​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​បាន​បោះជំហាន​គួរឱ្យ​កត់​សម្គាល់​ក្នុង​រយៈពេល​​ ១​ ទសវត្សរ៍​កន្លងមក​នេះ​។ កម្ពុជា​បាន​មើលឃើញ​ពី​ការកើនឡើង​នៃ​ប្រាក់ចំណូល​ក្នុង​គ្រួសារ​ការផ្លាស់ប្តូរ​សមា​សភាព​កម្លាំង​ពលកម្ម​ និង​ការផ្លាស់ប្តូរ​ឆ្ពោះទៅរក​វិស័យសេដ្ឋកិច្ច​ដែលមាន​លក្ខណៈ​ចម្រុះ​។ ទោះយ៉ាងណា​ក៏ដោយ​ស្របពេល​ដែលមាន​សមិទ្ធ​ផល​ទាំងនេះ​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​នៅតែ​បន្ត​មាន​នោះ​គឺ​ភាព​ក្រៅ​ប្រព័ន្ធ​។​

​ភាព​ក្រៅ​ប្រព័ន្ធ ដែល​ត្រូវបាន​កំណត់ថា ជា​សកម្មភាព​សេដ្ឋកិច្ច​និង​កម្មករនិយោជិត​ដែល​មិន​ត្រូវបាន​គ្របដណ្តប់​ឬ​គ្របដណ្តប់​មិន​ពេញលេញ​ដោយ​ការរៀបចំ​ជា​ផ្លូវការ​នានា​នោះ​នៅតែ​ជា​បញ្ហា​ដែល​មាននៅ​ពាសពេញ​ប្រទេស​កម្ពុជា​។ ការអង្កេត​លើ​កម្លាំង​ពលកម្ម​កម្ពុជា ក្នុង​ឆ្នាំ ​២០១៩​ បាន​បង្ហាញថា កម្លាំង​ពលកម្ម​កម្ពុជា​រហូតដល់ ៨៨ ​ភាគរយ ស្ថិតនៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​

​ផលវិបាក​នៃ​ភាព​ក្រៅ​ប្រព័ន្ធ​គឺមាន​ច្រើនណាស់ ហើយ​វា​ប៉ះពាល់​ដល់​កម្មករនិយោជិត​សហគ្រាស​និង​រដ្ឋាភិបាល​ផងដែរ​។ ផ្ទុយទៅវិញ​ការចុះបញ្ជី​ទៅក្នុង​ប្រព័ន្ធ​ផ្តល់នូវ​អត្ថប្រយោជន៍​ជាក់លាក់​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ សម្រាប់​កម្មករនិយោជិត​ការចុះបញ្ជី​ចូលក្នុង​ប្រព័ន្ធ​នាំមក​នូវ​ការសន្យា​នៃ​ការទទួល​បានការ​គាំពារ​ពីរ​បប​នានា​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ដូចជា​ការធានា​រ៉ាប់​​រង​ផ្នែក​គ្រោះថ្នាក់​ការងារ​ការធានារ៉ាប់រង​ផ្នែក​ថែទាំ​សុខភាព​និង​ប្រាក់​សោធន​និវត្តន៍​សម្រាប់​ពេល​ចាស់​។ វា​ក៏​អាច​នាំមក​នូវ​ប្រាក់​ឈ្នួល​ខ្ពស់ជាង​លក្ខខណ្ឌ​ការងារ​និង​ការការពារ​សិទ្ធិ​ការ​​ងារ​ប្រសើរ​ជាង​បើ​ប្រៀបធៀប​ទៅនឹង​ការ​នៅក្រៅ​ប្រព័ន្ធ​។ ការ​ផ្លាស់ប្តូរ​ពី​ការងារ​ក្រៅ​ប្រព័ន្ធ ទៅក្នុង​ប្រព័ន្ធ​មាន​សក្តានុពល​ក្នុងការ​លើកស្ទួយ​កម្មក​រ និយោជិត​និង​ក្រុមគ្រួសារ​របស់​ពួកគេ​ដោយ​ផ្តល់ឱ្យ​ពួកគេ​នូវ​សុវត្ថិភាព​និង​សេច​​ក្តី​ថ្លៃថ្នូរ​កាន់តែច្រើន​។​


​សម្រាប់​សហគ្រាស​មិន​ថា​ទំហំ​ណាក៏ដោយ​ គឺ​សុទ្ធតែ​អាច​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​តាម​រយៈ​ដំណើរការ​ក្នុងការ​ចុះបញ្ជី​ចូលក្នុង​ប្រព័ន្ធ​។ សហគ្រាស​ដែល​បាន​ចុះបញ្ជី​នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពី​សេវា​ហិរញ្ញវត្ថុ​តាមរយៈ​ធនាគារ​សម្រាប់​សហ​​គ្រាស​ខ្នាតតូច និង​មធ្យម​នានា និង​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ជំនាញ​សហគ្រិនភាព​និង​ជំនាញ​គ្រប់គ្រង​តាមរយៈ​ភ្នាក់ងារ​សា​ធា​រណៈ​ដូចជា​សហគ្រាស​ខ្មែរ​ជាដើម​។ បន្ថែម​លើ​នេះ ពួកគេ​ក៏​អាច​ទទួលបាន​នូវ​ជំនួយ​ទាន់​ពេលវេលា​ក្នុង​គ្រា​មាន​វិបត្តិ​ដូចជា​កម្មវិធី​ឧបត្ថម្ភ​ប្រាក់​ឈ្នួល​អំឡុងពេល​ជំងឺ​រាតត្បាត​កូ​វីដ​ ១៩​។​


​លើសពីនេះ​សហគ្រាស​ដែល​ចុះបញ្ជី នឹង​ទទួលបាន​នូវ​កម្លាំង​ពលកម្ម​ដែលមាន​ជំនាញ​ដែល​ជួយ​ពង្រឹងសមត្ថភាព​របស់​ពួក​​គេ​និង​ធ្វើឱ្យ​ពួកគេ​ទទួលបាន​ការជឿទុកចិត្ត​និង​ភាពជឿជាក់​ខ្ពស់​ក្នុងចំណោម​អតិថិជន​និង​ដៃគូ​របស់គេ​។​


​ទោះជា​យ៉ាងណាក្តី រឿង​សំខាន់​មួយ​ដែល​គួរកត់សម្គាល់ គឺថា​ការចុះបញ្ជី​ក៏​អាច​នាំមក​នូវ​ការ​​កើនឡើង​នៃ​ចំណាយ​ដើម្បី​អនុ​លោម​តាមច្បាប់​។ ខណៈពេលដែល Cambodia Data Exchange (CamDX) បាន​សម្រួល​ដំណើរការ​ចុះឈ្មោះ​សម្រាប់​អាជីវកម្ម​ការចុះបញ្ជី​ប្រា​កដ​ណាស់​នឹងមាន​តម្រូវការ​និង​កាតព្វកិច្ច​ផ្នែក​ហិរញ្ញវត្ថុ​មួយចំនួន​បើទោះបីជា​ការចំណាយ​ទាំងនោះ​អាច​ទាប​ជាង​ការចុះឈ្មោះ​តាម​វិធីសាស្ត្រ​ដែល​ធ្លាប់​អនុវត្ត​កន្លងមក​។


ការចំណាយ​ទាំងនេះ​រួម​មាន ថ្លៃ​សេវា​ដែល​ទាក់ទង​នឹង​ការចុះឈ្មោះ​អាជីវកម្ម ការបង់​​ពន្ធ​និង​តម្រូវការ​បទ​ប្បញ្ញត្តិ​ផ្សេងទៀត​។ ទោះបីជា​យ៉ាងនេះ​ក្តី​អត្ថ​ប្រយោជន៍​ជារួម​នៃ​ការចុះបញ្ជី គឺមាន​ច្រើន​លើសពី​បន្ទុក​ហិរញ្ញវត្ថុ​ហើយនឹង​ផ្តល់ឱ្យ​សហគ្រាស​នូវ​សក្តានុពល​សម្រាប់​កំណើន​ប្រកបដោយ​ចីរភាព​និង​ភាព​ធន់​នៅក្នុង​បរិយាកាស​ធុរកិច្ច​ដែលមាន​ភាព​ប្រកួតប្រជែង​។​

​សម្រាប់​រដ្ឋាភិបាល​ក៏​ទទួលបាន​ផលប្រយោជន៍​ពី​ការចុះបញ្ជី​ដែរ ។ ការពង្រីក​មូលដ្ឋាន​ព​ន្ធ​តាមរយៈ​ការបង់​ភាគទាន​ផ្នែក​សន្តិ​​សុខ​សង្គម​និង​ការបង់ពន្ធ​គឺអាច​ជំរុញឱ្យមាន​ការកើនឡើង​នៃ​ប្រាក់ចំណូល​របស់​រដ្ឋាភិបាល​។ ការផ្លាស់ប្តូរ​នៅក្នុង​ល្បាយ​ពន្ធ​ពី​ការពឹងផ្អែក​ខ្លាំង​លើ​ពន្ធ​ដោយ​ប្រយោល​ទៅជា​ការពឹង​ផ្អែកលើ​ប្រភព​ចំណូល​ពន្ធ​ដែលមាន​តុល្យភាព​ជាង​មុន​មាន​សក្តានុពល​ក្នុងការ​បង្កើន​មូលនិធិ​សម្រាប់​គោលនយោបាយ​គាំពារ​សង្គម​និង​គំនិត​ផ្តួចផ្តើម​សំខាន់ៗ​ផ្សេងទៀត​។ 

​អង្គការ​អន្តរជាតិ​ខាង​ការ​​ងារ ​(ILO) នៅ​កម្ពុជា​បាន​ចាត់​ទុក​ការងារ​របស់ខ្លួន​ក្នុង​ផ្នែក​គោលនយោបាយ​គាំទ្រ​ការចុះបញ្ជី​ជា​រឿង​ដ៏​សំខាន់​មួយ​។ អង្គ​ការ ILO បាននិងកំពុង​គាំទ្រ​យ៉ាងសកម្ម​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ដោះស្រាយ​បញ្ហា​ក្រៅ​ប្រព័ន្ធ​និង​ការពង្រីក​ការ​គ្រប​​ដណ្តប់​នៃ​កិច្ច​គាំពារ​សង្គម​តាម​​រយៈ​គម្រោង​ «​លើកកម្ពស់​កិច្ច​គាំពារ​សង្គម​នៅ​កម្ពុជា​» (Advancing Social Protection In Cambodia (ASPC))​ ដែល​បានទទួល​មូលនិធិ​ពី​សហភាព​អឺរ៉ុប​។ គម្រោង EU ASPC បាន​អនុវត្ត​សកម្មភាព​ជាច្រើន​ក្នុង​គោលបំណង​ផ្តល់​ការគាំទ្រ​ក្នុងការ​អភិវឌ្ឍ​គោលនយោបាយ​ការអភិវឌ្ឍ​កម្មវិធី​ការកសាង​សមត្ថភាព​ដល់​រដ្ឋាភិបាល​កម្ពុជា​និង​ការរៀនសូត្រ​ពី​បណ្តា​ប្រទេស​ផ្សេងៗ​។​

​ស្រប​ពេលដែល​កម្ពុជា កំពុង​ដើរ​ឆ្ពោះទៅមុខ​ក្នុងការ​ជំរុញ​ការ​ចុះបញ្ជី  "​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​ ២០២៣-២០២៨"​ដែល​បាន​ដាក់ចេញ​នាពេល​ថ្មីៗ​នេះ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅរក​វឌ្ឍនភាព​។ យុទ្ធសាស្ត្រ​នេះ​បាន​ទទួលស្គាល់ថា​ការចុះបញ្ជី ​គឺជា​គន្លឹះ​នៃ​អនាគត​ដ៏​ភ្លឺស្វាង​សម្រាប់​ប្រទេស​កម្ពុជា​ និង​ប្រជាជន​របស់ខ្លួន​។

ការដាក់​ផែនការ ឱ្យទៅជា​សកម្មភាព​តម្រូវ​ឱ្យមាន​ការ​​សហការ​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមមាន​កម្មករនិយោជិត​និ​យោ​​ជក​និង​រដ្ឋាភិបាល​ទាំងមូល​។ ការអនុវត្ត​យុទ្ធសាស្ត្រ​និង​គំនិត​ផ្តួចផ្តើម​ដែល​គាំទ្រ​ដល់​ការចុះ​បញ្ជី​នឹង​បង្ក​ភាពងាយស្រួល​ដល់​សហគ្រាស​និង​កម្មករ និយោជិត ក្នុងការ​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​។ គោលការណ៍​ណែនាំ​សំខាន់ៗ​ក្នុង​អនុវត្ត​រួមមាន​ការ​សម្រួល​ដំណើរការ​ចុះបញ្ជី ការផ្តល់​ការណែនាំ​ច្បាស់លាស់​និង​ការបន្ត​ជំរុញ​បរិយាកាស​អាជីវកម្ម​ដែល​លើកទឹកចិត្ត​ឱ្យមាន​ការ​​អនុលោម​តាមច្បាប់​។​

​និយោជក​មកពី​សហគ្រាស​ខ្នាត​មីក្រូ​ខ្នាតតូច​និង​មធ្យម​អាច​ចាត់ទុក​ការចុះបញ្ជី​អាជីវកម្ម ថា​ជា​ជំហាន​យុទ្ធសាស្ត្រ​ឆ្ពោះទៅរក​ភាព​រីកចម្រើន​និង​ចីរភាព​។​ការអនុលោម​តាមច្បាប់ នាំមក​ជាមួយ​នូវ​អត្ថប្រយោជន៍​ដូចជា​ការចូល​ទៅកាន់​ទី​ផ្សារ​ថ្មី​សេវាកម្ម​ហិរញ្ញវត្ថុ​និង​ការគាំទ្រ​ពី​រដ្ឋាភិបាល​ក្នុងអំឡុងពេល​មានការ​លំបាក​។​ ឧទាហរណ៍​សហគ្រិន​ថ្មីថ្មោង​និង​សហគ្រាស​ដែលមាន​ស្រាប់​អាច​ចូលទៅ​កាន់​គេហទំព័រ ​khmersme.gov.kh ហើយ​ស្វែងយល់​ពី​តម្រូវការ​សម្រាប់​ចុះឈ្មោះ​អាជីវកម្ម​ក៏ដូចជា​ឱកាស​សិក្សា​និង​ការលើកទឹកចិត្ត​ផ្សេងៗ​ដែលមាន​។​

​និយោជិត និង​បុគ្គល​ស្វ័យ​និ​យោជន៍​អាច​គ្រប់គ្រង​លើ​អ​នា​គ​តរបស់​ពួកគេ​តាមរយៈ​ការ​ទទួលបាន​ព័ត៌មាន​អំពី​អត្ថ​​ប្រយោជន៍​នៃ​ការងារ​ក្នុង​ប្រព័ន្ធ​និង​ឈ្វេង​យល់ថា ការចុះបញ្ជី​​ចូលក្នុង​ប្រព័ន្ធ អាច​នាំឱ្យមាន​ប្រាក់​ឈ្នួល​ខ្ពស់​លក្ខខណ្ឌ​ការ​ងារ​ប្រសើរ​ជាង​មុន​និង​ការទទួលបាន​អត្ថប្រយោជន៍​សន្តិសុខ​សង្គម​សំខាន់ៗ​ដោយ​របៀប​ណា​។

កម្មករនិយោជិត អាច​​ទូរស័ព្ទ​ទៅ​សេវា​ផ្តល់ព័ត៌មាន​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​សស​)​ លេខ​ ១២៨៦ ​ដើម្បី​ទទួលបាន​ព័ត៌មាន​អំពី​សិទ្ធិ​និង​ឱកាស​របស់​ពួកគេ​ក្នុង​ការចូល​រួម​ជា​កម្លាំង​ពលកម្ម​ក្នុង​ប្រព័ន្ធ​ឧទាហរណ៍​តាមរយៈ​ការចុះឈ្មោះ​ជាមួយ​របប​ថែទាំ​សុខភាព​ដែល​ទើបនឹង​ដាក់ចេញ​ថ្មីៗ​នេះ​ដើម្បី​ការពារ​ខ្លួនឯង​និង​មនុស្ស​ជាទី​​ស្រលាញ់​របស់​ពួកគេ​។​

​ទោះបីជា​ផ្លូវ​ឆ្ពោះទៅ​ជំរុញ​ការ​ចុះបញ្ជី​នឹង​ជួប​បញ្ហា​ប្រឈម វា​គឺជា​ផ្លូវ​ដែល​យើង​គប្បី​បន្តដំណើរ​តទៅទៀត​។ ការផ្លាស់ប្តូរ​ទៅជា​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ អាច​ជួបប្រទះ​នឹង​ឧបសគ្គ​ខ្លះៗ​ពីដំបូង​ដូចជា​ការចំណាយ​លើ​ការអនុលោម​ភាព​និង​ការកែសម្រួល​បទ​ប្បញ្ញត្តិ​ផ្សេងៗ​។

តែ​ទោះជា​យ៉ាងណាក្តី​អត្ថប្រយោជន៍​ដែល​នៅខាងមុខ​ដែលមាន​ដូចជា​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរឡើង​ការ​គាំពារ​សង្គម​និង​កំណើនសេដ្ឋកិច្ច​ជា​​ដើម​មាន​ច្រើន​លើសពី​បញ្ហា​ប្រឈម​ទាំងនោះ​។ យើង​អាច​ធ្វើការ​រួមគ្នា​ដើម្បីឱ្យ​កម្ពុជា​ក្លាយជា​ប្រទេសមួយ​ដែល​គ្រប់​កម្មករ​​និយោជិត​និង​សហគ្រាស​មានការ​រីកចម្រើន​ទាំងអស់គ្នា​រួមចំណែក​ដល់​ភាព​រីកចម្រើន​រុង​រឿង​របស់​ប្រទេសជាតិ​៕

​ដោយ លោក Oktavianto Pasaribu, មន្ត្រី​ទទួលបន្ទុក​និង​ជា​នាយករង​នៃ​ការិយាល័យ​អង្គការ​អន្តរជាតិ​ខាង​ការងារ ​(ILO)​ ប្រចាំ​ប្រទេស​ថៃ កម្ពុជា​និង​សាធារណរដ្ឋ​ប្រជា​ធិ​ប​​តេ​យ្យ​ប្រជាមានិត​ឡាវ