ក្រុង​ប៉ារីសៈ លោក Pierre Moscovici គណៈកម្មាការ​​កិច្ច​ការ​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា លោកមិនរំពឹង​ថា ​នឹង​មានកិច្ចព្រមព្រៀង ​«ដ៏ប្រសើរ​» មួយ​ស្តី​ពី​កំណែទម្រង់នៅ​តំបន់​​រូបិយ​ប័ណ្ណ​​តែមួយ​នៅ​កិច្ច​ប្រជុំ​កំពូល​របស់​សហភាព​អឺរ៉ុប​ក្នុង​ខែ​មិថុនា​ ​ខាង​មុខ​នេះនោះទេ។​

លោក​បាន​ប្រាប់​វិទ្យុ​បារាំង RFI នៅ​មុន​កិច្ច​ប្រជុំ​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អឺរ៉ុប​នាទីក្រុង​ ព្រុចសែល ​​ថា៖ «​យើងនឹង​មិនទទួល​បានអ្វីនោះទេ។ យើង​នឹង​មិនមាន​កិច្ចព្រមព្រៀង​ដ៏​ល្អ​មួយ​​ឡើយ ប៉ុន្តែ​​បើ​មាន​វឌ្ឍ​នភាព​​ស្តីពី​ការ​គ្រប់គ្រង​​​វិបត្តិ សមត្ថភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិនោះ យើង​នឹង​អាច​បោះ​ជំហ៊ានទៅ​មុខ​ដ៏​ប្រសើរ​មិន​ខាន​»។


ខណៈ​តំបន់​ប្រើ​ប្រាស់​រូបិយប័ណ្ណតែមួយ​ដែលមាន​ប្រទេស​ជា​សមាជិក​ចំនួន​ ១៩​ ​​នៅ​ទីបំផុត​​ងើប​ចេញពី​វិបត្តិ​អស់​រយៈ​ពេលជា​ច្រើនឆ្នាំនោះ មាន​ការ​ព្រមព្រៀង​នៅ​ក្នុង​ចំណោម​រដ្ឋាភិបាល​​ជាច្រើន​របស់​​​តំបន់នេះ​ថា ខ្លួន​ត្រូវ​តែ​ទទួលបានការ​ពង្រឹង ​ដើម្បី​ជម្នះ​បាន​​កាន់​តែ​ប្រសើរ​នូវ​​​​​វិបត្តិ​សេដ្ឋកិច្ចនាពេលអនាគត​ តែ​​មិន​មែន​ប្រទេស​ទាំង​អស់​សុទ្ធ​តែ​ឯកភាព​ចំពោះ​របៀប​ដ៏​ប្រសើ​របំផុត​ដើម្បី​ធ្វើការងារ​នេះ​នោះឡើយ។​​


លោក Moscovici មាន​ប្រសាសន៍ថា៖ «​កាលានុវត្តភាព​ជាក់​ស្តែង​» បាន​បើក​កាលពី​ឆ្នាំ​មុន ដោយ​មានការ​បោះ​ឆ្នោត​ជ្រើស​រើស​លោក Emmanuel Macron ​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​បារាំង ដែល​លោក​គឺជា​អ្នក​កំណែទម្រង់​មួយ​រូប​។​


មេដឹកនាំ​បារាំង​រូប​នេះ​បាន​បង្កើត​នូវទស្សន​​វិស័យ​ប្រកប​ដោយ​មហិច្ឆិតា​សម្រាប់កំណែ​ទម្រង់​របស់​អឺរ៉ុប ដូចជា ការ​ដែល​មានដាច់​ដោយ​ឡែក​ពីគ្នា​នូវ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​រៀប​ចំ​​ថវិកា​នៅ​តំបន់​ប្រើ​ប្រាស់​ប្រាក់​អឺរ៉ូ។​


​ឱកាស​នេះ «អាច​នឹង​បិទ» ក្នុង​ការ​បោះឆ្នោត​សភា​អឺរ៉ុប​នៅ​ឆ្នាំក្រោយ​នេះ​។


ការ​បង្កើត​បាន «រដ្ឋាភិបាល​ចម្រុះ​»​ និយម​ឆ្វេង និង​ស្តាំ កាល​ពី​សប្តាហ៍​មុន​នៅ​​ប្រទេស​អាល្លឺម៉ង់ ដែល​​ជា​​មហាអំណាច​សេដ្ឋកិច្ចនៅ​តំបន់​អឺរ៉ុ រវាង​លោក​ស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ និង​គណបក្ស​ប្រជាធិបតេយ្យ​សង្គមនិយម គឺ​ជា​ការ​គាំទ្រ​ដ៏​ប្រុង​ប្រយ័ត្ន​នៃ​គម្រោងធ្វើកំណែទម្រង់​របស់​លោក Macron។

លោក Moscovici អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា បើ​ទោះជា​​រូប​​លោក​គាំទ្រ «​គម្រោង​ថវិកា​តំបន់​ប្រើ​ប្រាស់​ប្រាក់​អឺរ៉ូ​ពិត​ប្រាកដ​មួយ​ក្តី​នោះ ក៏​យើង​ដឹងថា​យើង​នឹង​មិនមាន​គម្រោង​នេះនោះទេ»។​

ទោះជាយ៉ាង​​នេះក្តី លោក​បាន​ឲ្យ​ដឹង​បន្តថា លោក​សង្ឃឹមថា ​«យើង​នឹង​បោះជំហ៊ាន​ដំបូង​ទៅ​មុខ​យ៉ាង​ពិត​ប្រាកដ​នៅ​ក្នុងកិច្ច​ប្រជុំកំពូល​ក្នុង​ខែ ​មិថុនា​ ខាង​មុខនេះ៕ BP