អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) សូម​កោតសរសើរ​ដល់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បេឡា​ជាតិ​សន្តិសុខ​សង្គម​ ​(​ប​.​ស​.​ស​)​ នៃ​ក្រសួង​ការ​ងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុងការ​ដាក់ឱ្យអនុវត្ត​ដោយ​ជោគ​​ជ័យ​នូវ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​។ 

​សមិទ្ធផល​នេះ គឺ​បង្ហាញ​ពី​ជំហាន​ដំបូង​ឆ្ពោះទៅរក​ប្រព័ន្ធ​មួយ​ដែល​ពេញលេញ​ក្នុង​បំណង​ផ្តល់ជូន​របប​សន្តិសុខ​សង្គម​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​តាមរយៈ​ការផ្តល់សេវា និង​អត្ថប្រយោជន៍​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខ​ភាព ដល់​បុគ្គល​ស្វ័យ​និ​យោជន៍ (​អ្នក​ប្រក​បរបរ​ដោយ​ខ្លួនឯង​) និង​អ្នក​នៅក្នុង​បន្ទុក​របស់​សមា​​ជិ​កប​.​ស​.​ស ទាំងអស់​។ អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) សូម​អបអរសាទរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង ប​.​ស​.​ស សម្រាប់​ការសម្រេចបាន​សមិទ្ធ​ផល​សំខាន់​នេះ​។​

​កម្មវិធី​របប​សន្តិសុខ​សង្គម​ថ្មី​នេះ​តំណាងឱ្យ​ជំហាន​ចាប់ផ្តើម​មួយ​ក្នុង​ការបិទ​គម្លាត​នៃ​ការ​ទទួលបាន​កិច្ច​គាំពារ​សង្គម និង​សេវាកម្ម​ដែល​ត្រូវ​បានផ្តល់​សម្រាប់​ប្រជាជន​។ តាមរយៈ​ការ​ពង្រីក​សិទ្ធិ​ទទួលបាន​ការថែទាំ​សុខភាព​ដល់​កម្មករនិយោជិត និង​សមាជិកគ្រួសារ​រាប់សែន​នាក់​ដែល​មិនទាន់​បានទទួល​ពីមុន​មក​កម្ពុជា​បាន​បោះជំហាន​គួរឱ្យ​កោតសរសើរ​ឆ្ពោះទៅរក​សង្គម​មួយ​ដែលមាន​បរិ​យាប​ន្ន​ជាង​មុន​។​


​ទោះជា​យ៉ាងណាក៏ដោយ​យើង​ទទួលស្គាល់ថា នេះ​ជា​ជំហាន​ដំបូង​ហើយ​ការងារ​អនុវត្ត​កម្មវិធី​ថ្មី​នេះ និង​ការអនុវត្ត​សិទ្ធិ​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការទទួល​បាន​កិច្ច​គាំពារ​សង្គម​គឺ​ចាប់ផ្តើម​ពី​ឥឡូវនេះ​។ ការងារ​នេះ​ត្រូវ​រួម​​បញ្ចូល​ទាំង​ការវិភាគ និង​ការកែ​​សម្រួល​នានា​បន្ថែមទៀត​ដែល​នឹងមាន​សារៈសំខាន់​ដើម្បី​ធានាបាន​ភាពជោគជ័យ​ស​ម្រា​ប់​កម្មវិធី​របប​ស​ន្តិ​សុខ​សង្គម​ថ្មី​នេះ​។​


ILO បាននិងកំពុង​គាំទ្រ​យ៉ាងសកម្ម​ដល់​រាជរដ្ឋាភិបាល​ក្នុងការ​ពង្រីក​វិសាលភាព​នៃ​កិច្ច​គាំពារ​សង្គម​តាមរយៈ​គម្រោង ​«​បង្កើន​កិច្ច​គាំពារ​សង្គម​នៅ​កម្ពុជា Advancing Social Protection (ASP)» ​ដែល​ផ្តល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប (EU)​។


នៅក្នុង​គម្រោង​ EU-ASP នេះ យើង​បាន​អនុវត្ត​សកម្មភាព​ជាច្រើន​ក្នុង​គោលបំណង​គូស​រំលេច​ពី​ផល​ជះ និង​សក្តានុពល​នៃ​កិច្ច​គាំពារ​សង្គម និង​ការចុះឈ្មោះ​ចូលក្នុង​ប្រព័ន្ធ​នៃ​សេដ្ឋកិច្ចកម្ពុជា​ដើម្បី​ចូលរួម​ក្នុងការ​កាត់បន្ថយ​ភាព​ក្រីក្រ និង​ដើម្បី​កំណើន​ផលិត​​ភាព​។ ការគាំទ្រ​នេះ​ត្រូវបាន​ជំរុញ​ដោយ​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុងការ​ធ្វើការ​រួមគ្នា​ជាមួយ​រដ្ឋាភិបាល​ក៏ដូចជា​និយោជក និង​តំណាង​កម្មករនិយោជិត​ដើម្បី​ធានាបាន​ភាពជោគជ័យ និង​ចីរភាព​នៃ​របប​សន្តិសុខ​សង្គម​។ យើង​សូម​ថ្លែងអំណរគុណ​ចំពោះ​ស្ថាប័ន​ទាំងអស់នេះ និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ទាំងអស់ ចំពោះ​សមិទ្ធ​​ផល​ដ៏​ធំធេង​នេះ​។​


​ការពង្រីក​វិសាលភាព​នៃ​របប​សន្តិសុខ​សង្គម​នេះ ក៏​ស្របតាម​ការប្តេជ្ញាចិត្តរ​បស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម «​កាតាលីករ​សកល​ស្តីពី​មុខរបរ និង​ការងារ និង​កិច្ច​គាំពារ​សង្គម​សម្រាប់​អន្តរកាល​ប្រកប​​ដោយ​យុត្តិធម៌​»​ ដែល​បានប្រកាស​ផ្សព្វផ្សាយ​ដាក់ឱ្យអនុវត្ត​នៅ​ខែ​​កញ្ញា​ឆ្នាំ​ ២០២១​ ដោយ​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​។

គោលបំណង គឺ​តម្រង់​ការវិនិយោគ ដើម្បី​ជួយ​បង្កើត​ការងារ​សមរម្យ​យ៉ាងហោចណាស់ ៤០០ ​លាន​កន្លែង នៅ​ទូទាំង​ពិភពលោក​និង​ពង្រីក​ការទទួលបាន​កិច្ច​គាំ​ពារ​សង្គម​ដល់​មនុស្ស​ជាង ៤​ ពាន់​លាន​នាក់ ដែល​បច្ចុប្បន្ន​មិនទាន់​ទទួល​បានការ​គាំពារ​។​

​ក្នុងនាម​ជា​ដៃគូ​ដែល​អាច​ទុកចិត្តបាន​ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​សន្តិសុខ​សង្គម ILO នៅតែមាន​កង្វល់​ខ្លះ​ដែលថា​លក្ខខណ្ឌ​ស្ម័គ្រ​ចិត្ត​ក្នុងការ​ចុះឈ្មោះ​ក្នុង​របប​សន្តិសុខ​សង្គម​នេះ អាច​ជះ​ឥទ្ធិពល​ដល់​ចីរភាព​ហិរញ្ញវត្ថុ​នៃ​របប​នេះ​។

ការចុះឈ្មោះ​ជា​កាតព្វកិច្ច​គឺជា​វិធីសាស្ត្រ​ដែល​អាច​នឹង​សម្រេច​បានការ​គ្របដណ្តប់​ចំនួន​ប្រជាជន​កាន់តែច្រើន ចី​រ​ភាព​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ និង​មាន​សមធម៌​ខ្ពស់ ក្នុងចំណោម​សមាជិក​អ្នកចូលរួម​ភាគទាន​។​ ទោះជា​យ៉ាងណា​យើង​ប្តេជ្ញា​គាំទ្រ​ដល់​ការតាក់តែង​របប​បច្ចុប្បន្ន​និង​តស៊ូ​មតិ​សម្រាប់​ការកែលម្អ​ជា​បន្តទៀត ហើយ​យើង​នឹងធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព និង​ធានា​ចីរភាព​រយៈពេល វែង​នៃ​របប​ថ្មី​នេះ​។ យើង​ទន្ទឹងរង់ចាំ​ជំហាន​ដំបូង​នៃ​ដំណើរការ​អនុវត្ត​កម្មវិធី​នេះ និង​បន្ត​ធ្វើជា​សាក្សី​លើ​ការពង្រីក​វិសាលភាព​នៃ​របប​សន្តិសុខ​សង្គម​នៅ​កម្ពុជា​។​

​យើង​ជំរុញ​ឱ្យ​បុគ្គល​ស្វ័យ​និ​យោជន៍​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​ចាប់យក​ឱកាស​ថ្មី​នេះហើយ​ចុះឈ្មោះ​ជាមួយ​របប​សន្តិសុខ​សង្គម​ដោយ​ស្ម័គ្រចិត្ត​។​ឥឡូវនេះ​សមាជិក ប​.​ស​.​ស ទាំង​អស់​ក៏​អាច​ចុះឈ្មោះ​អ្នក​នៅក្នុង​បន្ទុក​របស់​ខ្លួន​ផងដែរ​ដើម្បី​ធានារ៉ាប់រង​ក្រុមគ្រួសារ​របស់​ពួកគេ​ទល់​ទៅនឹង​មហន្តរាយ និង​ការ​ចំណាយ​បន្ទាន់​លើ​សុខភាព​។​

តាមរយៈ​ការចុះឈ្មោះ​នេះ​ពួកគេ​នឹង​ទទួលបាន​អត្ថប្រយោជន៍​សន្តិសុខ​សង្គម​ដ៏​សំខាន់​។ នេះ​ជា​ឱកាស​មួយ​ក្នុងការ​ការពារ​ខ្លួន​​ឯង និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ និង​ធានាបាន​អនាគត​កាន់​តែមាន​សុវត្ថិភាព​សម្រាប់​ទាំងអស់គ្នា​។ ការចុះឈ្មោះ​ថ្ងៃ​​នេះ​នឹង​ជួយ​កសាង​ប្រទេស​កម្ពុជា​ឱ្យ​មានការ​គាំពារ និង​បរិ​យាប​ន្ន​សម្រាប់​ប្រជាជន​គ្រប់រូប​។​

​ការដាក់ឱ្យ​ដំណើរការ​របប​សន្តិសុខ​សង្គម​ដោយ​ស្ម័គ្រចិត្ត​គឺជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ដំណើរ​ស្វែងរក​ការសម្រេចបាន​ការថែទាំ​សុខភាព​ជាស​កល​។​យើង​សូម​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​ប​.​ស​.​ស​នៃ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ជាថ្មី​ម្តងទៀត ចំពោះ​ការបូជា​កម្លាំងកាយ​ចិត្ត​ក្នុង​ការពង្រីក​កិច្ច​គាំពារ​សង្គម​៕


ដោយ​លោក Oktavianto Pasarbu មន្ត្រី​ទទួលបន្ទុក និង​ជា​នាយករង​នៃ​ការិយាល័យ ILO ប្រចាំ​ប្រទេស​ថៃ កម្ពុជា និង​សា​ធារ​ណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវ​