ក្រុងបាងកកៈ ទោះបីមានការព្រួយបារម្ភជាបន្តចំពោះតម្លៃប្រាក់បាតក៏រដ្ឋាភិបាលថៃនៅតែមានភាពសុទិដ្ឋិនិយមអំពីចក្ខុវិស័យនាំចេញអង្កររបស់ខ្លួន ជាពិសេសអង្ករម្លិះក្រអូប ដែលជាអង្ករគុណភាពខ្ពស់ត្រូវបាននាំចេញទៅទីក្រុងហុងកុង ដែលរដ្ឋាភិបាលថៃរំពឹងថាការនាំចេញអង្ករអាចនឹងកើនឡើងដល់ ២១៥ ០០០ តោនក្នុងឆ្នាំនេះ។
លោក Sontirat Sontijirawong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានឲ្យដឹងថា ឆ្នាំមុនប្រទេសថៃបាននាំចេញអង្ករម្លិះក្រអូប ២០៦ ១៥៣ តោនទៅទីក្រុងហុងកុង កើនឡើងពីចំនួន ១៨៧ ០៩២ តោនក្នុងឆ្នាំ ២០១៦។
លោកបន្តថា៖ «កាលពីឆ្នាំមុនគឺជាលើកដំបូងដែលការនាំចេញអង្ករម្លិះក្រអូបរបស់ប្រទេសថៃទៅកាន់ទីក្រុងហុងកុងកើនឡើងច្រើនជាង ២០ ម៉ឺនតោនគិតចាប់តាំងពីឆ្នាំ ២០០៧ មក»។
លោក Sontirat បានកោតសរសើរខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋាភិបាល និងវិស័យឯកជនរួមមានក្រុមហ៊ុនកែច្នៃអង្ករ ក្រុមហ៊ុននាំចេញ និងកសិករក្នុងការបន្តរក្សាគុណភាពអង្ករ និងពង្រីកទីផ្សារអង្ករម្លិះក្រអូបប្រភេទថ្មី ដូចជាអង្ករសរីរាង្គ និងអង្ករប្រភេទ riceberry ជាដើម។
ទីក្រុងហុងកុង គឺជាទីផ្សារនាំចេញធំជាងគេទី ៣ របស់អង្ករម្លិះក្រអូបថៃ បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក។
លោក Sontirat ថ្លែងថា៖ «ឆ្នាំនេះបើទោះជាតម្លៃអង្ករម្លិះក្រអូប អាចនៅតែមានតម្លៃខ្ពស់ជាង ១០០០ ដុល្លារ (៣៣០០០ បាត) ក្នុងមួយតោនក្តី តម្រូវការនៅតែមានកម្រិតខ្ពស់នៅទីក្រុងហុងកុង ដែលប្រជាជននៅចូលចិត្តអង្ករប្រភេទនេះ»។
ក្រសួងពាណិជ្ជកម្មថៃរាយការណ៍ថា ការនាំចេញអង្ករម្លិះក្រអូបបានផ្តល់ចំណូលឲ្យប្រទេសថៃចំនួន ៤២ ពាន់លានបាតកាលពីឆ្នាំមុន ដោយសហរដ្ឋអាមេរិកចូលរួមចំណែក ២៨ ភាគរយ ប្រទេសចិន ១៥ ភាគរយ ទីក្រុងហុងកុង ១១ ភាគរយ អ៊ីរ៉ង់ ៦ ភាគរយ និងប្រទេសកាណាដា ៥ ភាគរយ។
ក្រសួងពាណិជ្ជកម្មថៃព្យាករថា ការនាំចេញអង្ករអាចនឹងមានចំនួន ៩,៥ លានតោនក្នុងឆ្នាំនេះពោលគឺធ្លាក់ចុះបើធៀបនឹងការនាំចេញអង្ករខ្ពស់បំផុតចំនួន ១១,៦ លានតោនក្នុងឆ្នាំ ២០១៧ ដែលមានតម្លៃជាមធ្យមចន្លោះពី ៣៧០ ដុល្លារដល់ ៤៥០ ដុល្លារក្នុងមួយតោន។
តែក្រុមហ៊ុននាំចេញអង្ករបានលើកឡើងពីក្តីបារម្ភមួយចំនួននាពេលថ្មីៗនេះអំពីប្រាក់បាតដែលមានតម្លៃខ្ពស់ ដោយបានលើកឡើងថា ការព្យាករនាពេលថ្មីៗនេះស្តីពីការនាំចេញអង្ករចំនួន ៩,៥ លានតោនអាចពិបាកនឹងសម្រេចទៅបាន។
លោក Charoen Laothammatas ប្រធានសមាគមនាំចេញអង្ករថៃបានឲ្យដឹងថា ដោយសារកំណើនថ្លៃប្រាក់បាត ក្រុមហ៊ុននាំចេញអង្ករភាគច្រើននឹងសម្រេចមិនលក់អង្ករ ដោយសារការភ័យខ្លាចពីការខាតបង់ដោយសារអត្រាប្តូរប្រាក់បរទេស។ ទីបំផុតបញ្ហានេះនឹងប៉ះពាល់ដល់ប្រាក់ចំណូលរបស់កសិករ ដោយសារក្រុមហ៊ុននាំចេញពន្យារពេលទិញអង្ករ៕ BP