
រូបថត ក្រសួងកិច្ចការនារី
នៅថ្ងៃពុធ ទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ នេះ ក្រសួងកិច្ចការនារី និងអង្គការអុកស្វាមរួមគ្នារៀបចំវេទិកាថ្នាក់ជាតិស្តីពី «ការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រីនៅតំបន់អាស៊ាន តាមរយៈគោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារ»។ វេទិកាថ្នាក់ជាតិនេះក៏រៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង និងការចូលរួមពីភាគីពាក់ព័ន្ធនៅកម្ពុជា និងអាស៊ានក៏ដូចជាប្រមូលមតិយោបល់បន្ថែមទៀត ដើម្បីរៀបចំផែនទីបង្ហាញផ្លូវសម្រាប់គោលនយោបាយនេះនៅកម្ពុជានាពេលអនាគតផងដែរ។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីមានប្រសាសន៍ថា៖ «វេទិកានេះ នឹងផ្តល់ឱកាសដល់អ្នកចូលរួមបានស្វែងយល់កាន់តែស៊ីជម្រៅបន្ថែមទៀត លើគោលនយោបាយ និងកម្មវិធីពាក់ព័ន្ធនឹងការងារថែទាំគ្មានប្រាក់កម្រៃ និងគោលនយោបាយគាំពារសង្គម ដែលមាននៅក្នុងក្របខ័ណ្ឌអាស៊ាន និងនៅក្នុងតំបន់ តាមរយៈការចែករំលែកនូវមេរៀនពិសោធន៍ពីវាគ្មិនកិត្តិយស និងដើម្បីប្រមូលនូវព័ត៌មាន និងមតិយោបល់ សម្រាប់ក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធមករៀបចំចងក្រងជាផែនទីបង្ហាញផ្លូវជាក់លាក់មួយ ដែលនឹងយកទៅអនុវត្តបាននាពេលអនាគត ក្នុងកិច្ចការដ៏មានសារៈសំខាន់នេះ»។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មានប្រសាសន៍ថា៖ «គោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារមានសារៈសំខាន់ណាស់ក្នុងការជួយជ្រោមជ្រែងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយវិសមភាពយេនឌ័រ និងភាពក្រីក្រនៅកម្ពុជា ជាពិសេសក្នុងចំណោមពលរដ្ឋជាស្ត្រី។ វេទិកាថ្ងៃនេះឆ្លុះបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកិច្ចការនារី និងការចូលរួមចំណែករបស់ស្ថាប័ននានា និងអង្គការសង្គមស៊ីវិលក្នុងការលើកកម្ពស់គោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារប្រកបដោយបរិយាបន្ន នៅក្នុងប្រទេស និងក្នុងសហគមន៍អាស៊ាន។ អង្គការអុកស្វាម និងអង្គការដៃគូនឹងបន្តជួយជ្រោមជ្រែងរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សមភាពយែនឌ័រនៅកម្ពុជា»។
វេទិកានេះនឹងមានអ្នកចូលរួមផ្ទាល់ប្រមាណ ២០០ នាក់ និង ៥០០ នាក់ទៀតតាមប្រព័ន្ធអនឡាញ (Zoom) ដែលជាថ្នាក់ដឹកនាំ-តំណាង ក្រសួង-មន្ទីរ និងស្ថាប័ននៃរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គទូត និងដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងសហជីព សហគ្រិន និងស្វ័យនិយោជន៍ជាស្ត្រី និងភ្ញៀវជាតិ-អន្តរជាតិ ដែលកំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្សព្វផ្សាយ និងពង្រឹងគោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារប្រកបដោយបរិយាបន្ននៅកម្ពុជា។
គួរជម្រាបថា ការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការយកចិត្តទុកដាក់នេះ ឆ្លុះបញ្ចាំងតាមរយៈគោលនយោបាយសំខាន់ដូចជា៖ យុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល ដែលផ្តោតលើការពង្រឹងសមភាពយេនឌ័រ កិច្ចគាំពារសង្គម និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ផ្តោតលើការសម្រេចបាននូវសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងក្រុមងាយរងគ្រោះពីការធ្លាក់ចូលទៅក្រោមបន្ទាត់ភាពក្រីក្រ និងឈានទៅធានាការទទួលបានសេវាសុខភាពសាធារណៈជាសកលនៅកម្ពុជា។ តាមរយៈកិច្ចប្រឹងប្រែងនេះ យើងបានកត់សម្គាល់ឃើញថា ស្ថានភាពយេនឌ័រនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង ហើយស្ត្រីកម្ពុជាកាន់តែច្រើនមានឱកាសចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
របាយការណ៍សិក្សាស្រាវជ្រាវមួយបានប៉ាន់ប្រមាណថា ស្ត្រីលើពិភពលោកបានធ្វើការថែទាំដែលមិនទទួលបានកម្រៃ បើគិតជាទឹកប្រាក់ គឺប្រមាណជា ១ ០០០ ពាន់លានដុល្លារ (US$១០ trillion) ក្នុងមួយឆ្នាំៗ។ ជាក់ស្តែងក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ ១៩ របាយការណ៍របស់អង្គការសហប្រជាជាតិបានរកឃើញថា បន្ទុកការងារផ្ទះរបស់ស្ត្រីខ្មែរកម្ពុជាមានការកើនឡើងរហូតដល់ទៅ ២០% ស្របពេលដែលបន្ទុកការងារផ្ទះក្នុងចំណោមបុរសមានការកើនឡើងតែ ១០% ប៉ុណ្ណោះ។
គម្លាតនៃប្រាក់បៀវត្សរ៍រវាងស្ត្រី និងបុរសនៅកម្ពុជា និងថ្នាក់តំបន់ ក៏ជាបញ្ហាប្រឈមមួយដែលយើងមិនគួរមើលរំលងផងដែរ។ ផ្អែកទៅលើការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញ ថា ជាមធ្យមស្ត្រី ២៥% រកប្រាក់ចំណូលទាបជាងបុរស ចំពោះការងារដូចគ្នា ស្ត្រីភាគច្រើនបម្រើការងារនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការចំណាយពេលវេលាច្រើនលើការងារផ្ទះ និងការងារថែទាំសមាជិកគ្រួសារ (ស្ត្រីនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក បានចំណាយពេលវេលា ៤,១ ដង ច្រើនជាងបុរសលើការងារថែទាំ)៕