ក្រុងប៉េកាំងៈ ប្រទេស​ចិន​បាន​ព្រមាន​ថា​នឹង​ចាត់​វិធានការ​ចាំបាច់​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ខ្លួន បើ​សហរដ្ឋ​អាមេរិក​ប្រើប្រាស់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ខ្លាំង​ប្រឆាំង​នឹង​ការ​នាំ​ចេញ​ដែក និង​អាលុយមីញ៉ូម​របស់​ខ្លួន​។

កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ បាន​ផ្តល់​អានុសាសន៍​យកពន្ធ​ខ្ពស់​លើ​ប្រទេស ​ចិន និង​ប្រទេស​ផ្សេង​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ផ្គត់ផ្គង់​ដែក និង​អាលុយមីញ៉ូម​លើ​ទីផ្សារ​ហួស​កម្រិត ដោយ​បាន​គិតគូរ​ពី​ជម្រើស​ដែល​អាច​អនុវត្ត​បាន​នៅ​ក្នុង​របាយការណ៍​មួយ​ផ្ញើជូន​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​។


វិធានការ​នេះ​បាន​ផ្តល់​ឱកាស​ឲ្យ​លោក ត្រាំ ដោះស្រាយ​បញ្ហា​សាធារណៈ ដោយ​ប្រើប្រាស់​គោលនយោបាយ​ពាណិជ្ជកម្ម «​អាមេរិក​ជា​អាទិភាព​» ពោលគឺ​លោក​ដល់​ពេល​ត្រូវ​សម្រេច​ចិត្ត​ស្តីពី​វិធានការ​មួយ​ចំនួន​នៅ​ខែក្រោយ​នេះ តែ​វា​បាន​ជំរុញ​ឲ្យ​មាន​ក្តីបារម្ភ​ពី​ការ​សងសឹក និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ធំៗ​ទាំង​ ២ ​របស់​ពិភពលោក​នេះ​។


លោក Wang Hejun ប្រធាន​នាយកដ្ឋាន​នៃ​ក្រសួង​ពាណិជ្ជកម្ម​ ចិន បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​របស់​សហរដ្ឋអាមេរិក​ថា​៖ «​បើ​ការ​សម្រេច​ចុងក្រោយ​របស់​សហរដ្ឋ​អាមេរិក ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រទេស​ចិន​នោះ យើង​នឹង​ចាត់​វិធានការ​ចាំបាច់​ដើម្បី​ការពារ​សិទ្ធិ​របស់​យើង​»​។


របាយការណ៍​របស់​ សហរដ្ឋ​អាមេរិក បាន​លើក​ឡើង​ពី​ក្តីបារម្ភ​អំពី​ការ​ផលិត​ហួស​កម្រិត​របស់​ប្រទេស​ចិន​ទាក់ទង​នឹង​សន្តិសុខ និង​ការ​ការពារ​ជាតិ ពោល​គឺជា​វិធីសាស្ត្រ​មួយ​ដែល​ត្រូវ​បាន​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​ពី​សំណាក់​លោក Wang​។


លោក​មាន​ប្រសាសន៍​ថា​៖ «​ការ​រកឃើញ​នៃ​ការ​ស៊ើបអង្កេត​ (​របស់​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​) គ្មាន​ហេតុផល​ច្បាស់លាស់ ហើយ​ពុំ​អាច​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​ជាក់ស្តែង​ទេ​»​។


លោក​បាន​បន្ត​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ «​មិន​គប្បី​ប្រើប្រាស់​វិធានការ​រឹតត្បិត ក្រោម​លេស​«​សន្តិសុខ​ជាតិ​» ដែល​ជា​រូបមន្ត​មិន​ច្បាស់លាស់​មួយ​ដែល​អាច​ជំរុញ​ឲ្យ​មាន​ការ​រំលោភបំពាន​ដោយ​ងាយ​នោះទេ​»​។

ប្រទេស​ចិន​ផលិត​ដែក​ប្រមាណ​ពាក់កណ្តាល​នៃ​ដែក​ពិភពលោក តែ​ផ្គត់ផ្គង់​តិច​ជាង​ ២ ​ភាគរយ​នៃ​ដែក​ដែល​ត្រូវ​បាន​នាំចូល​ដោយ​សហរដ្ឋអាមេរិក​។

សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ថា ការ​ផលិត​ហួស​កម្រិត​របស់​ប្រទេស​ចិន ត្រូវ​បាន​ផ្តល់​ឧបត្ថម្ភ​ធន​ច្រើន​ពីរ​ដ្ឋ និង​បាន​ធ្វើឲ្យ​តម្លៃ​ដែក​ពិភពលោក​ធ្លាក់​ចុះ ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផលិតកម្ម​ដែក​ក្នុង​ស្រុក​របស់​ខ្លួន​។

កាលពី​ថ្ងៃ​អង្គារ​ លោក ត្រាំ បាន​ចោទ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពី​បទ​បំផ្លាញ​ឧស្សាហកម្ម​ដែក និង​អាលុយមីញ៉ូម​របស់​អាមេរិក ដោយ​លោក​បាន​លើក​ឡើង​ថា លោក​កំពុង​ «​ពិចារណា​គ្រប់​ជម្រើស​ទាំងអស់​»៕ BP