ក្រុងបាងកកៈ វិនិយោគិន​កូរ៉េ​ខាង​ត្បូង​ចង់​បង្កើន​ការវិនិយោគ​នៅ​ប្រទេស​ថៃ បន្ទាប់ពី​បាន​ផ្តោត​លើ​ប្រទេស​វៀតណាម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​។

វិនិយោគិន​កូរ៉េ​ខាង​ត្បូង​បាន​ចាប់​អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​ប្រទេស​ថៃ បន្ទាប់ពី​លោក​ឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្នុង​ឆ្នាំ ២០១៦​។ នេះ​បើ​យោង​តាម​លោក Nathporn Chatusripitak អ្នក​នាំពាក្យ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak​។


លោក Nathporn លើក​ឡើង​ពី​លោក Noh Kwangil ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាង​ត្បូង ដែល​កាលពី​ថ្ងៃ​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​បាន​ជួបប្រជុំ​ជាមួយ​នឹង​លោក Somkid និង​លោក Kobsak Pootrakool មន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​។


ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក Somkid លោក​បាន​ជំរុញ​ឲ្យ​វិនិយោគិន​កូរ៉េ​ខាង​ត្បូង​ពិចារណា​ពី​ប្រទេស​ថៃ​។ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​បាន​បង្ហាញ​ពី​កិច្ចប្រជុំ​លើក​ដំបូង​របស់​គណៈកម្មាធិការ​កូរ៉េ-ថៃ​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ (Kotcom) ផង​ដែរ​។


លោក Somkid បាន​ប្រាប់​តំណាង​កូរ៉េ​ខាង​ត្បូង​ថា ពួកគេ​គប្បី​វិនិយោគ​ក្នុង​តំបន់​ជំរុញ​សេដ្ឋកិច្ច​ពិសេស​ក្នុង​ច្រក​សេដ្ឋកិច្ច​ភាគ​ខាង​កើត ដែល​នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​អ្នក​ជំនាញ​របស់​កូរ៉េ​ខាង​ត្បូង​ផ្នែក​បច្ចេកវិទ្យា​ទំនើប​។


ឧបនាយករដ្ឋមន្ត្រី​រូប​នេះ​ក៏​បាន​ជំរុញ​ឲ្យ​ប្រទេស​កូរ៉េ​ខាងត្បូង វិនិយោគ​ផ្លូវ​រថភ្លើង Pink Line និង Yellow Line ផង​ដែរ​ក្រោម​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សាធារណៈ​ឯកជន​។


លោក​បន្ត​ថា ក្រុមហ៊ុន​ម៉ៅការ​សាងសង់​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក៏​អាច​ចូលរួម​ដេញថ្លៃ​យក​កិច្ចសន្យា​សាងសង់​គម្រោង​ផ្លូវដែក​ល្បឿន​លឿន​រវាង​ទីក្រុង​បាងកក និង​ខេត្ត​រ៉ាក់យ៉ង និង​រវាង​ទីក្រុង​បាងកក និង​ខេត្ត​ហួហ៊ីន​ផង​ដែរ​៕ BP