ភ្នំពេញៈ ប្រជា​ពលរដ្ឋ​ប្រមាណ​ជិត ២០០ នាក់​មក​ពី​ ៤ ឃុំ​នៅ​ខេត្ត​កណ្តាល​ ដែល​រង​ផលប៉ះពាល់​របស់​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ របស់​លោកស្រី​ សៀង ចាន់​ហេង បាន​លើក​គ្នា​មក​សាលា​ខេត្ត​កណ្តាល ​ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​លោក​អភិបាល​ខេត្ត ឲ្យពិនិត្យ​ទៅ​ការ​លើ​ការ​កោះ​ហៅ​តំណាង​របស់​ខ្លួន ​៦ នាក់​ដោយ​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​ញុះ​ញង់ ​និង​ រារាំង​គ្រឿង​ចក្រ​និង​ពន្លឿន​ការ​ដោះ​ស្រាយ​ដី​ធ្លី​ជូន​ពួក​គាត់​។


ការ​តវ៉ា​នេះ​ កើត​មាន​បន្ទាប់​ពី​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កណ្តាល​ បាន​ធ្វើការ​កោះហៅ​តំណាង​ ៦ នាក់​នៅឃុំ​ព្រែក​ស្លែង​ ដែល​ក្រុមហ៊ុន​បាន​ចោទ​ប្រកាន់​ថា ​បាន​ពាក់ព័ន្ធ​និង​ការ​បំផុស​បំផុល​និង​ការ​ដឹកនាំ​ក្រុម​ប្រជាជន​ធ្វើ​ការ​រារំាង​គ្រឿង​ចក្រ​មិន​ឲ្យ​ដំណើរ​ការ​កាយ​ដី​កម្ម​សិទ្ធ​ស្រប​ច្បាប់​របស់​ក្រុមហ៊ុន​។

កាល​ពី​ដើម​ខែ​កុម្ភៈ អ្នក​ភូមិ​ប្រមាណ​ជាង ​១០០ ​នាក់​មក​ពី​ឃុំព្រែក​ស្លែង​ ស្រុក​កណ្តាល​ស្ទឹង ​បាន​រារាំង​ក្រុមហ៊ុន​ធ្វើការ​ឈូស​ឆាយ ​និង​ជីក​ទំនប់​នៅ​លើដី​ដែល​មាន​ជម្លោះ​ដែល​នៅ​ជិត​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​ដ៏​ធំ​មួយ ​ដែល​បាន​ប្រកាស​​ កាល​ពី​ខែ ​មករា ​ហើយ​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​ឃុំ​មួយ​ចំនួន ​នៃ​ស្រុក ​កណ្តាលស្ទឹង ​បាន​ចាប់​តាំង​ឡើង​វិញ​បន្ទាប់​រាជ​រដ្ឋា​ភិបាល​បាន​ប្រកាស​របស់​ពី​គម្រោង​របស់​ខ្លួន​។


អ្នកស្រី​ អឿង ​សារី​ តំណាង​ឲ្យ​ប្រជា​ជន​ក្នុង​ឃុំ​ព្រែក​ស្លែង​ដែល​ត្រូវ​បាន​កោះ​ហៅ​ដោយ​កង​រាជ​អាវុធ​ហត្ថ​ ថា​លោក​ស្រី​និង​តំណាង​ផ្សេង​ទៀត​មិន​ទៅ​បំភ្លឺ​នៅ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កណ្តាល​ទេ​ដោយ​សារ​ស្ថាប័ន​ទាំង​នោះ​មិន​អាច​ជួយ​អន្តរាគមន៍​និង​ដោះ​ស្រាយ​ជូន​ពួក​គាត់​តែ​ថែម​ទាំង​ដាក់​សម្ពាធ​លើ​ពួក​គាត់​។


អ្នកស្រី បាន​មាន​ប្រសាសន៍​ថា ៖​ «យើង​មិន​ទៅ​ដោយ​សារ​តែ​ពួក​យើង​រង​នៅ​ការ​ដែល​គេ​រំលោភ​យក​ដី​ហើយ​បែរ​ជា​អ្នក​យក​ដី​ប្តឹង​ពួក​យើង​វិញ ​ដូច្នេះ​យើង​មិន​ទៅ​ស្រាយ​បំភ្លឺ​ទេ​។ បើ​គេ​ចាប់​ខ្លួន​ តាម​ដំណើរ​ទៅ​។​ ហើយ​ចាប់​ប្រជាជន​ទាំង​អស់​ដាក់​គោក​ទៅ​ពី​ប្រជាជន​ទាំង​អស់​ក៍​ជា​ម្ចាស់​ដី​ដែរ​… បង្ហាញ​ថា​រដ្ឋា​ភិបាល​មិន​ជួយ​ដោះស្រាយ​​ជូន​ប្រជា​ជន​តែ​បែរ​ជា​ចាប់​ប្រជា​ជន​ដាក់​គុក ហើយ​រដ្ឋា​ភិបាល​លំអៀង​ទៅ​កាន់​ក្រុម​ដែល​យក​ដី​ប្រជា​ជន​»។

ជម្លោះ​ដី​ធ្លី​ដ៏​ជូរ​ចត់​ រវាង​ក្រុមហ៊ុន​ ហេង អភិវឌ្ឍន៍ របស់​លោកស្រី សៀង​ចាន់ហេង និង​អ្នកភូមិ​បាន​វិល​ត្រឡប់​មក​វិញសាជាថ្មី ក្រោយ​មានការ​ប្រកាស​គម្រោង​ព្រលាន​យន្តហោះ ដ៏ធំ​នៅ​ស្រុក​កណ្តាល​ស្ទឹង​នេះ។

កាលពីនៅឆ្នាំ ២០០៩ ​ជម្លោះ​ផ្ទុះ​ឡើង​ទៅ​ជា​អំពើ​ហិង្សា​បន្ទាប់​ពី​កំលាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​បាញ់​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ដែល​ធ្វើ​ឱ្យ​រង​របួស​ពីរ​នាក់៕