ភ្នំពេញៈ ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី បាន​ប្តេជ្ញា​ប្រយុទ្ធ​ស្រោចស្រង់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​នោះ​យក​មក​វិញ ហើយ​ប្រកាស​តតាំង​ទល់​នឹង​លោក​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន ក្នុង​សង្វៀន​នយោបាយ​ឆ្នាំ​ ២០១៨ ​នេះ​ដែល​ជា​ទឹក​ផ្តាច់ព្រ័ត្រ ដើម្បី​រំដោះ​ប្រទេស​ជាតិ​ពី​ក្នុង​របប​សព្វថ្ងៃ និង​បាន​អំពាវនាវ​ឲ្យ​សមាជិក​បក្ស​កាន់​អំណាច​ចូលរួម​សង្គ្រោះ​ជាតិ​ជាមួយ​លោក​។


លោក​ សម រង្ស៊ី ដែល​ជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ និង​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ដើម្បី​គេច​ពី​ការ​តាម​ចាប់​ខ្លួន​ពី​អាជ្ញាធរ​លោក​ ហ៊ុន សែន ជា​គូប្រកួត​នយោបាយ​របស់​ខ្លួន​នោះ​ក្នុង​ជំនួប​ជាមួយ​អ្នក​គាំទ្រ​ជាង​ ១០០ នាក់​ក្នុង​វត្ត​មួយ ក្នុង​ទីក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី​ ១៥ កុម្ភៈ អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​មួយ​នេះ បាន​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចុះ​ចូល​ជាមួយ​ចលនា​សង្គ្រោះ​ជាតិ ដើម្បី​សង្គ្រោះ​ប្រទេស​ពី​ការ​គ្រប់គ្រង​របស់​ ហ៊ុន សែន ឡើង​វិញ​។

លោក​ចាត់​ទុក​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជា​អ្នក​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ជា​ជនឧក្រិដ្ឋ​។

លោក​ សម រង្ស៊ី ថ្លែង​ថា​៖ «​ដរាប​ណា​ខ្ញុំ​នៅ​មាន​ជីវិត ដរាប​ណា​ខ្ញុំ​នៅ​មាន​សេរីភាព ខ្ញុំ​នឹង​ធ្វើឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ ដំណើរការ​ទៅ​មុខ អត់​គាំង​ដាច់​ខាត​។ ហ៊ុន សែន មិន​ដឹង​សប្បាយ​ចិត្ត​យ៉ាង​ណា យួន​មិន​ដឹង​សប្បាយ​ចិត្ត​យ៉ាង​ណា បើ​ សម រង្ស៊ី ឈប់​ធ្វើ​នយោបាយ បើ​ សម រង្ស៊ី ឱប​ដៃ កឹម សុខា ជាប់​គុក សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​រងា តែលតោល ស្ទើរ​តែ​អស់​សង្ឃឹម​»​។


ជាមួយ​នឹង​ការ​អំពាវនាវ​នេះ​លោក​ រង្ស៊ី ក៏​បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​ទាំងអស់​មិន​ត្រូវ​បង្ហាញ​អត្តសញ្ញាណ និង​ត្រូវ​ឆ្លើយ​ថា​មិន​គាំទ្រ​បើ​សិន​ត្រូវ​បាន​គេ​សួរ​អំពី​ចលនា​នេះ​។ លោក​ថ្លែង​ថា លោក​ កឹម សុខា ដែល​កំពុង​នៅ​ក្នុង​គុក គឺ​មិន​អាច​បះបោរ ឬ​អំពាវនាវ​កុំ​ឲ្យ​កងទ័ព​បាញ់​ប្រជារាស្ត្រ និង​ធ្វើឲ្យ​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​បែកខ្ញែក​បាន​នោះ​ទេ មាន​ន័យ​ថា កឹម សុខា មិន​អាច​និយាយ​អ្វី​កើត​ទេ​។


លោក​បញ្ជាក់​ថា​៖ «​បងប្អូន អ៊ីចឹង​សួរ​ថា កឹម សុខា គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​ទេ​? កឹម សុខា ច្បាស់​ជា​អត់​ថា​អ្វី​ទាំងអស់ ថា​អី្វ​ក្នុង​កណ្តាប់​ដៃ​គេ ហ៊ាន​? សម រង្ស៊ី តតាំង​ជាមួយ​ ហ៊ុន សែន ប្រយុទ្ធ​ជាមួយ​ ហ៊ុន សែន ផ្ដាច់ព្រ័ត្រ ធ្វើ​ម៉េច​រំដោះ​ប្រទេស​ជាតិ​ពី​ក្រញាំ​ជនពាល ជនឃាតករ ជន​ក្បត់​ជាតិ​ ហ៊ុន សែន​»​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​ប្រាប់​ទៅ​បងប្អូន​យើង​ក្នុង​ជួរ​គណបក្ស​ប្រជាជន មាន​តែ​ ហ៊ុន សែន ទេ​ដែល​ជា​ជនឧក្រិដ្ឋ បើ​បងប្អូន​នៅ​ជាមួយ​ ហ៊ុន សែន បងប្អូន​ធ្វើ​តាម​បញ្ជា​ ហ៊ុន សែន ជាពិសេស​ទាហាន ប៉ូលិស ទៅ​បាញ់​ប្រជារាស្ត្រ​តាម​បញ្ជា​ ហ៊ុន សែន ក្លាយ​ទៅ​ជា​ជនឧក្រិដ្ឋ​។ សូម​បងប្អូន​កុំ​ភ្ជាប់​វាសនា​បងប្អូន​ជាមួយ​ជនឧក្រិដ្ឋ​ ហ៊ុន សែន​។ ជនឧក្រិដ្ឋ​ ហ៊ុន សែន អស់​លក្ខណ៍​ហើយ បងប្អូន​ចាកចេញ​ពី​ ហ៊ុន សែន មក​ចាប់​ដៃ​ជាមួយ​សង្គ្រោះ​ជាតិ សង្គ្រោះ​ជាតិ​របស់​យើង​ជាមួយ​គ្នា​»​។

លោក​ក៏​អះអាង​ថា រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន កំពុង​រង​គំនាប​របស់​សហគមន៍​អន្តរជាតិ​ជុំវិញ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ក្រោយ​ការ​ចាប់​ខ្លួន​អតីត​មេបក្ស​ប្រឆាំង​លោក​ កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូ​ប្រជែង​តែ​មួយ​គត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ឆ្នាំ​នេះ​។

ជាមួយ​គ្នា​នេះ​ដែរ​ចលនា​សង្គ្រោះ​ជាតិ​ក៏​បាន​ចាប់ផ្ដើម​យុទ្ធនាការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ពហិការ​ឈប់​ទិញ​ទឹក​សុទ្ធ​ម៉ាក វីតាល់ (Vital) និង​មុខ​ទំនិញ​មួយ​ចំនួន​ផ្សេងៗ​ទៀត​ចាប់​ពី​សប្ដាហ៍​ក្រោយ​ដោយ​លើក​ឡើង​ថា ផលិតផល​ទាំងនោះ​ជា​របស់​គ្រួសារ​ត្រកូល​ ហ៊ុន និង​បក្ខពួក​ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

ប៉ុន្តែ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ ឥសាន អះអាង​ថា ពលរដ្ឋ​កម្ពុជា​នឹង​មិន​ស្ដាប់​តាម​ការ​អំពាវនាវ​របស់​ចលនា​សង្គ្រោះ​ជាតិ​ដាច់​ខាត ព្រោះ​ពួកគេ​ត្រូវការ​ទឹក​ដើម្បី​បរិភោគ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ថា ការ​អំពាវនាវ​របស់​ក្រុម​មេឧទ្ទាម​ក្រៅ​ច្បាប់ វា​កាន់តែ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ចរិត​ពិសពុល​។ បើ​ចង់​អត់​ទឹក អាហ្នឹង​អត់​ខ្លួន​ឯង​ទៅ ចាំបាច់​អី​ទៅ​អំពាវនាវ ឬ​ក៏​អូសទាញ​ប្រជាជន​ឲ្យ​ឈប់​ផឹក​ទឹក​ម៉េច​កើត ហើយ​វា​គ្មាន​ប្រជាជន​ណា​ឆោត​ល្ងង់​ទៅ​ជឿ​ពួក​ឧទ្ទាម​នោះ​ទេ​»​។

លោក​ក៏​មិន​ជឿ​ថា មន្ត្រី​គណបក្ស​របស់​លោក​នឹង​រត់​ទៅ​ចូលរួម​ជាមួយ​ចលនា​សង្គ្រោះ​ជាតិ​នោះ​ដែរ ហើយ​លោក​ក៏​ហៅ​ «​ការ​ប្រយុទ្ធ​ចុង​ក្រោយ​» ​របស់​លោក​ សម រង្ស៊ី​ថា​ជា​ការ​ស្លាប់​របស់​លោក​ រង្ស៊ី ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​គណបក្ស​ប្រជាជន​មិន​ល្ងង់ សមាជិក​គណបក្ស​ប្រជាជន​មិន​ភ្លើ​ទៅ​តាម​ការ​ញុះញង់ អូសទាញ​របស់​ទណ្ឌិត​ សម រង្ស៊ី ទេ ហើយ​ការ​ដែល​ទៅ​អូស្ត្រាលី​លើក​នេះ វា​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា វា​អស់​គុម្ពោត​ជ្រក​ហើយ ទៅ​អាមេរិក​វា​អត់​បាន​ការ ទៅ​ EU ក៏​អត់​បាន​ការ រហូត​ដល់​អំពាវនាវ​ឲ្យ​អាមេរិក ទៅ​អូសទាញ​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង វា​អត់​បាន​ការ​ទៀត ឥឡូវ​ទៅ​ដល់​អូស្ត្រាលី​ក៏​អត់​បាន​ការ​ទៀត​»​។

លោក​បន្ថែម​ថា​៖ «​ការ​ប្រយុទ្ធ​ផ្ដាច់ព្រ័ត្រ​របស់​ទណ្ឌិត​ សម រង្ស៊ី វា​ជា​ការ​ស្លាប់​ចុង​ក្រោយ​របស់​ សម រង្ស៊ី ​តែ​ប៉ុណ្ណោះ ឬ​ជា​បរាជ័យ​ចុងក្រោយ​របស់ សម រង្ស៊ី​»​។

ដោយ​ឡែក​លោក លី សុផាណា អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​អះអាង​ថា ស្ថាបនិក និង​សមាជិក​ពេញ​សិទ្ធិ​នៃ​ចលនា​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពុង​ស៊ើបអង្កេត និង​ចាត់​វិធានការ​យ៉ាង​តឹងរ៉ឹង​ដែល​ក្នុង​នោះ​ស្ថាបនិក និង​សមាជិក​ពេញសិទ្ធិ​នៃ​ចលនា​សង្គ្រោះ​ជាតិ​រួម​មាន​ទណ្ឌិត​ សម រង្ស៊ី ជា​ប្រធាន​, លោក​ សុខា លី ជា​អនុប្រធាន​, លោក​ រី គា ជា​អគ្គលេខាធិការ​, លោក​ អូន ឈឹម​, លោក​ សៀ ភារម្យ​, លោក សូរី ប៉ុន និង​បុគ្គល​មួយ​ចំនួន​ទៀត​ព្រម​ទាំង​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​រួមមាន​លោកស្រី ជូឡុង ស៊ូមួរ៉ា​, លោក ហូរ វ៉ាន់​, លោក តុ វ៉ាន់ចាន់​, លោក នុត រំដួល និង​បុគ្គល​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​ក៏​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​តុលាការ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ផង​ដែរ​។

លោក សុផាណា បាន​បញ្ជាក់​ថា​៖ «​យោង​តាម​សំណុំ​រឿង​ដែល​បាន​ទទួល ចលនា​សង្គ្រោះ​ជាតិ​នេះ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ និង​កម្លាំង​ប្រដាប់​អាវុធ​ធ្វើការ​បះបោរ​ប្រឆាំង​នឹង​រាជការ​ដែល​ជា​រដ្ឋអំណាច​ស្រប​ច្បាប់​។ អំពើ​ដូច​នេះ​មិន​ខុស​ពី​អំពើ​ឧទ្ទាម ដែល​ជា​អំពើ​ប្រឆាំង​នឹង​សន្តិសុខ​ជាតិ ខុស​ទៅ​នឹង​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។ អយ្យការ​កំពុង​ពិនិត្យ និង​ចាត់ការ​លើ​ពាក្យ​បណ្តឹង​នេះ ហើយ​ថ្នាក់​ដឹកនាំ​នៃ​ចលនា​ខុស​ច្បាប់​នេះ​រួម​ទាំង​បណ្តាញ​សែរយៈ​នៃ​ចលនា​ខុស​ច្បាប់​នេះ ទាំង​ក្នុង​ស្រុក ទាំង​ក្រៅ​ស្រុក កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច​»​។

លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​បាន​បើក​យុទ្ធនាការ​ដូចនេះ​កាលពី​ ២ ​ឆ្នាំ​មុន​ បន្ទាប់ពី​មាន​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​មក​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​។

លោក​ថា យុទ្ធនាការ​មុន​នោះ​មិន​ទទួល​បាន​ជោគជ័យ​ទេ ប៉ុន្តែ​ម្ដង​នេះ​វា​អាច​ទទួល​បាន​ជោគជ័យ​ជាង​នៅ​ពេល​ដែល​ស្មារតី​ ឬ​គំនិត​ផ្លាស់ប្ដូរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​ដូចជា​នៅ​តែ​មាន​សន្ទុះ​ខ្លាំង​នៅ​ឡើយ​ក្នុង​ប្រទេស ប្រសិន​បើ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ទូទាំង​ប្រទេស​អាច​ទទួល​បាន​សារ​អំពាវនាវ​នេះ​។

លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ ថ្លែង​ថា​៖ «​ពេល​គាត់​មាន​វត្តមាន​នៅ​ក្នុង​ស្រុក​គាត់​មាន​អង្គភាព​មួយ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ជួយ មាន​សេរីភាព​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ និង​មាន​អ្នក​បោះឆ្នោត​ជិត​ពាក់​កណ្ដាល​នៅ​គាំទ្រ​គាត់​។ ជាមួយ​នឹង​ការ​ប្រយុទ្ធ​ផ្ដាច់ព្រ័ត្រ​របស់​លោក​ សម រង្ស៊ី ជាមួយ​នឹង​លោក​ ហ៊ុន សែន អាច​នឹង​មិន​ទទួល​បាន​ជោគជ័យ​ទេ​។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​នេះ​គឺជា​កម្ពុជា ហើយ​អ្វីៗ​ក៏​អាច​កើតឡើង​បាន​ដែរ​នៅ​ក្នុង​ប្រទេស​នេះ​»៕