កណ្ដាល​: នៅ​ខាង​ក្រោមផ្ទះ​ខ្មែរ​បុរាណ​នៃ​មជ្ឈមណ្ឌល​សិល្បៈ​ធ្វើ​ម្ហូប​របស់​ចុងភៅ​ ណាក់ ដែល​ស្ថិតនៅក្នុង​ក្រុង​អរិយ​ក្សត្រ កាលពី​ថ្ងៃទី​ ១០ ខែមីនា ឆ្នាំ​ ២០២៤ ចុងភៅ​គ្រួសារ​បានបង្ហាញ​មុខម្ហូប​បែប​ខ្មែរ​បុក​គ្រឿង​ខ្មៅ​ដល់​គណៈកម្មការ​ចំនួន​ ៦ រូប​ ដើម្បី​វាយតម្លៃ​ពី​ស្នាដៃ​មុនពេល​ផ្ដល់​ចំណាត់ថ្នាក់​ដល់​អ្នកចូលរួម​បញ្ចេញថ្វីដៃ​។​


​មុខម្ហូប​បុក​គ្រឿង​ខ្មៅ គឺជា​សក្ខីភាព​មួយ​ចំពោះ​រសជាតិ​ដ៏​សម្បូរបែប​នៃ​ម្ហូប​ខ្មែរ ដែល​រមែង​បង្កើតបានជា​អត្ដ​សញ្ញាណ​តាម​តំបន់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នីមួយៗ​។​​ចុងភៅ​គ្រួ​សារបាន​នាំយក​នូវ​រសជាតិ​ពិសេស​រៀងៗ​ខ្លួន​មក​ចូលរួម​កម្មវិធី​ប្រកួតប្រជែង ដោយ​យក​គ្រឿងទេស​ស្ងួត​លាយ​បញ្ចូល​គ្នា​ដោយ​ប្រុងប្រយ័ត្ន​គ្រឿងផ្សំ​ជាច្រើន​មុខ​ទៀត បញ្ចេញ​ក្លិន​ឈ្ងុយ​នៃ​ស្លឹកគ្រៃ ខ្ទឹមស និង​ខ្ទឹមក្រហម ជា​សញ្ញា​សម្គាល់​នៃ​មរតក​ម្ហូប​ខ្មែរ​។​

​នៅលើ​តុ​តាំង​គ្រឿងទេស​ស្រស់ៗ​មួយ​កញ្ច្រែង និង​មុខ​​ម្ហូប​រៀបចំ​រួចជាស្រេច រង់ចាំ​គណៈកម្មការ​ផ្ដល់​ការវាយតម្លៃ អ្នកស្រី នេ​ម ពៅពិសី ដែល​ដៃ​កំពុង​មមាញឹក​រៀបរយ​បង្ហើយ​ស្នាដៃ​នៅលើ​ថាស​តូច ដែលមាន​បាយ​និង​បុក​គ្រឿង​ខ្មៅ បាន​និយាយថា មុខម្ហូប​នេះ​អាច​សាច់មាន់ ឬ​សាច់ជ្រូក ឬ​ត្រីឆ្អើរ រួមផ្សំ​ជាមួយ​គ្រឿង​ស្ងួត​បុក​ចូលគ្នា​។​


​អ្នក​ស្រឡាញ់​ការធ្វើ​ម្ហូប​ប្រចាំ​គ្រួសារ​រូបនេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​បុក​គ្រឿង​ខ្មៅ​នេះ​មិនសូវមាន​អ្នក​ស្គាល់​នោះទេ​។ ដូច្នេះ ចាំបាច់ ខ្ញុំ​ត្រូវតែ​យក​វា​មក​បង្ហាញ​អ្នក​ទាំងអស់គ្នា ជាពិសេស ការធ្វើ​ពិតជា​សាំ​​ញ៉ាំ​ខ្លាំង​ដែល​គ្រឿងផ្សំ​គោល​ទាំងអស់​ត្រូវ​ហាន់​ឱ្យ​ស្ដើង​និង​ហាល​ឱ្យ​ស្ងួត​ល្អ មុនពេល​បុក​បញ្ចូល​គ្នា និង​រែង​»​។​


​ជាការ​ពិតណាស់ ក្នុងចំណោម​គណៈកម្មកា​រ​ ៦ ​នាក់ ជា​មេ​ចុង​ភៅ​ប្រចាំ​ភោជនីយដ្ឋាន​ល្បីៗ រួមទាំង Chef Nak ដែល​តែង​​តែ​ចុះ​ទៅដល់​មូលដ្ឋាន​ជនបទ​ស្រាវជ្រាវ​អំពី​មុខម្ហូប​ខ្មែរ​នានា ក៏​លាន់មាត់​ថា ពួកគេ​មិន​ធ្លាប់បាន​ជួប​មុខម្ហូប​បុក​គ្រឿង​ខ្មៅ​នេះឡើយ​។​


​គណៈកម្មការ​បាន​កោត​សរសើរ​ចំពោះ​អ្នកស្រី ពៅ ពិសី ដែល​ខិតខំ​ពាំនាំ​យកមុខ​ម្ហូប​អ្នក​ខេត្ដ​ព្រះវិហារ​មួយ​នេះ និង​វាយតម្លៃ​ពី​រសជាតិ​មុត​ដិត ជូរ ហឹរ និង​ប្រៃ ផ្ទាប់​អន្លក់​បន្លែ​ស្រស់ៗ​ពិតជា​ស័ក្ដិសម​។​

​ចុងភៅ ណាក់ បាន​និយាយថា​៖ «​ខ្ញុំ​បាន​ទទួលស្គាល់ថា ទោះបីជា​ខ្ញុំ​បាន​ស្រាវជ្រាវ​ម្ហូប​ខ្មែរ​នៅ​កន្លែង​ផ្សេងៗ​ក្នុងប្រទេស​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក៏ដោយ ខ្ញុំ​មិនដែល​ជួបប្រទះ​មុខ​​ម្ហូប​នេះ​ទេ​។​ក្រៅពី​ការប្រកួត ការបង្ហាញ​មុខម្ហូបរ​បស់​ប្រជា​ជន​ខ្មែរ​តាម​តំបន់ មាន​គោល​បំណង​ស្វែងយល់​និង​ផ្សព្វ​ផ្សាយ​ពី​បេតិកភណ្ឌ​ធ្វើ​ម្ហូប​ខ្មែរ​របស់​យើង ដើម្បី​រក្សាបាន​ដល់​មនុស្ស​ជំនាន់​ក្រោយ​»​។​

​នៅពេលដែល​គណៈកម្មកា​រ​បាន​ភ្លក្ស​មុខម្ហូប​នីមួយៗ ពួកគេ​ក៏បានផ្ដល់​ការណែនាំ វាយ​តម្លៃ​អំពី​សមត្ថភាព​របស់​បេ​ក្ខ​​ជន​ម្នាក់ៗ ក៏ដូចជា​បាន​ជួយផ្ដល់​ដំបូន្មាន​ល្អៗ​សម្រាប់​ជា​ទុន​ទៅ​ថ្ងៃក្រោយ​។ កញ្ញា នាក់ មិថុនា បាន​នាំយក​ញាំ​សារាយ​ពី​ស្រុក​ឈូក ខេត្ដ​កំពត បាន​និយាយ​អំពី​ដំណើររឿង​នៃ​ការដាំ​សារាយ ដែលមាន​លំបាក​ក្នុង​ការដាំដុះ​នៅ​សមុទ្រ​។​

​អ្នកគ្រូ វ័យ ​២៥ ​ឆ្នាំ​រូបនេះ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ទម្រាំ​តែ​បាន​ញាំ​សារាយ​ ១ ​ចាន​នេះ វា​ត្រូវការ​ភាព​អត់ធ្មត់​មែនទែន ដោយ​ចាប់ផ្ដើម​ពី​ការដាំ​សា​រាយ​នៅ​សមុទ្រ​ក្នុង​ជម្រៅ​ទឹក ២-៣ ​ម៉ែត្រ រយៈពេល ​១-២ ​ខែ​ទើប​ប្រមូល​ផល រួច​ហាល​ឱ្យ​ស្ងួត​ដើម្បី​កម្ចាត់​ជាតិ​ប្រៃ​។ ពេល​ស្ងួត​ហើយ វា​ត្រូវការ​ពេលវេលា​សម្អាត​ជាច្រើន​ទៀត ដើម្បីឱ្យ​សារាយ​មាន​សម្រស់​ស្អាត និង​អាច​ទទួលទាន​បាន​»​។​

​កញ្ញា មិថុនា ដែលមាន​បំណង​ចង់បង្ហាញ​មុខម្ហូប​ក្នុង​តំបន់​របស់ខ្លួន បាន​បន្ដថា សា​រាយ​មាន​រសជាតិ​ច្រុបៗ​និង​ផ្ដល់​គុណ​តម្លៃ​ចំពោះ​សុខភាព​អ្នក​ទទួលទាន​។​

​អ្នកស្រី រស់ រតនៈ ហៅ ចុងភៅ​ណាក់ បានឱ្យដឹងថា កម្ម​វិធី​នេះ មាន​ឈ្មោះថា «​ការប្រកួត​ធ្វើ​ម្ហូប​ខ្មែរ​» ក្នុង​គោល​បំណង​លើកស្ទួយ និង​បង្ហាញ​ពី​ភាព​សម្បូរបែប​នៃ​មុខម្ហូប​ខ្មែរ​ទៅតាម​តំបន់​។ ក្នុងចំណោម​បេក្ខភាព​ ៧០ ​នាក់ ពួកគេ​ត្រូវបាន​សម្រាំង​យក​ត្រឹម​១០​នាក់​ដើម្បី​ប្រកួត​បង្ហាញ​ស្នាដៃ​នៅ​ចំពោះមុខ​គណៈកម្មការ​។​

​ចុងភៅ ណាក់ បាន​និយាយថា​៖ «​ការប្រកួត​ធ្វើ​ម្ហូប​ខ្មែរ​នេះ​គឺជា​វេទិកា​មួយ​ក្នុង​ការជជែក​វែកញែក និង​ស្ដាប់​ទាំងអស់ ក៏ដូចជា​ចូលរួម​គិត​ទាំងអស់​។ អ្វីដែល​សំខាន់​មួយទៀត វា​ជា​ឱកាស​រំឭក​នឹក​គុណ​ដល់​អ្នកបង្កើត​មុខម្ហូប ជា​ស្នាដៃ​រហូតមកដល់​ថ្ងៃនេះ ដែល​ផ្ដល់​ទាំង​ភាព​ឆ្ងាញ់ ឆ្អែត និង​អត្ថប្រយោជន៍​ចំពោះ​សុខភាព ក៏ដូចជា សាច់​​រឿង​នៃ​មុខម្ហូប​នីមួយៗ​»​។​

​សម្ព័ន្ធ​ភាពជា​បងប្អូន​រួម​ឈាម មិន​ថា ជា​បេក្ខជន​ប្រកួតប្រជែង​នោះទេ ពួកគេ​ទាំង​ ១០​ នាក់​បាន​ទទួលទាន​អាហារ​រួមគ្នា​ជាមួយ​មុខម្ហូប​ឆា​សឹ្ល​ក​ព្រិច​ជាមួយ​ពង​អង្ក្រង និង​នំ​បញ្ចុក​ទឹក​ម្ហិ​ច​។​

​មេ​ចុងភៅ​ដែល​ផ្សព្វផ្សាយ​មុខម្ហូប​រូបនេះ បាន​បន្ដថា មូល​​ហេតុ​មួយទៀត​ដែល​តម្រូវឱ្យ​បេក្ខជន​ដាក់ពាក្យ​តាមរយៈ​វីដេអូ គឺ​អ្នក​ចូល​ចិ​ត្ដ​អាច​ធ្វើការ​ចម្អិនម្ហូប​បាន​។​

​អ្នកស្រី​បន្ថែមថា មួយវិញទៀត គណៈកម្មការ​អាច​សង្កេត​ពី​បុគ្គលិកលក្ខណៈ​របស់​បេ​ក្ខ​ជននី​មួយៗ​អំឡុងពេល​បង្ហាញ​នៅលើ​វីដេអូ ដោយ​សង្ឃឹមថា ពួកគេ​នឹង​ក្លាយជា​មនុស្ស​ជំ​នា​ន់​ថ្មី​ក្នុងការ​ផ្សព្វផ្សាយ​ពីមុខ​​ម្ហូប​ខ្មែរ​បន្ដ​។​

​ម្ចាស់​សៀវភៅ​មុខម្ហូប ​«​សោយ​» ចុងភៅ ណាក់ បាន​លើកឡើងថា​៖ «​ពេល​បេក្ខជន​នាំយកមក​គឺ​មុខម្ហូប​មួយម្នាក់ តែ​ពួកគេ​យកទៅ​វិញ​នូវ​មុខម្ហូប​ ៩​ ផ្សេងទៀត​។ នេះ​ជា​រឿង​មួយ​ល្អ ដែល​យើង​អាច​សិក្សា​ពីគ្នា​ទៅវិញទៅមក​»​។​

​លោក រិ​ន ណា​រ៉ា ជា​មេ​ចុង​ភៅ និង​ជា​សមាជិក​គណៈកម្មការ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ធ្វើ​ម្ហូប​ល្បីៗ បានឱ្យដឹងថា កម្មវិធី​ប្រកួត​ធ្វើ​ម្ហូប​ខ្មែរ​នេះ​ពិតជា​ល្អ ពីព្រោះ​វា​មាន​គាស់កកាយ​មុខ​ម្ហូប​ខ្មែរ​ជាច្រើន​ដែល​បាន​កប់​ទុក​នៅតាម​តំបន់​ដើម្បីឱ្យ​ប្រជា​ជន​ទូទាំងប្រទេស​ក៏ដូចជា​ពិភព​លោក​បាន​ស្គាល់​ថា មុខម្ហូប​ខ្មែរ​ពិតជា​សម្បូរបែប​។​

​លោក​បាន​សារភាពថា​៖ «​ខ្ញុំ​និយាយ​ត្រង់ មុខម្ហូប​ខ្លះ ខ្ញុំ​អត់​ស្គាល់​ទេ​។ ខ្ញុំ​ស្គាល់​មិន​អស់​ទេ​។ ប៉ុន្ដែ​ពេល​យើង​រៀបចំ​ធ្វើ​កម្មវិធី​នេះ​យើង​បានឃើញ​មុខម្ហូប​ច្រើន​ប្លែក​។ ពេលខ្លះ​បងប្អូន​មើល​ឃើញថា មុខម្ហូប​នោះ​ជា​សាមញ្ញ តែ​អ្នក​ដទៃទៀត​អត់​បាន​ស្គាល់​នោះទេ​»​។​

​ក្រុម​អ្នក​ស្ម័គ្រចិត្ដ​មកពី​សាលាបង្រៀន​ធ្វើ​ម្ហូប​ចំនួន​ ១០​ នាក់​ ដែល​មកជួយ​កិច្ចការ​ទូទៅ​អំឡុងពេល​ប្រកួត​បាន​ថ្លែង​ពី​ចំណាប់អារម្មណ៍​ថា ពួកគេ​រីក​​រាយ​ក្នុង​ការជួយ​កិច្ចការ​ចម្អិន​មុខម្ហូប​ខ្មែរ ដែល​វា​មិន​មាននៅ​សាលារៀន​របស់​ពួកគេ​។​

​ក្រុម​អ្នក​ស្ម័គ្រចិត្ដ ដែល​ជួយ​កិច្ចការ​យ៉ាង​សស្រាក់សស្រាំ​តាំងពី​ដំបូង​រហូតដល់​បញ្ចប់​កម្មវិធី បាន​និយាយថា ពួកគេ​ទទួលបាន​នូវ​បទពិសោធន៍​ថ្មី​សន្លាង​និង​ស្វែងយល់​អំពី​មុខ​ម្ហូប​ខ្មែរ​បាន​ច្រើន​។​

​ម្ចាស់​ជយលាភី​ទាំង​ ៣ រួមមាន អ្នកនាង ហួត រដ្ឋា ចំណាត់​​ថ្នាក់​លេខ ១ ដោយបាន​បង្ហាញ​ម្ហូប​ហហ្មុក​ខ្យង លេខ ​២ ​បាន​ទៅលើ​លោក ឃួន សំអន ធ្វើ​នំ​បញ្ចុក​ទឹកប្រហុក​វត្ត​បាត់​គង មកពី​ខេត្ដ​បន្ទាយមានជ័យ និង​លេខ​ ៣​ បាន​ទៅលើ​មុខម្ហូប​បុក​គ្រឿង​ខ្មៅ​របស់​អ្នកស្រី នេ​ម​ ពៅពិសី​។​

​អ្នកនាង ​ហួន រដ្ឋា ធ្វើ​មុខម្ហូប​ហហ្មុក​ខ្យង មកពី​ខេត្ដ​បន្ទាយ​មានជ័យ​បានបង្ហាញ​ពី​ភាព​​សប្បាយរីករាយ​ដែល​បានទទួល​ពានរង្វាន់​លេខ ​១ ​ក្នុងការ​ប្រកួត​ធ្វើ​ម្ហូប​ខ្មែរ​លើកដំបូង​នេះ​។​

​ជា​ប្រភេទ​មុខម្ហូប​ខ្មែរ​ច្រើន​ជំនាន់ អ្នកនាង រដ្ឋា បានឱ្យដឹងថា ដោយសារតែ​ដឹង​ច្បាស់​អំពី​ស្នាដៃ​របស់ខ្លួន អ្នកនាង​បាន​នាំយក​ហហ្មុក​ខ្យង មក​ប្រកួត​​ប្រជែង​ជាមួយ​បេក្ខជន​ ៩​ នាក់​ផ្សេងទៀត​។​

​ជា​ចុងក្រោយស្ដ្រី​មេផ្ទះ អ្នក​ស្រី ពៅពិសី ដែល​មិន​ផ្ដោត​សំខាន់​លើ​ការប្រកួត​ជាប់​ឬក៏​ធ្លា​ក់បាន​សំណូមពរ​ដល់​គណៈ​កម្ម​ការ ជាពិសេស Chef Nak ឱ្យ​ដាក់បញ្ចូល​មុខម្ហូប​បុក​គ្រឿង​ខ្មៅ​អ្នក​ខេត្ដ​ព្រះវិហារ​នេះ​ក្នុងការ​ចងក្រង​សៀវភៅ​មុខម្ហូប​លើក​ក្រោយៗ​ផង​៕