ភ្នំពេញៈ មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស ដែល​ប្រារព្ធ​ធ្វើ​រាល់​ឆ្នាំ​អបអរ​សាទរ​ទិវា​វប្បធម៌​ជាតិ ៣ មីនា លើក​ទី ២០ បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក្រោម​ប្រធាន​បទ «យុវជន​ដើម្បី​វប្បធម៌​ជាតិ» បាន​បើក​កម្មវិធី​របស់​ខ្លួន​លើក​ទី ៤ កាល​ពី​ថ្ងៃ​ទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅ​សាល​មហោស្រព​ចតុមុខ ក្រោម​អធិបតីភាព​លោក​ស្រី ភឿង សកុណា។

លោក ហាប់ ទួ​ច ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​បច្ចេកទេស​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ឲ្យ​ដឹង​ត្រួសៗ​អំពី​កម្មវិធី​មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស​ឆ្នាំ​ទី ៤ ឆ្នាំ ២០១៨ នេះ​ថា៖ «នា​ព្រឹក​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ឆ្នាំ ២០១៨ នេះ នៅ​សាល​សន្និសីទ​ចតុមុខ មាន​ការ​ប្រារព្ធ​ពិធី​បើក​នៃ​មហោ​ស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស​ឆ្នាំ​ទី ៤ ជា​ផ្លូវការ នៅ​ក្រោម​អធិបតី​ភាព​លោក​ជំទាវ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ មហោស្រព​នេះ នឹង​ដំណើរការ​ចាប់​ផ្តើម​ពី​ថ្ងៃ​នេះ រហូត​ដល់​ទី ៣ ខែ​មីនា ឆ្នាំ ២០១៨ ខាង​មុខ។ ដោយឡែក​ចំពោះ​ប្រធានបទ​ដ៏សំខាន់​ដែល​ថា យុវជន​ដើម្បី​វប្បធម៌​ជាតិ នៅ​តែ​មាន​គុណ​តម្លៃ​សម្រាប់​កម្មវិធី​យើង​តាំង​ពី​ចាប់ផ្តើម​រៀបចំ​លើក​ដំបូង​មក ហើយ​វា​ក៏​ទំនង​ជា​មាន​តម្លៃ​តទៅ​មុខ​ផង​ដែរ»។


អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ហាប់ ទួច បន្ត​ឲ្យ​ដឹង​ទៀត​ថា៖ «ដើម្បី​ជួយ​ជា​កម្លាំង​ចិត្ត សម្រាប់​ការ​ចូលរួម​នៅ​ឆ្នាំ​នេះ មាន​ក្រុម​យុវជន​សិល្បករ ដែល​មក​ពី​ចំនួន ២៥ ខេត្ត-ក្រុង​នោះ​គឺ​មាន ២៥ ស្នាដៃ ហើយ​សាកល​វិទ្យាល័យ​មាន​ចំនួន ១១ ស្នាដៃ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ៩ ស្នាដៃ ដោយ​សរុប​ទៅ​មាន​ចំនួន ៤៥ ស្នាដៃ​នៃ​ទម្រង់​សិល្បៈ។ ចំពោះ​ពេលវេលា​នៃ​ការសម្តែង​ប្រភេទ​ទម្រង់​សិល្បៈ​ក៏មាន​ច្រើន​ផងដែរ មាន​រាល់ថ្ងៃ​គឺ​សម្តែង​ព្រឹក ២ រឿង រសៀល ១ រឿង លើក​លែង​ថ្ងៃ​អាទិត្យ​មិន​មាន​ការ​សម្តែង​ឡើយ»។


គួរ​បញ្ជាក់ថា មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស ដែល​ប្រារព្ធ​ធ្វើជា​រៀងរាល់​ឆ្នាំ ដើម្បី​អបអរ​សាទរ​ទិវា​វប្បធម៌​ជាតិ ៣ មីនា លើក​ទី ២០ នៅ​ឆ្នាំ​នេះ នឹង​បើក​ទូលាយ​ឲ្យ​បងប្អូន​ទស្សនិកជន​អាច​ចូលរួម​ទស្សនា​ការ​សម្តែង​សិល្បៈ​នានា​បាន​ដោយ​សេរី នៅ​ឯ​សាល​មហោ​ស្រព​ចតុមុខ ផ្ទាល់​តែម្តង៕


ការ​សម្តែង​ទម្រង់​សិល្បៈ​នា​ពេល​ប្រារព្ធ​មហោស្រព​សិល្បៈ​យុវជន​ អបអរ​សាទរ​ទិវា ៣ មីនា ក្នុង​ឆ្នាំ​កន្លង​មក​។ រូប សហការី