សៀមរាប: ធ្លាប់តែរស់នៅក្នុងភូមិឋានដាច់ស្រយាល និងចុះទូកនេសាទជារបរចិញ្ចឹមជីវិតប្រចាំថ្ងៃលោក ឌើ ហ្វីតទ្រី និងភរិយាបានប្រឈមបញ្ហាក្នុងការនាំយកកូនប្រុសមាត់ឆែបទៅទទួលការព្យាបាល។
លោក ហ្វីតទ្រី បានរៀបរាប់អំពីស្ថានភាពកូនប្រុសទី២ ថា៖ «ពេលឃើញមុខកូនកើតមក អស់កម្លាំងរលីងតែម្ដង។ ប៉ុន្ដែធ្វើម៉េចបើគាត់ជាកូនហើយគាត់ពិតជាគួរឱ្យអាណិតណាស់»។
រយៈពេល ៧ ថ្ងៃក្រោយដោយឮដំណឹងអំពីការវះកាត់មាត់ឆែបដែលអង្គការ Smile Cambodia ចេញបេសកកម្មនៅខេត្ដកំពត។ ប៉ុន្ដែដោយសារទារកនៅតូចពេក ពួកគេត្រូវបានជូនដំណឹងឱ្យរង់ចាំដល់ទារកគ្រប់ ៤ ខែ។ យ៉ាងណាក្តីប្ដីប្រពន្ធជាអ្នកនេសាទនៅសមុទ្ររូបនេះ មិនមានបំណងនាំយកដំណើរផ្លូវវែងឆ្ងាយពីទីឋានដាច់ស្រយាលនៃខេត្ដកំពតទៅកាន់ខេត្ដសៀមរាបនោះទេ ដោយពួកគេនិយាយថា មិនស្គាល់គ្មានថវិកានិងមិនជឿពីសមត្ថភាពនៃការព្យាបាលស្ថានភាពកូនរបស់ខ្លួនបាន។
លោកប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «យើងមិនជឿទេ! មាត់របស់គាត់ចំហធំណាស់ ហើយគេប្រាប់ថា បើអាចដេរបាន ក៏នៅតែមិនជិតល្អទេ។ ប៉ុន្ដែដោយមានការជំរុញពីខាងអង្គការ ជាពិសេសលោកចាន់ ដែលធានាអះអាងថា អង្គការរ៉ាប់រងការចំណាយ និងទំនុកបម្រុងសព្វបែបយ៉ាង ទើបយើងប្រថុយនាំកូនមកព្យាបាល»។
លោក ហ្វីតទ្រី ដែលមើលមុខកូនខ្លួនឯងមិនស្គាល់ក្រោយពេលវះកាត់រួច បាននិយាយថា បើលោកមិននាំយកកូនមកធ្វើការវះកាត់នោះទេលោកប្រាកដជាមានវិប្បដិសារីហើយកូនរបស់លោកនឹងប្រឈមការមើលងាយ មិនហ៊ានប្រឈមមុខក្នុងសង្គម ដែលធ្វើឱ្យជីវិតកូនជួបបញ្ហាជាច្រើននាពេលអនាគត។
លោក ចាន់ កុកឆយ ហៅ ចាន់ អនុប្រធានអង្គការ Smile Cambodia ថ្លែងថា បេសកកម្មវះកាត់កុមារមាត់ឆែបត្រូវបានធ្វើឡើងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២១ និងទី ២២ ខែមីនា ហើយព្រឹត្តិការណ៍រៃអង្គាសថវិកាធ្វើថ្ងៃទី ២៣។
លោកចាន់បានបញ្ជាក់ថា៖ «សម្រាប់ខ្ញុំផ្ទាល់ខ្ញុំសប្បាយចិត្តខ្លាំងណាស់ចំពោះលទ្ធផលនៃបេសកកម្មវះកាត់នៅសៀមរាប។ ជាមួយនឹងអ្នកជំងឺចំនួន ៤៤ នាក់ត្រូវបានព្យាបាលកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអ្នកស្ម័គ្រចិត្តពេទ្យកម្ពុជា និងម៉ាឡេស៊ីការគាំទ្រដ៏ល្អពីម្ចាស់ជំនួយក្នុងស្រុក និងក្រៅប្រទេសជាច្រើនក៏ដូចជាការគាំទ្រដ៏ធំធេងពីរដ្ឋាភិបាលអាជ្ញាធរខេត្តសៀមរាបមន្ទីរពេទ្យក្រសួងសុខាភិបាលនិងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។
លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលបានទៅពិនិត្យការវះកាត់បបូរមាត់ និងក្រអូមមាត់ឆែបនៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប បានឱ្យដឹងថា លោកបានអរគុណដល់អង្គការ Smile Cambodia ដែលផ្ដល់ការវះកាត់មាត់ឆែបដល់កុមារកម្ពុជា។
លោកបានថ្លែងក្រោយពេលចូលទស្សនាការវះកាត់ផ្ទាល់ថា សកម្មភាពនេះពិតជាល្អនិងបានជួយសម្រាលបន្ទុក ជាមួយការវះកាត់ និងព្យាបាលកុមារកម្ពុជាបានច្រើននាក់ហើយជាលទ្ធផលក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយ កុមារទទួលការវះកាត់បានច្រើន។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «សកម្មភាពមនុស្សធម៌នេះ មានការចូលរួមពីសំណាក់ក្រុមគ្រូពេទ្យកម្ពុជា ដែលធ្វើឱ្យគ្រូពេទ្យកម្ពុជាទទួលបានកិច្ចសហការជាមួយគ្រូពេទ្យបរទេស ដើម្បីផ្ដល់បទពិសោធឱ្យគ្នាទៅវិញទៅមក។ ក្នុងនាមក្រសួងសុខាភិបាលខ្ញុំយល់ថា បេសកកម្មនេះអាចជួយបានទាំងការបណ្ដុះបណ្ដាល ទំនាក់ទំនង និងសុខភាពប្រជាពលរដ្ឋ»។
លោក កាង បានថ្លែងទទួលស្គាល់អំពីការលើកឡើងរបស់ប្រធានអង្គការ Smile Cambodia ដែលកោតសរសើរសមត្ថភាពគ្រូពេទ្យកម្ពុជាក្នុងការវះកាត់បញ្ហាមាត់ និងក្រអូមមាត់ឆែប។
លោកបន្ដថា ក្រសួងសុខាភិបាលបានជួយគាំទ្រដល់បេសកកម្មរបស់អង្គការជាសកម្មភាពមនុស្សធម៌ ហើយក្រសួងសុខាភិបាល ក៏ដូចជាគ្រូពេទ្យកម្ពុជាបានចូលរួមជាច្រើន។
លោក កាង លើកឡើងថា៖ «យើងចង់ឃើញគ្រូពេទ្យយើងជាច្រើនទៀតចូលរួមក្នុងសកម្មភាពមនុស្សធម៌នេះ ដើម្បីទទួលបានចំណេះដឹងបន្ថែមទៀត»។
ជាវេជ្ជបណ្ឌិតសកម្មម្នាក់ដែលបានចូលរួមបេសកកម្មជាមួយអង្គការ Smile Cambodia លោក ទា សុខឡេង វេជ្ជបណ្ឌិតផ្នែកវះកាត់មាត់ឆែប និងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត និងអង្គការនៅកៀនឃ្លាំង បានធ្វើការវះកាត់បញ្ហាមាត់ និងក្រអូមឆែប រាប់ពាន់នាក់ ទាំងនៅក្នុងស្រុក និងអន្ដរជាតិ។ លោកថ្លែងថា ក្នុងការវះកាត់មាត់ឆែបនៅសៀមរាបនេះ ក្រុមគ្រូពេទ្យខ្មែរមានចំនួន ៤ នាក់ និងក្រុមគ្រូពេទ្យមកពីម៉ាឡេស៊ីចំនួន ៥ នាក់។
លោកបានឱ្យដឹងថា ប្រទេសកម្ពុជា នៅមានករណីមាត់ឆែបនេះច្រើន ដោយកត្ដាប៉ះពាល់ជាមួយសារធាតុគីមីទាំងចំណីអាហារការប្រើប្រាស់ឱសថពេលមានផ្ទៃពោះ និងរងនូវសារធាតុពុលពីបរិស្ថានជុំវិញជាដើម។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ដំណោះស្រាយចម្បងគឺការផ្សព្វផ្សាយទៅដល់មូលដ្ឋានដាច់ស្រយាលពីព្រោះកុមារមានមាត់ឆែបនេះ ភាគច្រើនចេញពីគ្រួសារក្រីក្រ ដែលម្ដាយប្រើប្រាស់ឱសថពេលមានគភ៌ ទទួលទានអាហារមិនស្អាត និងការបំពុលដោយថ្នាំសម្លាប់សត្វជាដើម»។
លោកស្រី Mathilda Ma ប្រធានអង្គការ Rotary Club of Likas Bay បានសម្តែងការដឹងគុណចំពោះភាពជោគជ័យនៃបេសកកម្មវះកាត់ Smile Cambodia នៅសៀមរាបដែលមានការចូលរួមពីប្រតិភូចំនួន ៣០ នាក់ មកពីប្រទេសម៉ាឡេស៊ី និងសមាជិក ៣ នាក់មកពីតៃវ៉ាន់។
លោកស្រី Ma បានឱ្យដឹងថា៖ «ក្នុងនាមក្លឹបRotary Club of Likas Bay យើងខ្ញុំសូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះសមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការ Smile Cambodia ដែលដឹកនាំដោយលោកចាន់ចំពោះជោគជ័យក្នុងបេសកកម្មនេះ»។
ក្លឹប Rotary ofLikas Bay (RCLB) គឺជាអង្គការសេវាកម្មមួយដែលមានទំនាក់ទំនងជាមួយ Rotary International ដែលមានទីតាំងនៅ Likas Bay ប្រទេសម៉ាឡេស៊ី។ ដូចក្លឹប Rotary ផ្សេងទៀតនៅជុំវិញពិភពលោក RCLB ផ្តោតលើសេវាសហគមន៍គម្រោងមនុស្សធម៌និងការលើកកម្ពស់សុច្ឆន្ទៈទាំងក្នុងស្រុកនិងក្រៅស្រុក។
ជាធម្មតាពួកគេចូលរួមក្នុងគំនិតផ្តួចផ្តើមផ្សេងៗដូចជាកម្មវិធីអប់រំយុទ្ធនាការសុខភាពគម្រោងបរិស្ថាន និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សហគមន៍ក្នុងគោលបំណងលើកកម្ពស់គុណភាពជីវិតសម្រាប់មនុស្សដែលត្រូវការជំនួយ។
លោកស្រី Ma បាននិយាយថា គំនិតផ្តួចផ្តើមនេះបាននាំមកនូវក្តីសង្ឃឹម និងជីវិតថ្មីដល់អ្នកជំងឺចំនួន ៤៤ នាក់នៅក្នុងខេត្តសៀមរាប ដោយបង្ហាញពីកិច្ចសហការដ៏គួរឱ្យកត់សម្គាល់ និងការងារជាក្រុមក្នុងចំណោមក្រុមគ្រូពេទ្យក្នុងស្រុក និងអន្តរជាតិ។
លោកស្រីបានសង្កត់ធ្ងន់លើភាពជាដៃគូដ៏យូរអង្វែងរវាងក្លឹប Rotary Club of Likas Bay និង Smile Cambodia ដែលមានរយៈពេលជាង ១៥ ឆ្នាំដើម្បីជាសក្ខីភាពនៃការលះបង់ដែលមិនផ្លាស់ប្តូររបស់អ្នកពាក់ព័ន្ធទាំងអស់រួមទាំងអ្នកឧបត្ថម្ភអ្នកគាំទ្រអ្នកស្ម័គ្រចិត្ត និងក្លឹប Rotary ផ្សេងទៀតដូចជា RC Senawang និង RC KK Mandarin។
ការទទួលបដិសណ្ឋារកិច្ចរបស់ Smile Cambodia និងការគាំទ្រពីក្រសួងសុខាភិបាល និងទីស្តីការគណៈអភិបាលខេត្តសៀមរាបបានធ្វើឡើងរយៈពេល ៥ ថ្ងៃ ក្នុងខេត្តសៀមរាបចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែមីនា ដែលជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាននិងជាទីនឹករឭក។
ប្ដីប្រពន្ធមកពីខេត្ដតាកែវ ដែលកំពុងតែបីកូនដំបូងដើរបន្លប់ការស្រែកយំពីការឈឺចាប់មុខរបួសវះកាត់បាននិយាយថា ពួកគេត្រូវបានប្រាប់ដំណឹងទៅអង្គការ Smile Cambodia នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ឬពេទ្យរុស្ស៊ី ក្នុងការព្យាបាលបញ្ហាឆែបមាត់របស់កូនស្រី។
ក្នុងបេសកកម្មវះកាត់មាត់ និងក្រអូមមាត់ឆែបរបស់អង្គការ Smile Cambodia នៅខេត្ដសៀមរាប លោក ស៊ឹម វិបុល ជាឪពុកទារិកា វិបុល ចន្ទ្រានិយាយថា៖ «ខាងអង្គការបានជូនដំណឹងនៅពេលគាត់អាយុបាន ៤ ខែ ឬប្រមាណ ៥ គីឡូក្រាម។ ដូច្នេះ យើងត្រូវធ្វើដំណើរពីខេត្ដតាកែវនៅថ្ងៃទី ១៩ ដើម្បីត្រៀមការវះកាត់នៅថ្ងៃទី ២១ ខែមីនា»។
លោក ឡៃ នីន ឬ រិទ្ធិ អាយុ ៤២ ឆ្នាំ ជាកម្មករសំណង់ បានដឹងពីការវះកាត់មាត់ឆែបតាមរយៈគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកក្នុងខេត្ដព្រះសីហនុ បាននាំកូនទី ៥ អាយុ ១០ ខែ មកកាន់មន្ទីរពេទ្យរុស្ស៊ីកាលពីខែកុម្ភៈ និងទទួលការណាត់របស់អ្នករៀបចំកម្មវិធីវះកាត់នៅខេត្ដសៀមរាប។
ស្ដ្រីជាម្ដាយ ភរិយាលោក រិទ្ធិ បាននិយាយថា៖ «អំឡុងពេលរង់ចាំកូនចូលបន្ទប់វះកាត់ ខ្ញុំបារម្ភខ្លាំងណាស់ ដើរឆ្លេឆ្លាចុះឡើងរហូតដល់គ្រូពេទ្យបានប្រាប់ថា ការវះកាត់រួចរាល់ហើយ ទើបខ្ញុំមានអារម្មណ៍សប្បាយ និងរំភើប ពេលបានឃើញមាត់កូនត្រូវបានដេរភ្ជិត។ ខ្ញុំអរគុណ លោកគ្រូដែលបានជួយកូនខ្ញុំ»។
លោក Kevin Lua សហស្ថាបនិកក្រុមហ៊ុនវ័នរ៉ូដគ្រុប រួមទាំងអង្គការមូលនិធិសប្បុរសធម៌វ័នរ៉ូដដែលបានចូលរួមបេសកកម្មវះកាត់នៅសៀមរាប និងជាអ្នកឧបត្ថម្ភគម្រោងមួយផងនោះបានឱ្យដឹងថា នេះជាការជួយដែលអាចផ្លាស់ប្តូរជីវិតរបស់កុមារជួបបញ្ហាសុខភាពកាយសម្បទាបែបនេះហើយចៃដន្យអង្គការ Smile Cambodia អាចជួយពួកគេនិងនាំមកនូវការផ្លាស់ប្តូរជោគវាសនាពេញមួយជីវិតរបស់ពួកគេ។
លោកបាននិយាយថា៖ «ក្នុងនាមខ្ញុំជាជនជាតិចិនដែលមកវិនិយោគនៅកម្ពុជាខ្ញុំមានកាតព្វកិច្ច និងមានការទទួលខុសត្រូវក្នុងការជួយមនុស្សដែលត្រូវការជំនួយបែបនេះបន្ថែមទៀត។ដូច្នេះការដែលខ្ញុំអាចចូលរួមក្នុងសកម្មភាពបែបនេះក៏មានអត្ថន័យពិសេសសម្រាប់ខ្ញុំផងដែរ»។
ថ្វីដ្បិតតែនេះជាលើកទី៣ ហើយដែលលោក Kevin បានចូលរួមក្នុងព្រឹត្តិការណ៍បែបនេះលោកមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងពេលដែលមើលឃើញក្រសែភ្នែករបស់កុមារទាំងនោះដែលដឹងគុណអស់ពីចិត្តចំពោះការខិតខំប្រឹងប្រែងរបស់វេជ្ជបណ្ឌិតនិងដៃគូរបស់មូលនិធិ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ក្នុងនាមខ្ញុំជាតំណាងអង្គការមូលនិធិសប្បុរសធម៌វ័នរ៉ូដខ្ញុំក៏សង្ឃឹមផងដែរថា អាចនឹងមានសកម្មភាពបែបនេះបន្ថែមទៀតនាពេលអនាគត ដើម្បីជួយដល់ពួកគេគ្រប់គ្នា»។
លោក ចាន់ បាននិយាយថា សកម្មភាពរបស់ Smile Cambodia គឺអាចធ្វើទៅបានដោយមានការរួមចំណែកដ៏សប្បុរសពីអ្នកឧបត្ថម្ភនិងម្ចាស់ជំនួយហើយវត្តមានរបស់លោកស្រី ទុយ ឈី ជាភរិយាអភិបាលខេត្តសៀមរាបក្នុងពិធីបិទរួមជាមួយនឹងឥស្សរជនក្នុងស្រុកជាច្រើន គឺពិតជាមានការលើកទឹកចិត្តយ៉ាងខ្លាំង។
លោកបានថ្លែងថា៖ «ពួកគេក៏បានបង្កើនការបរិច្ចាគយ៉ាងច្រើនដល់អង្គការ Smile Cambodia។ យើងក៏មានសេចក្តីសោមនស្សរីករាយផងដែរចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្ដម ង៉ូវ កាង ដល់មន្ទីរពេទ្យបង្អែកខេត្ដសៀមរាប»។
លោកបានឱ្យដឹងថា រហូតដល់ខែធ្នូ ឆ្នាំ ២០២៣ អង្គការ Smile Cambodia ធ្វើការវះកាត់ដោយឥតគិតថ្លៃដល់អ្នកមានបញ្ហាមាត់ បបូរមាត់ឆែប និងកែទម្រង់ត្រចៀកជិត ៦ ពាន់នាក់៕