ភ្នំពេញៈ ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ប្រារព្ធ​ពិធី​អប​អរ​សាទរ​ ទិវា​វប្បធម៌​ជាតិ​ ៣​ មីនា លើក​ទី​២៦ ​ក្រោម​ប្រធាន​បទ «​យុវ​ជន​ដើម្បី​វប្ប​ធម៌​ជាតិ​» ដើម្បី​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​តម្លៃ​វប្ប​ធម៌ ​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ​ឱ្យ​កាន់​តែ​ទូលាយ​ថែម​ទៀត​។​

​ពិធី​នេះ​បាន​ប្រារព្ធ​ឡើង​កាល​ថ្ងៃទី​ ២៥ ​ខែមីនា​ នៅ​អគារ​មហោ​ស្រព C-asean​ ក្នុង​ទីក្រុង​បាង​កក ​ប្រទេស​ថៃ ក្រោម​ការ​ដឹក​នាំ​ដោយ​លោក ​ហ៊ុន ​សាវឿន ឯក​អគ្គរាជ​ទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ​ និង​ចូលរួម​សហ​ការ​ពី​សំណាក់​មន្ត្រី​ស្ថាន​ទូត​។​នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ​នៅ​ថ្ងៃទី ​២៦ ខែ​មីនា​។​

​សេចក្តី​ប្រកាស​បាន​បញ្ជាក់​ថា គោល​បំណង​នៃ​ប្រារព្ធ​ពិធី​នេះ គឺ​ដើម្បី​រំឭក​ដល់​គុណូប​ការៈ​របស់​បុព្វ​បុរស​ខ្មែរ​គ្រប់​ជំនាន់ ​ដែល​បាន​បូជា​ជីវិត​បង្កើត ​ថែ​រក្សា និង​ការ​ពារ​សម្បត្តិ​វប្ប​ធម៌​ដ៏​សម្បូរ​បែប ​បន្សល់​ទុក​ដល់​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​។ 


​ប្រភព​ដែល​បន្ត​ថា៖ «​ជា​ការ​ដាស់​តឿន​ពញ្ញាក់​ស្មា​រតី​កូន​ខ្មែរ​គ្រប់​រូប ​គ្រប់​និន្នា​ការ​ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ជា​ពិសេស​យុវ​ជន​ដែល​ជា​អ្នក​បន្ត​វេនឱ្យមាន​មន​សិការ​ស្រឡាញ់​វប្ប​ធម៌ ប្រពៃ​ណី ទំនៀម​ទម្លាប់​ជាតិ ​និង​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​តម្លៃ​វប្ប​ធម៌​អត្ត​សញ្ញាណជាតិ​ខ្មែរ និង​កេរ​ដំ​ណែល​វប្បធម៌​ដូន​តា​ខ្មែរ​ទាំង​រូបីនិង​អរូបី​ឱ្យ​អន្តរ​ជាតិ​គ្រប់​ទិស​ទី​បាន​ស្គាល់​និង​ទទួល​ស្គាល់​យ៉ាង​ទូលំ​ទូលាយ​»​។​


​ពាក់​ព័ន្ធ​នឹង​ការ​ប្រារព្ធ​ទិវា​វប្ប​ធម៌​ក្រោម​ប្រធាន​បទ «​យុវជន​ដើម្បី​វប្ប​ធម៌​ជាតិ​» របស់​ស្ថាន​ទូត​កម្ពុជា​នៅ​ប្រទេស​ថៃ​នា​ពេល​នេះ ​ ​លោក​ វង្ស ​សំអាង សិល្ប​ករ​ផ្នែក​ល្ខោន​បាសាក់​ បាន​លើក​ឡើង​ថា យុវជន​គឺជា​កម្លាំង​ដ៏​ខ្លាំង​។ 


​លោក​បាន​បន្ត​ថា​ តាម​ការ​សង្កេត​ក្នុង​បុព្វ​ហេតុ​វប្បធម៌​ជាតិ​មាន​យុវជន​ជាច្រើន​បាន​ចូល​រួម តែ​យុវជន​មួយ​ចំនួន​នៅ​មិន​ទាន់​ចូល​រួម​នោះ​ទេ​។​


​លោក​បាន​ថ្លែង​ថា​៖ «​ជាការ​ពិត​ យុវជន​ភាគ​ច្រើន​គាត់​ចូលរួម​នូវ​កិច្ចការ​មួយ​ចំនួន​ដែល​លើក​ស្ទួយ​នូវ​វប្ប​ធម៌​ជាតិ​របស់​យើង​ ហើយ​ក៏​មើល​ឃើញ​យុវជន​មួយ​ចំនួន​គាត់​នៅតែ​មិន​សូវ​ឱ្យ​តម្លៃ​វប្បធម៌​ខ្មែរ​ ដោយ​សារ​គាត់​នៅ​ប្រកាន់​វប្ប​ធម៌​បរទេស​។ ម្យ៉ាង​ទៀត​ ដោយ​សារ​ឥទ្ធិ​ពល​វប្ប​ធម៌​ពី​ខាង​ក្រៅ​ចូល​មក​ ដែល​ធ្វើឱ្យ​យុវ​ជន​ខ្មែរ​ទទួល​យក និង​ប្រាស​ចាក​លើ​វប្ប​ធម៌​ខ្លួន​»​។​

​លោក ​វង្ស ​សំអាង បានបន្ត​ថា កន្លង​មក​ក្រសួង​និង​ស្ថា​ប័ន​ពាក់​ព័ន្ធ ​បាន​ចូលរួម​យ៉ាង​ខ្លាំង​ ដើ​ម្បី​លើកស្ទួ​យ​វិស័យ​វប្បធម៌​ជាតិ ​ប៉ុន្តែ​លោក​ចង់​ឃើញឱ្យមាន​សកម្ម​ភាព​បន្ថែម​ទៀតជា​ពិសេស​ស្ថាន​ទូត​ខ្មែរ​នៅ​ប្រទេស​នានាត្រូវ​បង្កើត​កម្មវិធី​វប្បធម៌​ឱ្យបាន​ច្រើន​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​វប្បធ​ម៌និង​បណ្តុះ​គំនិត​យុវជន​ឱ្យ​ស្រឡាញ់​វប្បធម៌​ជាតិ​។

​បើ​តាម​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ​ កម្មវិ​ធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើ​ង​តាម​សារា​ចរ​ណែ​នាំ​របស់​ប្រមុខ​រាជ​រដ្ឋាភិ​បាល​កម្ពុជានិង​ក្រសួង​ពាក់​ព័ន្ធដែល​បាន​ឱ្យ​ស្ថាន​តំណាង​កម្ពុជា​នៅ​បរទេស ​រៀប​ចំ​ពិធី​អប​អរ​សាទរ​ ទិវា​វប្បធម៌​ជាតិ​ ៣​ មីនា លើក​ទី​២៦» ក្រោម​ប្រធាន​បទ «​យុវជន​ដើម្បី​វប្ប​ធម៌​ជាតិ​»​ឱ្យ​បាន​ឱឡា​រិក​អធិក​អធម ​ចាប់ពី​ខែមីនា​ រហូត​ដល់​ពេល​ចូល​ឆ្នាំថ្មី​​ប្រពៃ​ណី​ជាតិ​ខ្មែរ​ ឆ្នាំ​ ២០២៤​។​

​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ស្ថាន​ទូត​បាន​ឱ្យដឹង​ថា​ ពិធី​នេះ ​ទទួល​បាន​ការ​សហ​ការ​ពី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​កម្ពុជា​ តាម​រយៈ​ការ​ចាត់​តាំង​ក្រុម​សិល្ប​ករ​ និង​សិល្ប​ការិនី ​ចំនួន ១៥ ​រូប​ មកពី​នាយក​ដ្ឋាន​សិល្បៈ ទស្ស​នីយ​ភាពឱ្យមក​ចូល​រួម​សម្ដែង​សិល្បៈ ​និង​របាំ​ប្រពៃ​ណីជា​តិ​។ 

​របាំ​ប្រពៃណី​ដែល​សម្តែង​ក្នុង​ពិធី​នេះ​ រួមមាន​ របាំ​បួង​សួង​ព្រាហ្មណ៍ ​របាំ​អប្សរា ​ប៉ីពក​ សូ​ឡូ​បទ​បំពេ ​របាំ​ជូនពរ របាំ​មណី​មេខលាព្រ​សោ​ សូ​ឡូ​បទ​ព្រះ​ថោងប៉ីអ​​ សូ​ឡូ​បទរៃ​យំ របាំ​ហោម​រោង ​យីកេ ស្រឡៃ​ សូ​ឡូ​បទ​ជើត​ចាប់ និង​របាំ​ក្ងោក​ប៉ៃ​លិន​ជាដើម​៕