ភ្នំពេញៈ អតីតប្រធានគណបក្សសង្គ្រោះជាតិប្រចាំនៅទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក កាលពីម្សិលមិញបានប្រកាសមិនគាំទ្រចំពោះការជួបប្រជុំធ្វើវេទិកាសាធារណៈរបស់កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា ដោយអះអាងថា ទង្វើនេះមិនមានមូលដ្ឋានច្បាស់លាស់ និងមិនស្ដាប់ហេតុផលពីមន្ត្រីជាន់ខ្ពស់ក្នុងបក្ស។
តាមគម្រោងរបស់កញ្ញា កឹមមនោវិទ្យា ប្រកាសជួបជុំធ្វើវេទិកាសាធារណៈនៅថ្ងៃ ១៨ កុម្ភៈម្សិលមិញនៅទីក្រុងឡុងប៊ិច ដើម្បីផ្សព្វផ្សាយពីលទ្ធផល និងការខិតខំប្រឹងប្រែងផ្នែកការទូតរបស់គណបក្សសង្គ្រោះជាតិ។
លោក ចាន់ វាសនា អតីតប្រធានគណបក្សសង្គ្រោះជាតិប្រចាំនៅទីក្រុងឡុងប៊ិចបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា លោកប្រកាសមិនគាំទ្រកម្មវិធីនេះទេ ដោយសារតាមវិន័យរបស់អតីតបក្សសង្គ្រោះជាតិបានចែងថា ប្រសិនបើមន្ត្រីសមាជិកជាន់ខ្ពស់បក្សណាម្នាក់ចេញទៅទស្សនកិច្ច ឬបើកវេទិកានៅទីណាក៏ដោយគឺត្រូវទៅដោយមានតំណាងរាស្ត្រអមជាមួយយ៉ាងហោចណាស់ក៏ម្នាក់។
លោកបានបន្តថា ប៉ុន្ដែសម្រាប់កម្មវិធីរបស់កញ្ញា កឹម មនោវិទ្យា គឺបានអនុម័ត និងសម្រេចដោយមិនបានឆ្លងយោបល់ពីអ្នកណាឡើយហើយក៏មិនបានស្ដាប់តាមការណែនាំរបស់មន្ត្រីជាន់ខ្ពស់ក្នុងគណបក្សណាម្នាក់ដែរដោយការសម្រេចនោះគឺធ្វើឡើងតែម្នាក់ឯង ពីព្រោះកញ្ញាកំពុងតែគិតថា ខ្លួនឯងជាតួឯកនៅក្នុងរឿងនេះ។
លោកបានបន្តថា មិនបានស្អប់ ឬយកអ្នកណាជាសត្រូវនោះទេ ហើយលោកក៏មិនគាំទ្របុគ្គល សម រង្ស៊ី ឬ កឹម សុខា តែម្នាក់ៗដែរ ប៉ុន្ដែលោកតែងគាំទ្រដល់គណបក្សសង្គ្រោះជាតិទាំងមូល។
លោកបានបញ្ជាក់ទៀតថា៖ «កញ្ញាធ្វើនេះមិនបានឆ្លុះបញ្ចាំងពីការគោរពគ្នាទៅវិញទៅមកក្នុងនាមជាមន្ត្រីធ្វើការជាមួយគ្នាទេ ព្រោះកញ្ញាកំពុងគិតថា ខ្លួនឯងជាតួឯក។ បើទោះបីជាគាត់ធ្វើការងារនេះក៏ពិតមែន ប៉ុន្ដែគាត់ធ្វើចំពោះតែលោកឪពុកគាត់តែម្នាក់ ដោយមិនបានគិតពីផលប្រយោជន៍រួមនោះទេ ហើយការខ្វែងគំនិតគ្នានេះ ក៏មិនមែនជាសញ្ញានៃការបែកបាក់គ្នាដែរ វាគ្រាន់តែជាការកែលម្អនូវចំណុចខ្វះខាតមួយតែប៉ុណ្ណោះ»។
កញ្ញា កឹម មនោវិទ្យា អនុប្រធានទំនាក់ទំនងសាធារណៈនៃអតីតគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញមិនអាចទាក់ទងសុំការបញ្ជាក់អំពីការខ្វែងគំនិតគ្នានេះបានទេ។
បើតាមម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Brady N Yong ដែលជាសកម្មជនម្នាក់របស់អតីតគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកបានសរសេរថា៖ «វេទិកាសាធារណៈជួបជាមួយកញ្ញា មនោវិទ្យា នៅក្នុងទីក្រុងឡុងប៊ិចជាសញ្ញាថ្មីមួយទៀតដែលធ្វើឱ្យគណបក្សសង្គ្រោះទាំងមូលមានការបែកបាក់ផ្ទៃក្នុង ដោយសារលោក ចាន់ វាសនា ប្រធាននៅឡុងប៊ិចប្រកាសមិនគាំទ្រ»។
ចំណែក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា វាជាសញ្ញាបែកបាក់គ្នាដែលគ្មានថ្ងៃរួបរួមគ្នាម្ដងទៀតបានទេ។ យ៉ាងណាមិញនៅក្នុងចលនាសង្គ្រោះជាតិដែលលោក សម រង្ស៊ី និងបក្ខពួកបានបង្កើតនាពេលថ្មីៗនេះក៏មានការបែកបាក់គ្នាយ៉ាងខ្លាំងរវាងភាគី កឹម សុខា និយម និងភាគី សម រង្ស៊ី និយមផងដែរ។
លោក សុខ ឥសាន បានបញ្ជាក់ថា៖ «ជាក់ស្តែងតាំងពីកើតមក ភាគីទាំង ២ មិនឯកភាពគ្នាទេ ហើយវាយប្រហារគ្នាទៅវិញទៅមករហូត»។
កាលពីថ្ងៃទី ១៨ ខែកុម្ភៈម្សិលមិញ កញ្ញា កឹម មនោវិទ្យា មានគម្រោងបង្កើតឲ្យមានការជួបប្រជុំវេទិកាសាធារណៈមួយនៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក។ ប៉ុន្តែនៅមុនថ្ងៃប្រជុំនេះស្រាប់តែមានប្រតិកម្មពីពលរដ្ឋនៅទីនោះ ជាពិសេសលោក ចាន់ វាសនា អតីតប្រធានបក្សប្រឆាំងប្រចាំនៅទីក្រុងនេះមិនឯកភាពឲ្យធ្វើដោយបានប្រកាសមិនស្វាគមន៍ឡើយ៕