ភ្នំពេញៈ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាននិងកំពុង​បើក​ព្រឹត្តិការណ៍​​ «​សប្តាហ៍​ម្ហូប​អា​ហារ​អាមេរិក​»​ ជា​លើកដំបូង​ក្នុង​រយៈពេល ​១ សប្ដាហ៍ នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​កសិកម្មរ​បស់​ខ្លួន​ទៅដល់​ប្រជាជន និង​អ្នកបើក​អាជីវកម្ម​ខាង​ធ្វើ​ម្ហូបអាហារ​នៅក្នុង​ប្រទេស​កម្ពុជា​។​


​ព្រឹត្តិការណ៍​នេះ បាន​ចាប់​ផ្ដើម​ពីថ្ងៃ​ទី ១៣ រហូតដល់​ថ្ងៃទី ​១៩ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ដោយមាន​ភោជនីយដ្ឋាន​របស់​អាមេរិក​ចំនួន​ ១៥ ​ហាង ចូលរួម​ផ្តល់នូវ​ជម្រើស​ម្ហូបអាហារ​ដ៏​គួរឱ្យ​ទាក់​​ទាញ​ជាច្រើន​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​ ១៣ ខែវិច្ឆិកា ឆ្នាំ ​២០២៣​។​

លោក W. Patrick Murphy ឯកអគ្គរាជទូត​អាមេរិក​ប្រចាំ​កម្ពុជា បានលើកឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ​ថា «​សប្តាហ៍​ម្ហូបអាហារ​អាមេរិក​គឺជា​ឧទាហរណ៍​មួយ​នៃ​សកម្ម​​ភាព​ទីផ្សារ​ជាច្រើន​ដែល​ក្រសួងកសិកម្ម​អាមេរិក​ធ្វើ​នៅ​ជុំវិញ​ពិភពលោក​ដើម្បី​ណែនាំ​អ្នក​ប្រើប្រាស់​ឱ្យ​ស្គាល់​អាហារ​អា​​មេ​រិ​ក​ដែលមាន​គុណភាព​ខ្ពស់ មាន​ជីវជាតិ និង​សុវត្ថិភាព​»​។


លោក​បាន​បន្តថា ទំនាក់ទំនង​ពាណិជ្ជកម្ម​កសិកម្ម​រវាង​ប្រទេស​​កម្ពុជា និង​សហរដ្ឋអាមេរិក នៅតែ​បន្ត​មាន​ភាព​រីកចម្រើន ខណៈដែល​ការនាំចេញ​សាច់​​គោ​ពី​សហរដ្ឋអាមេរិក​មក​កាន់​ប្រទេស​កម្ពុជា​បាន​កើនឡើង​ ១៣០ ​ភាគរយ​ពី​ឆ្នាំ​ ២០២១ ​ដល់​ឆ្នាំ​ ២០២២។​


សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ដដែល​បាន​បញ្ជាក់ថា សប្តាហ៍​ម្ហូប​អា​​ហារ​អាមេរិក​នេះ នឹង​ឈានដល់​ការពង្រីក​នៃ​ផលិតផល​ម្ហូបអាហារ​ដែ​ល​មាន​គុណភាព​ខ្ពស់ និង​មានការ​ទទួលស្គាល់​ពីស​ហ​រដ្ឋ​អាមេរិក​នៅក្នុង​ទីផ្សារ​បដិសណ្ឋារកិច្ច​ផងដែរ​។​


ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ កាលពី​ថ្ងៃទី​ ១៣ ខែ​​វិច្ឆិកា​ថា៖ «​តោះ​ញ៉ាំ​! ជាមួយ​សិស្ស​ហាត់​ការ​របស់​យើង​នៅ​ស្ថានទូត​អាមេរិក​ដោយ​គេ​រីករាយ​ក្នុង​ការណែនាំ Burger សាច់គោ​អាមេរិក និង​ឆ្អឹងជំនីរ​​ខ្ចី​នៅក្នុង​សប្តាហ៍​ផ្សព្វផ្សាយ​ភោជនីយដ្ឋាន​អាមេរិក»។​

លោក តុ​ប សុភ័ក អ្នក​នាំ​ពាក្យ​ក្រសួងទេសចរណ៍បាន​ថ្លែង​នៅ​ថ្ងៃទី​ ១៤ ខែវិច្ឆិកា​ថា នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​ល្អ ពីព្រោះ​វិស័យ​ម្ហូបអាហារ ជា​ផ្នែក​មួយ​ក្នុងការ​ទាក់ទាញ​អ្នកទេសចរ​។​

លោក​បាន​បន្តថា ជាពិសេស​គឺជា​ការទាក់ទាញ​អ្នកទេសចរ​ជនជាតិ​អាមេរិក ក៏ដូចជា អ្នក​ទេសចរ​ផ្សេងៗ​ទៀត ដែល​ចង់​ភ្លក់​រសជាតិ​ម្ហូបអាហារ​របស់​អាមេរិក ខណៈ​ពួកគាត់​កំពុង​មក​កម្សាន្ត​នៅក្នុង​ប្រទេស​កម្ពុជា​។​

លោក​ តុ​ប សុភ័ក បានបញ្ជាក់​ទៀតថា​៖ «​អ៊ីចឹង​ជារួម ខ្ញុំ​គិតថា ព្រឹត្តិការណ៍​នេះ វា​ជាការ​​រួមចំណែក​មួយផ្នែក​ក្នុង​វិស័យ​ម្ហូបអាហារ​ដើម្បី​ជាការ​ទាក់ទាញ​អ្នកទេសចរ​ជនជាតិ​អាមេរិក​ផង ក៏ដូចជា​អ្នកទេសចរ​មកពី​ប្រទេស​ផ្សេងទៀត​ដែរ»៕