កម្ពុជា នៅ​មាន​សុពលភាព ធ្វើ​ប្រតិបត្តិការ​បន្ត​ក្រោម​ទង់​ជាតិ​កម្ពុជា រហូត​ដល់​វិញ្ញា​បនប័ត្រ​ទាំង​នោះ​អស់​សុពលភាព​នៅ​ចុង​ខែ​សីហា ឆ្នាំ ២០១៦។

នៅ​ក្នុង​លិខិត​នោះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា៖ «នាវា​ទាំង​ឡាយ​ណា ដែល​អះអាង​ថា​ស្ថិត​ក្រោម​ទង់​ជាតិ​កម្ពុជា ក្រោយ​ថ្ងៃ​អស់​សុពលភាព​នេះ ត្រូវ​បាន​ចាត់​ទុក​ថា ខុស​ច្បាប់ និង​អាច​ត្រូវ​បាន​ដាក់​ទោស​ដោយ​ច្បាប់ និង​បទ​បញ្ញត្តិ​អន្តរជាតិ»។

ដោយឡែក តាមរយៈ​កំណត់​ទូត​​លេខ No. 889 MFA-IC/LC5 ចុះ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ ២០១៦ របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិ​ការ​អន្តរជាតិ ដែល​បាន​ជូន​ដំណឹង​ដល់​ស្ថានទូត​នៃ​សាធារណៈរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ភ្នំពេញ ស្ដីពី​នាវា​ចំនួន​ ៣ ​គ្រឿង​​​របស់​ក្រុមហ៊ុន​​កូរ៉េខាង​ជើង​មួយ បំពាក់​ទង់​ជាតិ​កម្ពុជា ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​ដោយ ISROC ស្រប​តាម​កថា​ខណ្ឌ​ទី ១៩ នៃ​សេចក្តី​សម្រេច​លេខ ២២៧០ ចុះថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០១៦ របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

ដោយផ្អែក លើ​លិខិត​បទដ្ឋាន​គតិយុត្តិ​ទាំង​បី​ខាង​លើ​នេះ ក្រុម​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​និង​សហប្រតិបត្តិ​ការ​អន្តរជាតិ បាន​ចាត់​ទុក​ការ​ប្រើ​​ប្រាស់​ទង់​ជាតិ​កម្ពុជា​ដោយ​នាវា​ណា​ក៏​ដោយ រួម​ទាំង​នាវា​ដែល​បាន​លើក​ឡើង​ខាង​លើ​នេះ គឺជា​ការ​ប្រើ​ប្រាស់​ដោយ «ខុស​ច្បាប់»៕