ក្រុង​សានហ្រ្វាន​ស៊ីស្កូៈ ​ក្រុមហ៊ុន​ផលិត​បន្ទះឈីប​ដ៏ធំ​របស់​អាមេរិក Qualcomm កាល​ពី​ថ្ងៃ​ចុង​សប្តាហ៍​​មុន​ បាន​បដិសេធ​​ជា​លើក​ទីពីរ​នូវ​សំណើ​​​ទិញ​​​របស់​ក្រុម​ហ៊ុន សិង្ហបុរី Broadcom ​ក្នុង​តម្លៃ ១២១​​ ពាន់​លាន​ដុល្លារ តែ​ក្រុមហ៊ុននេះ ​បាន​ឲ្យ​ដឹងថា ​ខ្លួន​​នៅ​តែ​​ស្វាគមន៍ «កិច្ចពិភាក្សា​ជា​បន្ត​» ​ស្តីពី​ការ​ចង​សម្ព័ន្ធ​ណា​មួយ​។

រយៈ​ពេល​ពីរ​ថ្ងៃ បន្ទាប់​ពីកិច្ច​ប្រជុំ​មន្ត្រី​ប្រតិបត្តិ​កំពូល​របស់​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​កុំព្យូទ័រ​ធំៗ​ទាំង​ពីរ​នេះ​មក លោក Paul Jacobs ប្រធាន​ក្រុមហ៊ុន Qualcomm បាន​ឲ្យ​ដឹង​ថា សំណើ​ទិញ​​​​យក​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​វាយ​តម្លៃ​ឡើងវិញ​នា​ពេល​ថ្មីៗនេះ នៅ​តែ​មិន​ទាន់​អាច​ទទួល​​យក​បាន។​


តែលោក​បាន​បន្ត​ឲ្យ​ដឹង​ថា ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន Qualcomm «យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ការ​បង្កើន​តម្លៃ​សម្រាប់​ភាគហ៊ុនិក​ក្រុមហ៊ុន Qualcomm» ហើយ​អាច​ពិចារណា​ឡើង​វិញ បើ​ក្រុមហ៊ុន Broadcom វាយ​តម្លៃ​ឡើង​វិញ​នូវ​​តម្លៃ​ដែល​ខ្លួន


​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ Qualcomm។​


លោក​ Jacobs បាន​ឲ្យ​ដឹង​ក្នុង​លិខិត​បើក​ចំហរ​មួយ​ផ្ញើ​ជូន​លោក Hock Tan នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Broadcom ថា៖ «​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន​របស់យើង បើក​ទ្វា​​ស្វាគមន៍​ការ​ពិភាក្សា​ជា​បន្ត​ជាមួយនឹង​ក្រុមហ៊ុន Broadcom ប្រសិន​បើ​​​សំណើ ទិញ យក​ក្រុមហ៊ុន​មួយ​ដែល​ឆ្លុះបញ្ចាំង​បាន​ត្រឹម​ត្រូវ​នូវ​​តម្លៃ​ពិត​ប្រាកដ​របស់​ភាគហ៊ុន​នៃ​ក្រុមហ៊ុន ​Qualcomm និង​ធានា​បាន​នូវ​កម្រិត​សម​ស្រប​នៃ​ភាព​ប្រាកដ​ប្រជា​នៃ​កិច្ចព្រមព្រៀង អាច​ទទួល​បាន​នោះ»។​


លោក Jacobs បាន​ឲ្យ​ដឹង​ថា ការ​ផ្តល់​តម្លៃ​លើក​ចុង​ក្រោយ​នេះ «មាន​កម្រិត​ហានិភ័យ​ខ្ពស់​ដែល​មិន​អាច​ទទួល​យក​បាន» ហើយ​លោក​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ Broadcom ខក​ខាន​មិន​បាន​កាត់​បន្ថយ​ក្តី​បារម្ភ​អំពី​ថា ​តើ​កិច្ចព្រមព្រៀង​មួយ​នេះ អាច​ទទួល​បានការ​អនុម័ត​ពី​អាជ្ញាធរ​ប្រឆាំង​នឹង​ការ​ប្រកប​អាជីវកម្ម​ផ្តាច់​មុខ​នៅ​សហរដ្ឋ​អាមេរិក តំបន់​អឺរ៉ុប និង​នៅ​តំបន់​ផ្សេង​ទៀត​ឬ​យ៉ាង​ណា​នោះ៕ AFP/BP