កណ្តាលៈ បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​ជា​ប្រធាន​គ្រប់គ្រង​រោងចក្រ​កាត់ដេរ​ ប៊ីង វិន ហ្គាម៉ិន ខេមបូឌា ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល​ពាក់ព័ន្ធ​ការ​វាយ​កម្មករ​សន្លប់​ក្នុង​រោងចក្រ​កាលពី​សប្តាហ៍​មុន​។


លោក​ ទិន សុចិត្រា ​អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​កណ្ដាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ជនជាតិ​ចិន​រូប​នេះ​ត្រូវ​បាន​តំណាង​អយ្យការ​លោក ឯក ស៊ុនរស្មី ចោទប្រកាន់​ពី​បទ «​ហិង្សា​ដោយ​ចេតនា​» តាម​មាត្រា ២១៧ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​ត្រូវ​បាន​លោក សាយ សម្ផស្សសេរី សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​កាលពី​ចុង​សប្តាហ៍​មុន​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល​។ តាម​មាត្រា​នេះ​ជន​ត្រូវ​ចោទ​ប្រឈម​ជាប់​ពន្ធនាគារ​ពី ១ ​ឆ្នាំ ទៅ​ ៣ ​ឆ្នាំ បើ​សិន​រកឃើញ​ថា​មាន​ទោស​។

លោក រឿន ណារ៉ា ស្នងការរង​ខេត្ត​កណ្ដាល​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​ថ្លែង​ថា ជនជាតិ​ចិន​ដីគោក​រូប​នេះ​មាន​ឈ្មោះ Xue Shu Bing អាយុ​ជាង ៥០ ​ឆ្នាំ​មុខរបរ​ប្រធាន​គ្រប់គ្រង​រោងចក្រ Bing Win Garment (Cambodia) Co., Ltd. ស្នាក់​នៅក្នុង​រោងចក្រ​នៅ​ភូមិ​ស្វាយជ្រំ ឃុំ​បែកចាន ​ស្រុក​អង្គស្នួល​។

លោក ណារ៉ា ថ្លែង​ថា​តាម​របាយការណ៍​ដែល​លោក​ទទួល​បាន គឺ​នៅ​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ ឈ្មោះ Xue Shu Bing បាន​វាយ​កម្មករ​ចំនួន ២ នាក់​ដោយ​ម្នាក់​បាន​ដួល​សន្លប់ ពេល​ចូល​ដល់​បន្ទប់​ការិយាល័យ​រដ្ឋបាល​។

លោក ណារ៉ា រៀបរាប់​ថា​៖ «​មុន​ពេល​កើតហេតុ ជនរងគ្រោះ ឈ្មោះ អ៊ី សុខងី (​ស្ត្រី​) បាន​ដេរអាវ​អស់​ពី​កន្លែង​គាត់ រួច​គាត់​ដើរ​ទៅ​យក​ពី​កន្លែង​ផ្សេង​យក​មក​ដេរ​ទៀត​។ ពេល​កំពុង​ឱន​យក​ខោអាវ​ហ្នឹង ប្រធាន​រោងចក្រ​ដើរ​មក ពេល​មក​ដល់​ទះកំផ្លៀង​គាត់​ ១ ​ដៃ ហើយ​និយាយ​ភាសា​ចិន​តែ​គាត់ (​ជនរងគ្រោះ​) ​ស្តាប់​មិន​បាន​។ បន្ទាប់មក​ចិន​ហ្នឹង វាយ​នាង​ហ្នឹង​ហើយ​គាត់​ដើរ​ទៅ​វាយ​ជនរងគ្រោះ​ទី​ ២ ​ដែល​ជា​ប្រធាន​ក្រុម​។ ក្រោយ​ពេល​គេ​វាយ​ ១ ​ដៃ​ម្នាក់​រួច​ហើយ ជនរងគ្រោះ​ដើរ​ចូល​ទៅ​ក្នុង​ការិយាល័យ​ទៅ​ប្រាប់​ប្រធាន​រដ្ឋបាល​។ ពេល​ដើរ​ចូល​ដល់​ក្នុង​ការិយាល័យ ជនរងគ្រោះ​ឈ្មោះ អ៊ី សុខងី ​ក៏​ដួល​សន្លប់​ទៅ​។ ចំណែក​ឈ្មោះ អ៊ាវ ផល្លីន ត្រូវ​ ១ ​ដៃ​»​។ ក្រោយ​ពេល​វាយ​ហើយ Xue Shu Bing បាន​គេច​ពី​រោងចក្រ រហូត​ដល់​ថ្ងៃ​បន្ទាប់​ទើប​ត្រឡប់​មក​វិញ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​តែ​ម្តង​។


ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង​ជនរងគ្រោះ សុំ​ការ​បំភ្លឺ​បាន​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​នៅ​ថ្ងៃ​កើត​ហេតុ​ទី​ ១៥ កុម្ភៈ កម្មករ​រោងចក្រ​នេះ​ជាង ៥០ នាក់​បាន​សរសេរ​លិខិត​ទៅ​សហព័ន្ធ​សហជីព​អំណាច​យុវជន​កម្ពុជា​ដោយ​ស្នើសុំ​ចំនួន ៤ ចំណុច​។ ចំណុច​ទី ១ គឺ​សុំ​ឲ្យ​រោងចក្រ «​បញ្ឈប់​បុគ្គលិក​ចិន​ម្នាក់​ហៅ តាពែក ផ្នែក​គ្រប់គ្រង​ទូទៅ​ព្រោះ​ជនជាតិ​ចិន​រូប​នេះ​បាន​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មក​លើ​កម្មករ​ចំនួន ២ នាក់​បណ្ដាល​ឲ្យ​សម្លប់​ម្នាក់​កាលពី​ថ្ងៃ​ទី​ ១៥ ខែ​កុម្ភៈ​...»​។

ចំណែក​ ៣ ​ចំណុច​ផ្សេង​ទៀត គឺ​ស្នើ​ឲ្យ​រោងចក្រ​ផ្តល់​សេរីភាព​ដល់​កម្មករ គោរព​តាម​លក្ខខណ្ឌ​ការងារ​ផ្សេងៗ និង​ស្នើឲ្យ​មាន​ទឹកស្អាត​សម្រាប់​បរិភោគ​ក្នុង​រោងចក្រ​ដោយ​ដាក់​ឲ្យ​នៅ​ឆ្ងាយ​ពី​បន្ទប់ទឹក​។

ភ្នំពេញ​ ប៉ុស្តិ៍​ មិន​អាច​ទាក់ទង​តំណាង​រោងចក្រ Bing Win Garment (Cambodia) Co., Ltd និង​សម្ព័ន្ធ​សហជីព​អំណាច​យុវជន​កម្ពុជា​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​៕