ក្រុងអាដែន: មន្ត្រី​យោធា​ម្នាក់​បាន​ឲ្យ​ដឹងថា ក្រុម​ទាហាន​ចំនួន ៨ នាក់ និង​ក្រុម​ជន​សង្ស័យ​ជា​សមាជិក​អាល់កៃដា ១៩ នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ទឹកដី​យេម៉ែន កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​កង​យោធា​បាន​បើក​ការ​វាយ​ប្រហារ​មួយ​ទៅ​លើ​ទីតាំង​ឈរ​ជើង​សំខាន់ៗ របស់​ក្រុម​ជ្រុល​និយម។


ឧត្តមសេនីយ៍ Faraj al-Bahsani អភិបាលខេត្ត Hadramawt បាន​ថ្លែង​ប្រាប់ AFP ថា យោធា បាន​ត្រួតត្រា​តំបន់ Mesini នៅ​ភាគ​ខាងលិច​រដ្ឋធានី Mukalla ជា​ទីតាំង​ចំណុច​កណ្តាល​សម្រាប់​ក្រុម​អាល់កៃដា​នៅ​ក្នុង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​នេះ។

ក្រុង Mukalla គឺជា​ទីក្រុង​យេម៉ែន​មួយ ដែល​មាន​ពលរដ្ឋ​រស់​នៅ​ច្រើន​ជាង​គេ​បំផុត​ស្ថិត​ការ​ត្រួត​ត្រា​ដោយ​ផ្ទាល់​ពី​ក្រុម​អាល់កៃដា ចាប់​ពី ២០១៥ ដល់​ឆ្នាំ ២០១៦ ខណៈ​យោធា និង​ក្រុម​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​របស់​ខ្លួន បាន​ដណ្តើម​ត្រួតត្រា​ក្រុង​ជាប់​ឆ្នេរ​មួយ​នេះ។


ក្រុម​កងកម្លាំង​ពិសេស ដែល​ទទួល​ការ​ហ្វឹកហ្វឺន​ពី​អារ៉ាប់ អេមីរ៉ាត (UAE) ជា​សមាជិក​ដ៏​សំខាន់​មួយ​របស់​ក្រុម​ចម្រុះ​អារ៉ាប៊ី សាអ៊ូឌីត ដែល​កំពុង​រួម​ប្រយុទ្ធ​ជាមួយ​ក្រុម​កងទ័ព រដ្ឋាភិបាល​យេម៉ែន កាល​ពី​ចុង​សប្តាហ៍ បាន​បើក​ប្រតិបត្តិការ​វាយ​ប្រហារ​មួយ​មាន​ឈ្មោះ​សម្ងាត់ «Al-Faisal» ប្រឆាំង​ក្រុម​អាល់កៃដា​នៅ​ក្នុង​ខេត្ត Hadramawt ដែល​សម្បូរ​កំណប់​ប្រេង​នោះ។


ទាហាន ២ នាក់ ត្រូវ​បាន​សម្លាប់ កាល​ពី​ថ្ងៃ​សៅរ៍​អំឡុង​ការ​វាយ​ប្រហារ​មួយ ដែល​មាន​គោល​ដៅ​លើ​តំបន់ Mesini និង​តំបន់​ជ្រលង Amed ដែល​ទាំង ២ នេះ ស្ថិត​នៅ​ក្នុង​ខេត្ត Hadramawt ដែល​មាន​ផ្ទៃដី​ទូលំ​ទូលាយ និង​ជា​កន្លែង​ជ្រកកោន​របស់​ក្រុម​អាល់កៃដា​នៅ​ក្នុង​ឧបទ្វីប​អារ៉ាប់ (AQAP)។


តំបន់​ជ្រលង​ភ្នំ​ទាំង ២ នេះ​សំខាន់​ខ្លាំងណាស់​ចំពោះ​ការ ត្រួតត្រា​លើ​តំបន់​ឆ្នេរ​សមុទ្រ​ភាគ​អាគ្នេយ៍​ក្នុង​ទឹកដី​របស់ យេម៉ែន។

ពលរដ្ឋ​ជាង ៩២០០ នាក់​ត្រូវបាន​ស្លាប់​អំឡុង​សង្គ្រាម​នៅ​យេម៉ែន ចាប់​តាំង​ពី​ឆ្នាំ ២០១៥ ខណៈ​ក្រុម​ចម្រុះ​អារ៉ាប៊ីសាអ៊ូឌីត បាន​រួម​ជាមួយ​រដ្ឋាភិបាល​ប្រឆាំង​ក្រុម​ឧទ្ទាម​ហ៊ូធី​គាំទ្រ​ដោយ​អ៊ីរ៉ង់៕