​សៀមរាបៈ ភ្ញៀវទេសចរ​ ២​ នាក់​ ឈរ​ជជែក​គ្នា​ដោយ​ស្នាមញញឹម ពេល​មើលឃើញ​ត្រី​ជាច្រើន​កំពុង​ហែល​ឆ្វែល​ឆ្វា​ត់ នៅក្នុង​កញ្ចក់​អាងទឹក​ដែលមាន​ដាក់​ត្រី​ជាច្រើន​ប្រភេទ​។ រីឯ​ភ្ញៀវទេសចរ​ជាច្រើន​នាក់​ផ្សេងទៀត បាន​ថត​​រូប​កម្សាន្ត និង​មើល​ហ្វូង​មច្ឆា​នានា​ហែបហែល​រេរា​គួរឱ្យ​មៀងមើល​។​


​ការកម្សាន្ត​អារម្មណ៍​ជាមួយ​ទេសភាព​បង្ហាញ​ពី​ជីវចម្រុះ​ក្នុង​ទន្លេ សមុទ្រ និង​សត្វព្រៃ​ផ្សេងៗ នៅ​រមណីយដ្ឋាន​ជល​វប្បដ្ឋាន Angkor Wildlife & Aquarium ដែលជា​អាង​ពិព័រណ៍​ត្រី​ទឹក​សាប ទឹកប្រៃ ឧទ្យាន​សត្វ និង​ផ្ទះ​សត្វ​ល្មូ​ន មានតែ​មួយគត់​នៅ​ខេត្តសៀមរាប គឺជា​បទពិសោធន៍​កម្សាន្ត​ថ្មី​ប្លែក ខុសពី​ការមើល​ប្រាសាទ មើល​ឆ្នេរសមុទ្រ និង​មើល​ពិព័រណ៍​តាម​ស្តង់​ដែលមាន​មនុស្ស​ច្រើន​កុះករ​។

ភ្ញៀវទេសចរ​ជាច្រើន​ដែល​ធ្វើដំណើរ​មកពី​បណ្តា​ខេត្ត​ផ្សេងៗ​បាន​ឆៀង​ចូល​លេង​កម្សាន្ត រមណីយដ្ឋាន ជល​​វប្បដ្ឋាន Angkor Wildlife & Aquarium ដែល​ស្ថិតនៅ​ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ដែលមាន​ចម្ងាយ​ប្រមាណ ​៣០ ​គីឡូម៉ែត្រ​ ពី​ក្រុង​សៀមរាប​ក្នុងឱកាស​ទៅ​ដើរលេង​កម្សាន្ត​បុណ្យ​ទន្លេ​លើក​ទី​ ៨ ធ្វើឡើង​នៅ​ខេត្តសៀមរាប​ពីថ្ងៃ​ទី ​១៥ ​ដល់​ថ្ងៃទី​ ១៧ ខែមីនា​។​


​ជាការ​កត់សម្គាល់​ចាប់តាំងពី​កន្លែង​ខ្លោងទ្វារ​ចូល​អាង​ពិព័រណ៍​នោះ ភ្ញៀវទេសចរ​បាន​សម្តែង​ក្តីសប្បាយ​រីករាយ​ជាមួយនឹង​ភាព​ភ្ញាក់ផ្អើល​ពេល​បានឃើញ​សត្វ​ត្រី​ទឹកសាប​ជាច្រើន​ប្រភេទ ភាគ​ច្រើន​ជា​ត្រី​ក្នុង​ទន្លេមេគង្គ កំពុង​ហែល​ឆ្វែល​ឆ្វា​ត់​មើលទៅ​ប្រៀប​ដូច​បាន​ចុះទៅ​ក្នុង​បាតទន្លេ​ពិតៗ​។​


​លោក សំណាង ធា​រិ​ទ្ធ អាយុ ​៣០ ​ឆ្នាំ ​ជា​ពលរដ្ឋ​មកពី​ខេត្ត​បាត់​​ដំបង បាន​និយាយថា​៖ «​នេះ​ជា​លើកដំបូង​របស់ខ្ញុំ​ដែល​បាន​ចូល​មើល​ទីនេះ ពិតជា​ប្លែក​ភ្នែក​មែន​​ទែន ពេល​ឃើញ​ត្រី​នៅក្នុង​អាង​ពិព័រណ៍​នៅ​នេះ គឺ​ប្រៀបដូចជា​ខ្ញុំ​បាន​មុជ​ចុះ​ទៅដល់​បាតទន្លេ បាតសមុទ្រ​អ៊ីចឹង ហើយ​មើលទៅ​ខ្ញុំ​មាន​អារម្មណ៍​ថា ហាក់ដូច​ជា​ត្រី ​១​ ក្បាល ដែល​កំពុង​ហែល​ជាមួយ​ត្រី​ទាំង​នោះដែរ​»​។


​លោក​បាន​សរសើរ​ដល់​អ្នក​​ផ្តល់ព័ត៌មាន ដែលមាន​ភាពរួស​រាយ​រាក់ទាក់ យកចិត្តទុកដាក់​ជា​មួយ​ភ្ញៀវ​ហើយ​បាន​ពន្យល់​បង្ហាញ​ពី​ប្រភេទ​ជីវចម្រុះ​។ លោក​ថា ការ​មក​កម្សាន្ត​ទីនេះ​ជា​ឱកាស​ដើរ​កម្សាន្ត​ដ៏​ប្លែក​ភ្នែក​មួយ​។

​កំពុង​ឈរ​ថតរូប​អនុស្សាវរីយ៍​នៅ​កន្លែង​ពិព័រណ៍​ជីវចម្រុះ​បាត​សមុទ្រ យុវនារី​វ័យ​ ១៦ ​ឆ្នាំឈ្មោះ ឆាយ ដា​នី មកពី​ខេត្តកំពង់ចាម បាន​និយាយ​ពី​ការយល់ឃើញ​របស់​នាង​ថា នាង​សប្បាយចិត្ត​ណាស់​ដែលមាន​ពេលវេលា​ដើរ​កម្សាន្ត​ជាមួយ​ឪពុកម្តាយ ហើយ​បានឃើញ​ទេសភាព​ក្នុង​ទន្លេ ក្នុង​សមុទ្រ និង​សត្វព្រៃ​ផ្សេងៗ​ជាច្រើន ដែល​គេ​ដាក់តាំង​ពិព័រណ៍​។

​នាង​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ «​ពេល​ដើរចូល​មកដល់​កន្លែង​ពិព័រណ៍​បាតសមុទ្រ ខ្ញុំ​មាន​អា​​រ​ម្មណ៍​ថា កាន់តែ​ប្លែក​ជាង​នៅ​ទីតាំង​ពិព័រណ៍​អំពី​បាតទន្លេ​ទៅទៀត ពេល​ឃើញ​ផ្កាថ្ម ឃើញ​ត្រី សត្វ​សមុទ្រ​ផ្សេងៗ​អ៊ីចឹង ធ្វើឱ្យ​ខ្ញុំ​ស្រមៃ​ថា ហាក់ដូចជា​នៅ​ឋាន​បាតាល នៅក្នុង​រឿង​អ៊ីចឹង​»​។​

​ដោយឡែក​លោក ឆាយ តារា អាយុ​ ៣២​ ឆ្នាំ មកពី​ខេត្តកំពត បាន​សម្តែង​ការរំភើប​សប្បាយរីករាយ​ចំពោះ​ការថតរូប​នៅក្នុង​កន្លែង​ពិព័រណ៍​នោះ​។ ជាមួយគ្នា​នោះ​លោក​បាន​លើកឡើងថា មាន​សត្វព្រៃ​មួយចំនួន​លោក​ធ្លាប់​ឮឈ្មោះ​ប៉ុន្តែ​មិនដែល​បានឃើញ ត្រូវបាន​គេ​យកមក​ថែរក្សា​អភិរក្ស​។  

​លោក​ថ្លែងថា​៖ «​ក្រៅពី​ទេស​​ភាព​បាតទន្លេ និង​បាតសមុទ្រ​ទៅ ខ្ញុំ​បាន​ចាប់អារម្មណ៍​ឃើញ​សត្វ​ព្រៃ​មួយចំនួន​ដូចជា​ប្រភេទ​ពស់ពព្លាក់​អីហ្នឹង ខ្ញុំ​អត់​ដែល​ឃើញ​ដែរ​ឮ​តែ​ចាស់ៗ​និយាយ​ហើយ​ក្រៅ​​ពី​ហ្នឹង​មាន​សត្វព្រៃ​កម្រៗ​ដែរ តែ​មិនសូវ​ច្រើន​ប៉ុន្មាន​ទេ​»​។

​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ដែល​ដឹក​នាំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា​ទៅ​ទស្សនកិច្ច​នៅ​ទីនោះ លោក អុល វណ្ណដា អ្នកគ្រប់គ្រង​ទូទៅ នៃ​អង្គរ​វ៉ា​យ​ដ៍​ឡាយ​ហ្វ៍ & អឹ​ឃ្វា​រៀម​បានឱ្យដឹងថា ឧទ្យាន​ជល​​វប្បដ្ឋាន​នេះ​រាប់ទាំង​ប្រភេទ​សត្វ​ក្នុង​សមុទ្រ ទន្លេ និង​សត្វព្រៃ​ផង មាន​ប្រមាណ​ជាង​ ១២០ ​ប្រភេទ ក្នុងនោះ​មាន​សត្វព្រៃ ៥០​ ប្រភេទ សត្វ​សមុទ្រ​ ៣០ ​ប្រភេទ និង​សត្វ​​ទឹកសាប​មាន​ជាង​ ៤០ ​ប្រភេទ​។​

​លោក​បញ្ជាក់ថា ទីនេះ​មិនមែនជា​កន្លែង​ដែល​ទិញ​សត្វ​យកមក​ដាក់​បង្ហាញ​ទេ​ប៉ុន្តែ​ជា​កន្លែង​ផ្តល់​ជម្រក​ដល់​សត្វ ដើម្បីឱ្យ​សត្វ​ទទួល​បានការ​រស់នៅ​មួយ​ដែល​ល្អប្រសើរ ប្រសិន​សត្វ​ឈឺ ឬ​សត្វ​ស្ថិតក្នុង​លក្ខខណ្ឌ​គំរាមកំហែង​ត្រូវតែ​ជួយសង្គ្រោះ​។

លោក​និយាយថា​៖ «​នៅពេលដែល​ជួយសង្គ្រោះ បាន​គឺ​យើង​ត្រូវយក​វា​ទៅ​លែង នៅ​ដែន​ជម្រក​អភិរក្ស​សៀម​ប៉ាង ព្រោះថា​នៅ​ទីនោះ​ទើប​ជាទី​ជម្រក ដែលមាន​សុវត្ថិភាព​សម្រាប់​ពួកវា​នៅពេល​ចុងក្រោយ​»​។​

​លោក ​អុល វណ្ណដា ប្រាប់ថា ក្នុង​ការចូល​ទស្សនា​ទី​នេះ ភ្ញៀវ​ទេសចរ​ជាតិ​ជា​មនុស្ស​ធំ​ពេញវ័យ​ត្រូវ​ចំណាយ​ម្នាក់​ ១១​ ដុល្លារ ក្មេងៗ​ក្នុង​ម្នាក់​ ៥ ​ដុល្លារ​កន្លះ រីឯ​ជនបរទេស​ម្នាក់ ២០​ ដុល្លារ​។ ក្រៅពីនេះ​ក៏មាន​កញ្ចប់​ពិសេស​សម្រាប់​ក្រុម​ទស្សនកិច្ច​សិក្សា​នៅតាម​បណ្តា​សាលារៀន​នានា​ផងដែរ ដែល​ក្នុង​ម្នាក់​ចំណាយ​តែ​ ១​ ម៉ឺន​រៀល​ប៉ុណ្ណោះ​។

លោក​បញ្ជាក់ថា ជា​រៀងរាល់ថ្ងៃ​មាន​ភ្ញៀវ​ចូល​ទស្សនា​ប្រមាណ​ ៥០០ ទៅ ​៨០០ ឬ​ ១ ០០០ ​នាក់ ចូល​មើល​កម្សាន្ត ដែល​ភាគច្រើន​ជា​ជនជាតិខ្មែរ ឯ​ជនបរទេស​មិនសូវមាន​ច្រើន​ទេ​។

លោក​ថា​៖ «​ទីនេះ​ជា​កន្លែង​ដាក់តាំង​បង្ហាញ​នូវ​ជីវចម្រុះ​ថ្មី​ទី ​១ ​ក្នុងប្រទេស​​កម្ពុជា អ៊ីចឹង​ហើយ​ក្នុងការ​ចុះមក​ទស្សនា​នេះ​គឺ​យើង​បើក​ទូទៅ​ទាំង​ក្មេង​ទាំង​មនុស្ស​ចាស់ ទាំង​បរទេស ទាំង​ប្រជាជន​យើង គ្រាន់តែ​ថា​មានតម្លៃ​ខុសគ្នា​»​។​

​អ្នកគ្រប់គ្រង​ទូទៅ​នៃ​អង្គរ​វ៉ា​យ​ដ៍​ឡាយ​ហ្វ៍ & អឹ​ឃ្វា​រៀម​បាន​ឱ្យដឹងទៀតថា បច្ចុប្បន្ន​ឧទ្យាន​ជល​​វប្បដ្ឋាន​នេះ បានផ្តល់​ការងារ​ជូន​អ្នកស្រុក​ចំនួន​ ១៤០ ​នាក់​ហើយ​ប្រសិនបើ​មានដំណើរ​ការល្អ​មាន​ការជួយ​គាំទ្រ​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ទៅ​ថ្ងៃមុខ​នឹងមាន​ការ​ពង្រីក​បន្ថែមទៀត ព្រោះ​ការ​អភិ​​វ​ឌ្ឍ​ទីនេះ​មាន​គម្រោង​ចំណាយ ៧០​ លាន​ដុល្លារ លើ​ផ្ទៃដី ១០០​ ហិកតា​ប៉ុន្តែ​ពេលនេះ​ទើប​ធ្វើបាន​ ១០​ ហិកតា​។  

​កំពុង​ដើរ​មើល​ស្ថានភាព​ក្នុង​ឧទ្យាន​ជល​វប្បដ្ឋាន Angkor Wildlife & Aquarium បុរស​វ័យ​ ៣៥​ ឆ្នាំ​ជា​អ្នកស្រុក​ពួក ខេត្ត​សៀមរាប​ឈ្មោះ ប៉ាត់ ពៅ ធ្វើការ​ងារ​ជា​សន្តិសុខ បាន​និយាយថា លោក​ចូល​បម្រើ​ការងារ​នៅទីនេះ បាន​រយៈពេល ​១ ​ឆ្នាំ​ហើយ​។ តាម​សភាព​ជាក់ស្តែង​ទីនេះ​មាន​បរិយាកាស​ល្អ ហើយ​ការងារ​ទទួលបាន​ប្រាក់ខែ​សមរម្យ ជួយ​ឱ្យ​ជីវភាព​មាន​ភាពល្អប្រសើរ ផ្ទុយ​ពីមុន​ដែល​លោក​បាន​ធ្វើជា​សន្តិសុខ​នៅក្នុង​ក្រុង​ប៉ុន្តែ​ទទួល​​បាន​ចំណូល​តិច​។

លោក​ប្រាប់ថា​៖ «​ពេល​មានការ​វិនិយោគ​ធ្វើឱ្យ​អ្នកស្រុក​មានការ​ងារ​ធ្វើបែបនេះ ខ្ញុំ​យល់ឃើញថា វា​ជា​រឿង​ល្អ ហើយ​ណាមួយ​វា​បានផ្តល់​ការងារ​ឱ្យ​អ្នកភូមិ​យើង​បាន​ច្រើន បើ​កន្លែង​នេះ​បន្ត​ពង្រីក​ថែមទៀត នឹង​ជួយ​ឱ្យ​ពលរដ្ឋ​ក្នុងភូមិ​មានការ​ងារ​ធ្វើ​កាន់តែច្រើន​»​។​

​កំពុង​ឈរ​ចាំ​ផ្តល់ព័ត៌មាន​ដល់​ភ្ញៀវទេសចរ នៅ​ក្លោងទ្វារ​ចូល​ឧទ្យាន​ជល​វប្បដ្ឋាន Angkor Wildlife & Aquarium យុវតី​វ័យ​ ២១ ​ឆ្នាំ មាន​ឈ្មោះថា សួស ស្រី​លាភ និយាយថា នាង​គឺជា​និស្សិត​ផ្លាស់ប្តូរ​កម្មវិធីសិក្សា​មកពី​ខេត្តបាត់ដំបង ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ខេត្តសៀមរាប​។

នាង​ថា ឆ្នាំមុន​ដោយ​ឃើញ​មានការ​ជ្រើសរើស​អ្នកធ្វើការ​នៅទីនេះ ជា​ឱកាសល្អ នាង​ក៏បាន​ដាក់ពាក្យ​សុំចូល​ប​ម្រើ​ការងារ​នៅទីនេះ ដើម្បី​រក​ចំណូល​សម្រួល​ដល់​ការហូបចុក​ស្នាក់​នៅក្នុង​ការបន្ត​ការសិក្សា​។​

​យុវតី​រូបនេះ​ប្រាប់ថា​៖ «​ការ​ងារ​ទីនេះ​អាច​រកចំណូលបាន​គួរ​សម ហើយ​មួយទៀត​បាន​ផ្តល់ឱ្យ​យើង​ទទួលបាន​ព័ត៌មាន​ពីស​ត្វ ពី​ត្រី​អី​ច្រើន​»​។ និស្សិត​រៀន​បរិ​ញ្ញា​ប​ត្រ​ភាសា​អង់គ្លេស​រូបនេះ បាន​ថ្លែង​ពី​ការយល់ឃើញ​របស់​នាង​ថា នាង​សប្បាយ​ចិត្តខ្លាំង ដោយ​សារ​ឧទ្យាន​ជល​វប្បដ្ឋាន​នេះ​ទើប​តែមាន​លើកដំបូង​នៅក្នុង​ស្រុក​ហើយ​អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ការសិក្សា​ស្រាវ​​ជ្រាវ​ជាពិសេស​សម្រាប់​ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ដែល​ចង់​ស្វែងយល់​ពី​ប្រភេទ​សត្វ អាច​សិក្សា​ស្វែងយល់​ជាក់ស្តែង​បាន​៕