ក្រុងតេអេរ៉ង់: ស្ថានីយ៍ទូរទស្សន៍រដ្ឋបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ការស្រាវជ្រាវរុករកយន្តហោះមួយគ្រឿងដែលបានបាត់ខ្លួនទាំងមានមនុស្ស ៦៦ នាក់ជិះ លើនោះផងនៅក្នុងតំបន់ភ្នំ Zagros ត្រូវបានផ្អាករហូតដល់ពេលព្រឹកនេះ ខណៈលក្ខខ័ណ្ឌអាកាសធាតុមានព្យុះព្រិលទឹកកក ធ្វើឲ្យការស្រាវជ្រាវរកមិនអាចដំណើរការសម្រាប់ក្រុមជួយសង្គ្រោះ។
ស្ថានីយ៍ទូរទស្សន៍ IRIB បានឲ្យដឹងថា៖ «ស្របពេលដែលខ្យល់កំពុងកាន់តែសភាពខ្លាំង និងស្របពេលដែលកំពុងមានព្រិល ភ្លៀង និង ស្បៃងងឹតនោះ វាជាការពិបាកមិនដំណើរទៅមុខបានសម្រាប់ក្រុមជួយសង្គ្រោះ និង ក្រុមផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដើម្បីធ្វើការហោះហើរអាចទៅដល់ក្នុងរយៈកម្ពស់ខ្ពស់ ហើយដែលក្រុមប្រតិបត្តិការស្រាវជ្រាវរុករកត្រូវបានពន្យាពេលរហូតដល់ថ្ងៃស្អែក»។
«ឧទ្ធម្ភាគចក្រ ៥ គ្រឿងកំពុងត្រៀមប្រុងជើងការ ដើម្បីបន្តធ្វើការស្រាវជ្រាវ នាពេលទាបភ្លឺ ប្រសិនបើលក្ខខណ្ឌអាកាសធាតុមិនល្អប្រសើរនោះ»។
ជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ Aseman Airlines បានបាត់ខ្លួនផុតចេញពីរ៉ាដាត្រួតពិនិត្យ៤៥នាទីក្រោយមកទៀតបន្ទាប់ពីបានហោះឡើងចេញពីទីក្រុងតេអេរ៉ង់។
យន្តហោះម៉ាស៊ីនពីរ ATR-72 ដែលបានបម្រើការ២៥ឆ្នាំបានចាកចេញពីព្រលានយន្តហោះ Mehrabad នៅក្នុងទីក្រុងនេះនៅវេលាប្រហែល ៨ ព្រឹក និងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Yasuj ចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រទៅភាគខាងត្បូង។
អឌ្ឈចន្ទក្រហមបានឲ្យដឹងថា ក្រុមជួយសង្គ្រោះនិងស្រាវជ្រាវរក ៤៥ ក្រុមត្រូវបានដាក់ពង្រាយទៅកាន់ភ្នំ Dena នៃជួរភ្នំ Zagros ភាគនិរតី៕ AFP/SN