ក្រុងសេនភេធើប៊ឺកៈ នៅ​​ក្រៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​នៅ​មួយ​កន្លែង​​​នា​ទីក្រុង​សេនភេធើប៊ឺក អ្នកស្រី Irina Semyonova វ័យ ៧០ ​ឆ្នាំ​កំពុង​លក់​អាហារ​​ដែល​គាត់​ធ្វើ​ដោយ​ខ្លួនឯង ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​​​​លើ​ប្រាក់​សោធន​និវត្តន៍​របស់​អ្នកស្រី​ដែល​គាត់​ថា មិន​គ្រប់គ្រាន់​ដើម្បី​​​ផ្គត់ផ្គង់​ជីវភាព​។

បន្ទាប់ពី​បាន​​ចំណាយ​លើ​ជីវភាព​ប្រចាំ​ថ្ងៃ និង​ទិញ​ថ្នាំ​រួច គាត់​បាន​ថ្លែង​ថា​គាត់​​សល់​ប្រាក់​ត្រឹម​តែ ៤ ពាន់​រូប (៧០ ​ដុល្លារ) ប៉ុណ្ណោះ​នៃ​ចំនួន​ប្រាក់​សោធននិវត្តន៍​​របស់​គាត់​ចំនួន ១២ ០០០ ​រូប។


អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «​តើ​មនុស្ស​ម្នាក់​អាច​រស់នៅ​ដោយ​ពឹង​ផ្អែក​លើ​ប្រាក់ ៤ ​ពាន់​​រូប​បាន​ទេ ជាពិសេស​​ក្នុង​ទីក្រុង​មួយ​ដែល​ត្រូវ​ចំណាយ​ខ្ពស់​ដូចជា​ទីក្រុង​សេនភេធើប៊ឺក​នេះ?»។


លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ដែល​រំពឹង​ថា​នឹង​​ទទួល​​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ទី​ ៤ ​​ជា​ប្រវត្តិសាស្រ្ត​​​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​ ១៨ ខែ​មីនា​ម្សិលមិញ​បាន​ជួយ​ឲ្យ​​មាន​កំណើន​​សេដ្ឋកិច្ច​មួយ​រយៈពេល​ក្នុង​អំឡុង​​ ២ ​អាណត្តិ​ដំបូង​របស់​លោក (ឆ្នាំ​ ២០០០-២០០៨) ដែល​បាន​ជំរុញ​ឲ្យ​ប្រាក់​ចំណូល​ផ្ទាល់​ខ្លួន​បាន​​កើនឡើង បន្ទាប់​​​មាន​អស្ថិរភាព​ហិរញ្ញវត្ថុ​ទសវត្សរ៍​ឆ្នាំ ១៩៩០ នៅ​ពេល​​​ប្រជាជន​រុស្ស៊ី​ជាច្រើន​បាត់បង់​ប្រាក់​សន្សំ​របស់​ខ្លួន។


តែ​អាណត្តិ​លើក​ទី ៣ របស់​លោក​នៅក្នុង​វិមាន​ក្រឹមឡាំង​ដែល​​​បាន​ចាប់​ផ្តើម​កាលពី​ឆ្នាំ​ ២០១២ បន្ទាប់​ពី​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​អស់​រយៈពេល​ ៤ ឆ្នាំ​មុន​នោះ​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​គុណភាព​ជីវិត​​របស់​ប្រជាជន​សាមញ្ញ។


ប្រទេស​រុស្ស៊ី​បាន​និង​កំពុង​មើល​​ឃើញ​ការ​ធ្លាក់​ចុះ​អំណាច​​ទិញ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល ៤ ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់ពី​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ទណ្ឌកម្ម​អន្តរជាតិ​ដែល​បាន​ពិន័យ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ចំពោះ​ការ​រឹបអូស​យក​តំបន់​គ្រីមៀរ​កាលពី​ឆ្នាំ ២០១៤ និង​ក្រោយពេល​ដែល​តម្លៃ​ប្រេង​ពិភពលោក​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ ២០១៦។


អត្រា​ក្រីក្រ​នៅ​​​រុស្ស៊ី​ដែល​បាន​ធ្លាក់​ចុះពី​ ២៩ ភាគ​រយ​នៅ​ឆ្នាំ​ ២០០០ មក​ត្រឹម ១០, ៧ ភាគរយ​នៅ​ឆ្នាំ ២០១២ បាន​កើនឡើង​វិញ​ដល់​ ១៣,៥​ ភាគរយ​នៅ​ឆ្នាំ ២០១៦។ នេះ​បើ​យោង​តាម​តួលេខ​ផ្លូវការ​ប្រចាំ​ឆ្នាំ​​ចុងក្រោយ​បំផុត។

កាលពី​ខែ​វិច្ឆិកា ធនាគារ​ពិភពលោក​​បាន​ចេញ​របាយការណ៍​មួយ​ដែល​​​បាន​ឲ្យ​ដឹង​ថា ប្រជាជន​តិច​ជាង​ពាក់កណ្តាល​នៃ​ប្រជាជន​សរុប​របស់​រុស្ស៊ី​ពោល​គឺ ៤៦,៣ ​ភាគរយ​បាន​រួច​ផុត​ពី​ការ​ធ្លាក់​ចុះ​ចូល​ក្នុង​ភាព​ក្រីក្រ​ដោយ​បាន​លើកឡើង​ពី​តួលេខ​មួយ​ដែល​មាន​កម្រិត​ទាប​​ជាង​​តួលេខ​ក្នុង​ឆ្នាំ ២០១៤ ចំនួន ​១០ ភាគរយ។

គ្មាន​លទ្ធភាព​ទិញ​អ្វីៗ

ជាពិសេស​ស្ថានភាព​នេះ គឺ​អាក្រក់​នៅ​តាម​ខេត្ត ជា​ទី​ដែល​ប្រជាជន​សាមញ្ញ​រស់នៅ​ពឹង​​​ផ្អែក​​លើ​ប្រាក់​បៀវត្សរ៍​ទាប​ខ្លាំង ហើយ​គ្រួសារ​ក្មេងៗ​ជា​ញឹកញាប់​ត្រូវ​បាន​ជួយ​ដោយ​ប្រាក់​សោធន​​តិចតួច​របស់​អ្នក​ចូលនិវត្តន៍។

លោក Vyacheslav ជា​មេកានិក​ចូលនិវត្តន៍​រស់នៅ​ទីក្រុង Maloyaroslavets ដែល​ជា​ទីក្រុង​មួយ​​នៅ​តំបន់ Kaluga ស្ថិត​នៅ​ភាគ​និរតី​នៃ​ទីក្រុង​ម៉ូស្គូ​ថ្លែង​ថា៖ «​តម្លៃ​ទំនិញ​​ពិត​ជា​ឆ្កួត​ណាស់»។​ លោក​​​​បន្ត​ថា៖ «​ខ្ញុំ​គ្មាន​លទ្ធភាព​ទិញ​ទំនិញ​អ្វីៗ​នោះ​ទេ​»។

យោង​តាម​ការ​សិក្សា​មួយ​របស់​ធនាគារ Credit Suisse bank បាន​បង្ហាញ​ថា អ្នក​មានទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ជា​ជនជាតិ​រុស្ស៊ី​ចំនួន ១០ ​ភាគរយ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​ចំនួន ៧៧ ភាគរយ​ដោយ​បាន​ធ្វើឲ្យ​ប្រទេស​រុស្ស៊ី​មាន​វិសមភាព​ក្នុង​កម្រិត​​ដូចគ្នា​ទៅ​នឹង​សហរដ្ឋអាមេរិក​ក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍន៍។

លោក Chris Weafer បម្រើការ​នៅ​ក្នុង​ក្រុមហ៊ុន Macro Advisory consultancy បាន​ឲ្យ​ដឹង​ថា៖ «​នៅ​ចន្លោះ​ឆ្នាំ​ ២០០០ ដល់​ឆ្នាំ​ ២០១៣ រដ្ឋាភិបាល​មិន​ព្រួយបារម្ភ​ច្រើន​អំពី​សេដ្ឋកិច្ច​ទេ»។

លោក​បន្ត​​ថា៖ «​​កំណើន​តម្លៃ​ប្រេង​ប្រចាំ​ឆ្នាំ​រួម​ជាមួយ​នឹង​កំណើន​​ខ្ពស់​នៃ​ប្រាក់​ចំណូល​នៅ​សេសសល់​ និង​ឥណទាន​ដែល​អាច​ផ្តល់​បាន​ស្ទើរ​តែ​ជំរុញ​​​សេដ្ឋកិច្ច​រុស្ស៊ី​ដោយ​ពុំ​ចាំបាច់​មាន​អន្តរាគមន៍​​របស់​រដ្ឋាភិបាល​ច្រើន»។

តែ​គំរូ​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែក​លើ​ការ​​បូម​ថាមពល​នេះ​ទំនង​ជា​បាន​មក​ដល់​ទីបញ្ចប់​នៃ​មាគ៌ា​របស់​ខ្លួន​ហើយ​។

ទោះ​ជា​សេដ្ឋកិច្ច​រុស្ស៊ី​បាន​​សម្រេច​កំណើន​វិញ​កាលពី​ឆ្នាំ​មុន​ក្តី​ក៏​ការ​ព្យាករ​ពី​កំណើន​​សេដ្ឋកិច្ច​​​ក្នុង​រយៈពេល​មធ្យម​នៅ​តែ​មិន​ខ្ពស់​ជាង​ ១ ឬ ២ ភាគរយ​ដដែល​ពោល​គឺ​មាន​កម្រិត​​ទាប​ខ្លាំង​បើ​ធៀប​នឹង​កំណើន​កាលពី​ដើម​ទសវត្សរ៍​ឆ្នាំ ២០០០។

លោក Weafer បាន​មាន​ប្រសាសន៍​ថា៖ «កំណើន​សេដ្ឋកិច្ច​នេះ​គឺ​មិន​គ្រប់គ្រាន់​ដើម្បី​លើក​កម្ពស់​ជីវភាព​រស់នៅ​​របស់​ប្រជាជន​ ឬ​ផ្តល់​នូវ​មូលនិធិ​បន្ថែម​សម្រាប់​វិស័យ​អប់រំ និង​សុខាភិបាល។ល។​» ឡើយ។

ចក្ខុវិស័យ​អនាគត

ទោះ​ជា​ភាពក្រីក្រ​ហាក់បី​ដូចជា​មិន​បាន​ប៉ះពាល់​ខ្លាំង​ដល់​​ប្រជាប្រិយភាព​របស់​លោក Putin ក្នុង​ប្រទេស​ក្តី ក៏​ប្រធានាធិបតី​រូប​នេះ​បាន​លើក​ឡើង​​ពី​បញ្ហា​នេះ​ក្នុង​សុន្ទរកថា​របស់​លោក​កាលពី​ដើម​ខែ​នេះ។

លោក​បាន​ប្តេជ្ញា​កាត់​បន្ថយ​តួលេខ​ក្រីក្រ​ «ដែល​មិន​អាច​ទទួល​យក​បាន​នេះ»​ ចំនួន​ពាក់​កណ្តាល​​ក្នុង​រយៈពេល ៦ ឆ្នាំ​ខាង​មុខ​ និង​ជំរុញ​កំណើន​​សេដ្ឋកិច្ច​ដល់ ៤​ ​ភាគរយ។

តែ​នៅ​ពេល​លោក​បាន​សន្យា​​​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ សុខាភិបាល និង​លំនៅឋាន​នោះ​លោក​ក៏​ពុំ​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ថា ​តើ​ថវិកា​វិនិយោគ​ទាំង​នោះ​នឹង​បាន​មក​ពី​ណា ហើយ​លោក​ក៏​ពុំ​បាន​បញ្ជាក់​ផង​ដែរ​ពី​កំណែ​ទម្រង់​នា​​ពេល​អនាគត​ដែល​នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​បែប​រចនាសម្ព័ន្ធ​របស់​រុស្ស៊ី​ដូចជា​បញ្ហា​ប្រជាសាស្ត្រ​​ជាដើម។

លោក Neil Shearing សេដ្ឋវិទូ​បម្រើការ​នៅ​ក្រុមហ៊ុន Capital Economics បាន​ឲ្យ​ដឹង​ថា​៖ «អស់​​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ យើង​បាន​ឮ​ពាក្យ​ដ៏កក់ក្តៅ​ទាំង​នេះ​អំពី​កំណែ​ទម្រង់​ហើយ​ពាក្យ​ទាំង​​នោះ​មិន​ដែល​បង្ហាញ​ពី​អត្ថន័យ​អ្វី​ទេ​»។

លោកស្រី​ Natalia Orlova សេដ្ឋវិទូ​ប្រចាំ​ក្រុមហ៊ុន Alfa Bank បាន​មាន​ប្រសាសន៍​ថា កំណើន​សេដ្ឋកិច្ច​កាលពី​ឆ្នាំ​មុន​អាច​កើតឡើង​ដោយសារ​ការ​វិនិយោគ​ធំៗ​ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​បណ្តាញ​បំពង់​ចែកចាយ​ថាមពល​ Power of Siberia និង​ស្ពាន​តភ្ជាប់​ឧបទ្វីប​គ្រីមៀរ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​»។

លោកស្រី​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា៖ «យុទ្ធសាស្រ្ត​ប្រសើរ​បំផុត​នេះ​គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ស្ថិរភាព​ថវិកា» ដោយសារ​ទណ្ឌកម្ម​​កំពុង​បញ្ចេញ​ឥទ្ធិពល។

រដ្ឋាភិបាល​រុស្ស៊ី​បាន​កំណត់​ទិសដៅ​អតិផរណា​ទាប​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដោយ​ធនាគារ​កណ្តាល​រុស្ស៊ី​បន្ត​អនុវត្ត​គោលនយោបាយ​សារ​ពើពន្ធ និង​រូបិយវត្ថុ​ដ៏តឹងរ៉ឹង​ដែល​មនុស្ស​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ចក្ខុវិស័យ​កំណើន​សេដ្ឋកិច្ច។

តែ​លោក Oleg Kouzmin សេដ្ឋវិទូ​ប្រចាំ​ក្រុមហ៊ុន Renaissance Capital បាន​ឲ្យ​ដឹង​ថា វិធីសាស្រ្ត​ដ៏តឹងរ៉ឹង​នេះ​ហើយ​បាន​ជួយ​ប្រទេស​នេះ​ចៀស​​ផុត​ពី​ស្ថានភាព​អាក្រក់​​នោះ៕ BP