ភ្នំពេញៈសភា​ព្រហ្មទ​ណ្ឌ​សាលា​ឧទ្ធរ​ណ៍​នៅ​ព្រឹក​ថ្ងៃ​ទី ​១៩ ​ខែ​កុម្ភៈ​​នេះ​ បាន​បើក​សវនា​ការ​លើ​បណ្តឹង​ទាស់​របស់​បុរស​ជន​ជាតិ​ ប៉ាគី​ស្ថាន​ ម្នាក់​ពាក់​ព័ន្ធ​លួច​ដក​លុយ​ពី​ម៉ាស៊ីន A​.​T​.​M​​ នៅ​ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ប្រ​ព្រឹត្ត​កាល​ពី​ឆ្នាំ ​២​០​១​៤​។​


លោក​ស្រី​ចៅ​ក្រម​ ទិត្យ​​ សុធី​បូរ៉ា​លក្ខណ៍​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ថ្លែង​ថា​ បុរស​ជាប់​ចោទ​នោះ​ឈ្មោះ ​KHAN​A ZHAR​HAMEED​​ អា​យុ​​ ៤៨ ​ឆ្នាំ ​(​២​០​១​៤​)​​ និង​មាន​មិត្ត​ភ័ក្ដិម្នាក់​ទៀត​ឈ្មោះ ​RANA​​TA RIQ​​MAH​MOOD​​ ជាជ​នជាតិ​ប៉ាគី​ស្ថាន​ដូច​គ្នា​។ពួកគេ​បាន​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​លួច​ដក​លុយ​ក្នុ​ង​ទូ ​A​.​T​.​M​ នៅ​ក្នុង​កាស៊ី​ណូ​ហូលី​ដេ​នៅ​ទី​ក្រុង​ប៉ោយ ​។

លោក​ស្រី​បន្ត​ថា​ លុយ​ដែល​ពួកគេ​​លួច​បាន​មាន​ចំនួន​ជាង​ ១​ លាន​បាត​ប្រាក់​ថៃ​ ប៉ុន្តែ​ដោយ​សារ​ម្ចាស់​កាស៊ី​ណូ​ដឹង​ក៏​ប្តឹង​ឲ្យ​នគរ​បាល​ចាប់​ខ្លួន​ ខណៈ​ឈ្មោះ​​ RANA​​TA RIQ​​MAHMOOD ​រត់​គេច​ខ្លួន​បាត់​។​

សំណុំ​រឿង​នេះ​ត្រូវ​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​​ផ្តន្ទា​ទោស​កាល​ពី​ឆ្នាំ ​២០១៥​ ដាក់​ពន្ធនា​គារ​ ៦ ​ឆ្នាំ​​ពី​បទ «​លួច​និង​ក្លែង​ឯក​សារ​សាធា​រណៈ​»​។​


ជន​ជាប់​ចោទ​ឆ្លើយ​ក្នុង​សវនា​ការ​នៅ​ថ្ងៃ​នេះ​ថា​ គាត់​ពិត​ជា​បាន​លួច​ដក​លុយ​ក្នុង​ទូ​ A​.​T​.​M​ ប្រាក​ដមែន​ តែ​លុយ​ទាំង​នោះ​ត្រូវ​មិត្ត​ភ័ក្ដិគាត់​​យក​រត់​បាត់​​ហើយ​។​


លោក​​ KHAN​A ZHAR​​HAMEED ​​ថ្លែងថា​៖​ «​ខ្ញុំ​សុំ​ឲ្យ​តុលា​ការ​ជួយ​បន្ថយ​ទោស​ដល់​ខ្ញុំ​ ព្រោះ​ខ្ញុំ​មា​ន​ម្តាយ​ចាស់​និង​មាន​កូន​តូច​អាយុ​៧​ឆ្នាំ​នៅប្រ​ទេស​ប៉ា​គី​ស្ថាន​»​។​

លោក​ គិន​ វិបុល​ មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក ​​KHAN​A ZHAR​​HAMEED​ បាន​សន្និ​ដ្ឋាន​ថា​ កូន​ក្តី​លោក​ សារ​ភាព​ហើយ​ ដូច្នេះ​សូម​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​អនុ​ញ្ញាត​បន្ថយ​ទោស​ខ្លះ​ដល់​គាត់​ផង​។

បើ​តាម​លោក​ស្រី​ចៅ​ក្រម​ សំណុំ​រឿង​នេះ​នឹង​ត្រូវ​ប្រកាស​សាល​ដីកា​នៅ​ថ្ងៃ​ទី​ ២​ ខែ​មីនា​ ខាង​មុខ​នេះ៕