​បាត់​ដ​បំ​ងៈ ​កាបូបយួរ កន្ត្រក​បន្លែ ខ្សែ​យួរ កែវ​កាហ្វេ និង​កាបូបដៃ​សម្រាប់​សុភាពនារី​ដែល​ត្បាញ​ដោយ​ដៃ និង​រចនា​តាមបែប​ខ្មែរ​ច្នៃ​ពី​សរសៃ​ដើម​ចេក​ហាក់​មានការ​និយម​ពី​ពល​រដ្ឋ​ខ្មែរ​មួយចំនួន ជាពិសេស​បាន​ជួយ​កាត់បន្ថយ​ការប្រើ​ប្លា​ស្ទិ​ក​ក្នុង​សហគមន៍ ខណៈ​មាន​មនុស្ស​ជាង​ ៥​ លាន​នាក់​ហើយ​ដែល​ឈប់​ប្រើ​ថង់​ប្លា​ស្ទិ​កនៅ​កម្ពុជា​។​

​ដោយ​ចង់​អភិរក្ស​ជំនាញ​ត្បាញ​ដោយ​ដៃ​បន្ត​ពី​ដូនតា និង​មាន​ចំណូលចិត្ត​ស្រឡាញ់​បរិ​ស្ថាន​ផង​នោះ​អ្នកស្រី ឆាត ​សុ​ឃឿប ជា​ម្ចាស់​សិប្បកម្ម​យីហោ ​«​អនុសារ​តម្បាញ​ចេក​ខ្មែរ​»​ ដែល​កំពុង​រស់នៅ​ភូមិ​ភ្នំ​សំពៅ​ឃុំ ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត បាត់ដំបង មិន​ត្រឹមតែ​ជួយ​ដល់​បរិស្ថាន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ស្ត្រី​គ្នាឯង​នៅក្នុង​សហ​គម​ន៍​ឱ្យមាន​ការងារ​ធ្វើ​ចំនួន​ ៧ ​នាក់​ទៀតផង​ដែរ​។

​ដោយបាន​ចាប់ផ្តើម​ពី​ការ​សាកល្បង​និង​បង្កើត​គំនិត​កែច្នៃ​ដោយ​ខ្លួនឯង​នៅ​អំឡុង​ឆ្នាំ​ ២០១៩ អ្នកស្រី សុ​ឃឿប បាន​ប្រាប់ថា មុនដំបូង​អ្នកស្រី​បាន​ដើរ​បេះ​ផ្លែឈើ​ក្នុង​ចម្ការ​ក្រោយ​ផ្ទះ​ជាមួយ​ប្អូនប្រុស​អ្នកស្រី​ម្នាក់ទៀត​។ ពេលនោះ​ប្អូន​របស់​អ្នក​ស្រី​បាន​កាត់​ស្រទបចេក​ច្រៀក​ជា​ចម្រៀកៗ​ដើម្បី​ដាក់​ផ្លែឈើ​។ បន្ទាប់មក​ប្អូនប្រុស​អ្នកស្រី​បាន​ច្នៃ​កន្ត្រក​ដែល​ត្បាញ​ពី​សរសៃ​ចេក​កាន់​តែមាន​ទម្រង់​ស្អាត​ជាង​មុន​ហើយ​អ្នកស្រី​ក៏​គិតថា​នឹង​យក​ធ្វើជា​អាជីព​តែម្តង​។​


​អ្នកស្រី សុ​ឃៀ​ប បាន​ប្រាប់ថា​៖ «​ពីដំបូង​ឡើយ​ប្អូន​ខ្ញុំ​គាត់​ត្បាញ​ជា​កន្ត្រក​ធម្មតាៗ​ទុកដាក់​បន្លែ​ និង​ផ្លែឈើ​ទេ​។​បន្ទាប់មក​ខ្ញុំ​ឃើញថា ​អាច​យក​ជារ​បរបាន​ក៏​បែកគំនិត​កែច្នៃ​ទៅ​»​។​


​បើតាម​អ្នកស្រី សុ​ឃឿប អ្វីដែល​ល្បី​មុនគេ​នោះ​គឺ​កាបូបដៃ​ដែល​អ្នកស្រី​ចាក់​ក្រង​ពី​សរសៃ​ដើម​ចេក​ហើយ​កាន់​ទៅ​ចូលរួម​ក្នុង​ពិធីមង្គលការ​ដែល​អ្នក​ស្រី​បាន​ថតរូប​កាន់​កាបូប​បង្ហោះ​តាម​បណ្តាញ​សង្គម ហើយ​មិត្តភក្តិ​របស់​អ្នកស្រី​ឃើញ​ក៏​ចាប់អារម្មណ៍​កុម្ម៉ង់​ឱ្យ​អ្នកស្រី​ធ្វើ​តែម្តង​។​


​ជាទូទៅ​ប្រហែលជា​អ្នកផង​គិតថា ដើម​ចេក​ក្រៅតែពី​យក​ផ្លែ​និង​ត្រយូង​របស់​វា​ហើយ​នោះ​វា​នឹង​មិនមាន​ប្រយោជន៍​អ្វី​ទៀត​ទេ តែ​បន្ទាប់ពី​អ្នកស្រី​សិក្សា​ស្រាវជ្រាវ​បន្ថែម​មក​ទើប​ដឹងថា​ដើម​ចេក​មាន​ប្រយោជន៍​។​ ម្យ៉ាង​អ្នកស្រី​ចង់​ថែរក្សា​តម្បាញ​ដោយ​ដៃ​ពី​ដូនតា​ដោយសារ​អ្នកស្រី​មានបំណង​ចង់​ជួយ​ដល់​ស្ត្រី​ក្នុង​សហគមន៍​ឱ្យមាន​ការងារ​ធ្វើ​ផង ទើប​អ្នកស្រី​ចាប់​ផ្តើមធ្វើ​អាជីវកម្ម​ក្នុង​ឆ្នាំ ​២០២០​ តែម្តង​។ ប៉ុន្តែ​កាលនោះ​ស្ថាន​​ភាព​ជំងឺ​កូ​វីដ​ ១៩ ក៏​រារាំង​ដល់​អាជីវកម្ម​របស់​អ្នកស្រី​ដែរ​។​


​អ្នកស្រី សុ​ឃឿប លើកឡើងថា ចំពោះ​ផលិតផល​តម្បាញ​ដើម​ចេក​ដោយ​ដៃ​មានដូចជា កន្ត្រក​យួរដៃ ខ្សែ​យួរ​សម្រាប់​ទ្រ​កែវ​កាហ្វេ កាបូបដៃ​កាបូបស្ពាយ ខ្សែ​យួរ​សម្រាប់​ដាក់​ដប​ទឹក​សុទ្ធ​ឡើង​ភ្នំ​។​ ផលិតផល​ទាំងនេះ​ត្រូវបាន​អ្នកស្រី​រចនា​ឡើង​តាម​ក្បាច់​ខ្មែរ​ដូចជា ក្បាច់​ភ្ញីភ្លើង​ជាដើម​។ សម្រាប់​ផលិតផល​កាបូបយួរ​អាចដាក់​កុំព្យូទ័រ​យួរដៃ អាចដាក់​ក្រដាស​ឯកសារ​ឬ​ស្រោម​សម្រាប់​ដាក់​ទូរស័ព្ទ​បាន​ផង​។​ ចំពោះ​តម្លៃ​វិញ​មាន​ចាប់ពី ​១០ ​ដុល្លារ​រហូតដល់​ជាង​ ៤០ ​ដុល្លារ​អាស្រ័យ​ទៅតាម​ផលិតផល​តូចធំ​និង​តាម​ក្បាច់រចនា​របស់​សម្ភារ​នីមួយៗ​។​

​អ្នកស្រីបាន​បញ្ជាក់ថា​៖ «​សម្រាប់​គុណភាព​នៃ​ផលិតផល​តម្បាញ​ពី​ដើម​ចេក​នេះ​អាច​ប្រើ​ជាប់​ស្វិត​កាន់​ឆ្នាំ​ផង​។ រីឯ​ផលិតផល​ច្នៃ​ពី​ដើម​ចេក​នេះ​ក៏​មិន​លាយ​សារធាតុ​គីមី​អ្វីដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ដែរ​»​។​

​បច្ចុប្បន្ន​អ្នកស្រី សុ​ឃឿប មាន​ចម្ការ​ដើម​ចេក​ខ្លួនឯង​ខ្លះ​ និង​ដើរ​ប្រមូល​ទិញ​ពី​អ្នកភូមិ​ខ្លះ​ហើយ​ដើម​ចេក​ប្រភេទ​អ្វី​ក៏​អាច​កែច្នៃ​បានដែរ​។ ចំពោះ​របៀប​ធ្វើ​វិញ អ្នកស្រី​ប្រាប់ថា ដំបូង​យក​ដើម​ចេក​មក​ច្រៀក​ជា​ចម្រៀកៗ​រួច​ហាលថ្ងៃ​ឱ្យ​ស្ងួត បន្ទាប់មក​យក​វា​មកវេញ​ត្បាញ​បញ្ចូល​គ្នា​ដែល​ផលិតផល​នីមួយៗ​អាច​ចំណាយពេល​ពី​ ២​ ទៅ ​៥ ​ថ្ងៃ ទើប​សម្រេចបាន​អា​ស្រ័យ​ទៅតាម​តូចធំ​។​មាន​ស្ត្រី​វ័យ​ចំណាស់ៗ​ប្រមាណ ​៧ ​នាក់​នៅតាម​ផ្ទះ​ក្នុង​សហគមន៍​កំពុងធ្វើការ​ងារ​តម្បាញ​ដើម​ចេក​ឱ្យ​អ្នកស្រី​សុ​ឃឿប​។​ ទាក់ទង​នឹង​ផលិតផល​របស់​អ្នកស្រី​បាន​ចូលរួម​ជួយ​ដល់​បរិស្ថាន ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​​ស្ទិ​កបាន​ច្រើនជាងគេ​ គឺ​ខ្សែ​យួរ​កែវ​កាហ្វេ​។​

​អ្នកស្រី​ថ្លែងថា​៖ «​ឥឡូវ​អ្នកលក់​កាហ្វេ​នៅក្នុង​សហគមន៍​ខ្ញុំ​គាត់​កុម្ម៉ង់​ឱ្យ​ខ្ញុំ​ធ្វើ​ខ្សែ​យួរ​ឱ្យ​គាត់ ព្រោះ​បើ​យើង​ប្រើ​ថង់​ប្លា​ស្ទិ​ក​កែវ ​១ ដៃ​យួរ​ ១ អ៊ីចឹង​បើ​កែវ​ ៥០ ដៃ​យួរ​ក៏​ ៥០​ ដែរ​។​អ៊ីចឹង​បើ​ងាក​មក​ប្រើ​ខ្សែ​ធ្វើ​ពី​សរសៃ​ដើម​ចេក​ ១ ​ក៏​កាត់បន្ថយ​ថង់​ប្លា​ស្ទិ​កបាន ​១ ​ដែរ​»​។​

​បើតាម​អ្នកស្រី សុ​ឃឿប បច្ចុប្បន្ន​មាន​ចំណាប់អារម្មណ៍​ពី​អតិថិជន​ច្រើនជាង​មុន​ដូចជា ពី​ខេត្តកោះកុង កំពង់ស្ពឺ ពោធិ៍​សាត់ និង​នៅ​ខេត្តបាត់ដំបង​ផ្ទាល់ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ពីព្រោះ​អតិថិជន​ដែល​កុម្ម៉ង់​ឱ្យ​អ្នកស្រី​ត្បាញ​ជា​ខ្សែ​យួរ​កែវ​កាហ្វេ​គឺ​ភាគច្រើន​ក៏​សុទ្ធតែ​ចូលរួម​ជួយ​ថែរក្សា​បរិស្ថាន​ដែរ​។​

​កន្លងមក​ប្រមុខ​រាជរដ្ឋាភិបាល លោក​ ហ៊ុន ម៉ា​ណែ​ត បាន​គាំទ្រ និង​បាន​វាយតម្លៃ​ខ្ពស់​លើ​យុទ្ធ​នា​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។ ការផលិត​សម្ភារ​ប្រើ​ប្រាស់​ពី​ដើម​ចេក​ឬ​របស់​កែច្នៃ​ក្នុងស្រុក ដែល​មិន​ប៉ះពាល់​បរិស្ថាន​បាន​ចូលរួម​យ៉ាងសំខាន់​ក្នុង​យុទ្ធនាការ​នៃ​ការ​កាត់​​បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក និង​ផ្សព្វផ្សាយ​ពី​សម្ភារ​មេត្រី​បរិស្ថាន ហើយក៏​ដូចជា បាន​ជួយ​ផ្សព្វផ្សាយ​ចំណេះដឹង​ថ្មី​ទៀត​ជូន​ដល់​បងប្អូន​ប្រជា​​ពលរដ្ឋ​នៅតាម​សហគមន៍​ដែល​មិន​ត្រឹមតែ​មិន​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន​ទេ តែ​ពួក​គាត់​ថែមទាំង​បានទទួល​ប្រាក់ចំណូល​យ៉ាងសំខាន់​ប្រចាំថ្ងៃ​បន្ថែម​ពី​មុខរបរ​ស្រែចម្ការ​ផ្សេងទៀត​។ នេះ​បើតាម​លោក​ខ្វៃ​អាទិ​ត្យា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​។​

​លោក​បាន​លើកឡើងថា ការផលិត​សម្ភារ​ធ្វើ​ពី​សរសៃ​ដើម​ចេក​បាន​ជួយ​ពង្រឹង​ការគិតគូរ ជាពិសេស​អាជីវករ ជុំវិញ​គោលបំណង ទី​១ ​គឺ​ចូលរួម​ចលនា​ទូលំទូលាយ​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​កនៅ​កម្ពុជា ក៏ដូចជា​ជំរុញ​ការអនុវត្ត​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ស្ដីពី​ការ​​គ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក​,​ ទី​២ ​គឺ​ជំរុញ​និង​លើកទឹកចិត្ត​ដល់​អាជីវករ​ឱ្យ​បញ្ឈប់​ជា​អចិ​ន្រៃ្ដ​យ៍​នូវ​ការផ្ដល់​ថង់​ប្លា​ស្ទិ​កដោយ​មិន​គិតថ្លៃ​ដល់​អតិថិជន និង​ទី​៣ គឺ​ចូលរួមចំណែក​លើកស្ទួយ​ជីវ​​ភាព​រស់នៅ​របស់​ប្រជាជន​នៅតាម​សហគមន៍​ផលិត​កន្ត្រក​ឬ​សម្ភារ​ប្រើប្រាស់​ពី​ដើម​ចេក​ដែល​ងាយ​​ស្រួល​ដាំ​ដុះ​ និង​ផ្តល់​ផល​ច្រើន​ធានា​ដល់​អាជីវកម្ម​ផលិត​ផងដែរ​។​

​បើតាម អ្នកនាំពាក្យ​រូបនេះ យុទ្ធនាការ​កាត់បន្ថយ​ការប្រើ​ប្រាស់​ប្លា​ស្ទិ​ក​ក្រោម​ប្រធានបទ ​«​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​» ​ចាប់ពី​ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ​ ២០២៣ រហូតមកទល់​ថ្ងៃទី ​១២ ខែមីនា ឆ្នាំ ​២០២៤ គឺមាន​សាលារៀន​ចំនួន ៨ ១០០ ​សាលារៀន និង​មនុស្ស​សរុប​ចូល​រួម​ចំនួន​ជាង ​៥ ​លាន​នាក់​ក្នុងនោះ​សិស្សានុសិស្ស​បាន​ចូលរួម​ចំនួន​ប្រមាណ​ជាង​ ៣០ ម៉ឺន​នាក់​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​មានសង្ឃឹម និង​ជំនឿ​ជឿជាក់ថា ស្មារតី​នៃ​យុទ្ធ​ការកាត់បន្ថយ​ថង់​ប្លា​ស្ទិ​ក​នាពេលនេះ នឹង​ធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មានការ​យល់ដឹង​និង​ភ្ញាក់រឭក​ហើយ​យក​ការយល់ដឹង​នេះ​មក​ប្រែក្លាយជា​ការអនុវត្ត​ជាក់ស្តែង​និង​អនុវត្ត​ជាប្រចាំ ដើម្បី​បុព្វហេតុ​បរិស្ថាន និង​ដើម្បី​ភាព​ស្អាត​នៅក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​បរិស្ថាន​ពិភព​លោក​ឱ្យមាន​និរន្តរភាព​។​ បន្ថែម​ពីនេះ ការមិន​ប្រើប្រាស់​ប្លា​ស្ទិ​ក​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​រួមគ្នា​ដើម្បី​កិច្ច​គាំពារ​បរិស្ថាន​និង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​រប​ស់​ប្រជា​ជាតិ​យើងទាំងអស់គ្នា​»​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ដើម្បី​ភាព​ស្អាត​និង​ធ្វើឱ្យ​កម្ពុជា​ស្អាត គ្មាន​ការបំពុល​លើដី​លើទឹក និង​ខ្យល់​ដោយ​សំណល់​សំរាម និង​ប្លា​ស្ទិ​ក​ដូច​មានចែង​ក្នុង​យុទ្ធ​សាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​ ២០២៣-២០២៨ ដែល​ផ្តោតលើ​មុំ​បង្វិល​សំខាន់​ចំនួន ​៣ ​គឺ​ស្អាត បៃតង និង​ចីរភាព​។ ការ​ចូលរួម​យុទ្ធនាការ​ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​»​ ក៏ដូចជា​ចូលរួម​ជាមួយ​ប្រជាជាតិ​លើ​សកលលោក​ដើម្បី​បុព្វហេតុ​រួមចំណែក​ការពារ​និង​ថែរក្សា​គុណភាព​បរិស្ថាន​ភពផែនដី​ឱ្យ​ឈាន​ឆ្ពោះទៅ​រក្សា​និរន្តរភាព​និង​ភាពស្រស់​បំព្រង​ជានិច្ច​សម្រាប់​មនុស្សជាតិ​បច្ចុប្បន្ន និង​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត​»៕