ក្រុម​អ្នកជំនាញការ​អាដហុក នៃ​អាយ​ស៊ី​ស៊ី​-​អង្គរ និង​សំបូរ​ព្រៃ​គុក បាន​ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​ប្រាសាទ​សំខាន់ៗ មួយចំនួន​ក្នុង​តំបន់​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក បន្ទាប់ពី​ផ្ដល់​អនុសាសន៍​ត្រឡប់មកវិញ​ដល់​អ្នកជំនាញ​ខ្មែរ ដើម្បីឱ្យ​ការងារ​ជួសជុល​នេះ​គោរព​តាម​បទដ្ឋាន​អន្តរជាតិ​។​

លោក ផាន់ ណា​ឌី អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១៣ ខែមីនា​នេះ​ថា មុនពេល​រៀបចំ​សន្និសីទ​អាយ​ស៊ី​ស៊ី​-​អង្គរ និង​សំបូរ​ព្រៃ​គុក ក្រុម​អ្នកជំនាញការ​អាដហុក បាន​ចុះមក​ត្រួតពិនិត្យ ការដ្ឋាន​ជួសជុល​ប្រាសាទ​មួយចំនួន​ នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ 

លោក​ថា ក្នុងនោះ​ក្រុម​អ្នកជំនាញ បាន​ពិនិត្យ​ទៅលើ​ការជួសជុល​ប្រាសាទ​យាយ​ព័ន្ធ​, ជួសជុល​ប្រាង្គ​អដ្ឋ​កោណ (Y),​ក្រុម​ប្រាសាទតោ​, ប្រាសាទ​ក្បាលជ្រូក ព្រមទាំង​គម្រោង​អភិវឌ្ឍន៍​មួយចំនួនទៀត ដូចជា​ផ្លូវ​កាត់​តំបន់​ប្រាសាទ ចំណត និង​កែលម្អ​ខ្សែ​ទស្សនាចរណ៍​ជាដើម​។​


​លោក​បាន​បន្តទៀតថា កិច្ចការ​ចុះមក​ពិនិត្យ​នេះដែរ ក្រុម​អ្នកជំនាញការ​អាដហុក តែងតែ​ធ្វើ​រៀងរាល់ឆ្នាំ ហើយ​ក្នុង​១​ឆ្នាំ ពួកគាត់​ចុះមក​ពិនិត្យ ២​ដង ក្នុង​គោលបំណង​ដើម្បី​ពិភាក្សា​ស្វែងយល់​ពី​ដំណើរការ​ជួសជុល អភិរក្ស​នានា និង​ផ្តល់​អនុសាសន៍​ដល់​ក្រុមការងារ​ជំនាញ​ខ្មែរ​ពី​កិច្ចការ​ផ្សេងៗ​ដែល​កំពុង​ធ្វើ និង​ត្រៀម​ទៅ​ពេលអនាគត​។​


លោក ផាន់ ណា​ឌី បាន​ថ្លែងថា​៖ «​ក្រុម​អ្នកជំនាញ​ចង់ដឹងថា តើ​យើង​ធ្វើ​ត្រឹមត្រូវ​តាម​បទដ្ឋាន​អន្តរជាតិ​ដែរឬទេ​? ហើយ​យើង​ក៏ត្រូវ​ជជែក និង​ពន្យល់​ដល់​អ្នកជំនាញ​ពី​របៀប​ដែល​យើង​ជួសជុល និង​អភិរក្ស​ប្រាសាទ​ហ្នឹង​ដែរ​។ ដូច្នេះហើយ​ក្រុម​ជំនាញ​ទាំងនោះ គាត់​នឹង​ផ្ដល់យោបល់ និង​អនុសាសន៍​ត្រឡប់​មកឱ្យ​យើង​វិញ​»​។ 


បើតាម​លោក ផាន់ ណា​ឌី ទន្ទឹមគ្នា​នេះដែរ គោលដៅ​សំខាន់​មួយទៀត​ដែល​ក្រុម​អ្នកជំនាញការ​អាដហុក បាន​ចុះមក​ពិនិត្យ​នេះ ក៏​ដើម្បី​ផ្ដល់​ការណែនាំ​មកកាន់​ក្រុម​អ្នកជំនាញ​ខ្មែរ ពី​គម្រោង​អភិវឌ្ឍន៍​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក​ដូចជា ការសាងសង់​ផ្លូវ សាងសង់​ចំណត​ជាដើម គឺ​អ្នកជំនាញ​ចាំ​ផ្ដល់យោបល់ ក្នុងការ​ធ្វើឱ្យ​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ទាំងនោះ បាន​សាងសង់ឡើង​ត្រឹមត្រូវ​។​


លោក​បានបញ្ជាក់​៖ «​ដូច្នេះ​នៅពេល​អ្នកជំនាញ​ខ្មែរ គាត់​មិន​ច្បាស់លាស់​អ្វីមួយ គឺ​ពួកគាត់​បាន​សួរ​ក្រុម​អ្នកជំនាញការ​អាដហុក​នេះហើយ ឱ្យជួយ​ពន្យល់ និង​ណែនាំ​គាត់​ថា ការធ្វើ​ហ្នឹង​វា​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​អន្តរជាតិ​ដែរ​ទេ​?»​។​
​ចំពោះ​ការជួសជុល និង​ការអភិរក្ស​ប្រាសាទ តាម​បទដ្ឋាន​អន្តរជាតិ​នេះដែរ គឺ​មិនមែន​តែ​ប្រទេស​កម្ពុជា​ទេ ដែល​អនុវត្ត គឺ​ប្រទេស​ផ្សេងៗ​ទៀត ក៏ត្រូវ​អនុវត្ត​ដែរ ជាពិសេស​គឺ​ការ​ធ្វើតាម​អនុសាសន៍​របស់​ក្រុម​អ្នកជំនាញការ​អាដហុក​។ នេះ​ជាការ​បន្ថែម​របស់លោក ផាន់ ណា​ឌី​។​

សូមបញ្ជាក់ថា ក្រុម​អ្នកជំនាញការ​អាដហុក នៃ​គណៈកម្មាធិការ​អន្ដរជាតិ​សម្របសម្រួល កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ដ្រ​អង្គរ និង​សំបូរ​ព្រៃ​គុក ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ និង​សំបូរ​ព្រៃ​គុក បាន​ចុះ​ពិនិត្យ​ការងារ​ដែល​បាននិងកំពុង​អនុវត្ត និង​ការដ្ឋាន​ជួសជុល​ប្រាសាទ​សំខាន់ៗ ព្រមទាំង​គម្រោង​អភិវឌ្ឍន៍​មួយចំនួន​ក្នុង​តំបន់​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៤​។

 ក្រៅពី​ការចុះពិនិត្យ​ប្រាសាទសំបូរព្រៃគុក​ហើយ ក្រុម​អ្នកជំនាញការ​អាដហុក កន្លងមក​ក៏បាន​ចុះ​ពិនិត្យ​ការងារ​តាម​ការដ្ឋាន​មួយចំនួន​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ រួមមាន​៖ ស្ពាន​ហាល​ខាងលិច​មុខ​ប្រាសាទអង្គរវត្ត ច្រាំង​ក​សិន្ធុ​ខាងជើង​ឆៀង​ខាងកើត ខ្លោងទ្វារ​ខាងកើត បង្កាន់ដៃ​នាគ​ខាងត្បូង រួត​ទី​២ ប៉ម​ខាងជើង​ឆៀង​ខាងកើត ស្រះ​ទឹក​ខាងត្បូង ប្រាសាទតាព្រហ្មកិល និង​ប្រាសាទភ្នំបាខែង​ជាដើម​៕