ក្រុងអាយឡូឡូៈ សាច់ញាតិ និង​ក្រុម​អ្នកគាំទ្រ​ស្ត្រី​បម្រើ​តាម​ផ្ទះ​ហ្វីលីពីន ដែល​សាក​សព​របស់​អ្នកនាង​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទូ​ក្លាស្សេ បាន​កាន់​បដា ដោយ​បាន​ទាមទារ​រក​យុត្តិធម៌ ខណៈ​មឈូស​របស់​អ្នកស្រី ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ដ​ល់ផ្ទះ​វិញ​កាល​ពី​ថ្ងៃ​សៅរ៍។


គ្រួសារ​របស់​អ្នកស្រី Joanna Demafelis បាន​ធ្វើការ​តវ៉ា​ជា​ចំហ​ខណៈ​មឈូស​ពណ៌ ស ត្រូវ​បាន​ដាក់​ចុះ​ពី​យន្តហោះ​នៅ​ព្រលាន​យន្តហោះ​ក្នុង​ក្រុង​អាយឡូឡូ។ «យុត្តិធម៌​សម្រាប់​អ្នកស្រី Joanna D. Demafelis» ត្រូវ​បាន​សរសេរ​នៅ​លើ​បដា និង​អាវយឺត​របស់​អ្នក​ចូលរួម​តវ៉ា​ដែល​នៅ​ក្នុង​នោះ​មាន​សមាជិក​សភា​ម្នាក់ និង​មន្ត្រី​តំបន់​ជាច្រើន ដែល​សម្តែង​កំហឹង​របស់​ពួកគេ​ជុំវិញ​ការ​ស្លាប់​របស់​អ្នកស្រី Filipina ដែល​សាកសព​របស់​អ្នកស្រី ត្រូវ​បាន​រក​ឃើញ​នៅ​កូវ៉ែត​នៅ​ដើម​ខែ​នេះ។

ឧប្បត្តិហេតុ​នោះបាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​ការ​ទូត​រវាង​ហ្វីលីពីន និង​កូ​វ៉ែត ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ដោយ​ប្រធានាធិបតី​លោក Rodrigo Duterte ចោទ​ប្រកាន់​ថា និយោជក​អារ៉ាប់ ចាប់​រំលោភ​ពលករ​ហ្វីលីពីន បង្ខំ​ឲ្យ​ពួកគេ​ធ្វើ​ការ ២១ ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​ផ្តល់​អាហារ​ដល់​ពួកគេ​មិន​គ្រប់គ្រាន់។


លោក ក៏បាន​ហាម​មិន​ឲ្យ​ដាក់​បញ្ជូន​អ្នក​ធ្វើការ​ទៅ​កូវ៉ែត​ទេ និង​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ដឹក​ប្រជាជន​ហ្វីលីពីន​ប្រមាណ ២៥២០០០ នាក់​ដែល​ធ្វើ​ការងារ​នៅ​ទីនោះ​ត្រឡប់​មក​វិញ។


ប្រជាជន​ហ្វីលីពីន​ប្រហែល ១០ លាន​នាក់​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​និង​លុយ​ដែល​ពួកគេ​រក​បាន​នោះ​បាន​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​ហ្វីលីពីន។ ការ​យក​ចិត្ត​ទុក​ដល់​ពួកគេ​នៅ​បរទេស គឺជា​បញ្ហា​នយោបាយ​នៅ​ក្នុង​ស្រុក​ដែរ។


រដ្ឋមន្ត្រី​ការបរទេស​កូ​វ៉ែត​ធ្លាប់​ថ្កោលទោស​ការ​បង្កើន​បញ្ហារ​បស់​ក្រុង​ម៉ានីល ប៉ុន្តែ​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​លោក Alan Peter Cay-etano បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ថា​ឯកអគ្គ​រដ្ឋទូត​កូវ៉ែត បាន​បញ្ជាក់​ចំពោះ​លោក​ថា រដ្ឋាភិបាល​របស់​លោក​មាន​កំហឹង​ជុំវិញ​ការ​សម្លាប់​មនុស្ស និង​ប្តេជ្ញា​រក​ឲ្យ​ឃើញ​អ្នក​ដែល​ទទួល​ខុស​ត្រូវ៕