ក្រុងប៊ែរឡាំង: អ្នកកាសែត​ជនជាតិ​អាល្លឺម៉ង់​កាត់​តួកគី​ដែល​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ឲ្យ​មាន​សេរីភាព បន្ទាប់​ពី​បាន​ចំណាយ​ពេល​ជាង​មួយ​ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ ដោយ​មិន​មាន​ការ​ជំនុំ​ជម្រះ​ទោស បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​ត្រូវ​បាន​ក្រុង​អង់ការ៉ា​ចាប់​ធ្វើ «ចំណាប់​ខ្មាំង» និង​ថា ក្រុម​អ្នក​កាសែត​ដទៃ​ទៀត​កំពុង​ជាប់​នៅ​ក្នុង​ពន្ធនាគារ​តួកគី​នៅ​ឡើយ​ដោយសារ​តែ​បាន «ធ្វើ​កិច្ចការ​របស់​ពួកគេ»។


លោក Deniz Yucel អាយុ ៤៤ ឆ្នាំ ជា​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​កាសែត Die Welt មាន​មូលដ្ឋាន​នៅ​តួកគី​មក​ដល់​ទីក្រុង​ប៊ែរឡាំង កាល​ពី​យប់​ថ្ងៃ​សុក្រ​ជាច្រើន​ម៉ោង បន្ទាប់​ពី​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ ដែល​មាន​ការ​យាម​តឹង​តែង​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល។

នៅក្នុង​ខ្សែអាត់​វីដេអូ​ផ្សព្វផ្សាយ​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម អំឡុង​ពេល​យប់​មួយ Yucel បាន​ថ្លែង​ថា៖ «រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច​ជាង​គេ​គឺថា ខ្ញុំ​នៅ​តែ​មិន​ដឹង​ថា ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ ហេតុអ្វី​ខ្ញុំ​ត្រូវ​បាន​គេ​ចាប់​ជា​ចំណាប់​ខ្មាំង​រយៈពេល​មួយ​ឆ្នាំ?»។


Yucel ដែលមាន​សញ្ជាតិ​អាល្លឺម៉ង់ និង​តួកគី ត្រូវបាន​ចោទ​ប្រកាន់​ពីបទ​សរសេរ​ផ្សព្វផ្សាយ​គាំទ្រ​ភេរវកម្ម។ លោក​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​កាសែត និង​អ្នក​និពន្ធ​ជាង ១០០ នាក់ ដែល​ត្រូវបាន​ចាប់​ឃុំខ្លួន​នៅ​តួកគី​ចាប់តាំង​ពី​មាន​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ខែ​កក្កដា ឆ្នាំ ២០១៦ ប្រឆាំង​លោក​ប្រធានាធិបតី រ៉េសិប តៃយីប អេរដូហ្គែន មិន​បាន​សម្រេច។


កាលពី​ថ្ងៃ​សុក្រ ក្រុម​រដ្ឋអាជ្ញា​បាន​បង្ហាញ​សាលដីកា​កាត់​ទោស​លោក Yucel ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៨ ឆ្នាំ​ពី​បទ «ផ្សព្វផ្សាយ​ព័ត៌មាន​ភេរវកម្ម» និង «បទ​ញុះញង់​បង្ក​ឲ្យ​មាន​សម្អប់​ជា​សាធារណៈ​និង​អរិភាព​ចំពោះ​គ្នា និង​គ្នា» ប៉ុន្តែ លោក​បាន​ចាក​ចេញ​ពី​ប្រទេស​នេះ។


នៅក្នុង​ខ្សែអាត់​វីដេអូ​មួយ លោក Yucel ក៏បាន​ធ្វើការ​បញ្ជាក់​អំ​ពីការ​កើន​ឡើង​នៃ​ចំនួន​អ្នកកាសែត​ដែល​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​នៅ​តួកគី ដោយ​បាន​លើក​ឡើង​ថា៖ «ពួកគេ​មិន​បាន​ធ្វើ​រឿង​អ្វី​ទាល់​តែ​សោះ​ក្រៅ​អំពី​កិច្ចការ​ដែល​ពួកគេ​ត្រូវ​ធ្វើ»។

កាលពី​ថ្ងៃ​សុក្រ តុលាការ​ក្រុង​អ៊ីស្តង់ប៊ុល ក៏បាន​ចាប់​ក្រុម​អ្នក​កាសែត​តួកគី​ល្បី ៣ នាក់​ទៀត​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​ទៅ​នឹង​ក្រុម​ជន​ដែល​ត្រូវបាន​ចោទ​ប្រកាន់​ថា​បាន​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច។

ក្រុម​អង្គការ Amnesty International បាន​ថ្លែង​ថា ការ​កាត់​ទោស​ពួកគេ​បាន «បំផ្លាញ​ការ​សប្បាយ​ពី​ការ​ប្រារព្ធ​ពិធី​អបអរ​ការ​ដោះ​លែង​លោក Yucel ឲ្យ​មាន​សេរីភាព។

នៅក្នុង​ខ្សែអាត់​វីដេអូ​មួយ លោក Yucel ថ្លែង​ថា៖ «ខ្ញុំ​មិន​ដឹង​ថា ហេតុអ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ដោះ​លែង​នៅ​ថ្ងៃ​នេះ​ទេ? «តាម​ពិត​ខ្ញុំ​មាន​ចិត្ត​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ចំពោះ​ការ​ដោះ​លែង​នេះ»៕