ក្រុងតេអេរ៉ង់ៈ ប្រមុខ​នៃ​សេវា​សង្គ្រោះ​បន្ទាន់​របស់​អ៊ីរ៉ង់ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​កាល​ពី​ថ្ងៃ​អាទិត្យ​ថា យន្តហោះ​ដឹក​អ្នក​ដំណើរ​អ៊ីរ៉ង់​មួយ​គ្រឿង បាន​ធ្លាក់​ចូល​តំបន់​ភ្នំ Zagros នៃ​ប្រទេស​នេះ​ដោយ​បាន​បណ្តាល​ឲ្យ​មនុស្ស ៦៦ នាក់ ស្លាប់។


លោក Mohammad Tabatabai ប្រធាន​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ បាន​ថ្លែង​ថា ជើង​ហោះ​ហើរ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ Aseman បាន​ចេញ​ដំណើរ​ពី​ព្រលាន​យន្តហោះ Mehrabad នៃ​ក្រុង​តេអេរ៉ង់ នៅ​ម៉ោង​ប្រហែល ៨ ព្រឹក​ឆ្ពោះ​ទៅ​ក្រុង Yasuj ខេត្ត Isfanhan។

លោក បាន​ប្រាប់​ប្រព័ន្ធ ផ្សព្វផ្សាយ​រដ្ឋ IRIB ថា យន្តហោះ​នោះ​បាន​ធ្លាក់​ចូល​ក្នុង​តំបន់​ភ្នំ Dena ជា​ផ្នែក​នៃ​ជួរ​ភ្នំ Zagros មាន​ចម្ងាយ​ប្រហែល ២៣ គីឡូម៉ែត្រ​ពី​ក្រុង Yasuj និង​ចម្ងាយ​ប្រហែល ៥០០ គីឡូម៉ែត្រ​នៅ​ខាង​ត្បូង​រដ្ឋធានី​នេះ។


ក្រោយពី​រុករ​កនៅ​តំបន់ នោះមក ជា​អកុសល យើង​ត្រូវបាន​គេ​ផ្តល់​ព័ត៌មាន​ថា យន្តហោះ​នោះ​បាន​ធ្លាក់។ លោក Tabatabai បាន ថ្លែង​ថា ជា​អកុសល​មនុស្ស​ទាំង​អស់​ស្លាប់​គ្មាន​សល់។


លោក Aladin Borujerdi ជា​ប្រមុខ​គណៈកម្មការ​គោល​នយោបាយ​ការបរទេស និង​សន្តិសុខ​ជាតិ​របស់​សភា​បាន​ប្រាប់​សារ​ព័ត៌មាន ISNA ថា​យន្តហោះ ATR នៃ​ក្រុមហ៊ុន​អាកាស​ចរណ៍ Aseman ដឹក​អ្នក​ដំណើរ ៦០ នាក់ និង​យានិក​ប្រហែល ៦ នាក់ បាន​បាត់​ខ្លួន​ចេញ​ពី​រ៉ាដា កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។


ការសង្កេត​របស់​ប្រជាជន​នៅ​តំបន់​នោះ បាន​បង្ហាញ​ពី​ការ​ធ្លាក់​យន្តហោះ​នោះ ដោយ​បាន​បន្ថែម​ថា លោក​កំពុង​រង់ចាំ​ការ​អះអាង​បញ្ជាក់។

លោក Mojtaba Khaledi អ្នកនាំពាក្យ​ទីភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​ជាតិ បាន​ប្រាប់​ទីភ្នាក់ងារ​សារ​ព័ត៌មាន ISNA ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង ត្រូវ​បាន​បញ្ជូន​ទៅ​តំបន់​នោះ ប៉ុន្តែ​មិន​អាច​ចុះ​ចត​បាន ដោយសារ បញ្ហា​អាកាសធាតុ។

អង្គការ​ជំនួយ​សង្រ្គោះ​នៃ​អឌ្ឍចន្ទ​ក្រហម​អ៊ីរ៉ង់​បញ្ជូន​អ្នក​ជួយ​សង្គ្រោះ ១២ ក្រុម​ទៅ​កាន់ តំបន់​ដែល​យន្តហោះ​ដឹក​អ្នកដំណើរ​នោះ​ធ្លាក់។

អ្នកនាំពាក្យ​ទីភ្នាក់ងារ​សេវា គ្រាអាសន្ន​ថា វា​ជា​តំបន់​ភ្នំ យើង​ពិបាក​បញ្ជូន​រថយន្ត​សាមុយ​ចូល​ទៅ៕