ប្រទេសជប៉ុន តម្រូវការសេវាកម្មផ្នែកផលិតកម្ម និងកសិកម្ម កំពុងស្វែងរកសិក្ខាកាមកម្ពុជា ដែលមានជំនាញត្រឹមត្រូវពិតប្រាកដរួមទាំងចេះភាសាជប៉ុន និងទំនៀមទម្លាប់ល្អ ដើម្បីធ្វើការងារនៅក្នុងប្រទេសដែលមានប្រាក់ឈ្នួល និងជីវភាពរស់នៅមានកម្រិតខ្ពស់នេះ។
ថ្មីៗនេះ ក្រៅពីមានក្រុមហ៊ុនបញ្ចូនពលករទៅធ្វើការនៅក្រៅប្រទេស ក៏មានទាំងក្រុមហ៊ុនរៀបចំបញ្ចូន និងបណ្តុះបណ្តាលផ្នែកភាសា និងជំនាញ ដើម្បីបង្កើនជាជំនាញជាក់លាក់ដល់ប្រជាជនកម្ពុជា ក្នុងការប្រកបការងារដែលទទួលបានប្រាក់កម្រៃខ្ពស់។
ជាក់ស្តែង ទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនជ្រើសរើសសិក្ខាកាម AA-HR និងមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុន រាជសំណាង (RSJC) នៅខណ្ឌទួលគោក ជាកន្លែងមួយមានឈ្មោះថា អែកស៊ល អេស៊ា យូមេន រីសសស៍ ខូ អិល ធី ឌី (AA-HR) ដែលផ្តល់ជូននូវវគ្គ បណ្តុះបណ្តាលផ្នែកភាសាជប៉ុន វប្បធម៌ ទំនៀមទម្លាប់ ច្បាប់ទម្លាប់របស់ប្រទេស ជប៉ុន និងការប្រាស្រ័យទាក់ទងគ្នា ដើម្បីទទួលបានការងារមួយដែលមានប្រាក់កម្រៃសមរម្យនៅក្នុងប្រទេសជប៉ុន។
លោក ស៊ូ អាប់ឌុលរ៉ាហ្សាក់ អ្នកគ្រប់គ្រងកិច្ចការទូទៅរបស់ក្រុមហ៊ុន AA-HR បានមានប្រសាសន៍ថា ក្រុមហ៊ុនជាភ្នាក់ងារបញ្ចូនសិក្ខាកាមពីកម្ពុជា ដែលបានអនុវត្តកម្មវិធីអប់រំជាភាសាជប៉ុន ដល់សិក្ខាកាមមុនពេលពួកគេជាប់ឈ្មោះចេញទៅប្រកបការងារនៅប្រទេស ជប៉ុន ហើយក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលឆ្នាំ ២០១៤ ហើយបានបណ្តុះបណ្តាល និងបានបញ្ចូនប្រជាជនកម្ពុជាចំនួន ៣០០ នាក់ទៅប្រកបការងារនៅក្នុងប្រទេសជប៉ុន។
លោកបន្តថា កម្មវិធីបណ្តុះបណ្តាលដើម្បីទៅធ្វើការនៅប្រទេសជប៉ុននេះ មានរយៈពេលចាប់ពី ៤ ទៅ ៦ខែ ដើម្បីបណ្តុះបណ្តាលក្នុងគោលបំណងផ្តល់ជំនាញភាសា ជប៉ុន និងច្បាប់ទម្លាប់ខ្លះៗរបស់ប្រទេស ជប៉ុន សម្រាប់ការងារនៅក្នុងផ្នែកកសិកម្ម ផ្នែកចំណីអាហារ ផ្នែកគ្រឿងសង្ហារិម ផ្នែកគ្រឿងម៉ាស៊ីន ផ្នែកសំណង់ ផ្នែកតម្បាញ និងដេរ និងផ្នែកឧស្សាហកម្មកែច្នៃជាដើម។
លោកបន្តថា៖ «ក្រុមហ៊ុនចង់លើកទឹកចិត្តឲ្យប្រជាជនកម្ពុជា ទទួលបានជំនាញ និងបទពិសោធខុសៗ គ្នា នៅក្នុងប្រទេសជប៉ុន ហើយត្រឡប់មកធ្វើការនៅកម្ពុជាក្រោមជំនាញវិជ្ជាជីវៈ និងទទួលបានប្រាក់ចំណួលច្រើន»។
លោកប្រាប់ថា ៖ «ក្រុមហ៊ុនផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃរហូតដល់ពួកគេត្រូវបានជ្រើសរើសជាប់ការសម្ភាស ដោយក្រុមហ៊ុននៅប្រទេសជប៉ុន សម្រាប់ទៅការងារនៅទីនោះ បន្ទាប់មកយើងគិតថវិកាសម្រាប់កញ្ចប់ឯកសារដូចជា ការរៀបចំឯកសារនានា និងលិខិតឆ្លងដែនរបស់សិក្ខាកាមតាមការកំណត់ ១ឆ្នាំ ឬ ៣ ឆ្នាំ។
លោកបន្ថែមថា បើសិនសិក្ខាកាមធ្វើបទសម្ភាសបានជាប់ទៅធ្វើការនៅប្រទេស ជប៉ុន ក្នុងរយៈពេល ១ ឆ្នាំ និង ៣ ឆ្នាំ សិក្ខាកាមត្រូវចំណាយបង់ប្រាក់សម្រាប់សេវាកម្មរត់ឯកសារចំនួន ១ ៥០០ ដុល្លារ សម្រាប់អ្នកទៅធ្វើការមួយឆ្នាំ និង ៣ ៧០០ ដុល្លារសម្រាប់ ៣ ឆ្នាំ។
ការចំណាយអាចមើលទៅហាក់បីដូចជាច្រើនសម្រាប់ប្រជាជនកម្ពុជា ប៉ុន្តែលោក អាប់ឌុលរ៉ាហ្សាក់ បានចង្អុលបង្ហាញថា អ្នកដែលបញ្ចប់ការសិក្សាទៅធ្វើការអាចរកប្រាក់បានជាមធ្យមរហូតដល់១ ០០០ ទៅ១ ២០០ ដុល្លារក្នុងមួយខែនៅក្នុងប្រទេសជប៉ុន។
បច្ចុប្បន្ន ប្រជាជនកម្ពុជា ប្រហែល ១០០ នាក់ បានចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលហើយកំពុងរង់ចាំឱកាសការងារដែលមានប្រាក់ខែខ្ពស់នៅឯប្រទេសជប៉ុន។ សេចក្តីណែនាំត្រូវបានផ្តល់ជូនដោយគ្រូបង្រៀនជនជាតិខ្មែរ និងជប៉ុន លើជំនាញភាសាជប៉ុន ច្បាប់ការងារ និងទំនៀមទម្លាប់ផ្សេងៗរស់នៅប្រទេសជប៉ុន។ សមត្ថភាពទាំងនេះបានធ្វើឲ្យពួកគាត់មានទំនុកចិត្ត និងមានបទដ្ឋានត្រឹមត្រូវដែលតម្រូវដោយនិយោជកជប៉ុន។
លោកបន្តថា៖ «ថ្នាក់រៀននីមួយៗគឺចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច ហើយយើងផ្តល់មេរៀនបន្ថែមសម្រាប់អ្នកសិក្សាដែលមានល្បឿនយឺតជាងគេទាំងគ្រូខ្មែរ និងជប៉ុន»។
យោងតាមសិក្ខាកាមមានវ័យ ២៧ ឆ្នាំ ដែលមកពីខេត្ត ព្រៃវែង កញ្ញា ឈួន សុផានិត ជានិស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រម្នាក់ និងជាសិក្ខាកាមដែលត្រៀមនឹងចេញទៅធ្វើការនៅប្រទេសជប៉ុន ក្នុងខែមិនាខាងមុខនេះបានឲ្យដឹងថា នាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រខ្មែរ ហើយចង់ក្លាយជាគ្រូបង្រៀន ប៉ុន្តែកញ្ញាជួបការលំបាកក្នុងការរកការងារធ្វើដែលមានប្រាក់ខែសមរម្យនៅប្រទេសកម្ពុជា។ ភាសាជប៉ុនជាភាសាដែលនាងចូលចិត្តផងដែរ ហើយឥឡូវនេះនាងបានចុះឈ្មោះចូលរៀននៅក្នុងកម្មវិធីបណ្តុះបណ្តាលរយៈពេល ៣ ខែ នៅមជ្ឃមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុនរាជសំណាង និងត្រូវបានជ្រើសរើសដោយក្រុមហ៊ុនជប៉ុនមួយ សម្រាប់ការងារនៅពេលកញ្ញាបញ្ចប់វគ្គសិក្សា។
កញ្ញានិយាយទាំងញញឹមថា ៖ «ខ្ញុំមានក្តីរំភើបចំពោះឱកាសធ្វើការនៅប្រទេសជប៉ុន បន្ទាប់ពីមិត្តភក្តិរបស់ខ្ញុំបានប្រាប់ខ្ញុំអំពីឱកាសនេះ» ។
សុផានិតបន្ថែមថា៖ «ខ្ញុំមិនមែនត្រឹមតែចង់សិក្សាពីប្រទេសជប៉ុនទេ គឺខ្ញុំចង់ដកបទពិសោធពីប្រទេសនេះឲ្យកាន់តែច្រើន»។
ចំណែក វុត ប៊ុននី វ័យ ២០ ឆ្នាំ ដែលសិក្សាបានត្រឹមថ្នាក់ទី ១០ មកពីខេត្តក្រចេះ បាននិយាយថា កញ្ញាបានដឹងពីឱកាសការងារនៅ ជប៉ុន ពីមិត្តភក្តិហើយម្តាយរបស់កញ្ញាបានយល់ព្រមឱ្យនាងទៅធ្វើការនៅទីនោះដើម្បីទទួលបានបទពិសោធក្រៅប្រទេស និងបានប្រាក់ខែល្អ។
ដោយមានតែការអប់រំកម្រិតវិទ្យាល័យដែលអាចរកមិនបាននៅខេត្តក្រចេះ គាត់មានអារម្មណ៍ថា មានឱកាសរៀនជំនាញថ្មី និងភាសាទី ២ បានដោយងាយ។
កញ្ញា ប៊ុននី បានដាក់ពាក្យស្នើសុំទៅធ្វើការនៅប្រទេស ជប៉ុន រយៈពេល ៣ ឆ្នាំ ក្នុងជំនាញជាគិលានុបដ្ឋាយិកាមើលថែមនុស្ស ចាស់នៅប្រទេសជប៉ុន ប៉ុន្តែកញ្ញាមិនទាន់ត្រូវបានជ្រើសរើសនៅឡើយទេ។
កញ្ញា ប៊ុននី បានប្រាប់ទាំងជំនឿចិត្តថា៖ «វាជាឱកាសល្អសម្រាប់ខ្ញុំក្នុងការរៀនភាសាជប៉ុន និងយល់ពីរបៀបសម្របខ្លួនទៅនឹងជីវិតនៅក្នុងប្រទេសជប៉ុន ប្រសិនបើខ្ញុំត្រូវបានជ្រើសរើសឱ្យធ្វើការនៅទីនោះ បន្ទាប់ពីការហ្វឹកហាត់នេះ ខ្ញុំនឹងបានសម្រេចបំណងរបស់ខ្ញុំ និងគ្រួសារខ្ញុំនៅឯខេត្ត»។
ទោះបីជាភាសាជប៉ុនមានភាពលំបាកក្នុងការរៀនសូត្រតែ ប៊ុននី មិនបានបោះបង់ចោលទេ ពីព្រោះដើម្បីសម្រេចក្តីស្រមៃ និងទទួលបានការងារដែលល្អ។
កញ្ញាបន្តថា៖ «ជំនាញគិលានុបដ្ឋាយិការ គឺជាជំនាញដែលត្រូវការពេលវេលាបណ្តុះបណ្តាលវែងជាងជំនាញដទៃទៀត ដែលជំនាញនេះ ត្រូវការយ៉ាងតិចរយៈពេល ១ ឆ្នាំសម្រាប់ការបណ្តុះបណ្តាល»។
កញ្ញា ប៊ុននី បន្ថែមថា៖ «នៅទីនេះ ក្រុមហ៊ុន និងមជ្ឈមណ្ឌលចង់ឲ្យប្រជាជនកម្ពុជាច្រើននាក់អាចមានជំនាញ និងឱកាសច្បាស់លាស់ក្នុងការប្រកបការងារ ហើយខ្ញុំសង្ឃឹមថា ប្រជាជនកម្ពុជា អាចទទួលបានជំនាញ និងឱកាសដូចពួកខ្ញុំដែរ»៕