​អាជ្ញាធរ​ឃុំ​ឈ្នួ​មានជ័យ ក្នុងស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោម​កិច្ចសហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍ បាន​ជីក​ប្រឡាយទឹក​ថ្មី ជាង ២​ គីឡូម៉ែត្រ ទៅ​ត​ភ្ជាប់​ជាមួយនឹង​ប្រឡាយ​ចាស់​ឆ្ពោះទៅកាន់ បឹង​អភិរក្ស​រហាល​កេះ ស្ថិតនៅ​សហគមន៍​តំបន់ការពារធម្មជាតិ​ទេសចរណ៍​រហាល​កេះ​(​អា​វៀង​) សម្រាប់​ឱ្យ​ភ្ញៀវទេសចរ ជិះទូក​ទស្សនា​សត្វ​ស្លាប​នៅ​ទីនោះ​។​


លោក​ខុង ប៊ុន មេឃុំ​ឈ្នួ​មានជ័យ​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១១ ខែមីនា​ថា បច្ចុប្បន្ន​នៅ​ទីនោះ​មាន​ប្រឡាយ​ចាស់ ប៉ុន្តែ ពិបាក​សម្រាប់​ភ្ញៀវទេសចរ​ជិះទូក​ទៅ​ទស្សនា​សត្វ​ស្លាប​ដោយសារ​នៅ​រដូវប្រាំង​ទឹកបាន​ហូរ​ទៅកាន់​បឹង​អភិរក្ស​អស់​។ ដូច្នេះ នៅ​ឆ្នាំ​២០២៤​នេះ អាជ្ញាធរ​ឃុំ ដែលមាន​លោក​ជា​អ្នកដឹកនាំ​បានសម្រេច ជីក​ប្រឡាយ​ថ្មី (​ប្រឡាយ​សិប្បនិម្មិត ) បន្ថែមទៀត ដើម្បី​ទុក​សម្រាប់​ភ្ញៀវទេសចរ​ជិះទូក​ទស្សនា​សត្វ​ស្លាប ព្រោះ​រដូវ​នេះ​មាន​ភក់​ច្រើន​ពិបាក​ក្នុងការ​ធ្វើដំណើរ​។

លោក ខុង ប៊ុន បាន​ថ្លែងថា​៖ «​ទីតាំង​ដែល​យើង​ជីក គឺ​ផ្តើមចេញពី​ចំណត ទីស្នាក់ការ​របស់​សហ​គម​ន៍ឆ្ពោះទៅកាន់​បឹង​។ ការជីក​ប្រឡាយ​នេះ ទទួលបាន​ថវិកា​ពី​អង្គការ​ដៃគូ គេ​ឱ្យ ១ ០០០​ដុល្លារ និង​ការ​រៃអង្គាស​ពី​សប្បុរសជន​នានា តាមរយៈ​ការអំពាវនាវ​របស់ខ្ញុំ​ផ្ទាល់​។ តាម​គម្រោង​នៃ​ការចំណាយ​នៃ​ការជីក​ប្រឡាយ​នេះ ប្រមាណ ២ ៥០០​ដុល្លារ​»​។ 


​បើតាម​មេឃុំ​ដដែល​ថា ចាប់តាំងពី​បង្កើត​តំបន់ការពារធម្មជាតិ​ទេសចរណ៍​រហាល​កេះ​(​អា​វៀង​)​នេះ​មក មិនមាន​ការរៀបចំ​ផ្លូវ និង​កែច្នៃ​សម្រាប់​ឱ្យ​ភ្ញៀវទេសចរ​កម្សាន្ត មើល​ទេសភាព និង​សត្វ​ស្លាប​នៅឡើយ​ទេ ប៉ុន្តែ​ទើប​នៅ​ឆ្នាំ​២០២៤ នេះ លោក​បានរៀបចំ​ផ្លូវគោក ប្រមាណ ៣​គីឡូម៉ែត្រ និង​ជីក​ផ្លូវទឹក​ថ្មី​ប្រមាណ ២​គីឡូម៉ែត្រ​ថែមទៀត​។​


​លោក ខុង ប៊ុន បញ្ជាក់ទៀតថា សហគមន៍​តំបន់ការពារធម្មជាតិ​ទេសចរណ៍​រហាល​កេះ​(​អា​វៀង​) បូករួម​ទាំង​ផ្ទៃ​ទឹក និង​ដីគោក​សរុប​ចំនួន ២៨​ហិកតា និង​ត្រូវបាន​បែង​ចែកជា​២ គឺ​តំបន់​ជម្រក និង​តំបន់​អភិរក្ស​សត្វ​ស្លាប ដែល​បច្ចុប្បន្ន​មាន​ជាង ១០ ប្រភេទ​សត្វ​ស្លាប រួមមាន​៖​ចង្កៀលខ្យង ក្អែកទឹក ស្មោញ ត្រយង ទាព្រៃ ទុង​ប្រផេះ ខ្វែក​ធំ ទោម ត្លុំ មាន់ទឹក ជាដើម​។​


លោក​បាន​បន្ថែមទៀតថា សហគមន៍​តំបន់ការពារធម្មជាតិ​ទេសចរណ៍​រហាល​កេះ​(​អា​វៀង​) បច្ចុប្បន្ន​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាច្រើន ឱ្យ​មកលេង​កម្សាន្ត និង​ទស្សនា​សត្វ​ស្លាប​ជាច្រើន ជាពិសេស​រៀងរាល់​ចុង​សប្តាហ៍ និង​ថ្ងៃ​បុណ្យទាន​ផ្សេងៗ ហើយ​នៅក្រោយ​ការរៀបចំ​ប្រឡាយ​ថ្មី​នេះហើយ នឹង​កាន់តែ​ទាក់ទាញ​បន្ថែមទៀត ដែល​អាចជួយ​លើកស្ទួយ​សេដ្ឋកិច្ចសង្គម​មូលដ្ឋាន​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

លោក ខ្វៃ អាទិ​ត្យា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ប្រាប់ឱ្យដឹង​ដែរ​ថា សហគមន៍​តំបន់ការពារធម្មជាតិ​ទេសចរណ៍​រហាល​កេះ​(​អា​វៀង​) មាន​សក្តានុពល​ខ្ពស់​ចំពោះ​សត្វ​ស្លាប​គ្រប់​ប្រភេទ​ដែល​កំពុង​រស់នៅ និង​កំពុង​ចូលរួម​ទទួលបាន​ការអភិរក្ស​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍​តំបន់ការពារធម្មជាតិ​នោះ​។ 

លោក​បានឱ្យដឹងថា​៖«​ជា​រៀងរាល់ថ្ងៃ សត្វ​ស្លាប​ទាំងនោះ កំពុងតែ​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​នៅក្នុង​តំបន់ និង​នៅក្រៅ​តំបន់ មក​ទស្សនា​តំបន់​នោះ ដោយ​ក្នុងនោះ​សហគមន៍​ក៏បាន​រៀបចំ​ឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​ស្អាត សម្រាប់​បង្កលក្ខណៈ​ងាយស្រួល ដល់​ភ្ញៀវទេសចរ​ផងដែរ​»៕