ព្រះវិហារៈ ​ស្ត្រី​ជា​ប្រពន្ធ​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ប្ដី​បាន​សន្លប់​ស្ដូកស្ដឹង​ និង​កំពុង​ស្ថិត​ក្រោម​ការ​ជួយ​សង្គ្រោះ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​ខេត្ត​ព្រះវិហារ បន្ទាប់ពី​ពួកគេ​បានចេញ​ទៅ​រក​ឆក់​ត្រី​នៅ​តាម​ដង​អូរ​ក្បែរ​វាលស្រែ ក្នុង​ភូមិ​របស់​ពួកគេ​កាលពី​រសៀល​ថ្ងៃ​សៅរ៍ ហើយ​មិន​ប្រយ័ត្ន​ត្រូវ​ឆក់​ខ្លួនឯង​។


លោក ជុំ សាវិន នាយប៉ុស្តិ៍​ឃុំ​យាង​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​បាន​ស្លាប់​ក្នុង​ករណី​ខាង​លើ​ឈ្មោះ សាមួន នេន អាយុ ២៨ ឆ្នាំ ជា​កសិករ​នៅ​ភូមិ​ជាំ​ស្រែ ឃុំ​យាង ស្រុក​ជាំក្សាន្ត ចំណែក​បុរស​ជា​ប្តី​ដែល​សន្លប់​ស្ដូកស្ដឹង និង​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​នៅ​ឡើយ ឈ្មោះ វ៉ាត ហុង អាយុ ៣៧ ​ឆ្នាំ​។ ពួកគេ​មាន​កូន​ប្រុស​ស្រី​ចំនួន​ ៣ ​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី ៦ ​ខែ​ដល់ ៨ ​ឆ្នាំ​។

លោក​ សាវិន បាន​បញ្ជាក់​ថា​៖ «​នៅ​ក្បែរ​កន្លែង​កើតហេតុ យើង​បាន​ប្រទះ​ឃើញ​ឧបករណ៍​ឆក់​ត្រី ដូច្នេះ​យើង​សន្និដ្ឋាន​ថា ពួកគេ​ស្លាប់​ដោយសារ​ឆក់​ខ្សែ​ភ្លើង ដែល​ឆ្លង​ពី​ឧបរណ៍​ឆក់​ត្រី​របស់​ពួកគេ​នោះ​តែ​ម្ដង​»​។

បើ​តាម​ការ​អះអាង​របស់​អ្នកភូមិ​នៅ​វេលា​ម៉ោង ៣:៣៥ នាទី​រសៀល​ថ្ងៃ​សៅរ៍ គេ​ឃើញ​កុមារា ហុង ម៉ានិត អាយុ ៨ ឆ្នាំ​ដែល​ជា​កូនប្រុស​ច្បង​ជនរងគ្រោះ​ទាំង​ ២ បាន​រត់​មក​ប្រាប់​អ្នកភូមិ​ថា ឪពុកម្ដាយ​របស់​គេ​កំពុង​ប្រកាច់​នៅក្នុង​ទឹកអូរ​។

លុះ​អ្នកភូមិ​ទៅ​ដល់​កន្លែង​កើតហេតុ​មិន​ឃើញ​ស្ដ្រី​ជា​ប្រពន្ធ​ទេ តែ​ឃើញ​បុរស​ជា​ប្ដី​ដួល​ផ្ងាប់​មុខ​នៅក្នុង​ទឹកអូរ​ក៏​នាំ​គ្នា​ចុះ​ស្រង់​មក​លើ​គោក រួច​ហើយ​ក៏​នាំ​គ្នា​ចុះ​រាវ​ក្នុង​ទឹកអូរ​ម្ដង​ទៀត​ក៏​ប្រទះ​ឃើញ​សព​ស្ត្រី​រងគ្រោះ​។ បន្ទាប់​មក​ក៏​បាន​នាំ​បុរស​ជា​ប្ដី​ទៅ​កាន់​មណ្ឌល​សុខភាព​ឃុំ​យាង ហើយ​ត្រូវ​បុគ្គលិក​សុខាភិបាល​ក្នុង​មណ្ឌល​សុខភាព​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ ខេត្ត​ព្រះវិហារ​។


កាលពី​ម្សិលមិញ​លោក រួន យ៉េត អធិការ​ស្រុក​ជាំ​ក្សាន្ត​បាន​ថ្លែង​ថា បុរស​រងគ្រោះ​នៅ​មិន​ទាន់​ដឹង​ខ្លួន​នៅ​ឡើយ​ទេ ហើយ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ព្យាបាល​ពី​ក្រុម​វេជ្ជបណ្ឌិត​។

ជាមួយ​គ្នា​នេះ​ផង​ដែរ​លោក យ៉េត ​បាន​ស្តីបន្ទោស​ថា​៖ «​ទាំង​នេះ​ជា​លទ្ធផល​ដែល​មិន​ចូលរួម​អនុវត្ត​តាម​ការណែនាំ​របស់​អាជ្ញាធរ​។ សមត្ថកិច្ច​យើង​ជា​ញឹកញាប់​បាន​សហការ​ជាមួយ​ក្រុម​មន្ត្រី​រដ្ឋបាល​ជលផល ចុះ​ណែនាំ​ពលរដ្ឋ​ឲ្យ​បញ្ឈប់​ការ​នេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​ឆក់​ល្មើសច្បាប់ ពីព្រោះ​វា​មិន​ត្រឹម​តែ​បង្ក​មហន្តរាយ​ទៅ​ដល់​មច្ឆជាតិ និង​ជីវចម្រុះ​តែ​ប៉ុណ្ណោះ​ទេ គឺ​វា​ថែម​ទាំង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ផង​ដែរ​»៕