ភ្នំពេញៈ ចំណូល​សរុប​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា​នៅ​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៧ កើនឡើង​ជាង​ ១៨ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៦​។ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​បង្ហាញ​នៅ​លើ​ផ្សារហ៊ុន​។

របាយកាណ៍​បង្ហាញ​ថា ក្នុង​អំឡុង​ពេល​នេះ​កំពង់ផែ​រកចំណូល​បាន​សរុប ​៤,៨ ​លាន​ដុល្លារ កើនឡើង​ ១៨,៣០ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៦​។


ចំណូល​នេះ​បាន​មកពី​ផលិតផល​អាជីវកម្ម និង​សេវាកម្ម​របស់​កំពង់ផែ ហើយ​កំណើន​ដោយសារ​តែ​ការ​កើនឡើង​នៃ​បរិមាណ​កុងតឺន័រ ទំនិញ​រាយ និង​ចំណុះ​នាវា​។ នេះ​បើ​តាម​របាយការណ៍​។


របាយការណ៍​ដដែល​បង្ហាញ​ថា កំណើន​ប្រាក់​ចំណូល​នេះ​បាន​ជំរុញ​ទាំង​ប្រាក់​ចំណេញ​ប្រតិបត្តិការ និង​ប្រាក់ចំណេញ​សុទ្ធ​របស់​កំពង់ផែ​​ស្វយ័ត​ភ្នំពេញ​មួយ​នេះ​ឲ្យ​មាន​ការ​កើនឡើង​ផង​ដែរ​។


នៅ​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៧ កំពង់ផែ​ភ្នំពេញ​ទទួល​បាន​ប្រាក់ចំណេញ​ប្រតិបត្តិការ ១,៨ ​លាន​ដុល្លារ កើនឡើង​ ៤២ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០១៦ ខណៈ​ប្រាក់​ចំណេញ​សុទ្ធ​បាន​កើនឡើង​ជាង​ ៦០​ ភាគរយ​រហូត​ដល់ ១,៣ ​លាន​ដុល្លារ​។


ដើម្បី​រក្សា​កំណើន​នេះ កំពង់ផែ​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នៅ​តែ​បន្ត​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ប្រើប្រាស់​សេវា​ប្រតិបត្តិការ​សេវា​ផែ​ប្រកប​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព​។


កំពង់ផែ​នៅ​មិន​ទាន់​បង្ហាញ​របាយការណ៍​ចំណូល​ពេញ​មួយ​ឆ្នាំ​ ២០១៧ នៅ​ឡើយ​ទេ​។

កំពង់ផែ​ភ្នំពេញ ជា​សហគ្រាស​រដ្ឋ​ទី​ ២ ​ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា​៕