​កំពង់ស្ពឺ​: នៅក្នុង​ការសហការ​គ្នា​រវាង​មនុស្ស​ ២​ ជំនាន់ គឺ​ឪពុក និង​កូនប្រុស​ពួកគេ​បាន​ច្នៃ​បង្កើត​ម៉ាស៊ីនកិនស្រូវ​ស្វ័យ​ប្រ​វ​ត្ដិ​ដោយ​ការរួមបញ្ចូល​គ្នា​នូវ​ប្រពៃណី​ជា​មួយ​បច្ចេកវិទ្យា​។​

​លោក ​មួន លី​ហ៊ួ​ង​ ម្ចាស់​សិប្ប​កម្ម​កំពង់ស្ពឺ (KSM) ដែលមាន​ទីតាំងនៅ​ក្រុង​ច្បារមន​ជាម​នុស្ស​ជំនាន់​ថ្មី​នៃ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ស្វ័យ​ប្រ​វ​ត្ដិ​នៃ​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក​។

លោក​រំឭកថា​៖ «​ជាជាង​ម៉ាស៊ីន​អំឡុង​ទសវត្សរ៍​ឆ្នាំ ​១៩៨០ និង​ឆ្នាំ​ ១៩៩០​ ឪពុក​ខ្ញុំ​បាន​អភិវឌ្ឍ​ខ្លួន​ដោយ​ការចាប់យក​អាជីព​ផលិត​ម៉ាស៊ីន​បម្រើឱ្យ​ក្នុង​រោង​ម៉ាស៊ីនកិនស្រូវ​»​។


ការផលិត​ម៉ាស៊ីនកិនស្រូវ​ទំនើប​ស្វ័យ​ប្រ​វ​ត្ដិ​នេះ ធ្វើឡើង​ដោយសារ​តម្រូវការ ទីផ្សារ សេវាកម្ម មាននៅ​ក្នុងស្រុក​ស្រាប់​ជាពិសេស តម្លៃ​ក៏​ធូរ​ថ្លៃ​ជាង​ម៉ាស៊ីន​នាំចូល​ពី​បរទេស​។ សិប្បកម្ម​ផ្ដល់​សេវាកម្ម​ងាយ​ស្រួល​រួមទាំង​ការថែទាំ​ជួសជុល និង​ដំឡើង​ថ្មី​។​


​នៅក្នុង​ឆ្នាំ​ ២០០៨ ឪពុក​របស់លោក​បាន​ចាប់ផ្តើម​ផលិត​ម៉ាស៊ីន​សម្រាប់​ផ្គត់ផ្គង់​ដល់​ម៉ាស៊ីន​កិន​ស្រូវ​ក្នុងស្រុក​។ គ្រឹះ​នេះ​បាន​ត្រួស​​ត្រាយផ្លូវ​សម្រាប់​ដំណើរ​ឆ្ពោះទៅមុខ​របស់​យុវជន​អាយុ ២៨ ឆ្នាំ​រូបនេះ​ចូលទៅក្នុង​ឧស្សាហ​​កម្ម​រោង​ម៉ាស៊ីនកិនស្រូវ​។


បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិ​ញ្ញា​​ប​ត្រ​ផ្នែក​មេកា​និក​ស្វ័យ​ប្រ​វ​ត្ដិ​ពី​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ​(NPIC) ក្នុង​ឆ្នាំ ២០១៩ លោក​លី​ហ៊ួ​ង បាន​បញ្ចូល​ជំនាញ​របស់ខ្លួន​ក្នុង​ស្វ័យប្រវត្តិកម្ម​ទៅក្នុង​អាជីវកម្ម​គ្រួសារ​។ លោក​បាន​អភិវឌ្ឍ​ម៉ាស៊ីន​បែប​បុរាណ​ដោយ​បញ្ចូល​កូដ​និង​កម្មវិធី​ដើម្បី​បង្កើត​ម៉ាស៊ីន​ស្វ័យប្រវត្តិ និង​ទំនើប​។​


​លោក​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​ម៉ាស៊ីន​របស់​សិប្បកម្ម KSM មាន​ចាប់ពី​កា​រស​ម្ងួ​ត​ស្រូវ កិនស្រូវ និង​កែច្នៃ​សម្រាប់​នាំចេញ​ក្រៅប្រទេស​។ ចំពោះ​ឡស​ម្ងួ​ត លោក​អាច​រៀបចំ​ទៅតាម​តម្រូវការ​របស់​អតិថិជន​ចាប់ពី​ ១៥ តោន រហូតដល់ ៤០ តោន សម្អាត​សំរាម រួច​យក​ស្រូវ​ស្ងួត​ទៅ​បក​ចេញ​ជា​អង្ករសំរូប និង​បែក​ចែក​អង្កាម​»​។ 

ជាទូទៅ សិប្បកម្ម​ប្រើប្រាស់​គ្រឿង​ផលិត​ក្នុងស្រុក និង​ឧបករណ៍​ខ្លះ​ត្រូវ​កុម្ម៉ង់​ពី​បរទេស​។ ជាក់ស្ដែង រ៉ូឡូ​បក​ស្រូវ ត្រូវ​នាំចូល​ពី​ក្រៅប្រទេស ខណៈ​ម៉ាស៊ីន​យោង​ស្រូវ កញ្ច្រែង​សម្អាត​ក៏ដូចជា​ម៉ាស៊ីន​ផ្សេងៗ​ទៀត សិប្បកម្ម​អាច​ផលិត​ខ្លួនឯងបាន​។​

​លោក​និយាយថា​៖ «​ម៉ាស៊ីន​របស់​យើង​មាន​សមត្ថភាព​កិន និង​កែច្នៃ​អង្ករ​សម្រាប់​លក់​ក្នុងស្រុក​និង​នាំ​ចេញទៅ​ក្រៅប្រទេស រួមទាំង អឺរ៉ុប ដោយ​គោរព​ទៅតាម​ស្ដង់ដា​អន្ដរជាតិ​»​។

ដោយសារតែ​ឪពុក​របស់លោក​បានក​សាង​ទំនុក​ចិ​ត្ដ​សម្រាប់​អតិថិជន​តាំងពី​ទសវត្សរ៍​ឆ្នាំ​ ២០០០ ការបញ្ជូន​ម៉ាស៊ីន​ស្វ័យ​ប្រ​វ​ត្ដិ​បម្រើការ​ក្នុង​រោង​ម៉ាស៊ីនកិនស្រូវ​ហាក់​មិនមាន​ឧបសគ្គ​នោះទេ​។ យ៉ាងណាមិញ លោក​ទទួលស្គាល់ថា ការ​ស្វែង​​រក​អតិថិជន​ថ្មី​ជួប​បញ្ហា​ខ្លះ​ដែរ ដោយ​ពួកគេ​មិនទាន់​ស្គាល់​អំពី​ការងារ​និង​បច្ចេកទេស​ម៉ាស៊ីន​។​

​លោក​ឱ្យដឹងថា​៖ «​ពេល​យើង​ដំឡើង​ម៉ាស៊ីន​រួចរាល់​នៅតាម​រោង​ម៉ាស៊ីនកិនស្រូវ​បញ្ហា​រអាក់រអួល​បច្ចេក​ទេស​មួយចំនួន​តែងតែ​កើតមាន​។ វា​ទាមទារ​ក្រុមការងារ​កែសម្រួល​ឱ្យ​ដំណើរការ​ស្រួល​ឡើងវិញ​។ នេះ​ជា​បញ្ហា​ទូទៅ​ចំពោះ​ការដំឡើង​ប្រព័ន្ធ​ម៉ាស៊ីន​ថ្មីៗ​»​។​

ម៉ាស៊ីនកិនស្រូវស្វ័យប្រវត្តិផលិតដោយកូនខ្មែរ។ហុង រស្មី

​រោង​ម៉ាស៊ីនកិនស្រូវ​ខ្នាត​ធំៗ ​(១ ​ម៉ោង​ផលិត​បាន​ ៣០ ​តោន​) នៅ​ប្រទេស​កម្ពុ​ជាមាន​ចំនួន​ច្រើន ហើយ​ម៉ាស៊ីន​មធ្យម​មិនសូវ​សម្បូរ​នោះទេ​។ លោក​ពន្យល់​ពី​ដំណើរ​ការ​ម៉ាស៊ីនកិនស្រូវ​ស្វ័យប្រវត្តិ​ថា វា​មាន​ប្រភេទ​ស​ម្ងួ​ត ការ​កិន និង​ការកែច្នៃ​ទៅជា​ប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព​។ ដំណើរការ​ចាប់ផ្តើម​ពី​កា​រស​ម្ងួ​ត​ដោយ​កែ​សម្រួល​អង្ករ​ទៅ​កម្រិត​សំណើម​តាម​កម្រិតស្ដង់ដា​ដើម្បី​រក្សា​គុណ​​ភាព​ធម្មជាតិ​របស់​វា​។ 

​បន្ទាប់​ពីនេះ​ដំណាក់កាល​កិន​យក​អង្កាម​ចេញ​ដែល​បូត​គ្រាប់ស្រូវ​ឱ្យ​រលោង និង​ស ខណៈ​ចុងក្រោយ អង្ករ​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​កែច្នៃ​ដែល​វា​ត្រូវបាន​ប៉ូ​លា​និង​ធ្វើ​ចំណាត់​ថ្នាក់​ដើម្បី​ធានាថា វា​បំពេញ​តាម​ស្តង់ដា​គុណភាព​។ ម៉ាស៊ីន​ក្នុង​រោង​ម៉ាស៊ីនកិនស្រូវ​ស្វ័យ​ប្រ​វ​ត្ដិ​ធានាបាន​នូវ​គុណភាព​ជាប់លាប់​កាត់បន្ថយ​កាកសំណល់​និង​ការ​ចំណាយ​ប្រតិបត្តិការ​ទាប​ដែលជា​ជំហាន​ថ្មី​មួយ​ក្នុង​ដំណើរ​ការកែច្នៃ​ស្រូវ​ពី​ស្រែ​ទៅកាន់​ទីផ្សារ​ពិភពលោក​។​

​លោក រស់ សុ​ផា​រិ​ទ្ធ នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុង​ខេត្ដ​កំពង់ធំ Kampong Thom Rice Mill Limited (1688 Rice Mill) បានជ្រើសរើស​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័យ​​ប្រ​វ​ត្ដិ​ក្នុងស្រុក​ដោយ​លោក​សម្អាង​លើក​ត្ដា​ជាច្រើន​។

លោក​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​បាន​ទិញ​ទូ​ប្រព័ន្ធ​បញ្ជា​ស្វ័យ​ប្រ​វ​ត្ដិ ផលិត​នៅក្នុង​ស្រុក ដែល​ងាយ​ស្រួល​ប្រើ តម្លៃ​ធូរ​ជាង និង​គុណ​ភាពល្អ​ដូចគ្នា ខណៈ​ផលិតផល​ពី​ថៃ មានតម្លៃ​ថ្លៃ​ជាង និង​ពិបាក​ពេល​ជួប​បញ្ហា​បច្ចេកទេស​ម្ដងៗ​»​។​

​ស្ថាបនិក​រោង​ម៉ាស៊ីនកិនស្រូវ 1688 Rice Mill ដែលមាន​សមត្ថភាព​ផលិតផល​អង្ករ​ខ្មែរ​ទៅកាន់​ទីផ្សារ​អឺរ៉ុប និង​អាស៊ី ឱ្យដឹងថា លោក​បាន​ទិញ​ជញ្ជីង​វេច​ខ្ចប់​ស្វ័យ​ប្រ​វ​ត្ដិ ដោយ​លោក លី​ហ៊ួ​ង ថែមទាំង​អាច​ដំឡើង​ប្រព័ន្ធ​រ៉ូ​បូត​មួយចំនួន​ផងដែរ​។​

​លោកបាន​លើកឡើងថា ថ្ងៃ​អនាគត សិប្បកម្ម KSM មានបំណង​ផលិត​ម៉ាស៊ីន​វេច​ខ្ចប់​អង្ករ​បំពាក់​រ៉ូ​បូត (Robot Arms) ដោយ​មិនចាំបាច់​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន​។​

​ចំពោះមុខ វិស្វករ​រូបនេះ បន្ដ​ពង្រឹងសមត្ថភាព​ម៉ាស៊ីន​ស្វ័យ​​ប្រ​វ​ត្ដិ​របស់លោក​ទាំងអស់​សម​ស្របទៅតាម​ស្ដង់ដា​អន្ដរជាតិ​ក្នុង​កម្រិត (ISO) មុនពេល​ឈានទៅដល់ Robot Arms​។​

​នៅ​សិប្បកម្ម​របស់លោក​បើក​ទ្វារ​ស្វាគមន៍​និស្សិត​ផ្នែក​វិស្វកម្ម​ប្រព័ន្ធ​បញ្ជា​ស្វ័យ​ប្រ​វ​ត្ដិ​និង​មេ​ហ្គា​និក ដែលមាន​បំណង​ចង់​ធ្វើ​ការយក​បទពិសោធន៍ និង​សរសេរ​សារ​ណា​។​

​លោក​ លី​ហ៊ួ​ង បានឱ្យដឹងថា​៖ «​ខ្ញុំ​លើកទឹកចិត្ដដ​ល់​និស្សិត​អាច​ស្វែងរក​ការងារ​នៅក្នុង​រោងចក្រ ជាពិសេស រោង​ម៉ាស៊ីនកិនស្រូវ ដោយសារតែ​តម្រូវការ​ស្រូវ អង្ករ អនាគត​កាន់តែ​ច្រើនឡើងៗ​។ ចំពោះ​ការងារ​ផលិត​ម៉ាស៊ីន​ក្នុងស្រុក ខ្ញុំ​ចង់ឱ្យ​និស្សិត​ខ្មែរ​យើង ខិតខំ​ស្រាវជ្រាវ​ដើម្បី​បង្កើត​បច្ចេកវិទ្យា​ស័ក្ដិសម​ក្នុងការ​ប្រើ​​ប្រាស់​នៅ​ប្រទេស​យើង​»៕