លោក​ ហ៊ុន សែន​រិះគន់​មេដឹកនាំ​ប្រទេស​ពីរ​ដែល​មិន​បាន​អនុវត្ត​តាម​ការ​សន្យា​ដូច​ក្នុង​ពេល​ឃោសនា​បោះឆ្នោត

Content image - Phnom Penh Post
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់​ដៃ​ជាមួយ​លោក​ស្រី អ៊ុងសាន ស៊ូជី ក្នុង​កម្មវិធី​មួយ​ក្នុង​ប្រទេស​ប្រ៊ុយណេ។ រូបថត ហ្វេសប៊ុក

ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​បញ្ចេញ​វោហារស័ព្ទ​រិះគន់​មេដឹកនាំ​កំពូល​នៃ​ប្រទេស​ចំនួន​ ២ ​ថា​បាន​សន្យា​ជ្រុល នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​ខ្លួន តែ​មិន​អាច​អនុវត្ត​ការ​សន្យា​ទាំង​នោះ​បាន​នៅ​ពេល​ដែល​ខ្លួន​បាន​ឡើង​កាន់​អំណាច​។

នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជយលាភី​នៃ​សាកល​វិទ្យាល័យ ឯកទេស​នៃ​កម្ពុជា (CUS) ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​លោក​នាយក​រដ្ឋមន្ត្រី​បាន​រិះគន់​ដោយ​សំដៅ​ដល់​មេដឹកនាំ​ប្រទេស​ក្រិក និង​មីយ៉ាន់ម៉ា​ថា មិន​អាច​ធ្វើ​បាន​ដូច​ការ​សន្យា​របស់​ពួកគេ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ក្រោយពី​បាន​ឡើង​កាន់​អំណាច​។

លោក​ ហ៊ុន សែន ថ្លែង​រិះគន់​ដោយ​មិន​បញ្ចញ​ឈ្មោះ​ តែ​ហាក់​ដូចជា​សំដៅ​ទៅ​ដល់​លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​មីយ៉ាន់ម៉ា​ដ៏​មាន​ប្រជាប្រិយភាព​ចំពោះ​ «​វិបត្តិ​មនុស្សធម៌​នៃ​បញ្ហា​ជន​ភៀសខ្លួន​» ជនជាតិ​ភាគតិច រ៉ូហ៊ីងយ៉ា ដែល​គេ​ចាត់​ទុក​ថា​ជា​ជនជាតិ​ភាគតិច​ដែល​ងាយ​រងគ្រោះ​បំផុត​។

ចាប់​តាំងពី​ចុង​ខែ​សីហា​មក​បន្ទាប់ពី​ការ​ប៉ះទង្គិច​គ្នា​ក្នុង​រដ្ឋ​រ៉ាក់ឃីនទី​ដែល​កងទ័ព​មីយ៉ាន់ម៉ា​បាន​បើក​ប្រតិបតិ្តការ​បង្ក្រាប​ពួក​ឧទ្ទាម​រ៉ូហ៊ីងយ៉ា​ដែល​បាន​បណ្ដាល​ឲ្យ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ជាង​កន្លះ​លាន​នាក់​បាន​រត់​ភៀស​ខ្លួន​ទៅ​ព្រំដែន​ប្រទេស​បង់ក្លាដែស​។

លោកស្រី ស៊ូជី ត្រូវ​បាន​គេ​ស្ដីបន្ទោស​ថា​បាន​ព្រងើយកន្ដើយ​ចំពោះ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ប្រឆាំង​ជនជាតិ​រ៉ូហ៊ីងយ៉ា ខណៈ​ដែល​អំណាច​ប្រដាប់​អាវុធ​របស់​ប្រទេស​នេះ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ដៃ​ពួក​យោធា​ដែល​កាន់​អំណាច​រាប់​ទសវត្សរ៍​មក​ហើយ​នៅ​ឡើយ​។

លោក ហ៊ុន សែន បាន​ថ្លែង​ថា​៖ «​ប្រទេស​ខ្លះ អ្នក​នយោបាយ​អនុវត្ត​ជ្រុល សន្យា​ជ្រុល ទី​ចុង​បំផុត ឥឡូវ​ដល់​ពេល​ឡើង​គ្រប់គ្រង​អំណាច​គឺ​បាន​សេចក្ដី​ថា​ធ្វើ​មិន​កើត ប្រទេស​ខ្លះ សន្យា​ថា នឹង​បញ្ឈប់​ការ​រើសអើង​ចំពោះ​ជនជាតិ​ភាគតិច ប៉ុន្តែ​ឥឡូវ​នេះ​គឺ​ប្រទេស​នោះ ញាំញី​ទៅ​ដោយ​ជម្លោះ​លើ​បញ្ហា​ជនជាតិ​ភាគតិច​បទ​ឈប់​បាញ់​ដែល​បាន​កើតឡើង​កន្លង​ទៅ​ក៏​ត្រូវ​បាន​បាញ់​គ្នា​ឡើង​វិញ​»​។

លោក​បន្ថែម​ថា​៖ «​ដូច្នេះ​ក្នុង​ការ​គ្រប់គ្រង​រដ្ឋ បក្សនយោបាយ ដែល​គ្រប់គ្រង​រដ្ឋ​ដឹកនាំ​ប្រទេស​ទាមទារ​នូវ​ចក្ខុវិស័យ​វែង​ឆ្ងាយ មិនមែន​កញ្ឆក់​កណ្ដៀត​ទៅ​តាម​ដំណាក់កាល​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ម្ដងម្កាល​ទេ ក៏​ប៉ុន្តែ​ទាមទារ​ធ្វើឲ្យ​ត្រូវ​»​។

លោក​ ហ៊ុន សែន ក៏​បាន​រិះគន់​នាយក​រដ្ឋមន្ត្រី​ប្រទេស​ក្រិក​លោក Alexis Tsipras ផង​ដែរ​ថា​បាន​បរាជ័យ​ចំពោះ​ការ​សន្យា​របស់​ខ្លួន​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ស្ដីពី​បញ្ហា​ពន្ធដារ​។

លោក​បាន​បញ្ជាក់​ថា​៖ «​នៅ​អឺរ៉ុប​ប្រទេស​ក្រិក​ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​លោក Alexis Tsipras បាន​សន្យា​ថា​បើ​សិន​ជា​ខ្លួន​ឈ្នះ ខ្លួន​នឹង​បញ្ឈប់​ការ​យក​ពន្ធ​ស្អី​ទាំងអស់​...​ហើយ​គាត់​នឹង​ចាកចេញ​លែង​ស្គាល់​ពួក​អឺរ៉ុប គាត់​នឹង​ដក​ខ្លួន​ចេញ គាត់​បន្ថយ​ពន្ធ​ដល់​ពេល​មាន​អី​គាត់​យក​ពន្ធ​ [​វិញ​] យក​ហ្អែង​ខ្ទេច​។ កាត់​ប្រាក់ខែ ហើយ​ឡើង​ពន្ធ​ទៀត ហើយ​បញ្ឈប់​ការងារ​។ មិន​បញ្ឈប់​ [​ការ​យក​ពន្ធ​] ​ឯណា​ទៅ​បញ្ឈប់​ទូរទស្សន៍​ជាតិ​មុន​គេ​»​។

លោក​បាន​បញ្ជាក់​ទៀត​ថា​៖ «​គោលនយោបាយ​ដឹកនាំ​រដ្ឋ​មិនមែន​គ្រាន់​តែ​បញ្ហា​ធ្វើ ដើម្បី​ឃោសនា ហើយ​យក​សន្លឹកឆ្នោត​នោះ​ទេ ក៏​ប៉ុន្តែ​ទាមទារ​ឲ្យ​គិតគូរ​ហ្មត់ចត់​តាំងពី​ចំណុច​ថវិកា​ទ្រទ្រង់​បាន​ឬ​មិន​បាន​»​។ ​«​អ៊ីចឹង​ទេ​បាន​ជា​ខ្ញុំ​ព្រះករុណា​ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ណាស់​ដែល​បាន​ចូលរួម​ចំណែក​ជាមួយ​ព្រះតេជគុណ​...​រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា​។ អ្នក​ខ្លះ​រួម​តែ​សុខ តែ​ទុក្ខ​មិន​បាន​រួម​ទេ​...​ទទួល​ខុសត្រូវ តែ​អ្នក​ខ្លះ​ទទួល​ត្រឹម​អាត្រូវ​ទេ ខុស​វា​អត់​ទទួល​ទេ​»​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​លោក ហ៊ុន សែន ក៏​បាន​លើក​ឡើង​ពី​ជម្លោះ​ប្រដាប់​អាវុធ​នៅ​ប្រទេស​ហ្វីលីពីន វិបត្តិ​ទាមទារ​ឯករាជ្យ​របស់​ពួក​ជនជាតិ​ឃើដ​នៅ​អ៊ីរ៉ាក់ ការ​ធ្វើ​ប្រជាមតិ​ទាមទារ​ផ្តាច់​ខ្លួន​នៅ​តំបន់​ស្វយ័ត​កាតាឡូនីញ៉ា​ពី​ប្រទេស​អេស្ប៉ាញ​រួម​ទាំង​វិបត្តិ​នុយក្លេអ៊ែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង និង​អ៊ឺរ៉ង់​ផង​ដែរ​។

ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏​ទំនង​ជា​ចង់​សំដៅ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តែងតែ​ធ្វើការ​សន្យា​ជាច្រើន​នៅ​រៀងរាល់​ការ​បោះឆ្នោត​ផង​ដែរ​។

ប៉ុន្តែ​លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា​លោក​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​មតិ​ឯកជន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ទេ​តែ​ថា​មាន​បញ្ហា​ជាតិ​មួយ​ចំនួន​ដែល​លោក ហ៊ុន សែន ខ្លួនឯង​នៅ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​ពិបាក​និយាយ​ថា​ការ​អនុវត្ត​របស់​គាត់​បាន​ប៉ុន្មាន​ភាគរយ និង​ប៉ុន្មាន​ភាគរយ​ដែល​មិន​បាន​គោរព​។ ប៉ុន្តែ​មាន​ការ​សង្កេត មាន​ការងារ​មួយ​ចំនួន​គាត់​គោរព​បាន ការងារ​ខ្លះ​​ទៀត គាត់​មិន​បាន​គោរព ដូចជា​ពលរដ្ឋ​លើក​ឡើង​ពី​រឿង​ព្រៃឈើ​អីហ្នឹង ដូចជា​ថា​ការ​មិន​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​បាន គាត់​នឹង​កាត់​ក កាត់​អី​ជាដើម​»​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ថ្លែង​ថា លោក ហ៊ុន សែន គួរ​ផ្តោត​ជា​សំខាន់​លើ​បញ្ហា​ប្រឈម​ក្នុង​ស្រុក​ជា​ជាង​ថ្លែង​រិះគន់​មេដឹកនាំ​ប្រទេស​ដទៃ​។ «​វា​ជា​រឿង​ដែល​នៅ​ឆ្ងាយ​ពី​បញ្ហា​កម្ពុជា ខណៈ​ពេល​ដែល​កម្ពុជា​យើង​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ ហើយ​យើង​ចង់​ឲ្យ​អ្វី​ដែល​រដ្ឋាភិបាល​សន្យា​កន្លង​មក​នៅ​ក្នុង​កម្រិត​ជាតិ​ហ្នឹង​ឲ្យ​មាន​ការ​អនុវត្ត​ឲ្យ​បាន​ល្អ​ប្រសើរ​ ខណៈ​ស្ថានភាព​មិន​សូវ​ល្អ​នៅ​ក្នុង​ប្រទេស ដូចជា​ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​ជួញដូរ​ឈើ​ខុស​ច្បាប់​ដែល​កក្រើក​ឡើង​វិញ​យ៉ាង​ខ្លាំង​»៕