​សៀមរាបៈ ការកែច្នៃ​ស្រកី​ដូង​ធ្វើជា​ដី​សម្រាប់​បណ្តុះ​គ្រាប់​ពូជ​ដំណាំ​កសិកម្ម​របស់​បុរស​ក​សិ​ករ​ម្នា​ក់នៅ​ខេត្តសៀមរាប​ បាន​ជួយ​សម្អាត​បរិស្ថាន​ក្នុង​សហគមន៍ ហើយ​ក្នុង​ ១ ​ខែៗ​ លោក​អាច​កែច្នៃ​ស្រកីដូង​ធ្វើជា​ដី​បណ្តុះ​បាន​ចន្លោះ​ពី ​៣​ ទៅ​ ៤​ តោន​សម្រាប់​លក់​ក្នុងតម្លៃ​ទាប​ដល់​កសិករ​។​

​ដី​បណ្តុះ​ដែល​កែច្នៃ​ពី​ស្រកី​ដូង​នេះ​ គឺ​កសិករ​អាច​ប្រើ​ជំនួស​ដី​ធម្មតា​បាន​ដោយ​គ្រាប់ពូជ​បន្លែ​ដែល​ដាំ​ក្នុង​ដី​នេះ​មានការ​ដុះ​លូតលាស់​ធំធាត់​បានល្អ​ជាង​ដី​ធម្មតា ហើយ​កូន​ដំណាំ​ក៏មាន​ជីវជាតិ​ធន់​នឹង​ជំងឺ​ទៀតផង​។​នេះ​ជាការ​លើកឡើង​របស់លោក ឡុង គាន ម្ចាស់​សិប្បកម្ម​ដី​បណ្តុះ​ព្រះ​ដាក់​។​

​លោក ឡុង គាន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា សិប្បកម្ម​ដី​បណ្តុះ​ស្ថិត​ក្នុងភូមិ​អូរទទឹង ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​។ ដំបូង​ឡើយ​លោក​ប្រក​បរបរ​ដាំ​ដំណាំ​ជា​លក្ខណៈ​គ្រួសារ និង​ប្រើ​ជីគីមី​ទៅតាម​ទម្លាប់​ប្រពៃណី រីឯ​ដំណាំ​បន្លែ​ក៏​មិនបាន​ធំធាត់​ល្អ​ដែរ​។ ​ដោយសារតែ​លោក​ដាំ​ដំណាំ​បន្លែ​យូរៗ​ទៅ​មិនសូវ​ទទួលបាន​ផល​លោក​ក៏​ទិញ​ដី​បណ្តុះ​នៅក្នុង​ស្រុក​ដែល​ឈ្មួញ​បាន​នាំចូល​ពី​ប្រទេស​ថៃ​មក​សាកល្បង​ម្តង​។​


​នៅក្នុង​ល្បាយ​ដី​បណ្តុះ​នោះ​លោក​ ឡុង គាន បាន​ប្រាប់ថា លោក​ឃើញ​មាន​លាយ​ផ្សំ​ដូចជា អាចម៍គោ ធ្បូ​ង​អង្កាម និង​ស្រកីដូង​។​បន្ទាប់មក លោក​ក៏​ចាប់អារម្មណ៍​គិតថា​នៅក្នុង​ភូមិ​ក្បែរៗ​តំបន់​ប្រាសាទអង្គរវត្ត​មាន​អ្នកលក់​ដូង​ឱ្យ​ភ្ញៀវ​ច្រើន​ហើយ​ក្រោយពី​ភ្ញៀវ​ហូប​ទឹកដូង​អស់​ក៏​បោះចោល​ ឬ​ទុកជា​គំនរ​គរ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន និង​បង្ក​ជា​ទឹក​ដក់​បង្កើត​មូស​។​


​ដូចនេះ បើ​លោក​រើស​យកមក​កែច្នៃ​ធ្វើជា​ដី​បណ្តុះ​វា​បាន​ប្រយោជន៍​ច្រើន ដែល​ទី​១ ​មិនឱ្យ​មាន​មូស​ច្រើន និង​ទី២ ​អាច​ទាញ​ចំណូល​បាន​ពី​ស្រកីដូង​ទៀតផង  ​តែ​សម្រាប់​ដំណើរការ​នេះ​ក៏មាន​ការជួយ​ផ្នែក​សម្ភារ​ដាំ​ដំណាំ​ពី​អង្គការ​អភិវឌ្ឍន៍​ទឹក​ និង​ទីផ្សារ​ជនបទ International Development Enterprises (iDE)​ ផងដែរ​។​


​លោក​បាន​បន្តថា ការងារ​នេះ​លោក​បានចាប់ផ្តើម​អាជីវកម្ម​អំឡុង​ឆ្នាំ ​២០២០ ខណៈ​ស្ថាន​ភាព​ជំងឺ​កូ​វីដ​ក៏​កំពុង​កើតមាន​នៅឡើយ​ផង​នោះ លោក​ក៏​ចេះតែ​កែច្នៃ​ធ្វើ​ដី​បណ្តុះ​បណ្តើរៗ​រហូតដល់​ឆ្នាំ ​២០២១ ក៏បាន​ដំណើរ​ការល្អ​។​បច្ចុប្បន្ន​នៅក្នុង​រោង​សិប្បកម្ម​របស់លោក​មាន​ម៉ាស៊ីន​សម្រាប់​កិន​ស្រកីដូង​ ១​ គ្រឿង​ និង​ម៉ាស៊ីន​សម្រាប់​លាយ​ច្របល់​បញ្ចូល​គ្នា​ ១ ​គ្រឿង និង​ជួយ​ដល់​អ្នកភូមិ​បាន ​៥ ​គ្រួសារ​ដែរ ដែល​បានមក​ធ្វើការ​នៅក្នុង​សិប្បកម្ម​របស់លោក​។​


​បើតាម​លោក ឡុង​គាន កាលពីមុន​លោក​បាន​ដើរ​ប្រមូល​ស្រកីដូង​នៅតាម​ភូមិ តាម​សហគមន៍​នៅ​ជុំវិញ​ប្រាសាទអង្គរវត្ត​ដោយ​មិន​ចំណាយលុយ​ឡើយ​។​តែ​សម្រាប់​បច្ចុប្បន្ន​លោក​ទិញ​ពី​គេ​នៅតាម​កន្លែង​កោសដូង ក្នុងតម្លៃ​ ៤​ ម៉ឺន​រៀល​ សម្រាប់​ស្រកីដូង​ទម្ងន់ ​១០០ ​គីឡូក្រាម រីឯ​ការផលិត​វិញ​ គឺ​ក្នុង​ ១​ ខែៗ​សិប្បកម្ម​របស់លោក​អាច​កែច្នៃ​ដី​បណ្តុះ​ពី​ស្រកីដូង​បាន​ពី​ ៣​ ទៅ​ ៤​ តោន​។ ចំពោះ​អតិថិជន និង​កសិករ​ដែល​បាន​ទិញ​ដី​បណ្ដុះ​ពី​លោក​មាននៅ​រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ កំពត កំពង់ចាម ស្វាយរៀង និង​ខេត្តព្រៃវែង​ជាដើម​។ ចំពោះ​តម្លៃ​វិញ គឺ​ទម្ងន់​ ១២​ គីឡូក្រាម ថ្លៃ​ ១២ ០០០​ រៀល​។​

​លោក​បាន​ប្រាប់ថា​៖ «​ខ្ញុំ​គិតថា ការធ្វើ​អាជីវកម្ម​របស់ខ្ញុំ​នេះ​គឺ​ខ្ញុំ​រើស​សំណ​ល់ពី​គេ​បោះចោល​ហើយ​កែច្នៃ​ជាវ​ត្ថុ​មាន​ប្រយោជន៍​ឡើងវិញ​។​ ការងារ​នេះ​ក៏​ជួយ​ដល់​បរិស្ថាន​បាន ​១ ​ផ្នែក​ដែរ ជា​ពិសេស​ជួយ​ដល់​កសិករ​ក្នុង​ការធ្វើ​កសិកម្ម​ផង​។ ម្យ៉ាងទៀត​យ៉ាងហោចណាស់​ក៏​ខ្ញុំ​បាន​ជួយ​រួមចំណែក​សម្អាត​បរិស្ថាន​នៅ​ជុំវិញ​តំបន់​ប្រាសាទ​អង្គរ និង​ក្នុង​សហគមន៍​របស់ខ្ញុំ​ដែរ​»​។​

​ដី​បណ្តុះ​នេះ វា​មាន​អត្ថប្រយោជន៍​ច្រើន​ដែល​ជួយ​ដល់​ការបណ្តុះ​គ្រាប់​ដំណាំ​បន្លែ​ឱ្យ​ឆាប់​លូតលាស់​បានល្អ​ដែល​ធ្វើឱ្យ​កូន​រុក្ខជាតិ​ដំណាំ​វា​រឹងមាំ មាន​ជីវជាតិ​ចិញ្ចឹម​ដើម​បានល្អ​។ ដី​បណ្តុះ​នេះ​មិនមែនជា​ជី​ទេ តែ​វា​មាន​សារធាតុចិញ្ចឹម​ជាង​ជីគីមី​ទៅទៀត ហើយ​ក្រៅពី​យកទៅ​បណ្តុះ​គ្រាប់​ក៏​គេ​អាច​យកទៅ​ផ្សាំ​មែកឈើ​ហូប​ផ្លែ​បានល្អ​ដែរ​។​នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោក​ឡុង គាន​។​

​ពាក់ព័ន្ធ​នឹង​ការប្រើ​ដី​បណ្តុះ​នេះ លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា ដី​បណ្តុះ​នេះ​ជាធម្មតា​ទេ ដែល​កើតឡើង​ពី​ការ​ផ្សំ​លាយ​គ្នា​ដែលមាន​ប្រើ​ជីធម្មជាតិ​បញ្ចូល​គ្នា​គឺ​វា​ធ្វើឱ្យ​ដំណាំ​លូតលាស់​បានល្អ និង​មាន​កម្លាំង​។ ក្នុងការ​បណ្តុះ​គ្រាប់​ដំណាំ​បើ​គេ​ដាក់​ដី​ធម្មតា​ក៏​វា​នៅតែ​ដុះ​ដែរ តែ​វា​លូតលាស់​មិនបាន​ល្អ​ដូច​ដី​បណ្តុះ​ដែលមាន​លាយ​លាមក​គោ និង​ធ្យូង​អង្កាម​។​

​លោក​បាន​បញ្ជាក់ថា​៖ «​បើ​និយាយ​ទៅ​មិនចាំបាច់​តែ​ភូមិ​មួយ​ហ្នឹង​ទេ តែ​នៅ​កន្លែង​មួយ​ចំនួន​ទៀត​ក៏មាន​ការកែច្នៃ​ដី​បណ្តុះ​នេះដែរ​នៅក្នុង​ខេត្តសៀមរាប គ្រាន់តែ​ថា​នៅ​កន្លែង​ភូមិ​នោះ​សម្បូរ​ស្រកីដូង ដោយ​​សារ​តែមាន​កន្លែង​លក់​ដូង ឬ​ទីកន្លែង​លក់ដូរ​ដែល​ប្រើប្រាស់​ផ្លែ​ដូង​ច្រើន​»៕