កំពង់ស្ពឺៈ ដី​ដែល​គេ​រំលោភ​យក​ជាង​ ២ ​ពាន់​ហិកតា​នៅ​ដែន​ជម្រក​សត្វព្រៃ​​ភ្នំ​ឱរ៉ាល់​ក្នុង​ស្រុក​ឱរ៉ាល់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​សម្រេច​ចេញ​ដីកា​ដក​ហូត បន្ទាប់ពី​បាន​ចុះ​ស្រាវជ្រាវ និង​កោះ​ហៅ​មន្ត្រី​ជាច្រើន​នាក់​សួរនាំ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ប៉ុន្តែ​ជនល្មើស​មិន​ទាន់​ត្រូវបាន​វែក​មុខ​នៅ​ឡើយ​ទេ​។


ការ​សម្រេច​នេះ​គឺ​យោង​តាម​រដ្ឋធម្មនុញ្ញ ព្រះរាជក្រឹត្យ ព្រះរាជក្រម បទ​​បញ្ជា និង​លិខិត​បទដ្ឋាន​នានា​សរុប​ចំនួន​ ១១ ដែល​រួម​មាន​ទាំង​កំណត់​ហេតុ​របស់​ក្រុម​ការងារ​ចុះ​ពិនិត្យ​ និង​ផ្ទៀងផ្ទាត់​ជាក់ស្តែង​លើ​ទីតាំង​ទន្ទ្រាន​យក​ចុះ​ថ្ងៃ​ទី​ ៣០ ​ខែ​មករា​ឆ្នាំ​នេះ​។

ដីកា​ដែល​ចុះ​ហត្ថលេខា​ដោយ​អភិបាល​ខេត្ត​កំពង់ស្ពឺ​លោក វ៉ី សំណាង បាន​សម្រេច​៖ «​ប្រកាស​បដិសេធ​ និង​ដកហូត​ដីព្រៃ​ដែល​ទទួល​រង​នូវ​ការ​កាប់គាស់​រុករាន​ទន្ទ្រាន​យក ឆ្ការ​ដុត និង​ឈូសឆាយ​ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​ទំហំ​​ ២០៨៩ ​ហិកតា​ត្រូវ​បាន​ជន​អនាធិបតេយ្យ​​ចូល​កាប់​ទន្ទ្រាន​យក​...»​។ ដីកា​នេះ​ក៏​បាន​បង្គាប់​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​យក​ទៅ​​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ផង​ដែរ​។

លោក ឈឺន សុធន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ដែល​គ្រប់គ្រង​ដែន​ជម្រក​នេះ​បាន​ឲ្យ​ដឹង​ថា មន្ទីរ​បរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ផ្សព្វផ្សាយ​ពី​ដីកា​នេះ​​រួម​ទាំង​ការ​លើក​ស្លាក​សញ្ញា​ និង​បិទ​ដីកា​នេះ​ ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​យល់​ដឹង​ផង​ដែរ​។ ក្រៅពី​នោះ​គម្រោង​ស្តារ​ព្រៃ​ឡើង​វិញ​ក៏​នឹង​ត្រូវ​ធ្វើ​ឡើង​ទៀត​ផង​។


មន្ត្រី​មូលដ្ឋាន​យ៉ាង​ហោច​ណាស់​ ៦ ​រូប​ត្រូវ​បាន​មន្ទីរ​បរិស្ថាន​កោះ​ហៅ​សួរ​រឿង​ទន្ទ្រាន​យក​ដី​នេះ​កាលពី​ខែ​មករា​។ ក្នុង​នោះ​រួម​មាន អធិការរង​ស្រុក​ឱរ៉ាល់​ ២ ​នាក់ មាន​លោក ប្រាក់ មូល​, លោក​ ម៉ម អាន,​មេឃុំ​តា​សាល លោក​ ឌុល សុខុម និង​មេភូមិ​ ៣ ​នាក់​ផ្សេង​ទៀត​។


នៅ​មុន​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​លោក សុធន បាន​អះអាង​ថា​មន្ត្រី​បរិស្ថាន​មិន​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ​ទេ​។ ក្រៅពី​ការ​ដកហូត​ដីកា​នេះ​ក៏​បាន​ទុក​ពេល​ ៣០ ​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​ដើម្បី​ឲ្យ​មាន​ការតវ៉ា​ផង​ដែរ​។

លោក​អភិបាលខេត្ត​បាន​ថ្លែង​ថា​ក្នុង​ពេល​ ៣០ ​ថ្ងៃ​នេះ​អ្នក​ដែល​ថា​ជា​ម្ចាស់​កម្មសិទ្ធិ​ ឬ​មាន​ឯកសារ​កាន់កាប់ មាន​សិទ្ធិ​ប្តឹង​ជំទាស់ ហើយ​នេះ​ក៏​ជា​ឱកាស​មួយ​ដែល​សមត្ថកិច្ច​អាច​ស្រាវជ្រាវ​រក​អ្នក​ទន្ទ្រាន​យក​ដី​នោះ​ផង​ដែរ​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​ទុក​ពេល​ស្រាវជ្រាវ​ និង​ឲ្យ​ចូល​ខ្លួន​។ ​គោលដៅ​របស់​យើង​គឺ​សំខាន់​រក​អា​អ្នក​ដែល​វា​ប្រព្រឹត្ត​ធ្វើឲ្យ​ខូច​ព្រៃឈើ​ដើម្បី​ឲ្យ​សង​លើ​ការ​ខូចខាត​...​បើ​ចេញ​មុខ​មក​ល្អ​ជាង​។ ​យើង​ដឹង​ថា​អ្នក​ណា​ហើយ​»​។ លោក​បន្ថែម​ថា​អ្នក​កាប់​ឆ្ការ​ឈើ​ដ៏​កម្រ​ក៏​ត្រូវ​ប្រឈមមុខ​នឹង​ជាប់​ពន្ធនាគារ​ផង​ដែរ ប្រសិន​បើ​រកឃើញ​។

លោក​បាន​ឲ្យ​ដឹង​ដែរ​ថា រហូត​មក​​ទល់​នឹង​សប្តាហ៍​មុន គ្មាន​អ្នក​ណា​ចេញ​មុខ​ថា​ជា​កម្មសិទ្ធិ​ទេ ហើយ​ក៏​គ្មាន ជនសង្ស័យ​ណា​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន ដោយសារ​បទល្មើស​នេះ​នៅ​ឡើយ​ដែរ​។

លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ដែល​បាន​ចុះ​អង្កេត​ករណី​នេះ​បាន​ថ្លែង​ថា បទល្មើស​នេះ​ពាក់ព័ន្ធ​ជា​ប្រព័ន្ធ​ចាប់ពី​អាជ្ញាធរ​មូលដ្ឋាន​ឡើង​ទៅ​។ បើ​មិន​ដូច្នេះ​ទេ ក៏​គេ​មិន​អាច​មាន​ឱកាស​កាប់ឆ្ការ​ព្រៃ​អស់​រហូត​ដល់​រាប់ពាន់​ហិកតា​តាំងពី​ឆ្នាំ​ ២០១៤ ​មក​នោះ​ដែរ​។

លោក​ថា​ផ្នែក​ខ្លះ​នៃ​ព្រៃឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​កាប់​ធ្វើ​ធ្យូង មុន​រៀបចំ​ពលរដ្ឋ​ខ្យល់​ឲ្យ​ចូលកាន់​កាប់ ហើយ​ក្រោយមក​ពួក​ឈ្មួញ​ចុះ​ទៅ​ទិញ​ដី​នោះ​យក​វិញ​។

លោក​បន្ត​ថា បន្ទាប់ពី​​ខេត្ត​ចេញ​ដីកា​ដកហូត​ហើយ លោក​នឹង​ដាក់​សំណើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ដើម្បី​ស្នើសុំ​ដាំ​ដើម​គ្រញូង បេង នាងនួន និង​ធ្នង់ លើ​ដី​នោះ​ឡើង​វិញ​៕